en     km
en     km

លោក​ មឿ​ន​ តុលា​ ស្នើ​សុំ​ឲ្យ​តុលាការ​តម្កល់​បណ្តឹង​របស់​មេ​បក្ស​យុវជន​កម្ពុជា​

Share

​ភ្នំពេញ៖នាយ​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​និង​ការងារ​និង​ជា​អតីត​សមាជិក​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​បាន​ស្នើ​សុំ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​កុំ​ចាត់ការ​បណ្តឹង​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ករណី​បាត់​បច្ច័យ​បុណ្យសព​។​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ថា​មេ​បក្ស​យុវជន​កម្ពុជា​គ្មាន​សិទ្ធិ​ប្តឹង​រឿង​នេះ​ទេ​។​

​លោក​ មឿ​ន​ តុលា​ នាយ​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ការពារ​សិទ្ធិ​មុ​ស្ស​និង​ការងារ​ លោក​ ប៉ា​ ងួ​ន​ទៀង​ នាយក​ប្រតិបត្តិ​នៃ​ មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM)​ និង​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ គឺជា​អតីត​គណៈ​ក​ម្មា​ការ​បុណ្យសព​លោក​បណ្ឌិត​កែម​ ឡី​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ចូល​បំភ្លឺ​ជុំវិញ​ការ​បាត់​បច្ច័យ​បុណ្យសព​ដែល​ប្តឹង​ដោយ​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។​

​នៅ​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​នេះ​ គណៈ​ក​ម្មា​ការ​បុណ្យសព​លោក​បណ្ឌិត​កែម​ ឡី​ គឺ​លោក​ មឿ​ន​ តុលា​ នាយ​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​ការពារ​សិទ្ធិ​មនុស្ស​និង​ការងារ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​តាម​ពាក្យបណ្តឹង​របស់​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ជុំវិញ​ការ​បាត់​បច្ច័យ​បុណ្យសព​អ្នកវិភាគ​សង្គម​ដ៏​ល្បី​មួយ​រូប​។​

​លោក​ មឿ​ន​ តុលា​ ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ បាន​ស្នើ​សុំ​ទៅ​តុលាការ​ឲ្យ​តម្កល់​ពាក្យបណ្តឹង​របស់​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។​

​លោក​ ប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅរបង​តុលាការ​ថា​លោក​ គុ​ជ​ គឹ​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ​លោក​រយៈពេល​ជាង​២​ម៉ោង​សាកសួរ​ជុំវិញ​ការ​ប្រើប្រាស់​ បច្ច័យ​ក្នុង​សាងសង​ចេ​តី​សព​លោក​បណ្ឌិត​ កែម​ ឡី​។​

​លោក​ បាន​ប្រាប់​ចៅក្រម​ស៊ើបសួរ​ថា​គណៈ​ក​ម្មា​ការ​បុណ្យ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាន់​បច្ច័យ​បុណ្យ​ របស់​លោក​បណ្ឌិត​ កែម​ ឡី​ ទេ​។​

«​សំណូមពរ​ឲ្យ​តុលាការ​តម្កល់​អត់​ចាត់ការ​។​ខ្ញុំ​បាន​បញ្ជាក់​ទៅ​តុលាការ​ហើយ​ថា​គណៈកម្មាធិការ​បុណ្យ​និង​មិន​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​ចាត់​ចែក​ថវិការ​ទេ​គឺ​ក្រុម​គ្រួសារ​ជា​អ្នកគ្រប់គ្រង​ចាត់ចែង​ថវិកា​រទាំង​អស់នោះ​។​»

​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ បាន​ដាក់​បង្ហាញ​ភស្តុ​តាំង​អំពី​ការ​អវត្តមាន​របស់​លោក​នៅ​ពេល​ រៀបចំ​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ ព្រោះ​លោក​មាន​បេស​កម្ម​នៅ​ប្រទេស​និង​បង្ហាញ​អំពី​លិខិត​ផ្តល់​សិទ្ធិ​ជា​គណៈ​ក​ម្មា​ការ​រៀបចំ​ពិធីបុណ្យ​ ពី​ភរិយា​និង​ម្តាយបង្កើត​របស់​លោក​កែម​ ឡី​។​

​តាម​គម្រោង​ចេតិយ​លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវការ​ចំណាយ​ថវិកា​ប្រមាណ​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​សាងសង់​។​ ចេតិយ​នេះ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​៩​ម៉ែត្រ​ដែល​មាន​ចំនួន​៧​ថ្នាក់​និង​មាន​ កម្ពស់​១៦​ម៉ែត្រ​។​

​លោក​ ស៊ឺ​ន​ សែន​ ករុណា​ អ្នកនាំពាក្យ​អង្គការ​សមាគម​អា​ដ​ហុ​ក​ដែល​ទៅ​ឃ្លាំមើល​នៅ​តុលាការ​ព្រឹក​មិ​ញ​នេះ​ ឲ្យ​ដឹង​ថា​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ គ្មាន​សិទ្ធិ​ប្តឹង​ទៅ​គណៈ​កម្ម​ធិ​ការ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​ព្រោះ​លោក​ស្រស់​មិនមែន​ជា​សាច់​ញ្ញាត​របស់​ក្រុម​គ្រួសារ​លោក​កែម​ ឡី​នោះ​ទេ​។​

​លោក​ ករុណា​ សង្ឃឹមថា​ តុលាការ​មិន​ចាត់ការ​លើ​បណ្តឹង​នេះ​ទេ​ ព្រោះ​គឺជា​សកម្មភាព​មនុស្សធម៌​របស់​គណៈ​ក​ម្មា​ការ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​។​

«​គួរតែ​កុំ​ចាត់វិធានការ​ចោទប្រកាន​ក្នុង​ករណី​នេះ​ព្រោះ​ជា​ករណី​មួយ​ដែល​មនុស្ស​តែង​ធ្វើ​មនុស្សធម៌​ធ្លាក់​ទឹកចិត្ត​ធ្វើ​ឲ្យ​សង្គម​មើលឃើញ​ថា​កម្ពុជា​ធ្វើ​នូវ​អំពើ​ដែល​ល្អ​ត្រូវ​មានការ​ចោទប្រកាន់​អ្វី​ជាដើម​ អ​ញ្ចឹ​ង​ធ្វើ​ប៉ះពាល់​មុខមាត់​តុលាការ​កម្ពុជា​ដែរ​ទេ​។​»

​ចំណែក​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ត្រូវ​បាន​កោះហៅ​ចូល​បំភ្លឺ​ក្នុង​នាម​ជនសង្ស័យ​ នៅ​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ។​

​លោក​ ពេជ្រ​ ស្រស់​ ដែល​ជា​ម្ចាស់​បណ្តឹង​នេះ​ បាន​ចោទ​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ លោក​ មឿ​ន​ តុលា​ និង​ លោក​ ប៉ា​ ងួ​ន​ទៀង​ ដែល​ជា​អតីត​គណៈកម្មការ​នៃ​បុណ្យសព​ លោក​ កែម​ ឡី​ បាន​ធ្វើ​ឱ្យ​បាត់​បច្ច័យ​របស់​ប្រជាពលរដ្ឋ​ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ ដែល​បាន​ចូលរួម​ដើម្បី​សាងសង់​ចេ​តី​យ​លោក​ កែម​ ឡី​។​

​តែ​បែប​នេះ​ក្ដី​ពុំ​ឃើញ​ពលរដ្ឋ​ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ដើម្បី​បុណ្យសព​លោក​បណ្ឌិត​កែម​ឡី​ បាន​ប្ដឹង​ករណី​នេះ​ទេ​៕

Share

Image
Image
Image