loader

លោកអំសំអាតថាការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យត្រូវស្រាវជ្រាវដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ

លោកអំសំអាន អះអាងថា ករណីនៃការស្លាប់តំណាងពលរដ្ឋខេត្តបន្ទាយមានជ័យ ត្រូវតែមានការស្រាវជ្រាវបន្ថែមដើម្បីដាក់វិន័យរដ្ឋបាលដល់កងរាជអាវុធហត្ថនៃខេត្តនេះ ។ ការបញ្ជាក់បែបនេះ ក្រោយពេលដែល អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ថាបានបញ្ជូនតែមន្ត្រីអាវុធហត្ថ ២រូបតែប៉ុណ្ណោះ ទៅតុលាការ ។

រាយការណ៍ដោយលោក សោម លាភ

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី ១៩ មករា ចេញសេចក្ដីប្រកាសព័ត៌មានថា មន្ត្រីអាវុធហត្ថ ២រូបនៅខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ចមួយ ។

ការណ៍នេះ គឺធ្វើឡើងបន្ទាប់ពីមើលឃើញពីភាពមិនប្រក្រតីនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យស៊ើបអង្កេត ហើយគណៈកម្មការចំពោះកិច្ចមួយរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានបង្កើតឡើងភ្លាមៗក្រោយបញ្ជានោះ ហើយត្រូវបានបញ្ជូនទៅស៊ើបអង្កេតលើករណីនេះ ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរកឃើញថា លោក ស ប៊ុនសឿង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោក ឆយ រដ្ឋនា ជំនួយការនៃការិយាល័យប្រឆាំងគ្រឿងញៀន ពិតជាបានប្រើអំពើហឹង្សាដោយវាយទៅលើលោកទុយ ស្រស់ តំណាងពលរដ្ឋយ៉ាងពិតប្រាកដមែន​ ។

ជាងនេះ អ្នកទាំងពីររូបនេះ មានការធ្វេសប្រហែសក្នុងការអនុវត្តន៍តួនាទីភារកិច្ច ដោយឃាត់ខ្លួនលោកទុយ ស្រស់ តំណាងពលរដ្ឋក្នុងឋានៈជាជនសង្ស័យ ដាក់ឃុំខ្លួនទៅក្នុងពន្ធនាគារជាមួយនឹងក្រុមក្មេងដែលកំពុងបន្សាបគ្រឿងញៀន និងបណ្ដាលឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ធ្នូ ឆ្នាំ២០១៩ មានពលរដ្ឋ ៥រូប ដែលជាតំណាងឱ្យពលរដ្ឋមានជម្លោះដីធ្លី ៦០០គ្រួសារ មកពីឃុំចង្ហារ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចនៃខេត្តនេះ ចាប់ខ្លួនអំឡុងពេលពួកគាត់ធ្វើការតវ៉ានៅមុខសាលាខេត្តនេះ ។

យ៉ាងណា លោក ទុយ ស្រស់ អ្នកតំណាងម្នាក់ក្នុងចំណោមអ្នកតំណាងទាំង ៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះ បានស្លាប់នៅថ្ងៃទី០១ ខែមករា អំឡុងពេលដាក់ឱ្យឃុំខ្លួនក្នុងពន្ធនាគារខេត្តនេះ ។

បន្ទាប់ពីលោក ទុយ ស្រស់ ស្លាប់ភ្លាមៗ សាលាខេត្តបន្ទាយមានជ័យ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា តំណាងពលរដ្ឋរូបនេះ បានស្លាប់ព្រោះតែបញ្ហាញៀនស្រា ។ យ៉ាងណា តំណាងពលរដ្ឋបួនរូបផ្សេងទៀត ដែលត្រូវបានកងរាជអាវុធហត្ថខេត្តនេះចាប់ខ្លួនដែលនោះ  បានច្រានចោលការបកស្រាយនេះ ។

មាត្រា២០៤ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា បទ​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​អ្នក​រាជការ​សាធារណៈ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មុខងារ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​មុខងារ​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់​ពី ១៥ ទៅ ៣០ឆ្នាំ។

ទន្ទឹម​នឹង​នេះ មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ថា ការ​ធ្វើ​ទារុណកម្ម​ដោយ​អំពើ​ឃោរឃៅ អំពើ​ឃាតកម្ម​កើត​ឡើង​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

លោក អំ សំអាត នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ មានប្រសាសន៍ថា ការថ្លែងទាំងនេះ គឺមានចេតនាកុហក និងបិទបាំងតាំងពីដើម ខណៈលោកថាអ្នកកុហកក៏ត្រូវទទួលខុសត្រូវដែរ ។

លោកអំ សំអាតបន្ថែមថា ត្រូវមានការស្រាវជ្រាវទៅដល់ស្ថាប័ននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីឈានទៅដល់ការដាក់ទណ្ឌកម្មរដ្ឋបាលរឿងមិនគោរពកាតព្វកិច្ច ឬការធ្វេសប្រហែសនេះ ។

លោកសុខសុវណ្ណវឌ្ឍនាសាប៊ុង ឬលោក William Guarng ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនក្នុងន័យដើមថា តាមការសង្កេតរបស់សមាជិកឧត្តមក្រុមប្រឹក្សា កន្លងមកបញ្ហាដីធ្លីមួយចំនួនពិតជាមានក្រុមអណាធិបតេយ្យបំពានដីរដ្ឋមែន តែបញ្ហាត្រង់ថាម្ដេចពេលពួកគេចូលបំពានអាជ្ញាធរមិនចាត់វិធានការ ដែលនេះហើយជាភាពអសកម្ម ប៉ុន្តែមានករណីផ្សេងទៀត គឺអាជ្ញាធរ ឃុបឃិតគ្នា ចោទពលរដ្ឋដែលបានរស់នៅអាស្រ័យផល ស្របច្បាប់ថាជាពលរដ្ឋអាណាធិបតេយ្យ ដោយចេតនាពួកអ្នកមានអំណាចអស់នោះយកដីទាំងនោះអោយក្រុមពួកអ្នកមានវិនិយោគតែប៉ុណ្ណោះ

ព័ត៌មានទាក់ទង

សង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍កម្មវិធីធ្លុងអំបោះ

យោងតាមការចុះផ្សាយរបស់គេហទំព័រVODថ្ងៃទី២០កុម្ភ[...]

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

យោងតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី [...]

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត