en     km
en     km

រាជធានី-ខេត្តមួយចំនួនអាចប្រឈមនឹងជំនន់ទឹកភ្លៀង

Share

ភ្នំពេញ៖ ប្រព័ន្ធសម្ពាធទាបនឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៣ ដល់២២ ខែតុលា ខណៈរាជធានីខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៧នេះ ដដែល គឺ បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា​ ប្រព័ន្ធសម្ពាធទាប បាននឹងកំពុងបន្ដអូសកាត់លើភាគខាងជើងកម្ពុជា។

ចំណែកវិសម្ពាធមួយនៅក្នុងសមុទ្រចិនខាងត្បូងក៏បាននឹងកំពុងរំកិលខ្លួនមកកាន់ឆ្នេរប្រទេសវៀតណាមភាគកណ្ដាលដែលវិសម្ពាធនេះនឹងប​ង្កឱ្យប្រព័ន្ធសម្ពាធទាបនៅលើប្រទេសកម្ពុជា បង្កើនឥទ្ធិពលកាន់តែខ្លាំង។

សេចក្ដីជូនដំណឹងពីការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធាននិងឧតុនិយម ​បានបញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧ តទៅ សម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហិ្វក នឹងរំកិលខ្លួនឆ្លងកាត់ប្រទេសហ្វីលីពីន ចូល មកក្នុងសមុទ្រចិនខាងត្បូង ជាបន្ដបន្ទាប់ ធ្វើឱ្យប្រព័ន្ធសម្ពាធទាបបន្ដស្ថិតនៅលើប្រទេសកម្ពុជាជាច្រើនថ្ងៃ បន្ថែមទៀត។

លក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា  ផ្ទៃមេឃមានសភាពអាប់អួ អាចមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ ហើយរាជធានី-ខេត្តជាច្រើនអាចប្រឈមនឹងជំនន់ទឹកភ្លៀង។ក្នុងពេលជាមួយគ្នាភ្លៀងក៏ធ្លាក់រាយប៉ាយច្រើននៅលើតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ដែលជាកត្តាជំរុញឱ្យទឹកទន្លេហក់ឡើងជាថ្មី៕

 

 

Share

Image
Image
Image