loader

លោកស្រីលឹម​ គីមលី ប្រើជីវិតដែលនៅមានចង់ឃើញពិភពលោកមានសន្ដិភាព(មានសំឡេង)

ជីវៈព័ត៌មាន៖ ស្រ្ដីមួយរូបបានតាំងចិត្តខ្លួនឯងថា ប្រើជីវិតដែលនៅមានចង់ឃើញពិភពលោកមានសន្ដិភាពដោយសុខចិត្តបោះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ចាកចេញពីការងារជាអ្នកនយោបាយ មកធ្វើការងារដែលនាំអោយប្រទេសជាតិ និងពិភពលោកមានសន្ដិភាព។ តើមានកត្តាអ្វីខ្លះជំរុញអោយលោកស្រី លឹម គីមលី មានបំណងចង់ធ្វើដូចនេះ? ជាបន្ដសូមអញ្ជើញស្ដាប់ជីវៈព័ត៌មានដែលរៀបចំឡើងដោយកញ្ញា ជុំ ជោគជាតាដូចតទៅ៖

 

លោកស្រី លឹម គីមលី បច្ចុប្បន្នជានាយិកាអង្គការសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម និងជាសមាជិកគណៈកម្មាធិការក្រុមសន្ដិភាពស្រ្ដីអន្ដរជាតិ(IWPG) ។

ក្នុងវ័យ ៧៣ឆ្នាំ លោកស្រីបានរម្លឹកពីក្ដីសុបិន្ដ និងគោលបំណងដ៏ធំរបស់អ្នកស្រី គឺចង់ឃើញពិភពលោកមានសន្ដិភាព ។

លោកស្រី លឹម គីមលី ៖«ខ្ញុំដូចជាវ័យប៉ុណ្ណេះហើយ ខ្ញុំមានគោលបំណងចង់អោយស្រ្ដីយើងចូលរួមសន្ដិភាពអោយបានជាមួយពិភពលោកអោយពិភពលោកមានសន្ដិភាពតែម្ដង គឺខ្ញុំស្អប់សង្រ្គាម មិនត្រឹមស្អប់ទេ ខ្លាចសង្រា្គមជាទីបំផុត ដោយសារការបាត់​បង់បងប្អូន កូនក្មួយអស់រលីង »។ នេះជាហេតុផលមួយរបស់លោកស្រី តែនៅមានហេតុផលជាច្រើនទៀត ដែលធ្វើអោយលោកស្រី លឹម គីមលី​ មានគំនិតដូចនេះ។ មូលហេតុទាំងនេះនឹងបង្ហាញតាមរយៈជីវប្រវត្តិបស់អ្នកស្រី លឹម ​គីមលី នៅពេលនេះ។

លោកស្រីធ្លាប់ចូលបម្រើកងទ័ពនៅឆ្នាំ ១៩៧០ ។ ដោយបានឆ្លងកាត់ជាយុទ្ធនារី ធ្វើឱ្យលោកស្រីបានជួបប្រទះរឿងរ៉ាវនៃសង្រ្គាម ហើយនាំឱ្យ​មានគំនិតចង់រក្សាសន្ដិភាពក្នុងចិត្ត។

លោកស្រី លឹម​ គីមលី ៖ «យើងជួបផលលំបាក និងវិនាសកម្មជាច្រើន ដូចជាការទម្លាក់គ្រាប់បែក ការរត់គេចពីគ្រាប់ទាំងនោះ ដូចនេះ ពេលនោះ គឺជាមហាពិបាក ខ្ញុំធ្វើសង្រ្គាម ខ្ញុំអត់មានកាភ័យខ្លាចនោះទេ ព្រោះ ខ្ញុំមានទឹកចិត្តជាអ្នកទាហានដែរ »។ 

លោកស្រី លឹម​ គីមលី បានចូលបម្រើការងារជាកងទព័នៅអាយុ ២៣ឆ្នាំ។ កាលណោះ គឺជាយុវនារីក្លាហានមួយរូបដែលក្រោកឈរប្រយុទ្ធនឹងពួកឈ្លានពាន។

លោកស្រីលឹម​ គីមលី ៖ «ជីវិតកងទ័ពនៅពេលដែលធ្វើសង្រ្គាមគឺមានការពិបាកណាស់ បើយើងរស់បានមួយថ្ងៃ គឺយើងរស់ហើយ ប៉ុន្ដែយើងមិនដឹងថា ជីវិតយើងនៅម៉ោងណាមួយបាត់បង់ទេ »។

ក្រោយពេលដែលលោកស្រីចូលធ្វើការងារជាកងទ័ពនៅក្នុងសម័យលន់នល់ លោកស្រីមានការងារដែលដក់ជាប់ក្នុងអារម្មណ៍ និងផលលំបាកជាច្រើន។ តែយ៉ាងណាការងារជាកងទព័នេះក៏ត្រូវបានបញ្ចប់ភ្លាមដែរ នៅថ្ងៃដែលសម័យខ្មែរក្រហមចូលមកដល់។

លោកស្រី លឹម​ គីមលី ៖ «ចេញពីកងទ័ពនេះ គឺជំនាន់ប៉ុលពលវាយបែក ចឹងនៅពេលនោះខ្ញុំជាមុខសញ្ញាមួយដែលប៉ុលពតបានស្រាវជ្រាវនឹងតាមដានថាខ្ញុំធ្វើអី ពេលនោះខ្ញុំបានបង្កប់ខ្លួនខ្ញុំ ធ្វើជាអ្នកស្រែចំការ។ចឹងដើម្បីទ្រាំផលលំបាក គេចខ្លួន អ្នកមីងដើរឆ្លងកាត់ពីខេត្តទៅខេត្តមួយ ដោយការអត់បាយ​ហើយបងប្អូនរបស់ខ្ញុំ ៨នាក់ត្រូវអាពតបាញ់សម្លាប់ចោលនៅពេជ្រនិល »។

របបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជាហេតុផលទីពីរដែលធ្វើអោយលោកស្រី លឹម គីមលី មានគំនិតចង់ឃើញពិភពលោកគ្មានសង្រ្គាម។

លោកស្រី លឹម​ គីមលី ៖«សព្វថ្ងៃនេះពេលដែលឃើញបងប្អូនគេមានជួបជុំគ្នា ឃើញគេមានឱពុកម្ដាយ ចឹងចំពោះអារម្មណ៍អ្នកមីងមានការឯកោ ឈឺចាប់ណាស់ សឹងតែថា ការរស់ទ្រាំនៅមិនចង់បានទេ ប៉ុន្ដែត្រូវតែមានចិត្តមួយតស៊ូថា យើងនៅរស់ហើយ យើងនឹងនៅបន្ដដើម្បីកូន និងក្មួយអីឡើងវិញ »។

លោកស្រី លឹម​ គីមលី បានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីនៅក្នុងសម័យលន់នល់។ ប៉ុន្ដែដោយសារតែប៉ុលពតចូលវាយបំបែក និងជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញ លោកស្រី និងស្វាមី រូមទាំងកូនប្រុសស្រីចំនួន ២នាក់ទៀត ក៏បានបែកបាក់គ្នា។

លោកស្រី លឹម​ គីមលី ៖«ពេលបែកណឹង ខ្ញុំមានកូនប្រុសទីពីរទើបអាយុ២ ខែ ពេលនោះគេអោយខ្ញុំដកសំណាក ។ នៅពេលដែល គេវាយបំបែកខ្ញុំឆ្លងទន្លេ ពេលណឹងវាពិបាកមិនដឹងយកអីប្រៀបបានទេ ចឹងពេលវេលាដែលយើងពោះធំ យើងដើរគ្រប់ទីកន្លែង»។​ 

ដោយមើលឃើញពីការសម្លាប់មនុស្សយ៉ាងរង្គាល​​ព្រៃផ្សៃនៅចំពោះមុខ ការរស់នៅដោយភាពភ័យខ្លាច និងការព្រាត់ប្រាស់ក្រុមគ្រួសារ ម្ដាយឱពុក បងប្អូន ស្វាមី និងកូនៗ គឺជាអ្វីដែលលោកស្រី លឹម គីមលី មិនចង់ឱ្យហេតុការណ៍នេះកើតឡើងវិញ។  

លោកស្រី លឹម​ គីមលី ៖« នៅឆ្នាំ ១៩៧៩ -១៩៨០ ទើបខ្ញុំអាចមករកកូនក្មួយខ្ញុំឃើញនៅស្រុកវវាលរេញ »។

នៅថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ជាពេលវេលាដែលពលរដ្ឋជាង ៣លាននាក់ មានសេរីភាពឡើងវិញ។ តែគួរឱ្យសោកស្ដាយពលរដ្ឋដែលបាត់បង់ជីវិតជិត ២លាននាក់។ នៅក្នុងនោះមិនតិចទេដែលមានក្រុមគ្រួសារព្រាត់ប្រាស់គ្នា ប្ដីព្រាត់ប្រពន្ធ  កូនព្រាត់ម្ដាយ បងព្រាត់ប្អូន។

ចំពោះលោកស្រី លឹម គីមលី បានបាត់បងកូនក្មួយ និងបងប្អូនបង្កើត រួមទាំងឱពុកម្ដាយនៅក្នុងសម័យនោះ។

លោកស្រី លឹម គីមលី ៖ ​«ស្លាប់នៅកាលរំដោះហ្នឹងសុទ្ធតែកូនក្មួយ បងស្រី បងប្រុស ដែលពួកគាត់ស្លាប់ដោយសារការវ៉ៃសម្លាប់ពីអាពត » ។

មកដល់ឆ្នាំ ១៩៨០​ លោកស្រី បានចូលបម្រើការងារនៅក្នុងសហជីពរោងចក្រមួយកន្លែងនៅទីក្រុងភ្នំពេញ។ ពេលនោះ អ្នកស្រី ក៏បានក្លាយជាប្រធានសហជីព។

លោកស្រី លឹម គីមលី ៖ ​«១៩៧៩ ដល់ ឆ្នាំ ១៩៨០ ខ្ញុំទៅកាន់រោងចក្រសុក្រិច ដែលជារោងចក្រធ្វើប៉ោត និងប្រេងកាត»។

ដល់ឆ្នាំ ១៩៩០ និងឆ្នាំ ១៩៩៣ លោកស្រី លឹម គីមលី ក៏បានចូលនៅក្នុងវិស័យនយោបាយ។ ពេលនោះលោកស្រីជាតំណាងរាស្រ្ដប្រចាំខេត្តព្រះសីហនុ និងខេត្តកណ្ដាល។

លោកស្រី លឹម គីមលី៖ « ចឹងការងារននយោបាយគឺមានចិត្តចង់ចាញ់ឈ្នះ ការងារនយោបាយហ្នឹងទាល់តែប្រើចិត្តសាស្រ្ដខ្លាំងណាស់។ ការប្រើចិត្តសាស្រ្ដហ្នឹងមិនមែនចិត្តក្នុងការរក្សាសន្ដិភាពទេ គឺចិត្តសាស្រ្ដទាល់តែចេះបត់បែន ។ចេះភូតភរ ចង់ឈ្នះចង់ចាញ់គ្នា ដែរខ្ញុំមើលទៅខ្ញុំអត់ចង់បាន ទើបខ្ញុំអត់ចង់ធ្វើទេ »។

លោកស្រីបានឈរឈ្មោះជាតំណាងរាស្រ្ដពីរអាណត្តិនៅក្នុងរដ្ឋសភា។ ការធ្វើជាអ្នកនយោបាយនៅពេលនោះ គឺមានចិត្តចង់ឈ្នះចង់ចាញ់ច្រើន ដែលនេះជាហេតុផលទីបី ធ្វើអោយអ្នកស្រី បោះបង់ការងារជាអ្នកនយោបាយ ចូលធ្វើការងារសង្គមរក្សាសន្ដិភាពដើម្បីពិភពលោក។

ក្រោយបញ្ចប់ការងារជាអ្នកតំណាងរាស្រ្ដ លោកស្រីក៏បានសម្រេចចិត្តបង្កើតអង្គការមួយដោយខ្លួនឯង ដែលមានឈ្មោះថា “អង្គការសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម”។

លោកស្រី លឹម គីមលី៖«អង្គការខ្ញុំនិយាយរួម គឺមានការចូលរួមដូចជាសង្កេតការណ៍បោះឆ្នោតប្រជាពលរដ្ឋចុះឈ្មោះ​បោះ ឆ្នោត មិនមែនធ្វើការតែកសិកម្មមួយមុខទេ ក្នុងក៏មានការជួយទៅដល់គ្រួសារក្រីក្រ »។

លោកស្រី លឹម គីមលី បានបង្កើតអង្គការមួយនេះ ដោយខ្លួនឯងក្នុងឆ្នាំ ២០០១។ អង្គការរបស់អ្នកស្រី គឺមានទិសដៅជួយអភិវឌ្ឍន៍ក្នុងសហគមន៍ក្រីក្រ នៅតាមជនបទ លើផ្នែកអប់រំ និងកសិកម្ម ។

មកដល់ឆ្នាំ២០១៧ អ្នកស្រី​ក៏បានចូលរួមជាមួយស្រ្ដីជាថ្នាក់ដឹកនាំអន្ដរជាតិនាំមកនូវសន្ដិភាពជូនពិភពលោក ដែលមានឈ្មោះថា គណៈកម្មាការក្រុមសន្ដិភាពស្រ្ដីអន្ដរជាតិ (IWPG)។

ការសម្រេចចិត្តចូលជាសមាជិកគណៈកម្មការក្រុមស្រ្ដីសន្ដិភាពអន្ដរជាតិពេលនេះ ដោយអ្នកស្រី លី មើលឃើញថា ស្រ្ដី គឺមានតួនាទីសំខាន់ដែលអាចផ្សព្វផ្សាយ និងពាំនាំសន្ដិភាពជូនប្រទេសជាតិ និងពិភពលោកបាន។

លោកស្រី លឹម គីមលី៖«ស្រ្ដីគឺមានចិត្តមួយទន់ភ្លន់ ស្រ្ដីមានចិត្ដមេត្តាធម៌ច្រើន ដូចនេះ ស្រ្ដីអាចនាំសន្ដិភាពបាន ស្រ្ដីអាចកាត់បន្ថយជម្លោះហិង្សានៅក្នុងគ្រួសារ ជាម្ដាយណែនាំកូន កូនល្អក៏ដោយសារមាតា កូនមិនល្អក៏ដោយសារមេតា។ចឹងខ្ញុំជឿថា ស្រ្ដីនឹងធ្វើបាននូវសន្ដិភាព»។

គណៈកម្មាការសន្ដិភាពស្រ្ដីអន្ដរជាតិ (IWPG) មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ដែលមានសមាជិក ១១០ប្រទេស​ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

លោកស្រី លឹម គីមលី បានតាំងចិត្តយ៉ាងមោះមុតថា នឹងចូលរួមជាមួយស្រ្ដីខ្មែរ ដើម្បីអោយប្រទេសជាតិមានសន្ដិភាព។

លោកស្រី លឹម គីមលី ៖«ដោយសារប្រទេសយើងមានសន្ដិភាពស្រាប់ហើយ ចឹងសព្វថ្ងៃអ្នកមីងចង់ការពារសន្ដិភាព ក្នុងនាមជាអង្គការមួយ ហើយនិងជាស្រ្ដីមួយឆ្លងកាត់បញ្ហាជាច្រើននៅក្នុងសង្គម។ ចឹងសព្វថ្ងៃដែលមានសំណាងបានរស់រានមានជីវិតថ្ងៃនេះ ហើយសុខភាពក៏ទ្រុឌទ្រោមដែរហើយចឹង ប៉ុន្ដែនៅតែមានចិត្តមួយមោះមុតថា នឹងចូលរួមជាមួយស្រ្ដីខ្មែរយើង ដើម្បីអោយស្គាល់ពីការងារ សន្ដិភាព »៕

 

 

 

បញ្ចេញមតិ

Be the First to Comment!

avatar
wpDiscuz

ព័ត៌មានទាក់ទង

អ្នកស្រី សៀង សុខច័ន្ទ៖ពិការភាពមិនមែនជាឧបសគ្គនៃការងារដើម្បីជីវិតនោះទេ

ជីវៈព័ត៌មាន៖ មនុស្សជោគជ័យដោយសារការព្យាយាម ។ ស[...]

ACTបញ្ជ្រាបការបញ្ឈប់អំពើហិង្សាលើស្រ្ដីនិងកុមារតាមរយៈបណ្ដាញសន្ដិភាព

ខេត្តកោះកុង៖ ក្រុមការងារដើម្បីដោះស្រាយទំនាស់ [...]

រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​៖​ហិង្សា​លើ​កុមារ​មាន​អត្រា​ខ្ពស់​

រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ថា​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត