loader

យុទ្ធនាការ​១៦​ថ្ងៃ​បំពាក់​បូ​ ស​ ដើម្បី​លើកកម្ពស់​អំពី​សិទ្ធិ​និង​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​និង​កុមារ​

​ភ្នំពេញ​៖​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​លើ​កិច្ចការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ បាន​ធ្វើ​យុទ្ធនាការ​ ១៦​ ថ្ងៃ​ បំពាក់​បូ​ព័ណ៌​ស​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សិទ្ធិ​ និង​ការ​បញ្ឈប់​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារ​។​បូ​ព័ណ៌​ស​ជា​និមិត្តសញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត​ ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​។​

ក្រុមអង្គការសង្គមស៊ីវិលធ្វើការលើកិច្ចការលើកកម្ពស់សិទ្ធិស្រ្តី បានធ្វើយុទ្ធនាការ ១៦ ថ្ងៃ បំពាក់បូព័ណ៌ស ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងការបញ្ឈប់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងកុមារ។ រូបភាព៖ Facebook អង្គការ GADC



​បណ្តាញ​បុរស​កម្ពុជា​(CMN)​ បណ្តាញ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍន៍​(GADNet)​ អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​(GADC)​ និង​អង្គការ​ដៃគូ​មួយ​ចំនួន​ទៀត​ បាន​រៀបចំ​យុទ្ធនាការ​១៦​ថ្ងៃ​បំពាក់​បូ​ ស​ ចាប់ពី​ថ្ងៃ​ទី​ ២៥​ ខែ​ វិច្ឆិកា​ ដល់​ថ្ងៃ​ទី​ ១០​ ខែ​ ធ្នូ​ ជា​រៀង​រាល់​ឆ្នាំ​។​

​ក្រុម​អង្គការ​ទាំំ​ង​នេះ​មើល​ញើញ​ថា​ បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ក្មេង​ស្រី​នៅ​កម្ពុជា​នៅ​តែ​ប្រឈម​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ និង​រំលោភសិទ្ធិ​មនុស្ស​ ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​សិក្សា​ សុខភាព​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សន្តិសុខ​ និង​សន្តិភាព​ នៅ​ក្នុង​គ្រួសារ​ និង​សហគមន៍​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​លី​កាដូ​ ឆ្នាំ​ ២០១៧​ បង្ហាញ​ថា​ អំពើ​ហិង្សា​ផ្លូវភេទ​កើត​មាន​១៤៧​ករណី​។​ក្នុង​ចំណោម​នោះ​ ១២៥​ ករណី​ជា​ករណី​រំលោភ​សេពសន្ថវៈ​ និង​ ៦​ ករណី​ជា​ករណី​រំលោភ​សម្លាប់​ស្ត្រី​ និង​ក្មេង​ស្រី​។​

​តែបើ​គិត​ត្រឹម​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ អំពើ​ហិង្សា​លើ​ក្មេង​ស្រី​មាន​ចំនួន​ ១១០​ ករណី​។​ ក្នុង​នោះ​ការ​រំលោភ​សេពសន្ថវៈ​មាន​ ៩០​ ករណី​ និង​រំលោភ​សម្លាប់​មាន​ ៨​ ករណី​។​

​យុទ្ធនាការ​បំពាក់​បូ​ ស​ ឆ្នាំ​ ២០១៨​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ​បញ្ចប់​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​ និង​ក្មេង​ស្រី​។​យុទ្ធនាការ​នេះ​ មាន​គោលបំណង់​សំខាន់​ពីរ​គឺ​ ទី​១​អំពាវនាវ​ និង​បណ្តុះ​ឆន្ទៈ​បុរស​ ដើម្បី​ចូលរួម​បញ្ចប់​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្រី្ត​ និង​ក្មេង​ស្រី​ និង​ទី​២​ លើកកម្ពស់​ការ​ចូលរួម​របស់​សាធារណជន​ អ្នក​អនុវត្ត​ច្បាប់​ និង​អ្នក​ពាក់ព័ន្ធ​នានា​ ឱ្យ​ចូលរួម​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ក្មេង​ស្រី​តាម​រយៈ​ការ​អនុវត្ត​ច្បាប់​។​យុ​ទ្ធា​នា​ការ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ភ្នំពេញ​ និង​ ខេត្តបាត់ដំបង​ ពោធិសាត់​ កំពង់ឆ្នាំង​ និង​ព្រៃវែង​។​

​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​ ឱ្យ​ដឹង​ថា​ កត្តា​ចម្បង​យ៉ាងតិច​ចំនួន​៦​ នាំ​ឱ្យ​កើង​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ ។​ក្នុង​នោះ​រួម​មាន​ ការ​ស្តែង​ចេញ​ដោយ​បុរស​នៃ​ការ​ត្រួតត្រា​ក្នុង​គ្រួសារ​ទាំង​ទំនាក់ទំនង​ផ្លូវភេទ​ ហិរញ្ញវត្ថុ​ និង​ការ​សម្រេចចិត្ត​ក្នុង​គ្រួសារ​ កន្លែងធ្វើការ​ និង​សង្គម​។​ជា​ពិសេស​ គេ​រក​ឃើញ​ថា​ បុរស​ដែល​មាន​ប្រវត្តិ​រំលោភ​ផ្លូវភេទ​ អាច​ជាប់​ពាក់ព័ន្ធ​ខ្លាំង​នឹង​បទ​ពិសោធន៍​ធ្លាប់​មាន​ដៃគូ​រួម​ភេទ​ច្រើន​ និង​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​ដៃគូ​ជា​ស្ត្រី​។​ ក្នុង​នោះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ គ្រឿងញៀន​ផង​ដែរ​។​

​បើ​តាម​របាយ​ការ​អង្គការសហប្រជាជាតិ​(UN)​ ឆ្នាំ​ ២០១៣​ ឱ្យ​ដឹង​ថា​ បុរស​មួយ​នាក់​ក្នុង​ចំណោម​ ៥​នាក់​ ឬ​ស្មើនឹង​ ២០.៤​ ភាគរយ​ មាន​អាយុ​ចាប់ពី​ ១៨​ ដល់​ ៤៩​ ឆ្នាំ​ ធ្លាប់​មានបទពិសោធន៍​រំលោភ​ស្ត្រី​ម្នាក់​ ហើយ​ជាង​ពាក់កណ្តាល​ការ​រំលោភ​ស្ថិត​នៅ​ក្រោម​អាយុ​ ១៥​ ឆ្នាំ​ ។​ របាយការណ៍​រក​ឃើញ​ទៀត​ថា​ ចន្លោះ​ពី​ ៧២​ ភាគរយ​ ទៅ​ ៩៧​ ភាគរយ​ មិន​ត្រូវ​ទទួល​ការ​ផ្តន្ទាទោស​នោះ​ទេ​។​

​ដោយ​ឡែ​ង​ការ​ស្ទង់​មតិ​ជាតិ​របស់​ក្រសួងផែនការ​ និង​ក្រសួង​កិច្ចការ​នារី​ បង្ហាញ​ថា​ ស្ត្រី​១​ នាក់​ ក្នុង​ចំណោម​ ៥​ នាក់​ មាន​អាយុ​ចន្លោះ​ពី​ ១៥​ ឆ្នាំ​ ដល់​ ៦៤​ ឆ្នាំ​ បាន​រាយការណ៍​ថា​ ជា​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវ​កាយ​និង​ផ្លូវភេទ​ដោយ​ដៃគូ​ជា​បុរស​។​ ស្ត្រី​ ២០​ ភាគរយ​រាយការណ៍​ថា​ការ​រួម​ភេទ​លើក​ដំបូង​មានការ​បង្ខិតបង្ខំ​ពី​ដៃគូ​ជា​បុរស​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាច[...]

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត