loader

លោក សម រង្ស៊ី ថាហ៊ានបូជាជីវិតនៅថ្ងៃទី ៩ វិច្ឆិកា ដើម្បីមានប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ លោក សម រង្ស៊ីថា លោក ហ៊ានបូជាសេរីភាព និងជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ រាជរដ្ឋាភិបាលថា នឹងកម្ចាត់ក្រុមលោកសម រង្ស៊ី បើក្រុមមាតុភូមិនិវត្តន៍មានវត្តមាននៅកម្ពុជា ។  

រាយការណ៍ដោយ លោក សោម លាភ  

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតទៅសហគមន៍អន្តរជាតិឱ្យជួយធានាសន្តិភាព និងសេរីភាព ជូនប្រជារាស្ត្រខ្មែរនៅពេលដំណើរមាតុភូមិនិវត្តន៍របស់ខ្លួន ។

លោកបានថ្លែងតាមរយៈវីដេអូរលើទំព័រហ្វេសបុករបស់ខ្លួននៅយប់ថ្ងៃទី ២៩ តុលាថា បន្ទាប់ពីលោកបាននិរទេសខ្លួនចេញពីប្រទេសកំណើតជាច្រើនឆ្នាំមក លោកនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ ។

យ៉ាងណាប្រធានស្ដីទីនៃអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា មានប្រសាសន៍ថា ការវិលមកកម្ពុជារបស់លោក និងបក្សពួក គឺមានបំណងដឹកនាំកម្លាំងខ្មែរអ្នកស្នេហាជាតិ និងស្នេហាសេរីភាព វិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញតែប៉ុណ្ណោះ តែនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមថា នឹងចាប់ខ្លួនរូបលោក ហើយបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ កម្ទេចមនុស្សដែលរាជរដ្ឋាភិបាលចោទថាជាពួកឧទ្ទាម ។

លោករំលឹកថា ការរំលាយអតីតគណបក្សសង្គ្រោះជាតិ ដែលមានពលរដ្ឋគាំទ្រជាង ៣ លាននាក់ ថាជាការធ្វើឡើងដោយអត្តនោម័ត ហើយសហការីដ៏ឆ្នើមបំផុតរបស់លោក ត្រូវគេបាញ់សម្លាប់ ឬក៏ត្រូវគេចាប់យកទៅឃុំឃាំង ឬក៏ត្រូវគេបង្ខំឲ្យនិរទេសខ្លួននៅក្រៅប្រទេស ។

លោកបញ្ជាក់ថា ជម្រើសតែមួយគត់សម្រាប់លោក គឺវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដែលលោកថាធ្វើឡើងដោយសន្តិវិធី និងអហិង្សា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ឲ្យរស់ឡើងវិញ ។ លោករំលឹកម្ដងទៀតថា គម្រោងរបស់លោក គឺមិនមែនជាការធ្វើរដ្ឋប្រហារ ឬភេរកម្មនយោបាយ ឬបដិវត្តន៍ពណ៌នោះទេ តែជាការបំផុសឲ្យមានចលនាមហាជន តាមគម្រូចលនាមហាជន ដែលគេឲ្យឈ្មោះថា “អំណាចប្រជាពលរដ្ឋ” ដូចដែលបានកើតឡើង ដោយសន្តិវិធី និងអហិង្សា នៅប្រទេសហ្វីលីពិន ក្នុងឆ្នាំ ១៩៨៦ ។

លោកថាលោកត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបូជាសេរីភាព និងជីវិតរបស់ខ្លួន ដើម្បីឱ្យមានប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ នៅថ្ងៃទី ៩ ខែវិច្ឆិកា ២០១៩ ។

យ៉ាងណា លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិថា ការដែលលោកមកនៅថ្ងៃទ ៩ ខែវិច្ឆិកា គឺដើម្បីធ្វើយ៉ាងណាដើម្បីឱ្យកម្ពុជាមានឯករាជ្យឡើងវិញពីចិន ។

បែបណាក្ដី រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ម្ដងហើយម្ដងទៀតថា គម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងបក្សពួក មិនមែនដើម្បីស្វែងរកប្រជាធិបតេយ្យនោះទេ តែជាការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល និងរបបរាជានិយម ជាហេតុអាចនឹងបណ្ដាលឱ្យមានសង្គ្រាម ខណៈកម្ពុជាមានសន្តិភាព និងប្រជាធិបតេយ្យពេញលេញ ។

មន្ត្រីស្ទើគ្រប់ជាន់ថ្នាក់កម្ពុជា អះអាងថា នឹងការពាររាជរដ្ឋាភិបាលកម្ពុជា ការពាររដ្ឋធម្មនុញ្ញ និងរបបរាជានិយមឱ្យខានតែបាន ។

តែយ៉ាងណា សម្រាប់មជ្ឈដ្ឋានអ្នកវិភាគ និងអ្នកតាមដានសង្គមវិញ បើតាមការអង្គេតគឺឃើញថា ពួកគាត់អះអាងថា ចំណាត់ការដែលបានធ្វើចំពោះពលរដ្ឋដែលគាំទ្រ រួមទាំងការប្រកាសកម្ចាត់ក្រុមលោក សម រង្ស៊ី គឺជាការមិនសាកសមឡើយ ។ ពួកគាត់ថា ការប្រកាសបែបនេះ គឺជាការគម្រាមដើម្បីទប់ស្កាត់លោក សម រង្ស៊ី មិនឱ្យចូលកម្ពុជាទៅវិញនោះទេ មិនមែនជាការចង់ចាប់ ឬកម្ចាត់ឡើយ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ីថា ប្រជាធិបតេយ្យអាណត្តិនេះស្ទើដល់កម្រិតសូន្យ តែសម្ដេច ហ៊ុន សែនថាអនុវត្តន៍យ៉ាងល្អ

ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យន[...]

គ.ជ.អ.ប បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតា[...]

កម្ពុជា ឡាវ ថៃ វៀតណាម នឹងប្រឈមគ្រោះរាំងស្ងួតអូសបន្លាយខ្លាំងដល់ដើមឆ្នាំ២០២០

ភាពធ្ងន់ធ្ងរជាខ្លាំងនៃគ្រោះរាំងស្ងួតត្រូវបានគ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត