loader

ពលរដ្ឋបុរីកីឡាត្រៀមលក្ខខណ្ឌចំនួនពីរចរចាជាមួយសាលាក្រុងនៅថ្ងៃស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៩ ធ្នូ ស្អែកនេះ ពលរដ្ឋបុរីកីឡាដែលនៅសេសសល់ទាំង ១១ គ្រួសារនឹងត្រៀមលក្ខខណ្ឌចំនួនពីរ ដាក់ លើតុចរចាជាមួយសាលារាជធានីភ្នំពេញមុនឈានទៅរកដំណោះស្រាយជាថ្នូរនឹងការចាកចេញពីតំបន់ជម្លោះដ៏រុំាំរ៉ៃនោះ។ តែយ៉ាងណាមន្រ្តីសាលារាជធានីភ្នំពេញយល់ថា លក្ខខណ្ឌ របស់ពលរដ្ឋទំនងពិបាករកច្រកចេញ ព្រោះពលរដ្ឋពុំមានលក្ខណ វិនិច្ឆ័យគ្រប់គ្រាន់សក្ដិសមអាចទទួលបាននោះទេ។

 

                                          ពលរដ្ឋបុរីកីឡាចេញរវ៉ាជាថ្មីបន្ទាប់ពីសាលាក្រុងដាក់ឪសានវាទ។រូបភាពពី PP.Post

បើពុំមានអ្វីប្រែប្រួលនោះទេ លក្ខខណ្ឌចំនួនពីរនេះគឺទី១ ទាមទារសំណងជាប្រាក់ ២ម៉ឺន ៥ពាន់ដុល្លារ និងទី២ សំណងជាផ្ទះនៅនឹងកន្លែង នឹងត្រូវលើកដាក់លើតុចរចាជាមួយសាលាក្រុងនៅថ្ងៃស្អែកនេះ។ នេះបើតាមការគូសបញ្ជាក់ពីអ្នកស្រី សរ ស៊ន តំណាងពលរដ្ឋបុរីកីឡាទាំង ១១គ្រួសារ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ២៨ ធ្នូ នេះ។

អ្នកស្រី សរ ស៊ន បន្តថា លក្ខខណ្ឌទាំងពីរនេះកើតឡើងបន្ទាប់ពីពលរដ្ឋបុរីកីឡាទាំង ១១គ្រួសារបានប្រជុំ និងសម្រេចរួមកាលពីម្សិលមិញនៅតំបន់បុរីកីឡានោះ។ តំណាងសមាគមបុរីកីឡារូបនេះពន្យល់ពីមូលហេតុដែលទាមទារយ៉ាងដូច្នេះថា៖«ខ្ញុំដឹងថាអត់មានអគារទៀតទេ ប៉ុន្តែពួកយើងនៅតែទទួចទាមទារសំណងជាប្រាក់ដែលពួកយើងអាចមកទិញផ្ទះរស់នៅបុរីកីឡាបាន។សំណងគឺ២ម៉ឺន៥ពាន់ដុល្លារ សម្រាប់រយៈ៥ឆ្នាំដែលពួកខ្ញុំដើរតវ៉ាពួកគាត់ជំពាក់បំណុលគេច្រើនណាស់ ហើយអ្វីដែលបានខូចខាតពីថ្ងៃទី៣ មករា ឆ្នាំ២០១១ គាត់ទិញរបស់របបប្រើប្រាស់ឡើងវិញ។ យកមកប៉ុណ្ណោះក៏មិនសមរម្យសម្រាប់ពួកខ្ញុំដែល អ្នកខ្លះគេបានសុទ្ធតែ៧ម៉ឺនដីមួយឡូនោះ»។

                                                                         ​​អ្នកស្រី សរ ស៊ន តំណាងពលរដ្ឋរងគ្រោះដីធ្លីនៅបុរីកីឡា។

កាលពីថ្ងៃទី៨ ធ្នូ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដោយដាក់ឱសានវាទត្រឹមថ្ងៃទី២២ ធ្នូ ត្រូវឱ្យពលរដ្ឋទាំង ១១គ្រួសារដាក់ពាក្យស្នើសុំយកសំណងដែលបានកំណត់តាមការវាយតម្លៃដោយគណៈកម្មចម្រុះ បើពុំដូច្នោះទេអាជ្ញាធរនឹងមានវិធានការរុះរើ។ តែយ៉ាងណារហូតមកដល់ថ្ងៃឱសានវាទនោះពុំមានពលរដ្ឋណាចរចាយកសំណងនោះទេ។ រហូតមកដល់ថ្ងៃទី ២៦ ធ្នូ អភិបាលខ័ណ្ឌ ៧មករាបានកោះប្រជុំពលរដ្ឋរកដំណោះស្រាយជាថ្មី ដោយអាជ្ញាធរបានផ្តល់គោលការណ៍សំណងចំនួន ២ ទី១ ផ្តល់ប្រាក់ចំនួន ៤ពាន់ដុល្លារ​ និងទី២ គឺគោលការណ៍ទៅរស់នៅភ្នំអណ្តូងជ្រាយរាជធានីភ្នំពេញ។ តែយ៉ាងណាក្រុមប្រជាពលរដ្ឋមិនបានយល់ព្រមនឹងគោលការណ៍សំណងរបស់អាជ្ញាធរខ័ណ្ឌ៧មករានោះទេ។

ទាក់ទងរឿងនេះលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា ការទូទាត់សំណងជូនពលរដ្ឋ គឺសាលារាជធានីភ្នំពេញផ្អែកតាមការវិនិច្ឆ័យវាយតម្លៃត្រឹមត្រូវពីគណកម្មការចម្រុះមានសមាភាពពីសាលាក្រុង ភាគីក្រុមហ៊ុន ពលរដ្ឋរងគ្រោះ និងសង្គមស៊ីវិល ពោលគឺមិនអាចផ្តល់ឱ្យតាមការចង់បានរបស់ពលរដ្ឋនោះទេ។ តែលោកបន្តថាសាលារាជធានីនឹងស្វែងរកចំណុចប្រសព្វដែលអាចទទួលយកបានទាំងអស់គ្នា ដើម្បីឈានទៅបញ្ចប់ជម្លោះដ៏រុំាំរ៉ៃនេះ។លោក ម៉េត មាសភក្តី៖«ជាយោបល់ ឬក៏ជាសំណុំពរខ្ញុំមានតែទទួចព្រោះរដ្ឋបាលរាជធានីភ្នំពេញនៅតែព្យាយាមឱ្យអស់លទ្ធភាពមុនដំណាក់កាលចុងក្រោយ ដែលយើងអាចធ្វើទៅបានក្នុងការសម្របសម្រួលក្នុងការរកភាពភោគប្រសព្វគ្នាដែលអាចឱ្យបងប្អូនអាចទទួលយកបានជាមួយការដោះស្រាយក្នុងបុរីកីឡានេះ»។

តាមមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋបុរីកីឡា ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បុរីកីឡានេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុន ផាន អ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន មិនគោរពតាមកិច្ចសន្យាដែលតម្រូវសាងសង់អគារចំនួន ១០ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នេះជាថ្នូរក្នុងការទទួលបានសិទ្ធិអភិវឌ្ឍន៍តំបន់នេះ។ តែជាក់ស្តែងក្រុមហ៊ុនសាងសង់តែ ៨ អគារប៉ុណ្ណោះ។

កាលពីថ្ងៃទី៥ មករា ឆ្នាំ២០១១ សមត្ថកិច្ចចម្រុះ និងកម្លាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច បានរុះវើវាយកម្ទេចលំនៅឋានរបស់ពលរដ្ឋបុរីកីឡាដោយបណ្តេញចេញទាំងបង្ខំ។ ពលរដ្ឋបានចេញធ្វើបាតុកម្មតាមដងផ្លូវ និងនៅតាមស្ថានប័ណ្ណពាក់ព័ន្ធស្ទើររាល់ថ្ងៃ។

គេនៅចាំបានថា ពលរដ្ឋបុរីកីឡា១៤០គ្រួសារដែលអាជ្ញាធរសំអាងថាពួកគាត់គ្មានលិខិតគិតយុត្តិច្បាស់ លាស់ត្រូវបានអាជ្ញាធរផ្តល់ជាទីតាំងរស់នៅថ្មីស្ថិតនៅភ្នំបាត ក្នុងស្រុកឧត្តុង។ ទាំងពលរដ្ឋ និងសង្គមស៊ីវិលបង្ហាញទស្សនថា ការបង្ខំឱ្យទៅរស់នៅភ្នំបាត​ គឺប្រៀបដូចយកពួកគេទៅបំបោះបង់ចោលដូច្នេះដែរ៕

ព័ត៌មានទាក់ទង

កសិករ​ ៖​ មាន់​រាប់រយ​ក្បាល​ងាប់​ជា​បន្ដបន្ទាប់​នៅ​ឃុំ​មួយ​ ខេត្តព្រៃវែង​ ខណៈ​អាជ្ញាធរ​មិន​បានដឹង​រឿង​នេះ​

សត្វ​មាន់​របស់​កសិករ​ ដែល​រស់នៅ​ក្នុង​ភូម​ព្រ[...]

កម្ពុជា​ នឹង​ចាប់ផ្ដើម​បញ្ជូន​ស្ដ្រី​បម្រើ​តាម​ផ្ទះ​ ទៅ​ម៉ា​ឡេ​ជា​ថ្មី​ក្នុង​អំឡុង​ ខែមិថុនា​

រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ពល​[...]

រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត