loader

រថយន្ដក្រុង​សាធារណៈ​ ១២០​គ្រឿង​ត្រៀម​ ដឹក​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ ទៅ​ស្រុក​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​

​ភ្នំពេញ​ ៖​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​បាន​ប្រាប់​សាលា​រាជធានី​ភ្នំពេញ​ ឲ្យ​ត្រៀម​រថយន្ដ​សាធារណៈ​ សម្រាប់​ឲ្យ​ពលរដ្ឋ​ជិះ​ក្នុង​រាជធានី​ និង​ដឹក​ទៅ​ស្រុក​ ដោយ​ឥត​គិតថ្លៃ​ ក្នុង​ឱកាស​ពិធី​ភ្ជុំបិណ្ឌ​។​ មន្ដ្រី​នាំពាក្យ​សាលា​រាជធានី​ បញ្ជាក់​ថា​ សម្ដេច​ចង់​រួមចំណែក​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ ពេល​ទៅ​ស្រុក​ក្នុង​ឱកាស​បុណ្យ​ទាន​។​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ សាលា​រាជធានី​ភ្នំពេញ​ បាន​សម្រេច​យក​រថយន្តក្រុង​ ចំនួន​២១៥​គ្រឿង​ បើកបរ​ដឹក​ពលរដ្ឋ​ទាំង​នៅ​រាជធានី​ និង​ទៅ​ខេត្ត​សម្រាប់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​ឥត​គិតថ្លៃ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​លោក​ ម៉េ​ត​ មាស​ភក្ដី​ មន្ដ្រី​នាំពាក្យ​ សាលា​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​០៤​ តុលា​ ថា​ រថយន្ដ​ទាំង​ ២១៥​គ្រឿង​នេះ​ មាន​ ៩៥​គ្រឿង​ ត្រៀម​សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ ១២០​គ្រឿង​ទៀត​ ត្រៀម​សម្រាប់​បម្រើសេវា​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត​។​

​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ អាច​ជិះ​រថយន្ដ​សាធារណៈ​បាន​ ដោយ​ឥត​គិតថ្លៃ​ រយៈពេល​បី​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​០៨​ ដល់​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨​។​ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​ស្រុក​កំណើត​ រថយន្ដ​សាធារណៈ​របស់​រដ្ឋ​ នឹង​ផ្ដើម​ចេញដំណើរ​ចាប់ពី​ថ្ងៃ​ទី​០៦​ ដល់​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៨​។​ រថយន្ដ​សាធារណៈ​ នឹង​ផ្ដើម​ចេញដំណើរ​ពី​ម៉ោង​ ៥៖៣០​ នាទី​ព្រឹក​។​ មន្ដ្រី​នាំពាក្យ​ សាលា​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ពលរដ្ឋ​មិន​ចាំបាច់​មាន​សំបុត្រ​ទេ​ គ្រាន់តែ​ទៅ​ដល់​ចំណត​ គឺ​អាច​ជិះ​រថយន្ដ​ទៅ​ស្រុក​បាន​ ៖«​បាទ​ត្រូវ​ហើយ​ដូចដែល​យើង​ធ្លាប់​រៀបចំ​កាលពី​លើក​ទី​១​ លើក​មុន​អ​ញ្ចឹ​ង​។​ គឺ​ការ​រៀបចំ​ផ្ដល់​ជូន​នេះ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ មិន​ចំពោះ​ទេ​។​ គឺ​ឲ្យ​តែ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មាន​ចំណង​ ធ្វើ​ដំណើរ​ទៅ​តាម​កាលបរិច្ឆេទ​។​ និយាយ​ដោយឡែក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ដ​ គឺ​គាត់​គ្រាន់តែ​ដឹង​ អំពី​ទីតាំង​ និង​ពេលវេលា​ដែល​ត្រូវ​ចេញដំណើរ​។​ អ្នក​ដែល​ទៅ​ដល់​មុនគេ​ គាត់​អាច​ទទួល​បាន​អាទិភាព​ក្នុង​ឡើង​រថយន្ដ​មុនគេ​ ហើយ​និង​ផ្ដល់​ជូន​ជា​បន្ដបន្ទាប់​»​។​

​ប្រជាពលរដ្ឋ​មានស្រុក​កំណើត​នៅ​ ស្វាយ​រៀង​ ព្រៃវែង​ តាកែវ​ កែប​ ចំណតរថយន្ដ​ស្ថិត​នៅ​ផ្លូវ​ ៦០​ម៉ែត្រ​ ទល់មុខ​ក្រុមហ៊ុន​ ម៉ែ​ក​ស៊ី​ដែ​សបិ​ន​។​ ចំណែក​រថយន្ដ​ចេញដំណើរ​ទៅ​ខេត្ដ​ កំពត​ កំពង់ស្ពឺ​ និង​ខេត្ដ​ព្រះ​សីហ​នុ​ ចំណត​ស្ថិត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា​។​ ដោយឡែក​សម្រាប់​រថយន្ដ​ចេញដំណើរ​ទៅ​ខេត្ដ​ កំពង់​ឆ្នាំ​ ពោធិ៍សាត់​ បាត់ដំបង​ និង​ខេត្ដបន្ទាយមានជ័យ​ ចំណត​ស្ថិត​នៅ​សួនច្បារ​ឬ​ស្សី​កែវ​។​ បន្ថែម​ពី​នេះ​ រថយន្ដ​ចេញដំណើរ​ទៅ​ខេត្ដកំពង់ធំ​ សៀមរាប​ និង​ខេត្ដកំពង់ចាម​ ចំណត​ស្ថិត​នៅ​ផ្លូវ​បេ​តុ​ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ខាងជើង​រង្វង់​មូល​ព្រហ្ម​មុខ​ ៤​។​ លើស​ពី​នេះ​ រថយន្ដ​ដែល​ចេញដំណើរ​ទៅ​ខេត្ដ​ ត្បូងឃ្មុំ​ ក្រចេះ​ និង​ស្ទឹង​ត្រែង​ ចំណត​ស្ថិត​នៅ​គីឡូម៉ែត្រ​លេខ​ ៩​។​

​យ៉ាង​លោក​ ម៉េ​ត​ មាស​ភក្ដី​ បញ្ជាក់​ថា​ រថយន្ដ​របស់​សាលា​រាជធានី​ភ្នំពេញ​ នឹង​ជូន​ពលរដ្ឋ​ទៅ​គ្រប់​ខេត្ដ​ គ្រាន់តែ​ខេត្ដ​ខ្លះ​ សាលា​រាជធានី​ភ្នំពេញ​ មិន​បាន​ដាក់​លម្អិត​ ដោយសារ​តែ​ខេត្ដ​នោះ​ស្ថិត​នៅ​តាម​ផ្លូវ​ដែល​រថយន្ដ​ឆ្លងកាត់​៖«​ឧទាហរណ៍​ថា​ ខេត្ដកណ្ដាល​អ​ញ្ចឹ​ង​ ផ្លូវជាតិ​លេខ​១​ហ្នឹង​ ក្នុង​តម្រាយ​ផ្លូវ​របស់​យើង​មាន​ដាក់​ថា​ ពី​ភ្នំពេញ​ស្វាយ​រៀង​ ភ្នំពេញ​ ព្រៃវែង​ តែ​តាម​ពិត​យើង​ត្រូវ​ជិះ​ឆ្លងកាត់​ខេត្ដកណ្ដាល​សិន​។​ មិន​អាច​ថា​ ចេញ​ភ្នំពេញ​ទៅ​ដល់​ស្វាយ​រៀង​ទេ​។​ អ​ញ្ចឹ​ង​ហើយ​បានជា​ក្រដាស់​នេះ​អត់​បាន​បញ្ជាក់​នៅ​ក្នុង​ហ្នឹង​។​ តែ​លោក​អាច​អញ្ជើញ​ទៅ​តាម​ផ្លូវជាតិ​ នៅ​លើ​តម្រាយ​ផ្លូវ​ដែល​បងប្អូន​របស់​យើង​ ដឹង​ថា​ ខេត្ដ​គាត់​ត្រូវ​ជិះ​តាម​ផ្លូវ​ណា​»​។​

​ការ​រៀបចំ​ឲ្យ​មាន​រថយន្ដក្រុង​សាធារណៈ​របស់​រដ្ឋ​ដើម្បី​ដឹក​ពលរដ្ឋ​ទៅ​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ​នេះ​ គឺជា​លើក​ទី​២​ហើយ​ ដែល​កាលពី​លើក​ទី​មួយ​ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ពិធីបុណ្យ​ឆ្នាំ​ប្រពៃណី​ជាតិ​ កាលពីដើម​ខែមេសា​ ឆ្នាំ​២០១៨​។​

​មន្ដ្រី​នាំពាក្យ​ សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ថា​ នេះ​ជា​ចេតនា​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​ចង់​ចូលរួម​សប្បាយ​រីករាយ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​រូប​ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ និង​មួយវិញទៀត​ បំណង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​ ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នា​ឱកាស​បុណ្យ​ទាន​ម្ដងៗ​។​ ​បន្ថែម​ពី​នេះ​ ក្នុង​នាម​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោក​ក៏​សំណូមពរ​ផង​ដែរ​ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​មុន​ពេល​ដែល​ចេញដំណើរ​ទៅ​ស្រុក​កំណើត​ ឬ​ក៏​ទៅ​កម្សាន្ដ​នៅ​ទីកន្លែង​ណាមួយ​ មុន​ពេល​ចេញដំណើរ​ត្រូវធ្វើ​ឲ្យ​ប្រាកដ​ថា​ ភ្លើងចង្ក្រាន​ ភ្លើងអគ្គិសនី​ ត្រូវ​បាន​បិទ​ និង​មួយវិញទៀត​ លោក​ស្នើ​ឲ្យ​អ្នកបើកបរ​យានយន្ដ​ទាំងអស់​ ត្រូវ​បើកបរ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ និង​មាន​អធ្យាស្រ័យ​ខ្ពស់​ ដើម្បី​ធ្វើ​យ៉ាងណា​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​គ្នា​។​

​សូម​ជម្រាប​ថា​ យោង​តាម​សេចក្ដី​ប្រកាស​ របស់​ក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ កម្មករ​ និយោជិត​ មន្ដ្រីរាជការ​ទាំងអស់​ គឺ​ត្រូវ​បាន​ឈប់​សម្រាក​រយៈពេល​ ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៨​ ដល់​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨៕

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត