loader

មូលនិធិ​ AFCP​ ផ្ដល់​ប្រាក់​ ២០​ម៉ឺន​ដុល្លារ​ ដើម្បី​ជួសជុល​ជណ្ដើរ​ខាងជើង​ប្រាសាទព្រះវិហារ​

​ភ្នំពេញ​ ៖​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ជិត​ផុត​អាណត្ដិ​ តាម​រយៈ​មូលនិធិ​មួយ​មានឈ្មោះ​ថា​ “​មូលនិធិ​ឯកអគ្គរដ្ឋទូត​សំរាប់​ការ​អភិរក្ស​វប្បធម៌​”​ ហៅ​កាត់​ថា​ AFCP​ បាន​ផ្ដល់​ប្រាក់​ចំនួន​ ២០​ម៉ឺន​ដុល្លារ​ ដល់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ក្នុង​គោលបំណង​ “​ជួសជុល​ជណ្ដើរ​ខាងជើង​ នៃ​ប្រាសាទព្រះវិហារ​ដែល​សាងសង់​នៅ​សតវត្ស​ទី​១១”​។​ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​ មាន​ប្រសាសន៍​ថា​ ការ​ផ្ដល់​មូលនិធិ​នេះ​ គឺជា​ការ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​អា​មេ​រិ​ក​ និង​កម្ពុជា​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌”​ ហៅ​កាត់​ថា​ AFCP​ ដែល​បាន​ផ្ដល់​ប្រាក់​ចំនួន​ ២០​ម៉ឺន​ដុល្លារ​ ក្នុង​ការ​ជួសជុល​ជណ្ដើរ​ខាងជើង​ នៃ​ប្រាសាទព្រះវិហារ​នេះ​ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ជំនួប​រវាង​ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ជួប​លោក​ William​ (Bil)​ A,Heidt​ ឯកអគ្គរដ្ឋទូត​ នៃ​សហរដ្ឋអាមេរិក​ ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​។​

​ការ​ផ្ដល់​ទឹកប្រាក់​ដើម្បី​ជួសជុល​ជណ្ដើរ​ប្រាសាទព្រះវិហារ​ ដែល​រង​ការ​ខូចខាត​ តាម​រយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សំរាប់​ការ​អភិរក្ស​វប្បធម៌​នេះ​ គឺ​ស្រប​ពេល​ដែល​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ បាន​ចុះហត្ថលេខា​ បន្ដ​អនុស្សរណៈ​យោគយល់​រវាង​រដ្ឋាភិបាល​អា​មេ​រិ​ក​ និង​កម្ពុជា​ ស្ដី​ពី​ “​ការ​ដាក់​កម្រិត​ហាមប្រាម​នូវ​ការ​នាំ​ចូល​បុរាណវត្ថុ​របស់​កម្ពុជា​”​ រយៈពេល​ ៥​ឆ្នាំទៅ​មុខ​ទៀត​។​ ចាប់ពី​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​២០២៣​។​

​លោក​ William​ (Bil)​ A,Heidt​ មាន​ប្រសាសន៍​ថា​ គម្រោង​ជួសជុល​ជណ្ដើរ​ខាង​មុខ​ នៃ​ប្រាសាទព្រះវិហារ​នេះ​ នឹង​ជួយ​ថវិកា​ដល់​វិធានការ​បន្ទាន់​មួយ​ចំនួន​ ទាក់ទង​នឹង​ការ​រេច​សឹក​ដ៏​ច្រើន​ និង​ការ​ធ្វើ​ឲ្យ​មាន​លំនឹង​ជណ្ដើរ​ព្រមទាំង​ការ​វាយតំលៃ​ពី​ការ​ជួសជុល​ និង​ការ​អភិរក្ស​ដែល​វា​ត្រូវការ​នៅ​ពេល​អនាគត​។​ លោក​បន្ដ​ក្រៅពី​ការ​ ការ​ធ្វើ​ឲ្យ​មាន​លំនឹង​ជួសជុល​ជណ្ដើរ​ គម្រោង​នេះ​ ជួយ​បុគ្គលិក​អ្នកធ្វើការ​ជា​ជនជាតិ​ខ្មែរ​ នៅ​ក្នុង​ការ​បង្កើន​ចំណេះដឹង​ និង​ជំនាញ​ក្នុង​ការងារ​ជួសជុល​របស់​គេ​ ហើយ​មិនតែប៉ុណ្ណោះ​ក៏​ជា​ការ​ព​ន្លឿ​ន​នៅ​ពេល​ពួក​គេ​មាន​សមត្ថភាព​ និង​ឯកទេស​ក្នុង​ការ​ដឹកនាំ​អភិរក្ស​ នៅ​តាម​ទីតាំង​ប្រវត្ដិសាស្ដ្រ​រាប់​ពាន់​នៅ​ទូ​ទាំង​ប្រទេស​។​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ មាន​ប្រសាសន៍​ទៀត​ថា​ មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​ ហៅ​កាត់​ថា​ AFCP​ គឺជា​កម្មវិធី​ដែល​មាន​សារសំខាន់​ និង​មាន​តំលៃ​សម្រាប់​ប្រទេស​កម្ពុជា​។​ ក្នុងអំឡុងពេល​ដែល​លោក​បំពេញការងារ​នៅ​ភ្នំពេញ​ មូលនិធិ​ AFCP​ បាន​ផ្ដល់​ជា​ថវិការ​មក​កម្ពុជា​ សម្រាប់​អភិរក្ស​សម្លៀក​បំពាក់​របស់​អ្នកទោស​ នៅ​សារមន្ទីរ​ទួល​ស្លែង​ កែ​លម្អ​កម្មវិធី​សម្រាប់​សារមន្ទីរ​អង្គរ​បូ​រី​ ស្ថិត​ក្នុង​ខេត្ដតាកែវ​ និង​បន្ដ​ការ​ជួសជុល​ប្រាសាទភ្នំ​បាក់​ខែង​ នៅ​សួនឧទ្យាន​អង្គរ​។​ លើស​ពី​នេះ​លោក​បញ្ជាក់​ថា​ លោក​មាន​មោទនភាព​ ដែល​គម្រោង​ជួសជុល​ប្រាសាទភ្នំ​បាក់​ខែង​ គឺជា​គម្រោង​ធំ​ជាងគេ​មួយ​ ដែល​មូលនិធិ​នេះ​ បាន​ជួយ​ថវិកា​ នៅ​ក្នុង​សាកលលោក​។​ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ថវិការ​ ៣​លាន​ ២​សែន​ដុល្លារ​ សម្រាប់​គម្រោង​នេះ​ តាំងពី​ឆ្នាំ​២០០៤​មក​ ដែល​ជា​ការ​ជំរុញ​ឲ្យ​មាន​អំណោយ​បន្ថែម​ពី​វិស័យ​ឯកជន​ និង​សប្បុរសជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​។​

​ថ្លែង​ក្នុង​ពិធី​នេះ​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ មាន​ប្រសាសន៍​ថា​ អនុស្សរណៈ​វប្បធម៌​ និង​មូលនិធិ​ AFCP​ នេះ​ គឺ​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ និង​ការ​ខិតខំ​ដើម្បី​សហការ​ និង​ពង្រឹង​មិត្ដភាព​ និង​ការ​យោគយល់​គ្នា​រវាង​កម្ពុជា​ និង​រដ្ឋាភិបាល​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន​ខ្មែរ​ សហ​គម​អន្ដរជាតិ​ និង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​។​

​សូម​ជម្រាប​ថា​ ជណ្ដើរ​បុរាណ​ខាងជើង​ ជា​ជណ្ដើរ​មួយ​យ៉ាង​សំខាន់​ក្នុង​ចំណោម​ជណ្ដើរ​ និង​ផ្លូវ​ដើរ​ដែល​បាន​ត​ភ្ជាប់​ មក​ខ្លោងទ្វារ​គោរ​បុ​រៈ​ទី​០៥​ នៃ​ប្រាសាទព្រះវិហារ​។​ កាលពី​សម័យ​អង្គរ​ ចន្លោះ​សតវត្ស​ទី​០៩​ និង​ទី​១២​ ជណ្ដើរ​នេះ​ ប្រហែលជា​មាន​តួនាទី​សំខាន់​ ទាន់​ទង​និង​ជំនឿ​សាសនា​ហិណ្ឌូ​ និង​បម្រើ​ដល់​សហគមន៍​ខ្មែរ​បុរាណ​រស់នៅ​ភាគ​ខាងជើង​ ក្នុង​ការ​មក​គោរព​ប្រតិបត្ដិ​សាសនា​ខាងលើ​។​ ជណ្ដើរ​បុរាណ​ខាងជើង​សណ្ដូក​ពី​ត្បូង​ទៅ​ជើង​ ស្រប​តាម​អ័ក្ស​ប្រាសាទ​ត​ភ្ជាប់​ពី​ស្ពាន​ហាល​ ដែល​មាន​បង្កាន់ដៃ​នាគ​ ស្ថិត​នៅ​ពីមុខ​ខ្លោងទ្វារ​គោរ​បុ​រៈ​ទី​០៥​ ផ្នែក​ខាងជើង​មាន​រយៈកម្ពស់​ធៀប​ នឹង​ផ្ទៃ​ទឹកសមុទ្រ​ចន្លោះ​ពី​ ៥៦៩​ម៉ែត្រ​ និង​ ៥៣០​ម៉ែត្រ​។​ ជណ្ដើរ​នេះ​ស្ថិត​នៅ​លើ​ល្បាក់ភ្នំ​ ដែល​មាន​ជម្រាល​ពីលើ​ទៅ​ក្រោម​ ៣៩​ម៉ែត្រ​ មាន​បណ្ដោយ​ប្រវែង​ ១១០​ម៉ែត្រ​ និង​ទទឹង​មាន​ទំហំ​ចាប់ពី​ ០៩​ម៉ែត្រ​ ទៅ​ ១១​ម៉ែត្រ​។​ បន្ទាប់​ពី​បាន​បោះបង់​ចោល​ និង​គ្មាន​ការ​ថែរក្សា​ជា​ច្រើន​សតវត្ស​មក​ បណ្ដាល​ឲ្យ​ជណ្ដើរ​ខាងជើង​ទទួល​រង​នូ​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ដោយសារ​ធម្មជាតិ​ និង​មនុស្ស​នា​ពេល​កន្លង​មក​៕

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត