loader

បទ​សម្ភាសន៍​៖ ​មន្ទីរ​ពេទ្យ​ព្យា​បាល​ជំងឺ​ស្ត្រី​ដ៏​ធំ​នឹង​មាន​វត្ត​មាន​នៅ​ទី​ក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​២០១៦​

លោក សួស ហេង និងក្រុមការងារអង្គការ តាប៊ីថា (Tabitha Cambodia) កុ្នុងពេលរៃអង្គាសថវិការសាងសង់មន្ទីរពេទ្យស្រ្តីនគរទេព
លោក សួស ហេង និងក្រុមការងារអង្គការ តាប៊ីថា (Tabitha Cambodia)

ភ្នំពេញ​​៖ ​មន្ទីរ​​​ពេទ្យ​​ជំនាញ​​​ព្យាបាល​​​រោគ​​​ស្រ្តី​​​ទូ​​ទៅ​​ រួ​ម​​មាន​​ទាំង​​ជំងឺ​​មហា​រីក​​​សុដន់​​​ដែល​​ត្រូ​វ​​​​សាង​​សង់​​នៅ​លើ​ទំ​ហំ​ដីដ៏ធំ​រហូត​ដល់​ប្រមាណ​១.៥​ ហិកតា​ និង​​មាន​បន្ទប់​សម្រាប់​សម្រាក​ព្យាបាល​ជាង​ ២០០​ បន្ទប់​នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ក្នុង​ប្រទេស​កម្ពុជានា​ឆ្នាំ​ ២០១៦​ ខាង​មុខ​។ មន្ទីរ​ពេទ្យ​ស្ត្រី​ដ៏​ធំ​នេះ​មាន​​ឈ្មោះ​​ថា​ « មន្ទីរ​​ពេទ្យ​​ស្ត្រី​នគរ​ទេព​» មាន​​ទី​តាំង​​នៅ​​សង្កាត់​​ព្រៃ​​ស​ ខណ្ឌ​​ដង្កោ​ រាជ​​ធានី​​ភ្នំ​ពេញ​ នឹងគ្រោងទទួលព្យាបាលអ្នកជំងឺនៅចុងឆ្នាំ២០១៦ ផងដែរ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មន្ទីរ​​ពេទ្យ​ កំពុង​​ខ្វះ​​ខាត​​ថវិកា​ និងកំពុង​អំពាវ​នាវ​ដល់​សា​ធារ​ណ​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេសចូល​រួម​ប្រាក់ឧបត្ថម្ភ​ ដើម្បី​សង់​បង្ហើយ​​អាគារ​មន្ទីរ​ពេទ្យ​ទំាងអស់។

ខាង​ក្រោម​នេះ ជា​បទ​សម្ភាសន៍​ រវាង​លោក​ម៉ៅ សំណាង អ្នក​​យក​​ព័ត៌​មាន​​របស់​មណ្ឌល​ព័ត៌​មាន​​ស្ត្រី​កម្ពុជា ជា​មួយ​លោក សួស ហេង អ្នក​គ្រប់​គ្រង​គម្រោង​សាង​សង់មន្ទីរ​ពេទ្យ​ស្ត្រី​នគរ​ទេព នៃ​អង្គ​ការ តាប៊ីថា កម្ពុជា (Tabitha Cambodia) ។

WMC​៖ តើ «មន្ទីរ​ពេទ្យ​​ស្ត្រីនគរ​ទេព» នេះបង្កើត​ឡើង​ក្នុង​គោល​បំណង​អ្វី​?

លោក សួស ហេង​៖ មន្ទីរ​ពេទ្យ​ស្ត្រី​នគរ​ទេព​ប​ង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ដល់​ស្ត្រី​នៅ​កម្ពុជា​ដែល​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការព្យា​បាល​ជំងឺ​ទាក់​ទង​នឹង​បញ្ហា​រោគស្ត្រី តួយ៉ាង​ដូច​ជា​ជំងឺ​មហារីក​សុដន់របស់​ស្ត្រី​ជា​ដើម។ ការ​បង្កើត​មន្ទីរ​ពេទ្យ​នេះ​ឡើង ​ដោយ​សង្ឃឹម​ថា​នឹង​អាច​បញ្ឈប់​រាល់​ការ​លំបាក​ទាំង​ឡាយ​របស់​ស្ត្រី ដែល​មាន​ភាព​អៀន​ខ្មាស់ ព្យា​យាម​លាក់​ជំងឺ​ផ្សេងៗ​របស់​ខ្លួន ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​របស់​ស្ត្រី ទុក្ខ​វេទនា​របស់​ស្រ្តី​ដែល​មាន​ជីវភា​ព​ក្រីក្រ​នៅ​កម្ពុជា។

WMC​៖ តើ​នរណា​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​បង្កើត​មន្ទីរ​ពេទ្យ​ស្ត្រី​​នេះ​ឡើង​?

លោក សួស ហេង៖ អ្នក​ផ្តើម​គំនិត​ដំបូង​ក្នុង​គម្រោង​បង្កើត​មន្ទីរ​ពេទ្យ​មួយ​នេះ គឺ​លោក​ស្រី ជេនី រីត​ស្កេស (Janne Ritskes) ប្រធាន​អង្គ​ការ​ តាប៊ីថា​ កម្ពុជា​ (Tabitha Cambodia) ជន​ជាតិ​ហូឡង់​ និង​ រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​លោក​ជំទាវ អ៊ឹង កន្ថា​ផាវី តាម​រយៈ​ការ​រៃ​អង្គាស​ប្រាក់​ពី​សប្បុរ​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​​។ លោក​ស្រីជេនី រីត​ស្កេស​ គិត​ថា​ស្រី្ត​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​មាន​ជីវភាព​ក្រី​ក្រ ហើយនៅពេល​មាន​ជំងឺ​ផ្សេង​ៗ ពួក​គេ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​សេវា​ព្យា​បាល​ជំងឺ​ ជាហេតុនាំឲ្យជំងឺ​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់​ធ្ងរ​​រហូត​មិន​អាច​ព្យា​បាល​បាន​។

លោកស្រី ជេនី​ មាន​​ចិត្ត​អាណិត​ដល់​ស្រី្ត​កម្ពុជា​ដែល​មាន​ជំងឺ ដូច​ជា​ជំងឺ​មហា​រីក​សុដន់​ជា​ខ្លំាងពីព្រោះ​អ្នក​ស្រី​ធ្លាប់​មាន​ជំងឺ​ដ៏កាចសាហាវនេះ ប៉ុន្តែ​លោក​ស្រី​បាន​ព្យា​បាល​ទាន់​ពេល​វេលា​ ព្រោះ​គាត់​ហ៊ាន​និយាយ​និង​មាន​ថវិកា​ព្យាបាល​​។ ចំណែក​ស្រ្តី​នៅ​កម្ពុជា​ដែល​មាន​ជំងឺ​មាន​ជីវ​ភាព​ក្រីក្រ​ មានការខ្មាស​​អៀនច្រើន ​និងមិន​ហ៊ាន​និយាយ​ពី​ជំងឺ​ទាំង​នេះ តើ​ពួក​គេ​លំបាក​យ៉ាង​ដូច​ម្តេច?

WMC​៖ ​ងាក​មក​និយាយ​ពី​ដំណើ​ការ​សាង​សង់​មន្ទីរ​ពេទ្យ​វិញ ​បច្ចុប្បន្ន​នេះ​មន្ទីរ​ពេទ្យ​ស្ត្រី​នគរ​ទេព កំពុង​ត្រូវ​ការ​ជំនួយ​ជា​ថវិកា​បន្ថែម​ពី​សាធារណ​ជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដើម្បី​សង់​បង្ហើយ​សំណង់​អាគារ​។ តើ​មន្ទីរ​ពេទ្យ​សាង​សង់​សម្រេច​បាន​លទ្ធ​ផល​ប៉ុន្មានភាគរយ​​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​?

លោក សួស ហេង​៖ ​មន្ទីរ​ពេទ្យយើងមានទំហំ ២២,០០០ ម៉ែត្រការ៉េ និងមាន៣ជាន់ ហើយបច្ចុប្បន្នអាគារមន្ទីរពេទ្យ​​សង់​ជិត​​រួច​រាល់​ជាន់ទីពីរ ប៉ុន្តែ​យើង​ពុំ​មាន​ថវិកា​បន្ត​ដំណើរ​ការ​សាង​សង់​រហូត​ដល់​បញ្ចប់​បាន​​ទេ​។ ដោយ​ត្រូវ​កា​រថវិកា​​បន្ថែម​ ស្ថាប​និក​នៃ​មន្ទីរ​ពេទ្យ​បាន​សម្រេច​ចិត្ត​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជា​សាធារណៈ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា អ្នក​មាន​ទឹក​ចិត្ត​សប្បុ​រស​ធម៌ ជួយ​ឧបត្ថម្ភ​ថវិកា​ក្នុង​ដំណើរ​ការ​សាង​សង់​បន្ត​។​ ​ថវិកា​​ប្រើប្រាស់​ក្នុង​ការ​សាង​​សង់​​​កន្លង​មក​​បាន​​ពី​​ការ​​រាយ​អង្គាស​ប្រាក់​របស់​សប្បុ​រស​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​ជាតិ​និង​អន្តរ​ជាតិ​តាមរយៈ​អង្គ​ការ តាប៊ីថា​។

WMCតើ​ពេល​ណាមន្ទីរ​ពេទ្យ​ស្ត្រីនគរ​ទេព ចាប់ផ្តើមទទួល​​​ព្យា​បាលអ្នកជំងឺ? ការ​ព្យា​បាល​ជំងឺ​​យក​ប្រាក់​ដែរ​ឬ​ទេ​?

លោក សួស ហេង​៖ តាម​​គម្រោង​​របស់​​អង្គកា​រ​ តា​ប៊ី​ថា​ មន្ទីរ​​ពេទ្យ​​ស្ត្រី​​នេះ​ នឹង​អាចចាប់​ផ្តើម​ទទួល​​​​ព្យា​បាល​អ្នក​ជំងឺ​​​នៅ​​ចុង​​ឆ្នាំ ​២០​១៦ ខាង​មុខ​បន្ទាប់​ពី​ការ​សាង​សង់​រួច​រាល់​។ លើស​ពី​នេះ មន្ទីរ​ពេទ្យ​ស្រ្តី​នគរ​ទេព អាច​និយាយ​បាន​ថា​ជា​មន្ទីរ​ពេទ្យ​មាន​លក្ខណៈ​ស្ដង់​ដារ​ត្រឹម​ត្រូវ មាន​ឧបករណ៍​បំពាក់​ទំនើប​ៗ​ច្រើ​ន​ផ្នែក​។ គ្រូ​ពេទ្យ​មាន​បទ​ពិសោធន៍ មាន​ជំនាញ​ច្បាស់​លាស់​មក​ពី​បរទេស ដើ​ម្បី​មក​បម្រើ​ការ​និង​ព្យា​បាល​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​នេះ​។ ប្រហែល​ជា ១០​ឆ្នាំ​ក្រោយ​ទើប​អនុញ្ញាតិ​ឱ្យ​មាន​វត្ត​មាន​គ្រូ​ពេទ្យ​កម្ពុជា​ចូល​ព្យា​បាល​អ្នក​ជំងឺ​។

បើនិយាយ​ពី​ការ​ព្យាបាល​វិញ មន្ទីរ​ពេទ្យ​ស្ត្រី​នគរ​ទេព ​ព្យា​បាល​តែ​ស្ត្រី​មាន​បញ្ហា​សុខ​ភាព​ទូទៅ​ ​ គិត​ថ្លៃ​សេវា​​ទៅ​តាម​កម្រិត​​ជីវ​ភាព​និ​ង​ស្ថានភាព​​គ្រួសារ​របស់​អ្នក​ជំងឺ។ មន្ទីរ​ពេទ្យ​យើង នឹងជួយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មានជីវ​ភាព​ក្រី​ក្រ​ឲ្យ​ទទួល​បានសេវា​កម្មដោយយកចិត្តទុកដាក់ និងមានតម្លៃទាបសមរម្យ​។

WMC​៖ តើ​សាធារណ​ជន​អាច​ផ្តល់​ថវិកា​ទៅ​មន្ទីរ​ពេទ្យ​ស្រ្តី​នគរ​ទេព ​ដោយ​របៀប​ណា​?​

លោក សួស ហេង​៖ លោក​អ្នក​អាច​វិភាគ​ទាន​ថវិការ​បស់​ខ្លួន មក​កាន់​មន្ទីរ​ពេទ្យ​ស្រ្តី​នគរ​ទេព តាម​រយៈ​សេវា​ភ្នាក់​ងាវីង ​(Wing) ​បាន​នៅ​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​​។ ម្យ៉ាង​​វិញ​​ទៀត​ លោក​​អ្នក​​អាច​​ទាក់​​ទង​​មក​​​អង្គ​ការ​​​តាប៊ីថា​​​(Tabitha Cambodia)​ ​ឬ​​មន្ទីរ​​ពេទ្យ​​ស្រ្តី​​នគរ​​ទេព​ដោយ​​​ផ្ទាល់​​តាម​​រយៈ​​លេខ​​ទូរស័ព្ទ​ ​០៩៥​ ​៧៧​​ ៩២​​ ៨៣​​ ឬ​​តាម​​រយៈ​​អ៊ី​​ម៉ែល​​៖ ​nokortep@online.com.kh​​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

លទ្ធផលបាក់ឌុបឆ្នាំនេះ៖ សិស្សស្រីប្រឡងជាប់ជាង ៧០% ច្រើនជាងបុរស

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វិទ្[...]

បទសម្ភាស៖ស្រ្តីអ្នកនិពន្ធខ្មែរមួយរូបទទួលពានរង្វាន់​អក្សរសិល្ប៍​នៅមីយ៉ាន់ម៉ា

លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ​បានទទួលជ័យលាភី​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត