en     km
en     km

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ប្រតិកម្ម​ នឹង​ការ​រិះគន់​លើ​សេរីភាព​សារព័ត៌មាន​កម្ពុជា​

Share

​ភ្នំពេញ​៖​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ថ្លែង​ប្រតិកម្ម​នឹង​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ី​វិល​ និង​អន្ដរជាតិ​មួយ​ចំនួន​ដែល​ថា​ សេរីភាព​សារព័ត៌​មានការ​កម្ពុជា​ត្រូវ​បាន​រឹតត្បិត​ខណៈ​ ស្ថាប័ន​សារព័ត៌មាន​អន្ដរជាតិ​មួយ​ចំនួន​ប្រកាស​បិទ​ការិយាល័យ​ របស់​ខ្លួន​ប្រចាំ​នៅ​កម្ពុជា​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖



​កាលពី​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ស្ថាប័ន​កាសែត​ The​ Cambodia​ daily​ ដែល​មាន​អាយុ​ជាង​ ២០​ឆ្នាំ​នៅ​កម្ពុជា​ បាន​ប្រកាស​បិទ​ដំណើរការ​បោះពុម្ពផ្សាយ​របស់​ខ្លួន​ ដោយសារ​តែ​មិន​អាច​បង់ពន្ធ​ជូន​រដ្ឋ​នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៦.៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ តាម​វិ​ក័យ​ប័ត្រ​ពន្ធ​ដែល​អគ្គ​នាយ​ដ្ឋា​ន​ពន្ធដារ​កម្ពុជា​អះអាង​ថា​ ស្ថាប័ន​កាសែត​អន្ដរជាតិ​មួយ​នេះ​ មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​តាំង​តែ​ពី​ឆ្នាំ​ ២០០៧​មក​។​ ដូច​គ្នា​ដែរ​ រំលង​ប្រហែល​មួយ​អាទិត្យ​ក្រោយមក​ទៀត​ វិទ្យុ​អាស៊ី​សេរី​ ដែល​មាន​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​ ក៏​បាន​ប្រកាស់​បិទ​ការិយាល័យ​ដូច​គ្នា​ដែរ​ ដែល​ការ​បិទ​នោះ​ គឺ​ក្រោយ​ពេល​ក្រសួង​ព័ត៌មាន​ចេញ​លិខិតផ្លូវការ​ជូនដំណឹង​ដល់​ម្ចាស់​ស្ថានីយ៍​វិទ្យុ​ក្នុងស្រុក​ឲ្យ​បញ្ឈប់​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ ក្រោយ​ហេតុផល​វិទ្យុ​អន្ដរជាតិ​ទាំង​ពីរ​នេះ​មិន​បាន​ចុះបញ្ជី​ការិយាល័យ​នៅ​ក្រសួង​ព័ត៌មាន​ស្រប​តាម​ច្បាប់​ ។​

បុគ្គលិកកាសែត ខេបូឌា ដេលី​ ថតមុនពេលស្ថាប័នត្រូវបិទ

​បើ​ទោះបីជា​ស្ថាប័ន​សារព័ត៌មាន​អន្ដរជាតិ​ទាំងនេះ​ប្រកាស​បិទ​ការិយាល័យ​របស់​ពួក​គេ​ដោយ​ខ្លួនឯង​ក្ដី​ ក៏​ប៉ុន្ដែ​ក្រុម​សង្គម​ស៊ិ​វិល​ជាតិ​ អន្ដរជាតិ​ និង​បណ្ដា​ស្ថានទូត​មួយ​ចំនួន​ចាត់​ទុក​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​។​ ក៏​ប៉ុន្ដែ​ការ​ចោទប្រកាន់​នេះ​ ត្រូវ​បាន​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ច្រានចោល​ និង​ បញ្ជាក់​ថា​ សេរីភាព​សារព័ត៌មាន​គឺ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ក៏​ប៉ុន្ដែ​ស្ថាប័ន​អន្ដរជាតិ​ទាំងនោះ​គឺ​មិន​បាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​ព័ត៌មាន​។​

​ឆ្លើយ​តប​និង​សំណួរ​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​សម្ពោធ​ស្ដូប​ឧទ្ទិស​ដល់​វិ​ញ្ញា​ក្ខ​ន្ធ​អ្នកកាសែត​ជាតិ​ និង​អន្ដរជាតិ​ ដែល​បាន​ស្លាប់​ និង​ចាប់ខ្លួន​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា​ ឆ្នាំ​ ១៩៧០​ -​ ១៩៧៥​ នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ នេះ​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​លោក​ ខៀវ​ កា​ញា​រិ​ទ្ធ​ បាន​ប្រតិកម្ម​ថា​ រដ្ឋាភិបាល​មិន​បាន​បិទ​សារព័ត៌មាន​អន្ដរជាតិ​ទាំង​អស់នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​គឺ​ស្ថាប័ន​អន្ដរជាតិ​ទាំងនោះ​ខ្លួន​គេ​ផ្ទាល់​ ដែល​ជា​អ្នក​បិទ​ការិយាល័យ​ដោយ​ខ្លួនឯង​។​ ខណៈ​ពួក​គេ​មិន​ព្រម​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​ព័ត៌មាន​ អនុ​ឡោម​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​។​ លោក​ ខៀវ​ កា​ញា​រិ​ទ្ធ​ ៖«​ធម្មតា​មាន​អ្នក​ណា​ទាន់​បិទ​គាត់​ បើក​ក៏​ខ្លួន​គាត់​បិទ​ក៏​ខ្លួន​គាត់​ ឥឡូវ​រាល់ថ្ងៃ​យើង​មាន​ទាន់​ប្រកាស​បិទ​គាត់​ឯណា​ គោលការណ៍​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ការិយាល័យ​នៅ​ទី​ហ្នឹង​ ខ្ញុំ​បាន​ប្រកាស​បី​ដង​ហើយ​ ចង់​ឲ្យ​គាត់​មាន​ការិយាល័យ​នៅ​ទី​ហ្នឹង​ដើម្បី​កាលណា​គាត់​ផ្សាយ​ខុស​ យើង​អាច​សរសេរ​សំបុត្រ​ឲ្យ​គាត់​បំភ្លឺ​បាន​ តែ​គាត់​ដឹង​រឿង​ហ្នឹង​បាន​គាត់​បិទ​នោះ​ គឺ​មិនមែន​យើង​ចង់​បិទ​គាត់​ទេ​ គឺ​គាត់​មិន​ចង់​បំភ្លឺ​»​។​

​ជុំវិញ​ករណី​នេះ​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បង្ហាញ​ការ​យល់​ឃើញ​ថា​ បើ​ទោះជា​បាត់​ស្ថាប័ន​សារព័ត៌មាន​អន្ដរជាតិ​មួយ​ក្ដី​ ក៏​ប៉ុន្ដែ​វា​មិន​បង្ក​ផល​ប៉ះពាល់​សេរីភាព​សារព័ត៌មាន​កម្ពុជា​នោះ​ឡើយ​។​

លោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញប៉ុស្ដិ៍

​លោក​ កៃ​ គឹ​ម​សុង​ និ​យ​ពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដែល​បាន​ចូលរួម​ពិធី​សម្ពោធ​ស្ដូប​ឧទ្ទិស​ដល់​វិ​ញ្ញា​ក្ខ​ន្ធ​អ្នកកាសែត​ជាតិ​ និង​អន្ដរជាតិ​ នៅ​ថ្ងៃនេះ​បាន​និយាយ​ថា​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​មានការ​គិត​ថា​ កម្ពុជា​បាត់បង់​សេរីភាព​សារព័ត៌មាន​ ក៏​ប៉ុន្ដែ​ប្រទេស​កម្ពុជា​គឺ​នៅ​មាន​វិទ្យុជាតិ​ វិទ្យុ​អន្ដរជាតិ​ ស្ថាប័ន​កាសែត​ជាតិ​ អន្ដរជាតិ​ ជា​ច្រើន​ទៀត​ដែល​ជា​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​។​ លោក​បន្ដ​ថា​ ចំពោះ​ស្ថាប័ន​កាសែត​ដែល​ខុសច្បាប់​ បើ​ត្រឡប់​មក​អនុវត្ដ​តាម​ច្បាប់​ត្រឹមត្រូវ​លោក​គិត​ថា​ នឹង​អាច​ដំណើរការ​បាន​ធម្មតា​ ។​ លោក​ កៃ​ គឹ​ម​សុង​ ៖«​រយៈពេល​ចុង​ក្រោយ​នេះ​ ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ​អ​ញ្ចឹ​ង​ គ្រប់​គ្នា​គិត​ថា​ បាត់បង់​សេ​រិ​ភាព​ តែ​វិទ្យុ​អាស៊ី​សេរី​ បាត់បង់​តែ​ការិយាល័យ​ដែល​គាត់​បិទ​ដោយ​ខ្លួនឯង​ ហើយ​ ខេ​ម​បូ​ឌា​ ដេ​លី​ គាត់​ខុសច្បាប់​ បើ​គាត់​អនុវត្ដ​ច្បាប់​គាត់​នឹង​អាច​វិល​ត្រឡប់​មក​វិញ​តាម​ធម្មតា​»​។​

​តែ​យ៉ាងណា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​ ៣៦​ នៅ​ទីក្រុង​ ហ្សឺ​ណែវ​ ប្រទេស​ស្វ៊ី​ស​ លោកស្រី​ Rhona​ Smith​ អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​តិ​បាន​និយាយ​រិះគន់​កម្ពុជា​ក្នុង​របាយការណ៍​របស់​លោកស្រី​ថា​ កម្ពុជា​បាន​រំលោភសិទ្ធិ​មនុស្ស​ និង​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជាក់ស្ដែង​ដូ​ជា​ការ​បិទ​ស្ថានីយ៍​វិទ្យុ​មួយ​ចំនួន​ និង​ស្ថាប័ន​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ជាដើម​៕

Share

Image
Image
Image