loader

មេ​សហជីព​មួយ​ មាន​ជំនឿ​តិច​តូច​ចំពោះ​មន្ដ្រី​អធិការកិច្ច​ប្រកាន់ខ្ជាប់​តាម​ក្រមសីលធម៌​របស់​ក្រសួង​ការងារ​

​ភ្នំពេញ​ ៖​ ក្រសួង​ការងារ​ បាន​ចេញ​ប្រកាស​ស្ដី​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រមសីលធម៌​សម្រាប់​មន្ដ្រី​អធិការកិច្ច​ ដែល​ក្រសួង​ការងារ​ អះអាង​ថា​ ជា​មូលដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ប្រព័ន្ធ​អធិការកិច្ច​ការងារ​មួយ​ដែល​ជឿ​ទុកចិត​បាន​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ឯករាជ្យ​ភាព​ សុចរិត​ភាព​ តម្លាភាព​ គុណភាព​ សីលធម៌​ ការ​ទទួលខុសត្រូវ​វិជ្ជាជីវៈ​ និង​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​។​ តែបើ​ទោះជា​បែប​នេះ​ក្ដី​ សម្រាប់​មេដឹកនាំ​សហជីព​តំណាង​កម្មករ​ ហាក់​មាន​ជំនឿ​តិច​តូច​ប៉ុណ្ណោះ​ ថា​មន្ដ្រី​អធិការកិច្ច​ប្រកាន់ខ្ជាប់​តាម​ការ​ប្រកាស​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ប្រកាស​ស្ដី​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ក្រម​សីល​ធ៌​សម្រាប់​មន្ដ្រី​អធិការកិច្ច​នេះ​ គឺ​មាន​ ០៣​ជំពូក​ ១០​ផ្នែក​ និង​ ២៧​ប្រការ​ក្នុង​នោះ​ ជំពូក​១​ ប្រការ​១​ បាន​បញ្ជាក់​ថា​ ក្រមសីលធម៌​នេះ​ មាន​គោលបំណង​ពង្រឹង​ឯករាជ្យ​ភាព​ គុណ​តម្លៃ​ សីលធម៌​ និង​សេចក្ដី​ថ្លៃថ្នូរ​ របស់​មន្ដ្រី​អធិការកិច្ច​ការងារ​ ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ សំដៅ​ធានា​បាន​នូវ​ប្រិ​សិទ្ធ​ភាព​ ប្រសិទ្ធ​ផល​ តម្លាភាព​ និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ដ​ពី​សាធារណជន​។​

​លោក​ ហ្វា​ សាលី​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ ទទួលស្គាល់​ថា​ ជា​រឿង​ល្អ​សម្រាប់​ការ​បង្កើត​ប្រកាស​ស្ដី​ពី​ក្រមសីលធម៌​សម្រាប់​មន្ដ្រី​អធិការកិច្ច​។​ លោក​ជឿ​ថា​ គឺជា​ការ​ប្រសើរ​ប្រសិនបើ​ក្រុម​មន្ដ្រី​ក្រសួង​ការងារ​ ពិតជា​មាន​ឆន្ទៈ​ប្រាកដ​មែន​។​ តែ​យ៉ាងណា​លោក​មាន​ជំនឿ​តិច​តូច​តែ​ប៉ុណ្ណោះ​ ក្នុង​ការ​អនុវត្ដ​ឲ្យ​បាន​តាម​អ្វី​ដែល​ក្រសួង​បាន​ចេញ​ប្រកាស​។​ ការ​ដែល​លោក​យល់​ឃើញ​ដូច្នេះ​ គឺ​យោង​ទៅ​តាម​ការ​សង្កេត​ពី​សកម្មភាព​មន្ដ្រី​អធិការកិច្ច​កន្លង​មក​ ៖«​ខ្ញុំ​នៅ​តែ​មិន​ជឿ​ថា​ វា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទាំងស្រុង​នោះ​ទេ​ ដោយសារ​តែ​អំពើ​ពុក​រលួយ​នៅ​តែ​មាន​ ហើយ​មន្ដ្រី​អធិការកិច្ច​មួយ​ចំនួន​មិន​ដែល​បាន​ចុះ​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ​ នៅ​ពេល​ដែល​ចុះ​ទៅ​ម្ដង​គឺ​ត្រូវ​បាន​គេ​ធ្វើការ​រាយការណ៍​អី​ផ្សេងៗ​អ​ញ្ចឹ​ង​ទៅ​ ។​ ដូច្នេះ​ទោះ​ទៅ​អធិការកិច្ច​យ៉ាងណា​ក៏​មិន​មាន​ភាព​ឯករាជ្យ​ចំពោះ​មន្ដ្រី​អធិការកិច្ច​ដែរ​»​។​

​បន្ថែម​ពី​នេះ​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បន្ដ​ថា​ បើ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ទោះបី​ក្រសួង​ការងារ​មាន​ចេតនា​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ ឬ​ក៏​អធិការកិច្ច​ បាន​ល្អ​ប្រសើរ​យ៉ាងណា​ក្ដី​ ប្រសិនបើ​សេរីភាព​សហជីព​ ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​សន្ធឹកសន្ធាប់​ តាម​រយៈ​ច្បាប់​សហជីព​បែប​នេះ​ លោក​មើលឃើញ​ថា​ គឺ​គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ក្នុង​ការ​ការពារ​ផលប្រយោជន៍​ កម្មករ​ និយោជិត​នោះ​ទេ​។​ លោក​ ហ្វា​ សាលី​ រំពឹង​ថា​ ក្រសួង​ការងារ​ ដែល​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ នឹង​យកចិត្ដ​ទុក​ ពិនិត្យ​មើល​ឡើង​វិញ​ ទៅ​លើ​សេរីភាព​សហជីព​ ក៏​ដូច​ជា​ច្បាប់​សហជីព​ ដែល​បាន​នឹង​កំពុង​រៀបចំ​និង​អនុវត្ដ​ លោក​សង្កត់ធ្ងន់​ថា​ នេះ​គឺជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​ក្រុម​សហជីព​តំណាង​កម្មករ​។​

​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​អះអាង​ថា​ ក្រសួង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​លើកកម្ពស់​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ពង្រឹង​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​ បង្កើត​ និង​បង្កើន​ឱកាស​ការងារ​ ធានា​ការ​គាំពារ​សង្គម​ផ្ដល់​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​។​ ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​ខាងលើ​នេះ​ និង​យុទ្ធសាស្ដ្រ​អាទិភាព​ចំនួន​ ០៥​ របស់​ក្រសួង​នោះ​ ក្រសួង​ការងារ​ប្រាប់​ឲ្យ​ អធិការកិច្ច​ការងារ​ចាំបាច់​ត្រូវ​ពង្រឹងសមត្ថភាព​ តម្លាភាព​ សុចរិត​ភាព​ និង​ប្រសិទ្ធភាព​ការងារ​ ដែល​អាច​ធានា​បាន​នូវ​ទំនុកចិត្ដ​ពី​ប្រជាពលរដ្ឋ​ និង​ភាគី​ពាក់ព័ន្ធ​។​

​ក្រសួង​ការងារ​បាន​បង្កើត​យន្ដការ​អធិការកិច្ច​ការងារ​ ដែល​មាន​នាយកដ្ឋាន​ និង​អង្គភាព​ជំនាញ​ចំនួន​០៨​ ដែល​រួម​មាន​ នាយកដ្ឋាន​អធិការកិច្ច​ការងារ​ នាយកដ្ឋាន​ពេទ្យ​ការងារ​ នាយកដ្ឋាន​វិវាទ​ការងារ​ នាយករ​ដ្ឋា​ន​មុខរបរ​ និង​ហត្ថពល​កម្ម​ នាយកដ្ឋាន​ការងារ​កុមារ​ នាយកដ្ឋាន​បណ្ដុះបណ្ដាល​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ និង​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​-​បាតុកម្ម​ករ​នៅ​តាម​មុខសញ្ញា​ ក្នុង​ការ​បំពេញការងារ​នៅ​ពេល​តែ​មួយ​ និង​ប្រើប្រាស់​បទដ្ឋាន​វាយតម្លៃ​តែ​មួយ​។​ ជាង​នេះ​ក្រសួង​ថា​ ក្រមសីលធម៌​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សំដៅ​ពង្រឹង​ និង​ធានា​បាន​នូវ​ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​សហលក្ខន្ដិកៈ​មន្ដ្រីរាជការ​ស៊ី​វិល​ ច្បាប់​ស្ដី​ពី​ការងារ​ ច្បាប់​ស្ដី​ពី​សហជីព​ ច្បាប់​ស្ដី​ពី​របប​សន្ដិសុខ​សង្គម​ សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​ និង​បទ​ប្បញ្ញត្ដិ​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។​

​ក្រមសីលធម៌​នេះ​បាន​ចែង​អំពី​ ឥរិយាបថ​មួយ​ដែល​អាច​ទទួលយក​បាន​ក្នុង​ពេល​បំពេញការងារ​ ជំរុញ​ឲ្យ​មាន​ស្ដង់ដារ​អនុវត្ដ​កម្រិត​ខ្ពស់​ ផ្ដល់​នូវ​ខ្នាត​មួយ​សម្រាប់​មន្ដ្រី​វាសវែង​សមត្ថភាព​ និង​ឥរិយាបថ​ដោយ​ខ្លួនឯង​ និង​ផ្ដល់​នូវ​មធ្យោបាយ​ក្នុង​ការ​កំណត់​អត្ដសញ្ញាណ​វិជ្ជាជីវៈ​ សម្រាប់​មន្ដ្រី​អធិការកិច្ច​ការងារ​។​ លើស​ពី​នេះ​ ក្រមសីលធម៌​នេះ​ ជា​មូលដ្ឋាន​មួយ​ដ៏​រឹង​មាំ​សម្រាប់​ប្រព័ន្ធ​អធិការកិច្ច​ការងារ​មួយ​ដែល​ជឿ​ទុកចិត្ដ​បាន​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ឯករាជ្យ​ភាព​ សុចរិត​ភាព​ តម្លាភាព​ គុណភាព​ សីលធម៌​ ការ​ទទួលខុសត្រូវ​វិជ្ជាជីវៈ​ និង​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​។​

​យ៉ាងណា​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ជំនឿ​ថា​ ក្រមសីលធម៌​នេះ​ ពិតជា​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​តាម​រយៈ​ការ​លើកកម្ពស់​នូវ​លក្ខខណ្ឌ​ការងារ​ ពង្រឹង​សុខដុម​នី​យ​កម្ម​ នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ បង្កើត​ និង​បង្កើន​ឱកាស​ការងារ​ ធានា​ការ​គាំពារ​សង្គម​ និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ស្រម​តាម​តម្រូវការ​ទីផ្សារ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត