loader

មន្ដ្រី​ក្រសួង​កិច្ចការ​នារី​ ៖​ ការ​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​

ភ្នំពេញ​ ៖​ មន្ដ្រីជាន់ខ្ពស់​ នៃ​ក្រសួង​កិច្ចការ​នារី​ បាន​លើក​ឡើង​ថា​ អ្នក​សារព័ត៌មាន​ គួរ​សរសេរ​អត្ថបទ​និយាយ​ពី​ទោសទណ្ឌ​ជន​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ ជា​ជាង​ការ​សរសេរ​ អត្ថបទ​ ឬ​ការ​និយាយ​ ដាក់បន្ទុក​ ឬ​ចំអក​ទៅ​លើ​ស្ដ្រី​ជា​ជន​រង​គ្រោះ​។​ ទាក់ទិន​ករណី​នេះ​ ប្រធាន​អង្គការ​ស្ដ្រី​មួយ​រូប​ សំណូមពរ​ឲ្យ​អ្នក​សារព័ត៌មាន​ អ្នក​អត្ថាធិប្បាយ​ និង​ប្រជាពលរដ្ឋ​ បញ្ឈប់​ការ​ដាក់​កំហុស​លើ​ស្ដ្រី​ ជា​ជន​រង​គ្រោះ​បន្ដ​ទៀត​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោកស្រី រស់ សុភាព នាយិកាប្រតិបត្ដិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា GAD/C

 

​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ នៃ​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ ចាន់​ សុធា​វី​ មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ “​ពង្រឹង​ការ​អនុវត្ដ​ក្រម​ប្រតិបត្ដិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សម្រាប់​អ្នករាយការណ៍​អំពើ​ហិង្សា​លើ​ស្ដ្រី​”​ កាលពី​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៨​ ថា​ នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ និង​លើ​បណ្ដាញ​សង្គម​សព្វ​ថ្ងៃនេះ​ ចំណងជើង​នៃ​អត្ថបទ​ព័ត៌មាន​ មួយ​ចំនួន​ធំ​ បាន​សរសេរ​ដាក់បន្ទុក​លើ​ស្ដ្រី​ និង​ជា​ពិសេស​ បាន​ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​ រង​ភាព​អាម៉ាស់​ជា​ខ្លាំង​។​

​លោកស្រី​បន្ថែម​ថា​ ព្រោះតែ​ការ​សរសេរ​អត្ថបទ​ព័ត៌មាន​ ដែល​ដាក់បន្ទុក​លើ​ស្ដ្រី​នេះ​ បាន​នាំ​ឲ្យ​ស្ដ្រី​ ជា​ជន​រង​គ្រោះ​មិន​ហ៊ាន​ប្រាប់​ពី​ទុក្ខ​លំបាក​ខ្លួន​ថែម​ទៀត​ ៖«​ពេល​ខ្លះ​គាត់​ (​ស្ដ្រី​)​ មិន​ហ៊ាន​បង្ហាញ​ការ​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​ទេ​ ។​ ជួនកាល​គាត់​ជា​អ្នក​រង​គ្រោះ​ ប៉ុន្ដែ​ដោយសារ​គាត់​ខ្លាច​ខ្លាំង​ពេក​ទៅ​ ការ​រង​គ្រោះ​របស់​គាត់​ហ្នឹង​អត់​អាច​បង្ហាញ​ទៅ​ន​ណា​បាន​ថា​ គាត់​មាន​បន្ទុក​ខ្លាំង​រឿង​អំពើ​ហិង្សា​ហ្នឹង​ទេ​។​ គាត់​ត្រូវ​បាន​លាក់​ព័ត៌មាន​ និង​មិន​ឲ្យ​អ្នក​ណា​ដឹង​សោះឡើយ​។​ អ​ញ្ចឹ​ង​ត្រលប់​មក​វិញ​មក​ យើង​គួរតែ​ធ្វើ​យ៉ាងម៉េច​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​ យើង​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​នូវ​ភាព​ក្លាហាន​ ក្នុង​ការ​ឆ្លើយ​តប​ ប្រឈម​និង​អ្វី​ដែល​ជា​ការ​រង​ទុក្ខ​»​។​

​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ បន្ដ​ថា​ អ្នក​សរសេរ​អត្ថបទ​សារព័ត៌មាន​ និង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទាំងអស់​ត្រូវ​ដឹង​ថា​ សារព័ត៌មាន​ គឺជា​អាវុធ​មុខ​ពីរ​ ទី​មួយ​អាច​ធ្វើ​ឲ្យ​ស្ដ្រី​ជា​ជន​រង​គ្រោះ​ បាន​ទទួល​យុត្ដិធម៌​តាម​ផ្លូវច្បាប់​ តែ​ផ្ទុយ​ទៅ​វិញ​ក៏​អាច​ធ្វើ​ឲ្យ​ស្ដ្រី​កាន់តែ​ទទួល​រង​ភាព​អាម៉ាស់​កាន់តែ​ខ្លាំង​ផង​ដែរ​ ៖«​អ​ញ្ចឹ​ង​ការ​ផ្សព្វផ្សាយ​គឺជា​ចំណុច​ទូលំទូលាយ​មួយ​ អ​ញ្ចឹ​ង​ការ​ផ្សព្វផ្សាយ​នេះ​វា​ក៏​ជា​អាវុធ​មុខ​ពីរ​ដែរ​ ទី​១​ អាច​ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​លោក​ទទួល​បាន​យុត្ដិធម៌​ ទី​២​ អាច​ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​លោក​កាន់តែ​ទទួល​រង​នូវ​ភាព​អាម៉ាស់​ថែម​ទៀត​ផង​ដែរ​។​ អ​ញ្ចឹ​ង​ធ្វើ​យ៉ាងម៉េច​មាន​តែ​អនុវត្ដ​ធ្វើ​យ៉ាងម៉េច​ទៅ​តាម​ក្រម​ដែល​យើង​បាន​ចែង​ ទៅ​តាម​ច្បាប់​ដែល​យើង​បាន​ចែង​»​។​

​បន្ថែម​លើ​នេះ​លោកស្រី​ ចាន់​ សុធា​វី​ សំណូមពរ​ថា​ អ្នក​សារព័ត៌មាន​ទាំងអស់​ គួរ​ផ្លាស់​ប្ដូរ​ពី​ការ​សរសេរ​ដាក់បន្ទុក​ ដាក់​កំហុស​ ឬ​ក៏​បង្ហាញ​ពី​របៀប​ប្រព្រឹត្ដ​ហិង្សា​ មក​ជា​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ៗ​ថា​ ការ​ប្រព្រឹត្ដ​អំពើ​ហិង្សា​លើ​ស្ដ្រី​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​ត្រូវ​ផ្ដន្ទាទោស​ ៖«​នាង​ខ្ញុំ​នៅ​តែ​មានគំនិត​មួយ​ចង់​ ផ្ដាំផ្ញើ​ទៅ​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​យើង​ទាំងអស់​ថា​ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​យើង​ យើង​គ្រាន់​ចង់​បង្ហាញ​ថា​ អ្នក​ហ្នឹង​គាត់​រង​គ្រោះ​អំពើ​ហិង្សា​ ប៉ុន្ដែ​យើង​ធ្វើ​យ៉ាងណា​កុំ​បង្ហាញ​គាត់​ ពី​របៀប​នៃ​ការ​ប្រើ​អំពើ​ហិង្សា​ យើង​គួរតែ​ប្រាប់​គាត់​អំពី​ ការ​ប្រព្រឹត្ដ​អំពើ​ហិង្សា​គឺជា​បទល្មើស​ គឺជា​អំពើ​ដែល​ខុស​នឹង​ច្បាប់​ អ​ញ្ចឹ​ង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ហិង្សា​គាត់​ត្រូវ​តែ​ទទួល​ នូវ​ទណ្ឌកម្ម​ ទៅ​តាម​កម្រិត​ដែល​គាត់​បាន​ប្រព្រឹត្ដ​»​។​

​ជា​ការ​កត់សម្គាល់​ស្ដ្រី​ តែងតែ​ត្រូវ​រង​ការ​រិះគន់​ខ្លាំង​ជាង​បុរស​ គឺ​មិន​ថា​ ក្នុង​ករណី​អ្វី​នោះ​ទេ​ បើ​ស្ដ្រី​ត្រូវ​ប្ដី​វាយដំ​ មតិ​សាធារណៈ​មួយ​ចំនួន​ធំ​ នាំ​គ្នា​និយាយ​ថា​ មក​ពី​ស្ដ្រី​ មិនល្អ​ ស្ដ្រី​មិន​គោរព​ប្ដី​ ទើប​ប្ដី​វាយដំ​ដូច្នេះ​។​ តែ​ប្រសិនបើ​ស្ដ្រី​ រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ អ្នក​ទាំងនោះ​បាន​និយាយ​ថា​ មក​ពី​ស្ដ្រី​ជា​អ្នក​បើកដៃ​ឲ្យ​ប្រុស​ មក​ពី​ស្ដ្រី​ស្លៀកពាក់​ខើច​ខ្លី​ ឬ​ក៏​មក​ពី​ស្ដ្រី​នោះ​ចូល​ចិត្ដ​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង​ ពេល​យប់​ស្ងាត់​ ឬ​ទី​ស្ងាត់​ជាដើម​។​

​ដោយឡែក​សម្រាប់​ក្រុម​អ្នក​សរសេរ​អត្ថបទ​ព័ត៌មាន​មួយ​ចំនួន​វិញ​ កាលណា​មាន​ករណី​រំលោភ​ ករណី​ហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ ពួក​គេ​តែងតែ​សរសេរ​ ដោយ​ប្រើ​ពាក្យ​លេប​ខា​យ​ និង​ចំអក​ ដាក់​ស្ដ្រី​ដោយ​គ្រាមភាសា​មួយ​ចំនួន​ ដែល​មិន​សម​នឹង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ​។​ ចំណែក​ក្រុម​អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​វិញ​ ក៏​តែងតែ​ផ្ទុះសំណើច​ពេល​ដែល​ពួក​គេ​ អាន​អត្ថបទ​ព័ត៌មាន​ ទាក់ទិន​ករណី​រំលោភ​ និង​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​ចំនួន​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GAD/C​ មើលឃើញ​ថា​ ក្រមសីលធម៌​អ្នក​សរសេរ​អត្ថបទ​ព័ត៌មាន​ និង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ ភាគច្រើន​នៅ​តែ​ចាត់​ទុក​ថា​ ករណី​ហិង្សា​ ករណី​រំលោភ​ជា​រឿង​ធម្មតា​ ហើយ​ជា​និច្ចកាល​ពួក​គេ​មិន​ត្រឹមតែ​សើច​ករណី​ ស្ដ្រី​រង​គ្រោះ​ប៉ុណ្ណោះ​ទេ​ ពួក​គេ​ថែម​ទាំង​ស្ដីបន្ទោស​ស្ដ្រី​ដែល​ជា​ជន​រង​គ្រោះ​ថែម​ទៀត​ ៖«​ការ​យល់​ដឹង​គឺ​ដឹង​ហើយ​ បើ​គាត់​មិន​យល់​ដឹង​ថា​ វា​ខុស​គាត់​មិន​សរសេរ​ទេ​។​ តែ​គាត់​បានដឹង​ថា​ វា​ខុស​ហើយ​ តែ​គាត់​ព្យាយាម​រកហេតុ​ផល​ថា​ ដោយសារ​តែ​ស្ដ្រី​ហ្នឹង​ខ្លាំង​ពេក​ទើប​គេ​វ៉ៃ​ គឺ​គាត់​ព្យាយាមរ​កថា​មូលហេតុ​ ដែល​ថា​ឲ្យ​វ៉ៃ​ហ្នឹង​ ហេតុផល​ហ្នឹង​។​ ដោយសារ​អ្នកឯង​ខ្លាំង​ទើប​ប្ដី​គេ​ទ្រាំ​មិន​បាន​ទើប​គេ​វ៉ៃ​ ប៉ុន្ដែ​គាត់​អត់​បានដឹង​ពិតប្រាកដ​ទេ​ ទោះ​មូលហេតុ​អី​ក៏​ដោយ​ក៏​មិន​ត្រូវ​វ៉ៃ​គេ​ដែរ​»​។​

​ព្រោះតែ​ការ​សរសរ​ និង​ការ​អត្ថាធិប្បាយ​ បាន​ក្លាយជា​ការ​ដាក់បន្ទុក​ ការ​ស្ដីបន្ទោស​ លើ​ស្ដ្រី​រង​គ្រោះ​ធ្ងន់ធ្ងរ​ ទើប​ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​ព័ត៌មាន​ បាន​បង្កើត​ក្រម​ប្រតិបត្ដិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ដ្រី​ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៧​។​ ក្រម​ប្រតិបត្ដិ​នេះ​មាន​ ១៥​ប្រការ​ ដែល​ក្រសួង​ទាំង​ពីរ​ រំពឹង​ថា​ ទាំង​អ្នក​សរសេរ​ និង​អ្នក​អត្ថាធិប្បាយ​ នឹង​ព្យាយាម​បញ្ឈប់​ការ​លេប​ខា​យ​ ពាក្យ​សម្ដី​ ដែល​នាំ​ឲ្យ​រង​គ្រោះ​កាន់តែ​មាន​ភាព​អាម៉ាស់​ និង​ឈឺចាប់​កាន់តែ​ខ្លាំង​។​

​សម្រាប់​លោកស្រី​ រស់​ សុភាព​ បាន​មើលឃើញ​ថា​ ចាប់​តាំង​តែ​ពី​ក្រម​ប្រតិបត្ដិ​នេះ​អនុម័ត​មក​ គឺ​គ្មាន​ការ​អនុវត្ដ​អ្វី​ឡើយ​ ៖«​ខ្ញុំ​មិន​មាន​ឃើញ​ថា​ មានការ​អនុវត្ដ​ស្អី​ទេ​ ព្រោះ​នៅ​ប្រទេស​កម្ពុជា​ខ្ញុំ​មើលឃើញ​ថា​ ពូកែ​ខាង​អនុវត្ដ​នូវ​ ទី​១​ កាលណា​មាន​បញ្ហា​ ដោះស្រាយ​ករណី​តាម​ករណី​គឺ​គេ​បង្កើត​គណៈកម្មការ​ ទី​២​គេ​បង្កើត​ជា​បទដ្ឋាន​ ទី​៣​ គេ​បង្កើត​ជា​ច្បាប់​ អ​ញ្ចឹ​ង​ហើយ​ច្បាប់​និង​ការ​អនុវត្ដ​ វា​អត់​ស៊ី​មេ​ទ្រី​គ្នា​ ហើយ​ការ​បង្កើត​ច្បាប់​ ឬ​ក៏​បទដ្ឋាន​ហ្នឹង​អត់​បាន​មើលទៅ​លើ​អ្វី​ដែល​មាន​ហើយ​ ជូន​កាល​ទៅ​ធ្វើ​បទដ្ឋាន​ថ្មី​ទៅ​វា​ជាន់​អា​ចាស់​ ហើយ​វា​អត់​អាច​អនុវត្ដ​បាន​ អ​ញ្ចឹ​ង​បាន​ធ្វើ​ឲ្យ​ច្របូកច្របល់​ពេល​មាន​បញ្ហា​ដោះស្រាយ​អត់​ចេញ​»​។​

​នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ផ្សព្វផ្សាយ​ និង​អនុវត្ដ​តាម​ក្រម​ប្រតិបត្ដិ​របស់​ខ្លួន​ឲ្យ​បាន​ជាក់ស្ដែង​ ទៅ​លើ​អ្នក​ដែល​បំពាន​លើ​ក្រម​នេះ​ ប្រសិនបើ​ចង់​ឲ្យ​ក្រុម​អ្នក​សរសេរ​អត្ថបទ​ និង​អត្ថាធិប្បាយ​ពី​ហិង្សា​លើ​ស្ដ្រី​ ប្រកាន់​ខ្ចប់​នូវ​ក្រមសីលធម៌​ករណី​ហិង្សា​លើ​ស្ដ្រី​នេះ​។​

​ហិង្សា​ គឺជា​អំពើ​ដែល​ខុស​នឹង​ច្បាប់​ បើ​ទោះជា​ជន​រង​គ្រោះ​មិន​ប្ដឹង​ ជនល្មើស​ក៏​ត្រូវ​តែ​ទទួលទោស​ដែរ​។​ យោង​តាម​ក្រមព្រហ្មទណ្ឌ​ អំពើ​ហិង្សា​មិន​ថា​ ប្រព្រឹត្ដ​ដោយ​សហព័ន្ធ​ ឬ​អ​នីតិ​សង្វាស​នោះ​ទេ​ គឺ​ត្រូវ​ផ្ដន្ទាទោស​ជនល្មើស​ ដាក់​ពន្ធនាគារ​ចាប់ពី​ ២​ឆ្នាំទៅ​ដល់​ ៥​ឆ្នាំ​៕

ព័ត៌មានទាក់ទង

GMAC​ សហជីព​ បារម្ភ​ថា​ កម្មករ​ កម្មការិនី​ នឹង​ចំណាកស្រុក​ បើ​ EU​ បិទ​ការ​អនុគ្រោះ​ពន្ធ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ សហជីព​តំណាង[...]

សង្គមស៊ីវិល និងសហជីព៖ បើEUបិទពន្ធអនុគ្រោះគឺកម្មការិនីច្រើនលើសលុបនឹងរងផលប៉ះពាល់

ភ្នំពេញ៖ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្ដីថ្លែង[...]

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​២៩​លាន​ដុល្លារ​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​

សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ២៩​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត