loader

យុវតី​ពិការ​ភ្នែក​ មិន​ ចិន្តា​ ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​បង្កើត​បណ្ណា​ល័យ​សំឡេង​មុន​គេ​បង្អស់​នៅ​កម្ពុជា​

ភ្នំពេញ៖ កញ្ញា​មិន​ ចិន្តា​ មិន​​​អាច​​​មើល​​​ឃើញ​​​អ្វី​ៗ​​​នៅ​​​ជុំវិញ​​​ខ្លួន​ មិន​​​អាច​​អាន​​​សៀវ​​ភៅ​​​បាន​​ ក៏​​​ប៉ុន្តែ​​នាង​​មាន​​​​ក្តី​​​សុបិន​​​ធំ​​​​មួយ​​នៅ​​​ក្នុង​​​ជីវិត​ ដែល​​មនុស្ស​​​ទូ​​​ទៅ​​​អាច​​​ពុំ​​ធ្លាប់​​គិត​​​។ ក្តី​​សុបិន​​នោះ​ គឺ​​ចង់​​​បង្កើត​​​បណ្ណា​​ល័យ​​​សំឡេង​ ដើម្បី​​ជួយ​​​ដល់​​​អ្នក​​​ពិការ​​​ភ្នែក​​​នៅ​​​ក្នុង​​ប្រទេស​​កម្ពុជា​​​ដែល​​​ស្រឡាញ់​​​ការ​​​សិក្សា​ ឱ្យ​​​មាន​​​ឱកាស​​​ទទួល​​​ចំណេះ​​​ដឹង​​​បាន​​​ទូ​លំ​​​ទូលាយ​​​ដូច​​​អ្នក​​​មិន​​​ពិការ​​​ភ្នែក​​​។

មិន ចិន្តា ប្រហែល​ជា​​ស្ត្រី​​ពិការ​ភ្នែក​ទី​​មួយ​​នៅ​​កម្ពុជា​​​ដែល​​មាន​​គោល​​ដៅ​​ចង់​​បង្កើត​​បណ្ណា​​ល័យ​​ជា​​សំឡេង​​ឡើង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ ឧបសគ្គ​​ក្នុង​​ការ​សិក្សា​​ដោយ​សារ​ការ​មើល​មិន​ឃើញ ​ព្រម​ទំាង​​ឯកសារ​​មេរៀន​​ទាំង​​អស់​​​នៅ​​មហា​វិទ្យា​ល័យ​​និង​​ឯកសារ​​សិក្សា​​ស្រាវ​​ជ្រាវ​​នានា​​ពុំ​​មាន​​ជា​​ឯក​សារ​​សំឡេង​នៅ​​ឡើយ​ក្នុង​​ពេល​​​បច្ចុ​ប្បន្ន បាន​​ធ្វើ​​ឲ្យនិស្សិត​ស្រី មិន ចិន្តា លំបាក​ក្នុង​ការ​​សិក្សា​​យ៉ាង​ខ្លាំង បើ​ប្រៀប​នឹង​សិស្ស និស្សិត មាន​កាយ​សម្បទារ​គ្រប់​គ្រាន់​។ បើ​​ទោះ​​ជា​​យ៉ាង​​ណា​​ក្តី​ ក៏​​នាង​​នៅ​​តែ​​ត​ស៊ូ​​រៀន​​​​រហូត​​ដល់​​ថ្នាក់​​ឧត្តម​បាន​ដូច​គេ​។

បទ​​ពិសោធន៍​លំបាក​នៅ​ក្នុង​ការ​សិក្សា​ បាន​​​ធ្វើ​​​ឲ្យ​​​​យុវតី​​មក​​ពី​​ខេត្ត​​កណ្តាល​រូប​​នេះ​ ​មាន​​គំនិត​​​​បង្កើត​​​បណ្ណា​​​ល័យ​​សំឡេង​​​​​​ដំបូង​​គេ​បង្អស់​នៅ​​កម្ពុជា​​ ដើម្បី​ជួយ​​ដល់​​អ្នក​​ពិការ​​ភ្នែក​​ទាំង​​អស់​​​ឱ្យ​​មាន​​ឱកាស​​​​អភិ​វឌ្ឍ​​ខ្លួន​​បាន​​កាន់​​តែ​​ប្រសើរ​​ឡើង​។ ចិន្តា​​បាន​​សង្កត់​​ធ្ងន់​​ថា​ ប្រសិន​​បើ​​មាន​​ការ​​គាំ​​ទ្រ​​ពី​​សាធារណជន ហើយ​​បើ​​​រដ្ឋា​​ភិបាល​​បាន​​គិត​​ពី​បញ្ហា​​នេះ​​តែ​​បន្តិច នោះ​​បណ្ណា​​ល័យ​​សំឡេង​​នឹង​​លេច​​ចេញ​​ជា​​រូប​​រាង​​ឡើង​​ជាក់​​ជា​​ពុំ​ខាន​។

មិន ចិន្តា និង ក្រុមការងារនៃអង្គការ វីអេសអូ( VSO) ថតរូបខាងមុខប្រាសាទអង្គរវត្ត (សៀមរាម) បន្ទាប់ពីបញ្ចប់គម្រោងបរិស្ថានល្អក្នុងសហគមន៍នានានៅខេត្តស្ទឹងត្រែង
មិន ចិន្តា និង ក្រុមការងារនៃអង្គការ វីអេសអូ( VSO) ថតរូបខាងមុខប្រាសាទអង្គរវត្ត (សៀមរាម) បន្ទាប់ពីបញ្ចប់គម្រោងបរិស្ថានល្អក្នុងសហគមន៍នានានៅខេត្តស្ទឹងត្រែង – (រូបថតពីហ្វេសប៊ុកកញ្ញា មិន ចិន្តា)

«​ឆន្ទៈ​​បង្កើត​​បណ្ណា​​ល័យ​​សំឡេង​​ឱ្យ​​មាន​​វត្ត​​មាន​​ឡើង​​នៅ​​កម្ពុជា​​មិន​​ងាយ​​ស្រួល​​​ប៉ុន្មាន​​នោះ​​ទេ​​សម្រាប់​​ខ្ញុំ ព្រោះ​​ខ្លួន​​ជា​ស្រ្តី​​ហើយ​​ភ្នែក​​ក៏​​ពុំ​​អាច​​មើល​​ឃើញ​​អ្វី​ៗ​ ប៉ុន្តែ​​វា​​មិន​​មែន​​ជា​​ឧបសគ្គ​​រាំង​​ស្ទះ​​ក្តី​​សុបិន​​​របស់​​ខ្ញុំ​​ឡើយ…​»​។ នេះ​​​ជា​​​ការ​​​លើក​​​ឡើង​​​​យ៉ាង​​មុត​​មាំ​​របស់និស្សិត​​ចិត្ត​​វិទ្យា មិន​ ចិន្តា​។

ចិន្តា​​បាន​​បន្ថែម​ទៀត​ថា៖ «​ការ​​ទទួល​​បាន​​ចំណេះ​​ដឹង​​បាន​​តិច​​របស់​​ខ្ញុំ​​នេះ វា​​ជា​​ការ​​ឆ្លុះ​​បញ្ចាំង​​ឱ្យ​ឃើញ​​ពី​​អ្នក​​ពិការ​​ភ្នែក​​ដទៃ​​ទៀត​​ដែល​​ប្រាថ្នា​​ចង់​​បាន​​ចំណេះ​​ដឹង​​ដូច​​គេ​​ឯង ប៉ុន្តែ​​ពួក​​គាត់​​ពុំ​​មាន​​ឱកាស​​និង​​មិន​​អាច​​អាន​​បាន​​សៀវ​​ភៅ​​បាន។ បណ្ណា​​ល័យ​​នេះ​​នឹង​​ជួយ​​ទៅ​​ដល់​​ពួក​គាត់​​ឱ្យ​​ទទួល​​បាន​​ចំណេះ​​ដឹង​​បាន​​ច្រើន​​នៅ​​ក្នុង​​ជីវិត​​ដូច​​អ្នក​​មិន​​ពិការ​​ភ្នែក​​ដែរ​»​។

បន្ថែម​លើ​នេះ​ទៀត​ យុវតី​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា ដើម្បី​​ឱ្យ​​បណ្ណា​​ល័យ​​សំឡេង​​លេច​​ចេញ​​រូប​​រាង ​វត្ត​​មាននាង​​តែ​​ម្នាក់​​​ពុំ​​អាច​​ធ្វើ​​បាន​​នោះ​​ទេ ទាល់​​តែ​​មាន​​ការ​​ចូល​​រួម​​គ្នា​បង្កើត​ឡើង​។ នាង​​គិត​​ថា ប្រសិន​​បើ​​រដ្ឋា​​ភិបាល បាន​​មើល​​ឃើញ​​ពី​​ការ​​លំបាក​​របស់​​អ្នក​​ពិការ​​ភ្នែក​​ក្នុ្ងង​​ពេល​​បច្ចុប្បន្ន​ នោះ​​សម្រាប់នាងពិត​​ជា​អាច​​ធ្វើ​​បាន​​ហើយ​​រឿង​​មួយ​នេះ។

«ខ្ញុំ​​រីករាយ​​ធ្វើ​​រឿង​​មួយ​​នេះ ប៉ុន្តែ​​ប្រសិន​​មាន​​អ្នក​​ផ្សេង​​អាច​​ធ្វើ​​រឿង​នេះ​​បាន ខ្ញុំ​ក៏​​សប្បាយ​​ចិត្ត ពេល​​នោះ​​ហើយ​​គេ​​នឹង​​មិន​​ឃើញ​​អ្នក​​ពិការ​​ភ្នែក​​ដើរ​​ច្រៀង​​​កូត​​ទ្រ​​សុំ​​ទាន​​គេ​​តាម​​ផ្លូវ​​ទៀត​​ទេ»។

ជា​រៀង​រាល់​ថ្ងៃ ចិន្តា កំពុង​ខិត​ខំ​សន្សំ​ឯក​សារ​ជា​សំឡេង​ទុក​បាន​មួយ​ចំនួន ដើម្បី​បង្កើត​បណ្ណា​ល័យ​សំឡេង​ឱ្យបាន​តាម​ក្តីប្រាថ្នារបស់ខ្លួន ដោយ​ឯក​សារ​ទាំង​នោះ​បាន​មក​ពី​មិត្ត​ភក្តិ​និង​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​ថត​ជា​សំឡេង​ផ្តល់​ឱ្យនាង។ ឯក​សារ​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​​បាន​ថត​សំឡេង​ទាំង​នោះ មាន​ភាគ​ច្រើន​ជា​ឯកសារ​ចម្រុះពាក់​ព័ន្ធ​នឹង​ចំណេះ​ដឹង​ទូទៅ​នានា ដែល​ផ្តល់​សារៈ​សំខាន់​សម្រាប់​អ្នក​ពិការ​ភ្នែក។

ក្នុង​នាម​មិត្ត​ភក្តិ​និង​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​ថត​ឯក​សារ​សំឡេង​ឱ្យ ចិន្តា បាន​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​នោះ កញ្ញា តាំង​ អ៊ាងឡេង បាន​ឱ្យ​ដឹង​ថា កញ្ញា​ពេញ​ចិត្ត​ជួយ​ដល់ ចិន្តា ជា​និច្ច​ក្នុង​ការ​បង្កើត​ឯកសារ​សំឡេង​។

អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​ថត​ឯក​សារ​សំឡេង​រូប​នេះ បាន​និយាយ​បន្ថែម​ថា ចិន្តា ជា​មនុស្ស​មាន​ការ​តស៊ូ​ព្យាយាម​នៅ​ក្នុង​ការ​សិក្សា​និង​មាន​គំនិត​ជួយ​ដល់​ជន​ពិការ​នៅ​កម្ពុជា ដូច្នេះ​ត្រឹម​ការ​ថត​សំឡេង​ផ្ដល់​ឱ្យ​ចិន្តា​មិន​មែន​ជា​ការ​លំបាក​ឡើយ​សម្រាប់​នាង។

លោក អន ឌឿន អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​​ថត​ឯកសារ​សំឡេង​ម្នាក់​ទៀត​បាន​និយាយ​ថា៖ «​ត្បិត​ចិន្តា​ពិការ​ភ្នែក តែ​គេ​មិន​ពិការ​គំនិត​ឡើយ​។ ខ្ញុំ​នឹង​ជួយ ចិន្តា រហូត​ដល់​គេ​អាច​បង្កើត​បណ្ណាល័យ​សំឡេង​ឡើង​បាន ព្រោះ​កន្លង​ទៅ​ក៏​ដូច​ជា​ពេល​នេះ ​ចិន្តា កំពុង​ខិត​ខំ​ប្រមូល​ឯក​សារ​និង​ខិត​ខំស្វែង​រក​ជំនួយ​នៅ​ក្នុង​រឿង​ហ្នឹង​​​»​។

ចិន្តា និង ក្រុមការងារនៃអង្គការ វីអេសអូ ( Volunteer Service Overseas) ចុះកម្មសិក្សារយៈពេល ៣ខែ គម្រោងបរិស្ថានល្អក្នុងសហគមន៍ ខេត្តស្ទឹងត្រែង - (រូបថតពីហ្វេសប៊ុកកញ្ញា មិន ចិន្តា)
ចិន្តា និង ក្រុមការងារនៃអង្គការ វីអេសអូ ( Volunteer Service Overseas) ចុះកម្មសិក្សារយៈពេល ៣ខែ គម្រោងបរិស្ថានល្អក្នុងសហគមន៍ ខេត្តស្ទឹងត្រែង – (រូបថតពីហ្វេសប៊ុកកញ្ញា មិន ចិន្តា)

ងាក​​មក​​និយាយ​​ពី​​គម្រោង​​បង្កើត​​បណ្ណា​​ល័យ​​សំឡេងវិញ និស្សិត​​វ័យ​ក្មេង​​​មិន​ ចិន្តា​ បាន​​បន្ត​​និយាយ​​​ឱ្យ​​ដឹង​​ទៀត​​ថា ត្បិត​​រូប​គេ​​មាន​គំនិត មាន​​បំណង​​ប្រាថ្នា​​បង្កើត​​បណ្ណា​​ល័យ​​សំឡេង​​ឱ្យ​​កើត​​មាន​​នៅ​​កម្ពុជា​​ក៏​​ពិត​​មែន ប៉ុន្តែ​​នៅ​​ពេល​​នេះ​​មិន​​ទាន់​មាន​​អ្វី​​នៅ​​នឹង​​ដៃ​​នោះ​​ទេ សូម្បី​​តែ​​ឧបករណ៍​​ប្រើ​​ប្រាស់​​ដើម្បី​​ផ្តល់​​ទៅ​​ដល់​​អ្នក​​ស្ម័គ្រ​​ចិត្ត​​ថត​​សំឡេង​​ក៏​​ពុំ​​មាន​​គ្រប់​​គ្រាន់​​ដែរ​។ ត្បិត​​ពុំ​​មាន​​អ្វី​​នៅ​​នឹង​​ដៃ​​ពេល​​នេះ ប៉ុន្តែ ចិន្តា មាន​​ក្តី​​សង្ឃឹម​​ថា ថ្ងៃ​​ណា​​មួយ​​រូប​​គេ​​នឹង​​បង្កើត​​បណ្ណា​​ល័យ​​ជា​​សំឡេង​​ឡើង​​បាន​​ជាក់​ជា​​មិន​​ខាន​ តាម​​រយៈ​​ការ​​ខិត​​ខំ​ស្វែ​ង​រក​​ជំនួយ​​ពី​​សប្បុរ​​ជន​​និង​​អង្គ​​ការ​​សង្គម​​ស៊ី​វិល​​ផ្សេង​​ៗ​​ទាំង​​ក្នុង​​និង​​ក្រៅ​​ប្រទេស​​។

នៅ​​ពេល​​សួរ​​ថា តើ​​គម្រោង​​បង្កើត​​បណ្ណា​​ល័យ​​របស់ ចិន្តា មាន​​ការ​​គាំទ្រ​​លើក​​ទឹក​​ចិត្ត​​ពី​​អ្នក​​ណា​​ខ្លះ​ ប្រសិន​​បើ​គម្រោង​​នេះ​​កើត​​ឡើង​​ពិត​​ប្រាកដ​​មែន​? តើ​ ចិនា្ដ ត្រូវ​រៀប​​ចំ​​បណ្ណាល័យ​នេះ ឱ្យ​​ដំណើរ​​ការ​យ៉ាង​​ដូច​​ម្តេច​​? យុវតី​​រូប​​​នេះ បាន​​ឆ្លើយ​​តប​​នឹង​​សំណួរ​​ទាំង​នេះ ក្នុង​​ទឹក​​មុខ​​ញញឹម​​អម​​ដោយ​​កាយ​​វិការ​​លើក​​ដៃ​​ពន្យល់​​ថា​​៖ «​អ្នក​ដែល​​បាន​​ផ្តល់​​កម្លាំង​​ចិត្ត​​ដល់​​ខ្ញុំ​​​ មាន​​​មិត្ត​​ភក្តិ​​នៅ​​ជុំ​វិញ​​ខ្លួន​​ខ្ញុំ លោក​​គ្រូ​​អ្នក​​គ្រូ​​របស់​​ខ្ញុំបើ​​ទោះ​​បី​​គាត់​​មិន​​បាន​​ផ្តល់​​ថវិកា​​ឱ្យ​​ខ្ញុំ​​ក្តី ក៏​​ប៉ុន្តែ​​គាត់​​តែង​​ផ្តល់​​ជា​​គំនិត​​យោបល់​​និង​​ការ​​លើក​​ទឹក​​ចិត្ត​​ដល់​​ខ្ញុំ​​គ្រប់​​ពេល​​។ ខ្ញុំ​​ចង់​​ឱ្យ​​មាន​​ការិយា​​ល័យ​​​មួយ​ពិត​ប្រាកដ​​ដើម្បី​​ផលិត​​ឯកសារ មាន​​អ្នក​​រៀប​​ចំ​​ថត​​សំឡេង​​ត្រឹម​​ត្រូវ និង​​បង្កើត​​វេប​​សាយ​​មួយ​​ដើម្បី​​ចែក​​​​​រំលែក​​ឯក​សារ​​និង​ព័ត៌​​មាន​​ដែល​​យើង​​មាន​​ដល់​​អ្នក​​ពិការ​​ភ្នែក​​ឱ្យ​​បាន​​ទូលំ​​ទូលាយ»​។

​បច្ចុប្បន្ន​​ ចិន្តា ជានិស្សិត​ចិត្ត​វិទ្យា​ឆ្នាំ​ទី៣ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និងមាន​​ស្រុក​កំណើត​នៅ​ភូមិត្បូង​ដំរី​ ឃុំ​កំពង់​ចម្លង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល​។​ ភ្នែក​របស់ ចិន្តា ទាំង​សង​ខាង​ ពុំ​អាច​មើល​ឃើញ​ចា​ប់​តាំង​ពី​នាង​មាន​អាយុ ៧ឆ្នាំដោយ​សារ​ជំងឺ​ស្រវាំង។ យុវតី​រូប​នេះ មាន​ម្តាយ​ជា​ស្ត្រី​​មេ​ម៉ាយ ប្រកប​របរ​ជា​អ្នក​ចំការ​និង​មាន​ប្អូន​ប្រុស​ម្នាក់ភ្នែក​ពុំ​អាច​មើល​ឃើញ​ដូច ចិន្ដា ដែរ។

ក្រៅ​​ពី​សិក្សា​​នៅ​​ថ្នាក់​​មហា​​វិទ្យា​​ល័យ​ យុវ​និសិ្សត មិន ចិន្តា មិន​បាន​​ស្ងៀម​ឡើយ រូប​គេបាន​ឆ្លៀតពេល​​ចូល​​រួម​​សកម្ម​​ភាព​​នៅ​​ក្នុង​​សង្គម​​និង​​ធ្វើ​​ការ​​ងារ​​ស្ម័គ្រ​​ចិត្ត​​ជា​​មួយ​​អង្គ​​ការ​​សង្គម​​ស៊ីវិល​​ក្រៅ​​រដ្ឋា​​ភិបាល​​មួយ​​ចំនួន​​ដូច​ជា អង្គ​ការ​កម្ម​វិធី​អភិវឌ្ឍន៍​ធន​ធាន​យុវជន (YRDP) អង្គ​ការ​តម្លា​ភាព​កម្ពុជា (TI Cambodia) និង​អង្គ​ការ​សេវា​យុវ​ជន​ស្ម័គ្រ​ចិត្ត​ក្នុង​និង​ក្រៅ​ប្រទេស (VSO) ជា​ដើម។

ចំពោះ​គម្រោង​​បង្កើត​​បណ្ណា​​ល័យ​​សំឡេង​​នេះ លោក​​អ្នក​​អាច​ទាក់​​ទង​ទៅ​​​កញ្ញា មិន ចិន្តា តាម​​រយៈ​​លេខ​​ទូរស័ព្ទ ០៧០ ២១៦ ៤៤៣ ឬ​​អ៊ី​ម៉ែល​ ​chenda.men.tl@gmail.com

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទឹកដោះម្តាយមានសារធាតុចិញ្ចឹមខ្ពស់តែម្តាយភាគច្រើននិយមបំបៅកូនដោយម្សៅទឹកដោះគោ

ស្វាយរៀង៖ ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខា[...]

សម្ព័ន្ធអង្គការរកឃើញថាការផ្សព្វផ្សាយផលិតផលជំនួយទឹកដោះម្តាយខ្លះបំពានច្បាប់

សៀមរាប៖ ការស្រា​វជ្រាវរបស់សម្ព័ន្ធអង្គការសង្គ[...]

យុវនារី មិនគួរបណ្ដែតបណ្ដោយឱ្យធ្លាក់ក្នុងសកម្មភាពទុំមុនស្រកៀលឡើយ

ភ្នំពេញ៖  ចាស់​បុរាណ បានបន្សល់ទុកពាក្យមួយ​ឃ្ល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត