loader

លោក សម រង្ស៊ី លើកឡើង១០ចំណុចក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន

ភ្នំពេញ៖ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុក ដោយលោកលើកយកទិដ្ឋភាពនៃការដឹកនាំកម្ពុជាចំនួន ១០ ចំណុចក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន ។ តែអ្នកនាំពាក្យបក្សកាន់អំណាចថា សម្ដីលោក សម​ រង្ស៊ី គ្រាន់តែជាសម្ដីញុះញង់។

កញ្ញា ហេង នីទី ជូនសេចក្ដីរាយការណ៍៖

លោក សម រង្ស៊ី សរសេរលើទំ ព័រហ្វេសបុករបស់ខ្លួនថា ចំណុចនោះគឺជាអត្ថបទរបស់លោក ដែលសារព័ត៌មានបរទេសមានឈ្មោះថា  The Geopolitics បានចុះផ្សាយ ។

១០ ចំណុចរបស់លោក សម រង្ស៊ី ទាំងនោះ មានដូចជា ៖

១- ការដឹកនាំកម្ពុជាពីសម្ដេច ហ៊ុន សែន ជិតបញ្ចប់ហើយ ព្រោះលោកថា ប្រជារាស្ត្រខ្មែរចង់សម្រេចវាសនារបស់ខ្លួនដោយខ្លួនឯង ។

២- ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ជាការបោះឆ្នោតក្លែងក្លាយ ព្រោះគ្មានវត្តមានគណបក្សសង្រោះជាតិ ។

៣- ការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ជាលេសដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ។ លោកបន្ថែមថា តាមផ្លូវច្បាប់ លោក កឹម សុខា ត្រូវដោះលែងឱ្យមានសេរីភាពនៅដើមខែមីនានេះ ព្រោះគ្មានភស្តុតាងត្រឹមត្រូវណាមួយ ដើម្បីកាត់ទោសលោក កឹម សុខាឡើយ ។

៤- នាយករដ្ឋមន្ត្រីកម្ពុជាគួរស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជា ដោយសារការគម្រាមកំហែងដកការអនុគ្រោះពន្ធពីកម្ពុជាដោយសហភាពអឺរ៉ុប មិនមែនគម្រាមបំផ្លាញគណបក្សសង្គ្រោះជាតិនោះទេ ។

៥- នាយករដ្ឋមន្ត្រីកម្ពុជា យកប្រជាជនកម្ពុជា ដើម្បីគម្រាមអន្តរជាតិកុំដាក់ទណ្ឌកម្មដល់កម្ពុជា ដោយសារអំពើមិនប្រក្រតីនៃរបបនៃការដឹកនាំកម្ពុជា និងរំលោភសិទ្ធិមនុស្សជាដើម ។ លោក សម រង្ស៊ី បញ្ជាក់ថា សម្ដេច ហ៊ុន សែន មិនខ្លាចនឹងយកប្រជាជនខ្លួនឯងឱ្យទទួលទណ្ឌកម្មជំនួសឡើយ ។

៦- នាយករដ្ឋមន្ត្រីកម្ពុជា មានបំណងបន្តអំណាចជារៀងរហូត ទោះប្រជាជនមានភាពលំបាកវេទនា និងប្រទេសដុនដាបក៏ដោយ ។ លោក បន្ថែមថា សម្ដេច ហ៊ុន សែន ចង់បន្តអំណាចដើម្បីទទួលបានការរួចផុតទោសពីបទឧក្រិដ្ឋរបស់ខ្លួន ។

៧- កម្ពុជាជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសពុករលួយជាងគេក្នុងពិភពលោក និងក្នុងចំណោមប្រទេសដែលរងការបំផ្លាញធ្ងន់ធ្ងរជាងគេដោយសារអំពើពុករលួយ ។

 

៨- លោកបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នឹងវិលត្រឡប់ មកប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០១៩ នេះ ។

លោកបន្ថែមថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធលើកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន​ សែន ។ លោកអំពាវនាវបែបនេះ បើទោះបីជាការធ្វើមាតុភូមិនិវត្តន៍របស់លោក ប្រកបដោយហានិភ័យក៏ដោយ ដើម្បីជួយប្រជារាស្ត្រខ្មែរ ឲ្យសម្រេចបាននូវគោលបំណង ដែលក្នុងនោះមានការដោះលែងលោក កឹម សុខា និងការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ។ មិនត្រឹមតែប៉ុណ្ណោះ ត្រូវតែមានការបោះឆ្នោតឡើងវិញឲ្យបានពិតប្រាកដ និងត្រឹមត្រូវ ដើម្បីឲ្យប្រជារាស្ត្រខ្មែរ អាចជ្រើសរើសមេដឹកនាំដែលលោកចង់បានពិតប្រាកដ ។

៩- ការដឹកនាំកម្ពុជាសព្វថ្ងៃ រំលោភទាំងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ។

១០- លោកបានអំពាវនាវឱ្យ សហគមន៍អន្តរជាតិ ត្រូវតែរក្សាជំហរម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មលើការដឹកនាំនៅកម្ពុជា  ដោយប្រើឥទ្ធិពលរបស់ខ្លួនយ៉ាងពេញទំហឹង ដើម្បីជួយការពារសុវត្ថិភាពថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពេលធ្វើមាតុភូមិនិវត្តន៍ ។ លោកក៏អំពាវនាវដល់អ្នកប្រជាធិបតេយ្យក្នុងពិភពលោកទាំងអស់ ត្រូវតែរួមកម្លាំងគ្នា ដើម្បីជួយសង្គ្រោះប្រជាជនទាំងអស់នៅកម្ពុជា ។

តែអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន្ត ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា សម្ដីលោក សម រង្ស៊ី គ្រាន់តែជាសម្ដីញុះញង់ ដែលមិនទទួលបានលទ្ធផលអ្វីឡើយ។ លោកថា​ការ​​ដឹកនាំ របស់បក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចហ៊ុនសែន បាននាំមកទាំង​សន្តិភាព​ផង​ការអភិវឌ្ឍផង ។

តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនដោយលើកយកសេចក្ដីថ្លែងការមួយចុះកាលពីថ្ងៃទី ១០ តុលា ឆ្នាំ ២០១៨ថា ពិតជាមានមោទនភាពណាស់ដែលបានកើតមកជាកូនខ្មែរ ។

លោកថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្ហាញសមត្ថភាព ជាម្ចាស់ស្រុក និង ម្ចាស់ជោគវាសនា បន្ទាប់ពីនេះ ។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជាធ្លាប់អះអាងថា ការធ្វើសកម្មភាពទាំងឡាយនៅកម្ពុជា គឺជាគោរពច្បាប់ជាធំ និងគោរពតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងដោយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃប្រទេសនេះ ៕

អត្តបទដោយ៖ សោម លាភ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងមហាផ្ទៃ ណែនាំការស្នើសុំសិទ្ធិធ្វើនយោបាយ ខណៈអ្នកវិភាគថារឹតតែបង្ហាញចរិតបំបែកបំបាក់

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំសម្រាប់អ្នកដ[...]

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស១៣នាក់ក្នុងឆ្នាំ២០១៨ធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងន[...]

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថា កម្ពុជាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត