loader

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ មាន​ទូក​នារី​ចូលរួម​ ៦​ទូក​

​ភ្នំពេញ​ ៖​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ ឆ្នាំ​២០១៧​នេះ​ មាន​ទូក​នារី​ ចូលរួម​ប្រកួត​ចំនួន​ ៦​ទូក​ ក្នុង​ចំណោម​ទូក​សរុប​ចំនួន​ ២៧០​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​និង​អន្ដរជាតិ​។

 

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​០២​ វិច្ឆិកា​ ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​។​ យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ប៊ូ​ ជុំ​សិរី​ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​និង​អន្ដរជាតិ​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​០៣​ វិច្ឆិកា​នេះ​ថា​ ឆ្នាំ​នេះ​ មាន​ទូក​នារី​ ចំនួន​ ៦​ទូក​ បាន​មក​ចូលរួម​អុំ​ប្រ​ណាំ​ ក្នុង​ចំណោម​ទូក​សរុប​ ២៧០​ ។​ ចំនួន​នេះ​ គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ប្រកួត​កីឡា​ប្រ​ណាំ​ទូ​កាលពី​ឆ្នាំ​២០១៦​ដែរ​។​ លោក​ ប៊ូ​ ជុំ​សេរី​ ៖«​ស្ដ្រី​មាន​ចំនួន​ ០៦​ទូក​»​។​

​កាលពី​ថ្ងៃ​ទី​០២​ វិច្ឆិកា​ ដែល​ត្រូវជា​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ មាន​ឧបទ្ទវហេតុ​កើតឡើង​បណ្ដាល​ឲ្យ​ទូក​លិច​ចំនួន​ ៧​គ្រឿង​ ក៏​ប៉ុន្ដែ​មិន​បណ្ដាល​ឲ្យ​កីឡាករ​ រង​របួស​នោះ​ទេ​។​ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ទូក​លិច​ គឺ​ព្រោះតែ​ក​ម្លាំ​ខ្យល់​បក់​ខ្លាំង​ពេក​។​

​តែ​យ៉ាងណា​បើ​តាម​ការ​អះអាង​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ក្នុង​រយៈពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ គឺ​អាកាសធាតុ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ បើ​ទោះបីជា​អាច​មាន​ភ្លៀង​ធ្លាក់​ពេល​យប់​ខ្លះ​ក្ដី​ ក៏​ប៉ុន្ដែ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ឡើយ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ក្នុង​រយៈពេល​០៣​ថ្ងៃនេះ​ អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ជាង​ ១២៣០០​នាក់​ ដើម្បី​រក្សា​សន្ដិសុខ​ សុវត្ថិភាព​ ជួន​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​ក្នុង​ពិធីបុណ្យ​នេះ​។​ ក្រៅពី​ការ​ត្រៀម​កងកម្លាំង​រក្សា​សន្ដិសុខ​ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​រៀបចំ​ផង​ដែរ​ នូវ​ការ​ដាក់​បន្ថែម​ធុង​ និង​កញ្ឆេ​ ដើម្បី​ដាក់​សំរាម​ ប្រមាណ​ជាង​ ២​ពាន់​ ក្នុង​ខណ្ឌ​សំខាន់ៗ​ចំនួន​ ៥​ រួម​មាន​ ខណ្ឌដូនពេញ​ ខណ្ឌចំការមន​ ខណ្ឌ​ ៧​មក​រា​ ខណ្ឌទួលគោក​ និង​ខណ្ឌ​ជ្រោយចង្វា​។​ បន្ថែម​ពី​នេះ​ សាលា​រាជធានី​ក៏​បាន​រៀបចំ​បង្គន់​អនាម័យ​ជាង​ ៤៦០​ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​ ខណៈ​មក​កម្សាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​។​ លើស​ពី​នេះ​ក្រុម​គ្រូពេទ្យ​ចល័ត​ប្រមាណ​ជិត​ ១​ពាន់​នាក់​ ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ទីតាំង​ផ្សេង​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ដោយ​ឥត​គិត​ក្នុង​ករណី​ដែល​មាន​ឧបទ្ទវហេតុ​ណាមួយ​កើតឡើង​។​

​នៅ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​បម្រាម​ ហាម​មិន​ឲ្យ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​ (Drone)​ និង​ហាម​មិន​ឲ្យ​អ្នក​លក់ដូរ​ចំណីអាហារ​គ្រប់​ប្រភេទ​ ប្រើ​កំប៉ុង​ហ្គា​ស​ ចំអិន​ចំណីអាហារ​នោះ​ទេ​ ព្រោះ​សាលា​រាជធានី​ បារម្ភ​ពី​ឧបទ្ទវហេតុ​ផ្ទុះ​កំប៉ុង​ ឬ​ធុង​ហ្គា​ស​ទាំងនោះ​ នាំ​ឲ្យ​មាន​ភាព​ចលាចល​កើតឡើង​។​ ជាង​នេះ​ សាលា​រាជធានី​ក៏​បាន​ចេញ​វិធានការ​មួយ​ចំនួន​ផង​ដែរ​ ដើម្បី​កាត់​បន្ថយ​ការ​កក់ស្ទះ​ចរាចរ​នា​រយៈពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ ដោយ​សាលា​រាជធានី​ភ្នំពេញ​ហាម​មិន​ឲ្យ​រថយន្ដ​ធុន​ធំ​ រថយន្ដ​ក្រឡុក​ស៊ីម៉ង់​ រថយន្ដ​ដឹក​ទំនិញ​ ចរាចរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​។​ ជាង​នេះ​ទៀត​ សាលាក្រុង​ក៏​ប្រកាស​ផ្អាក​រាល់​ការដ្ឋាន​សំណង់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ មិន​ឲ្យ​មាន​សកម្មភាព​សាងសង់​នោះ​ទេ​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​។​

​មួយវិញទៀត​ សម្រាប់​រថយន្ដឈ្នួល​ដឹក​អ្នកដំណើរ​ និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យ​ចរាចរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ទី​០១​ រហូត​ដល់​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ពី​វេលា​ម៉ោង​១០​ព្រឹក​ រហូត​ដល់​ម៉ោង​១០​យប់​។​

​កម្ពុជា​ ធ្លាប់​បាន​ផ្អាក​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ កាលពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៣​។​ កាលពី​ឆ្នាំ​ ២០១១​ កម្ពុជា​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដោយសារ​តែ​ទឹកធំ​ ជន់​លិច​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​ ខណៈ​ឆ្នាំ​២០១២​ ប្រទេស​កម្ពុជា​ ត្រូវ​កាន់ទុក្ខ​ថ្វាយ​អតីត​ព្រះមហាក្សត្រ​ សម្តេច​ នរោត្ដម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ខ្មែរ​ ដែល​ទ្រង់​សោយ​ទិវង្គត​ ចំណែក​ឆ្នាំ​២០១៣​ ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ព្រោះតែ​ស្ថានភាព​នយោបាយ​ នៅ​មាន​ភាព​វឹកវរ​ ក្រោយ​ការ​បោះ​ឆ្នោត​៕​

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត