loader

លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោបាយខណៈលោក កឹម​សុខា មិនទាន់មានសេរីភាព

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោបាយខណៈលោក កឹមសុខា មិនទាន់មានសេរីភព ។ កាលពីការជ្រើសតាំងលោកជាប្រធានស្ដីទី លោកថាលោកនឹងលាលែងពីឋានៈនេះ នៅពេលដែលលោក​កឹម សុខា វិលមកធ្វើជាប្រធានគណបក្សសង្គ្រោះជាតិឡើងវិញ ។ រហូតតាំងពីលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទី លោក កឹម សុខា មិនដែលថ្លែងអ្វីពាក់ព័ន្ធនឹងករណីនេះនោះទេ ។

រាយការណ៍ដោយ លោក សោម លាភ

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បានថ្លែងសារទៅកាន់ប្រជាពលរដ្ឋកម្ពុជា ដែលគាំទ្រអតីតគណបក្សប្រឆាំងនេះទូទាំងពិភពលោក ដោយបង្ហាញនូវការកោតសសើរ​យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងការលះបង់របស់ពួកគាត់ចំពោះការស្នេហាជាតិ ។

លោកថាការណ៍នេះ ជាការធ្វើឱ្យអតីតគណបក្សសង្គ្រោះជាតិ នៅតែរឹងមាំតាមរចនាសម្ព័ន្ធ និងសាខា ។

លោកសម រង្ស៊ី ក៏បានអំពាវនាវដល់អ្នកគាំទ្រទាំងអស់រក្សាគោលជំហររឹងមាំ និងប្ដេជ្ញាចិត្តខ្ពស់បំផុត ដើម្បីជម្រុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមានតាមបែបប្រជាធិបតេយ្យនៅកម្ពុជា ។

លោកថាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវពង្រឹងឯកភាពផ្ទៃក្នុង ប្រកាន់ស្មារតីបង្រួបបង្រួមកម្លាំងស្នេហាជាតិ ព្រោះលោកថាមានតែគណបក្សនេះតែមួយទេដែលជាក្ដីសង្ឃឹមរបស់ពលរដ្ឋ ។

លោកបញ្ជាក់បន្ថែមទៀតថា  ក្នុងនាមលោកជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ខណៈពេលលោក កឹម សុខា មិនទាន់មានសេរីភាព លោកនូវតែបន្តសកម្មភាពនយោបាយដូចតទៅ៖

នៅតែរក្សាការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់តំបន់ គ្រប់ក្រុម និងគ្រប់ប្រទេសដែលលោកហៅថាជាអ្នកសេ្នហាជាតិ ជាអ្នកប្រជាធិបតេយ្យ ដែលប្រកាសគាំទ្រអតីតគណបក្សសង្គ្រោះជាតិដោយគាំទ្រពាក្យស្លោក សម រង្ស៊ី និងកឹម សុខាជាមនុស្សតែមួយ ។

លោកបន្ថែមថាបើសិនជាអាច លោកនឹងចូលរួមក្នុងកិច្ចប្រជុំសាធារណៈ ឬជាឯកជន ក្នុងទ្រង់ទ្រាយធំឬតូច ដែលរៀបចំដោយពលរដ្ឋខ្មែរ គាំទ្រគណបក្សសង្គ្រោះជាតិ ។

ជាងនេះ លោកក៏អំពាវនាវឱ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ខិតខំធ្វើសកម្មភាពរួមគ្នា ពង្រឹងឯកភាព ដើម្បីឱ្យគណបក្សនេះឈានទៅដឹកនាំប្រទេសនាពេលខ្លីខាងមុខ ។

បើតាមសេចក្ដី​ថ្លែងការណ៍គណបក្សសង្គ្រោះជាតិក្រៅប្រទេសដែលចុះហត្ថលេខាដោយលោក ស៊ុយ សេងហុង ប្រធានអង្គសន្និសីទដែលធ្វើឡើងក្នុងទីក្រុងអាត្លង់តាកាលពីថ្ងៃទី ១ និងទី ២ ខែធ្នូ ឆ្នាំ ២០១៨ ដែល​មាន​ខ្លឹមសារ​ថា ​លោក សម រង្ស៊ី ដែលជាសហស្ថាបនិក​អតីតគណបក្សសង្គ្រោះជាតិជាមួយលោក កឹម សុខា ឱ្យធ្វើជា​ប្រធាន​ស្ដីទី​នៃអតីតគណនេះ ក្នុង​រយៈពេល​អន្តរកាល​ដែល​លោក​ កឹម សុខា កំពុង​ស្ថិត​ក្នុង​ការត្រួតពិនិត្យ​របស់​តុលាការ​មិន​អាច​ដឹកនាំ​គណបក្ស​បាន ​។

បន្ទាប់ពីមានការជ្រើសតាំងលោក សម រង្ស៊ី ជាប្រធានស្ដីទី លោកអះអាងថាលោកធ្វើសកម្មភាពក្នុងអន្តរកាលដែលលោក​ កឹម សុខាមិនទាន់មានសេរីភាពធ្វើសកម្មភាពតំណាងឱ្យអតីតគណបក្សប្រឆាំងធំជាងគេនេះ ។ លោកប្ដេជ្ញាថា ធ្វើអ្វីៗដើម្បីគណបក្សសង្គ្រោះជាតិ ហើយនៅពេលលោក កឹម សុខា មានសម្បទានធ្វើជាប្រធានវិញ លោកនឹងលះបង់ដំណែងជាប្រធានស្ដីទីនេះវិញ ។

គួររំលឹកថា ការតែងតាំងនេះ ធ្វើឡើងដោយគណៈកម្មការនៃអតីតគណបក្សនេះ នៅសហរដ្ឋអាមេរិក ក្រោមសន្និសីទ្ធពិភពលោករយៈពេល ២ ថ្ងៃ ។ ដោយឡែក ចំពោះអ្នកដែលមានទំនោរទៅរកលោក កឹម សុខា បង្ហាញការជំទាស់ និងមិនទទួលស្គាល់ចំពោះការតែងតាំងនេះទេ ។ ពួកគេចេញសេចក្ដីថ្លែងការណ៍ថា ចំពោះ​ការសម្រេច​របស់​សន្និសីទ​នេះ​មិន​អាច​ចាប់បង្ខំ ឬ​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​ត្រូវ​តែ​ធ្វើ​តាម​នោះ​ទេ ព្រោះ​អ្នក​ចូលរួម​ធ្វើ​សេចក្ដី​សម្រេច​នេះ​មិន​មាន​នីតិសម្បទា​ដែល​មាន​សិទ្ធិ​ជា អ្នកស្នើ ឬ​អ្នកសម្រេច​ជ្រើសរើស​ ឬ​ជ្រើសតាំង​ប្រធាន​ស្ដីទី​គណបក្ស​ឡើយ​។ ដូច្នេះ​សេចក្ដី​សម្រេច​នេះ​គ្រាន់តែ​ជា​មតិយោបល់​របស់​មនុស្ស​ ១ ​ក្រុម​តែ​ប៉ុណ្ណោះ​។

យ៉ាងណា លោក កឹម សុខា ដែលជាប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវទទួលការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសមុនពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ដែលលោកទទួលរងនូវការដាក់ពន្ធនាគារ និងស្ថិតនៅក្នុងផ្ទះក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគ្មានសេរីភាពប្រមាណ ២ ឆ្នាំ ។ លោក កឹម សុខា មិនមានសិទ្ធិធ្វើនយោបាយ ជួបអ្នកមុខអ្នកការ និងដើរហើរជិត ២ ឆ្នាំ ទើបចៅក្រមស៊ើបសួរបើកឱ្យលោកអាចធ្វើដំណើរ និងជួបអ្នកនយោបាយជាតិ និងអន្តរជាតិ ក្នុងរយៈពេលខ្លី ហើយសំណុំរឿងរបស់លោក ត្រូវបានបញ្ជូនទៅជំនុំជម្រះ ។

នៅពេលដែលសំណុំរឿងលោក កឹម សុខា ត្រូវបានជំនុំជម្រះ លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មាននូវសារនយោបាយមួយចំនួន តែមិននិយាយពាក់ព័ន្ធទៅនឹងការណ៍ដែលលោក សម​រង្ស៊ីធ្វើជាប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិនោះទេ ។ លោកគ្រាន់តែបង្ហើបថា លោកមិនមែនជាអ្នកនយោបាយជើងមិនដល់ដីក្បាលមិនដល់មេឃនោះទេ ។

បើទោះបីជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ធ្លាប់ និងតែងតែអះអាងថា សម្ដីលោក កឹម សុខា ដែលនឹងធ្វើឱ្យលោកជឿបាន លុះត្រាតែលោក កឹម សុខា និយាយនៅពេលលោក មានសេរីភាពពេញលេញ ឬចេញទៅក្រៅប្រទេសទៅជួបលោក ក្នុងរយៈពេលណាមួយសិន ។

អ្នកវិភាគតែងតែព្រមានបរាជ័យដែលបានមកពីការបែកបាក់ផ្ទៃក្នុងរបស់អតីតគណបក្សសង្គ្រោះជាតិនេះ ពោលគឺមិនអាចយកឈ្នះបក្សកាន់អំណាច ។

សូមបញ្ជាក់ថាសំណុំរឿង លោក កឹម​ សុខា ត្រូវបានជំនុំជម្រះ និងបន្តជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ រយៈពេល ៣ ខែ ដោយក្នុងមួយសប្ដាហ៍គឺជំនុំជម្រះ ២ ថ្ងៃគឺនៅថ្ងៃពុធ និងថ្ងៃព្រហស្សត្តិ៍នៃសប្ដាហ៍នីមួយៗ ។ លោក កឹម សុខា ខ្លួនឯងផ្ទាល់ បដិសេធចំពោះការចោទប្រកាន់នេះ ហើយលោក សង្ឃឹមថាលោកនឹងទទួលបានយុត្តិធម៌ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍កម្មវិធីធ្លុងអំបោះ

យោងតាមការចុះផ្សាយរបស់គេហទំព័រVODថ្ងៃទី២០កុម្ភ[...]

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

យោងតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី [...]

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត