loader

លោក សមរង្សីថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាជិតដួលរលំហើយតែមន្ត្រីនាំពាក្យបដិសេធ

(ភ្នំពេញ)៖ លោក សមរង្សី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិបានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជិតឈានទៅរកការដួលរំលំនៅក្នុងពេលឆាប់ៗនេះហើយ។ នេះគឺជាការថ្លែងរបស់លោកនៅក្នុងគេហទំព័រហ្វេសប៊ុករបស់លោក សម រង្សី កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ដោយលោកបានបង្ហាញអំពីហេតុផល៣យ៉ាងដែលនាំឲ្យមានការដួលរលំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ តែអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធការព្យាករណ៍របស់លោកសមរង្ស៊ី ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖

ហេតុផល៣យ៉ាងដែលលោកបានលើកឡើងនោះរួមមាន ៖

១- កូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាទីបំផុត ដែលមិនដឹងចប់ពេលណាទេ។

២- អ្នករកស៊ីលក់ដូរដីធ្លីធំៗ ក៏មិនអាចសងបំណុលរបស់ខ្លួនបានដែរ ពីព្រោះអ្នកទាំងនោះ កំពុងតែកុនខ្លួន ដោយសារបានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញដី ក្នុងគោលបំណងលក់ឲ្យពួកចិន។ តែឥឡូវនេះ ដីទាំងនោះលក់អត់ចេញទេ ពីព្រោះពួកចិនឈប់ទិញហើយ ដោយសារតែវិបត្តិសេដ្ឋកិច្ចដូចគ្នា។

៣- អតិថិជន ដែលបានដាក់លុយផ្ញើនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងតែភ័យស្លន់ស្លោ ពីព្រោះមិនអាចដកលុយរបស់ខ្លួនបានវិញទេ ដោយសារតែធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខ្វះសាច់ប្រាក់ ព្រោះតែអ្នកដែលបានខ្ចីលុយ អត់មានលទ្ធភាពសងវិញទេ។ ឥឡូវនេះ មានការឆោឡោគ្រប់គ្នា ដែលជាហេតុផល ធ្វើឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដួលរលំកាន់តែឆាប់ថែមទៀត។

ទាក់ទងទៅនឹងចំណុចខាងលើនេះ លោកសម រង្សី ប្រធានស្តីទីនៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានចេញនូវវីដេអូខ្លីជាអនុសាសន៍ដល់សម្តេចនាយកមន្រ្តីកម្ពុជាផងដែរនៅក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ ដោយលោកយល់ឃើញថា សម្តេចគួរតែគិតប្រយោជន៍ប្រជាជនកម្ពុជាជាធំ ជាជាងគិតពីប្រយោជន៍របស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

————សំលេងលោក សម រង្សី—————

លោក សម រង្សីបានបន្តថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ជញ្ជក់ឈាមរាស្ត្រយ៉ាងពិតប្រាកដ បើពិនិត្យមើលការប្រាក់ ដែលមានអត្រាកប់ពពករហូតដល់ទៅជាង ២០ ភាគរយ ក្នុងមួយឆ្នាំខណៈដែលអត្រាការប្រាក់នេះ ចុះមកដល់សូន្យ នៅប្រទេសធំៗទាំងឡាយក្នុងពិភពលោក។

លោកបានសង្កត់ធ្ងន់ថា បើអត្រាការប្រាក់នៅប្រទេសកម្ពុជា ចុះមកដល់ជិតសូន្យដែរ ដូចនៅបណ្តាប្រទេសដទៃទៀតនោះ ពេលនេះការប្រាក់ ដែលកូនបំណុលធ្លាប់បង់ឲ្យធនាគារជារៀងរាល់ខែ នឹងត្រូវធ្លាក់មកជិតសូន្យដែរ ហើយលោកបានបន្តថាអត្រាការប្រាក់ខ្ពស់បែបនេះ ជាមធ្យោបាយរបស់ធនាគារ ដើម្បីជញ្ជក់ឈាមរាស្ត្រ មុននឹងគេអូសទ្រព្យសម្បត្តិរាស្ត្រតែម្តង ពេលអ្នកក្រអស់មានអ្វីបង់ឲ្យធនាគារ ទាំងដើមទាំងការ។ គេចង់ឲ្យរាស្ត្រ ក្លាយទៅជាទាសករហិរញ្ញវត្ថុ គឺទាសកររបស់ធនាគារទាំងនោះ ពីព្រោះពេលអ្នកក្រអស់មានអ្វីដាក់បញ្ចាំ ត្រូវយកជីវិតរបស់ខ្លួនដាក់បញ្ចាំឲ្យគេ ហើយក្លាយទៅជាទាសករតាមគ្រប់រូបភាពទាំងអស់។ លោកបានលើកឡើងថាពេលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសព្វថ្ងៃ ដួលរលំ ពិតណាស់គឺត្រូវជួយរកការងារថ្មី ជូនដល់បុគ្គលិក នៃស្ថាប័នទាំងនោះ។ តែអាទិភាពពេលនេះ ត្រូវជួយដល់កូនបំណុល ប្រមាណ ៣ លាននាក់ ជាមុនសិន មុននឹងជួយដល់បុគ្គលិកធនាគារ ដែលមានចំនួនមិនដល់ ៣ ម៉ឺននាក់ផង។

លោកសម រង្សី បានផ្តល់ជាអនុសាសន៍បន្តថា កម្ពុជាត្រូវរៀបចំប្រព័ន្ធធនាគារឡើងវិញ ដោយតម្រូវឲ្យអនុវត្តនយោបាយថ្មី ជួយដល់ប្រជារាស្ត្រក្រីក្រយ៉ាងពិតប្រាកដ ដោយមិនច្របាច់ក កូនបំណុលក្រីក្រដូចសព្វថ្ងៃ ហើយមិនសម្លឹងរឹបអូសទ្រព្យសម្បត្តិប្រជារាស្ត្រ ដូចធនាគារសព្វថ្ងៃ។ វិធានការភ្លាមមុនគេ ត្រូវតែបញ្ចុះអត្រាការប្រាក់ និងផ្អាកការសងធនាគារទាំងដើមទាំងការ រហូតដល់ស្ថានការណ៍សេដ្ឋកិច្ច ត្រឡប់មករកសភាពការណ៍ដើមវិញ ដូចមុនការកើតជំងឺកូវីដ-១៩។

តែយ៉ាងណាអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានផ្ដល់បទសម្ភាស អោយវិទ្យុស្ត្រី ដោយច្រាន់ចោល ការលើកឡើងរបស់ លោកសមរង្ស៊ី ។ លោកផៃស៊ីផាន អះអាងថា រាជរដ្ឋាភិបាល និងធនាគារ​កណ្ដាល​មានវិធានការគ្រប់គ្រាន់ដើម្បីជួយវិស័យ ​ធនាគារ និងពលរដ្ឋជាប់បំណុល ។លោកបន្តថា រាជរដ្ឋាភិបាល មិនបានថ្វេសប្រហេស ទុកអោយពលរដ្ឋ ជួវវិបត្តិដោយសារបំណុលនិងធនាគារ ដួលរំលំនោះទេ ។

———–សំឡេង

ជាការកត់សំគាល់ គេសង្កេតឃើញលោកសមរង្ស៊ី បន្តចេញ សេចក្ដីថ្លែងការណ៍វាយប្រហារ ជាខ្លាំងទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទៅលើសម្ដេចនាយករដ្ឋមន្ត្រី។ កាលពីសប្ដាហ៍កន្លងទៅនេះ ក្នុងពិធី​មួយជាសាធារណៈ  សម្ដេចហ៊ុនសែន បានសម្ដែងកំហឹងជាខ្លាំង ដាក់លោកសមរង្ស៊ីដែល​ប្រកាស​ប្រាប់​ពលរដ្ឋជំពាក់បំណុលធនាគារថាឲ្យប្រជាពលរដ្ឋផ្អាកនៅក្នុងការសងបំណុល។ ភ្លាមៗនោះសម្ដេច ក៏គំរាមចាប់ខ្លួន បណ្ដាញរបស់លោកសមរង្ស៊ី ដែលបំផុសប្រាប់ពលរដ្ឋកុំបង់​សំណង​ទៅធានា​​គារ។ ​សម្ដេចនាយករដ្ឋមន្ត្រី ក៏បាន ថ្កោលទោសយ៉ាងខ្លាំង ទៅលើលោកសមរង្ស៊ី និងមន្ត្រីរបស់ លោក ដោយបានហៅថាជាចលនា ភេរវកម្មសេដ្ឋកិច្ច ដែលមិនលើកលែងបានឡើយ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត