loader

ប្រវត្តិសាស្រ្ត៖ តើប្រទេសកម្ពុជា ទទួលឯករាជ្យពីបារាំងដោយរបៀបណា?

ដើម្បី​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួបលើក​ទី៦៦  ដែលគិតចាប់ពីថ្ងៃទី ០៩ ខែវិច្ឆិកា ​ឆ្នាំ១៩៥៣ រហូតដល់ថ្ងៃទី០៩ ខែ វិច្ឆិកា​  ឆ្នាំ២០១៩នេះ  វិទ្យុស្រ្តីសូម​បង្ហាញអំពី​ប្រវត្តិ​ត្រួសៗទាក់ទិនទៅនឹងប្រវត្តិនៃដើមកំណើតថ្ងៃ ៩ វិច្ឆិកា ដែលជាថ្ងៃ បុណ្យឯករាជ្យជាតិ សម្រាប់ប្រជាជាតិកម្ពុជា នឹងបងប្អូនប្រជាពលរដ្ឋខ្មែរចាំមិនភ្លេចពីកំណើតនៃសេរីភាព  ឯករាជ្យជាតិ បូរណភាពទឹកដី ដែលត្រូវបានបិតាឯករាជ្យជាតិ ព្រះកុរណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ពុះពារទាមទារឯករាជ្យជូនប្រជាជាតិដែលធ្លាប់ធ្លាក់ក្រោមអាណានិគមនិយមបារាំងអស់ជិតមួយសតវត្សន៍(៩០ឆ្នាំ) មកឲ្យកម្ពុជាវិញ។

កញ្ញា អ៊ុំ​ ច័ន្ទលក្ខិណា អធិប្បាយលំអិតពីប្រវត្តិសង្ខេបនេះ ៖

ប្រទេសកម្ពុជា ធ្លាប់ធ្លាក់ក្រោមអាណានិគមបារាំងអស់រយៈពេល ជិតមួយសតវត្ស (៩០ឆ្នាំ) គឺចាប់ពីឆ្នាំ ១៨៦៣ រហូតដល់ឆ្នាំ ១៩៥៣។ កម្ពុជាបានទទួលឯករាជ្យពីបារាំងវិញ ដោយសារប្រជារាស្រ្តខ្មែរ ពិសេសគឺសម្តេចព្រះនរោត្តមសីហនុ បានធ្វើការបង្កើតចលនាតស៊ូទាមទារឯករាជ្យបានពេញបរិបូណ៍ពីពួកបារាំង និង កសាងសង្គមថ្មីមួយដែលមានភាពសំបូររុងរឿង គឺ សម័យសង្គមរាស្រ្តនិយម។

តើបារាំងមានវត្តមានលើទឹកដីកម្ពុជាដោយរបៀបណា ទើបអាចឈានដល់ការដាក់អាណានិគមលើដែនដីកម្ពុជាអស់រយៈពេល ៩០ឆ្នាំបែបនេះ?

នៅឆ្នាំ១៨៥៤ គឺជាឆ្នាំដែលកម្ពុជាមានទំនាក់ទំនងដំបូងបង្អស់់ជាមួយបារាំង។ នៅពេលនោះព្រះបាទអង្គឌួង បានធ្វើការទំនាក់ទំនងទៅព្រះចៅ ណាប៉ូលេអុងទី៣ ដើម្បីបញ្ជៀសប្រទេសកម្ពុជា ឲ្យរួចផុតពីការលេបត្របាក់របស់ប្រទេសសៀម ហើយនឹងយួនតាមរយៈ    បព្វជិកកាតូលិកមួយអង្គនាម មីស (Miche) ដែលបានមកធ្វើការផ្សព្វផ្សាយសាសនានៅក្នុងទឹកដីកម្ពុជា កាលពីឆ្នាំ ១៨៤៨។

យោងតាមឯកសារ Le Cambodge de Sihanouk ទំព័រ ៦៧ បានបង្ហាញថា ព្រះបាទអង្គ      ឌួង(១៨៤១-១៨៦០) សម្រេចព្រះទ័យទាក់ទងទៅបារាំងដូច្នេះគឺ ដោយសារតែព្រះអង្គមានព្រះតម្រិះថា ប្រទេសកម្ពុជាកាន់តែធ្លាក់ដុនដាបទៅៗ នឹងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ចតាឈ្លានពានរបស់ប្រទេសសៀម ហើយនឹងយួន ដោយគ្រោងយកទន្លេមេគង្គជាព្រំប្រទល់ ហើយពេលនោះកម្ពុជានឹងត្រូវបាត់បង់ឈ្មោះពីក្នុងផែនទីពិភពលោក។ ក៏ប៉ុន្តែការទំនាក់ទំនងស្នើសុំនេះ គឺមិនទទួលបានជោគជ័យនោះទេ គឺដោយសារតែមានការរារាំងយ៉ាងខ្លាំងពីសំណាក់ព្រះចៅសៀម ដូច្នេះនៅពេលនោះ បារាំងបានទុកកម្ពុជាត្រឹមតែជា ដៃគូពាណិជ្ជកម្មតែប៉ុណ្ណោះ។

នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៨៥៨ មានបេសកម្មរួមមួយរបស់កងទ័ពបារាំង និងអេស្ប៉ាញ បានចូលមកដល់ទីក្រុងដាណាង ដើម្បីជួយសង្រ្គោះជីវិតអ្នកផ្សព្វផ្សាយសាសនាកាតូលិក ដែលនៅសេសសល់ពីការសម្លាប់របស់ពួកអណ្ណាម។ ក្រោយពីទ័ពអណ្ណាមបរាជ័យ បារាំងក៏បានចូលកាន់កាប់ទីក្រុងព្រៃនគរ និងតំបន់ជិតខាង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៨៥៩។ ក្រោយទទួលបានដំណឹងនេះភ្លាម ព្រះបាទអង្គឌួងបានបញ្ជូនទ័ពខ្មែរមួយកងទៅកាន់ខេត្ត មាត់ជ្រូកក្នុងបំណងបង្ហាញថា ទឹកដីកម្ពុជាក្រោម គឺជាទឹកដីរបស់កម្ពុជា តែជាការអាក់ខាន ព្រះបាទអង្គឌូង បានយាងចូលទិវង្គត់នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ១៨៦០ នារាជធានីឧតុង្គ។

បន្ទាប់ពីព្រះបាទអង្គឌួងសុគតទៅ (១៨៦០) ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គបានជ្រើសរើសព្រះអង្គវតី(ព្រះបាទនរោត្តម) ឲ្យឡើងសោយរាជ្យបន្ត។ រឿងនេះបានកើតជាការមិនសុខចិត្តដែលធ្វើឲ្យកើតមានជម្លោះរាជបល្ល័ង្គ ដោយភាពភ័យខ្លាចនៅខែ សីហា ឆ្នាំ ១៨៦១ ព្រះអង្គវតីបានជម្លៀសខ្លួនឆ្លងកាត់ខេត្តបាត់ដំបងទៅគង់នៅប្រទេសថៃមួយរយៈ  ដោយយកគ្រឿងសោយរាជ្យទៅជាមួយផង។ បន្ទាប់ពីព្រះអង្គបានយាងទៅគង់នៅប្រទេសសៀមមក កិច្ចការប្រទេសជាតិទាំងអស់ត្រូវបានព្រះបាទស៊ីសុវត្តិ ឬ អង្គសូ ជាអ្នករ៉ាប់រងកិច្ចការជំនួសព្រះអង្គ។ ក៏ប៉ុន្តែក្រោយពីមានការអន្តរាគមពីកុងស៊ុលបារាំងនៅបាងកក ក្សត្រអង្គវតី (ព្រះបាទនរោត្តម) ក៏បានយោងមកគង់នៅរាជធានីឧត្តុង្គវិញ តាមផ្លូវទឹកខេត្តកំពត នៅខែមីនា ឆ្នាំ១៨៦២។

ងាកមកខាងបារាំងវិញ ក្រោយសង្រ្គោមឈ្នះជាមួយអណ្ណាម បារាំងក៏បានចូលកាន់កាប់ក្រុងព្រៃនគរ និងតំបន់ជិតខាងនៅឆ្នាំ ១៨៥៩។ ដើម្បីពង្រីកវិសាលភាពអំណាចរបស់ខ្លួន នៅប្រទេសចិនប៉ែកខាងត្បួង ​បារាំងបានយកទន្លេមេគង្គជាផ្លូវដំណើរ តែត្រូវបរាជ័យ។

នៅពេលធ្វើដំណើរតាមដងទន្លេមេគង្គ  បារាំងបានចាប់អារម្មណ៍ពីសម្បត្តិធម្មជាតិដូចជាព្រៃភ្នំ ឈើ រ៉ៃ ដំណាំផល និងផ្លូវទឹកគមនាគមន៍របស់កម្ពុជា ដែលមានភាពងាយស្រួលក្នុងការដឹកនាំទំនិញទៅកាន់បណ្តាទីផ្សារអឺរ៉ុបនោះ បារាំងក៏បានងាកមកចាប់អាម្មរណ៍ទៅលើប្រទេសកម្ពុជាសារជាថ្មី ដោយលើសពីដៃគូពាណិជ្ជកម្ម។

នៅដើមរជ្ជកាលព្រះបាទនរោត្តម(១៨៦០-១៩០៤) មានការបះបោរជាច្រើនបានកើតឡើង ដើម្បីប្រឆាំងនឹងអំពើឈ្លានពានរបស់ សៀម ហើយនិងយួន។ ដូច្នេះដើម្បីរំដោះខ្លួនចេញពីអំណាចនៃការឈ្លានពានពីសំណាក់ប្រទេសទាំងពីរ ព្រះបាទនរោត្តមបាន សម្រេចព្រះទ័យធ្វើទំនាក់ទំនងជាមួយបារាំងសារជាថ្មីម្តងទៀត តាមរយៈសន្ធិសញ្ញាបារាំង-ខ្មែរ ដែលមានឈ្មោះថា «មិត្តភាព ការការពារ និងពាណិជ្ជកម្ម» ផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៨៦៣។ រីឯខ្លឹមសារសំខាន់នៃសន្ធិសញ្ញានេះ ត្រូវបានឆ្លុះបញ្ចាំងពី ការជួយរក្សាការពារប្រទេសកម្ពុជាមិនឲ្យមានការបាត់បង់ទឹកដីជាបន្តទៀត។

នៅដើមឆ្នាំ ១៨៦៤ បារាំងបានគាបសង្កត់សៀមតាមរយៈផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យសៀមបញ្ជូនត្រា ព្រះខ័នរាជ្យ និងម្កុជរាជ សម្រាប់រាជាភិសេកព្រះបាទនរោត្តម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧត្តុង្គនាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ១៨៦៤។

បន្ទាប់ពីមានការចុះសន្ធិសញ្ញាអាណាព្យាបាលបារាំងឆ្នាំ ១៨៦៣ លើកម្ពុជារួចមក បារាំងបានធ្វើការកំណែទម្រង់រដ្ឋបាល នឹងរឹតបន្តឹងអំណាចរបស់ខ្លួននៅកម្ពុជា ព្រមទាំងធ្វើការពង្រីករបបគ្រប់គ្រង និងអាណាព្យាបាលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈសន្ធិសញ្ញារបស់ខ្លួន។ ចំណែកឯស្ថានភាពរបស់ប្រជាជននៅក្រោមអាណាព្យាបាលបារាំងវិញ គឺមានភាពលំបាកច្រើន ជាពិសេសគឺបារាំងបានដាក់បញ្ញត្តិកម្រិតឲ្យមានការបង់ពន្ធទៅលើអ្វីៗគ្រប់យ៉ាង ដែលមានតាំងពីពន្ធមនុស្ស ពន្ធដី ពន្ធលំនៅ ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម។ល។ ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឲ្យបារាំង ប្រជាកសិករខ្មែរ​បាន​ខិតខំ​ពង្រីក​ដំណាំ​ឧស្សាហកម្ម​របស់ខ្លួន(កៅស៊ូ) ព្រមទាំង​ពង្រីក​ដំណាំ​ដទៃ​ទៀត​មាន​ដូចជា ស្រូវ ពោត សណ្ដែក ។ល។ ប៉ុន្តែ​ទិន្នផល​ដំណាំ​មិន​សូវ​ល្អ​ទេ​។ ផល​ស្រូវ​ក្នុង​មួយ​ហិចតា​បាន​ត្រឹមតែ​ ១ ​តោន ទៅ ១,២​ តោន​ប៉ុណ្ណោះ​។ ដូចនេះ​ហើយ​កសិករ​មានជីវភាពក្រីក្រលំបាក ហើយក៏​ក្លាយទៅជា​អ្នក​ជាប់​បំណុល​ពួក​ឈ្មួញ​កណ្ដាល និង​ឈ្មួញ​បរទេស​។ ចំណែកឯ​ការប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​​គឺពី ១០០% ដល់ទៅ ១៥០% ជួនកាល ២០០% ក្នុង​មួយ​ឆ្នាំក៏មាន​។ បារាំងគ្របដណ្តប់អាណានិគមលើផ្ទែប្រទេសកាន់តែយូរ បារំាងកាន់តែរឹតបណ្តឹងធ្វើបាបប្រជារាស្រ្តខ្មែរកាន់តែខ្លាំងឡើងៗ។ ហេតុដូចនេះហើយទើបមានការបោះបោរចំពោះពួកបារាំងជាច្រើនលើកជាច្រើនសារទើបអាចទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣នេះ។ ដែលចេញដំបូងពីចលនាបោះបោរប្រឆាំងនឹងពួកបារាំងក្រោយសន្ធិសញ្ញាឆ្នាំ ១៩៦៣ និងអនុសញ្ញាឆ្នាំ ១៨៨៤។ សន្ធិសញ្ញាឆ្នាំ១៩៦៣បានបង្ហាញថាបារាំងតែងមានប្រៀប មានអំណាចច្រើនជាងម្ចាស់ប្រទេសមាតុភូមិកម្ពុជាទៅទៀត ចំណែកឯអនុសញ្ញាឆ្នាំ ១៨៨៤វិញ គឺបានបញ្ជាក់ឲ្យឃើញថា រាល់គ្រប់មាត្រា ទាំងអស់នៅក្នុងអុនសញ្ញានោះគឺសុទ្ធតែបានបង្ហាញពីអំណាចរបស់រាជរដ្ឋាភិបាលបារាំងគឺអាចមានសិទ្ធិគ្រប់គ្រងលើប្រទេសខ្មែរទាំងមូល។  ការណ៍ទាំងនេះបានធ្វើឲ្យព្រះរាជា ពួកនាម៉ឺនមន្រ្តី​ ប្រជារាស្រ្តខ្មែរទាំងអស់បាននាំគ្នាបះបោរតវ៉ាទៅនឹងពួកបារាំងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែង។ ការបោះបោរនោះបានក្លាយទៅជាសង្រ្គាមប្រជាជាតិខ្មែរទាំងមូលប្រឆាំងនឹងអាណានិគមបារាំងអស់រយៈពេល ២៦ខែ (វិច្ឆិកា ១៨៨៥ – មករា ១៨៨៧)។ការតស៊ូរបស់អ្នកស្នេហាជាតិខ្មែរបានធ្វើឲ្យអាជ្ងាធរបារាំង នឹងទាហានបារាំងទទួលបានការខូចខាតយ៉ាងដំណំ។ ក្រោមមកបារាំងក៏សុំចរចារនឹងអ្នកតស៊ូខ្មែរ ដោយព្រមប្រគល់អំណាចទៅឲ្យព្រះរាជាវិញ ហើយរាល់កិច្ចការរដ្ឋទាំងអស់ត្រូវប្រគល់មកឲ្យខ្មែរ ព្រមទាំងប្រគល់បណ្តាខេត្តនានាឲ្យទៅអាជ្ងាធរខ្មែរវិញ លើកលែងតែខេត្តកំពត កំពង់ធំ ពោធិសាត់ និងខេត្តក្រចេះប៉ុណ្ណោះដែលនៅស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងដដែល។

នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត់។ បន្ទាប់ពីទ្រង់បានសោយទិវង្គត់ទៅ ពួកបារាំងបានធ្វើការផ្ទេររាជបល្លិង្កបន្តទៅឲ្យព្រះអនុជរបស់ព្រះបាទនរោត្តមគឺ ព្រះបាទស៊ីសុវត្ថិ ដែលជាខ្សែររាជវង្សដែលបារាំងគិតថាមិនសូវរឹងទទឹង ជ្រុលនិយមដូចខ្សែររាជវង្ស   នរោត្តម។

អស់រយៈពេលមិនបានយូរប៉ុន្មានផង ក៏កើតមានចលនាតស៊ូប្រឆាំងនឹងពួកបារាំងជាបន្តបន្ទាប់ រហូតដល់មានចលនាតស៊ូដើម្បីឯករាជ្យជាតិ និងសន្ធិសញ្ញាក្រុងសឺណេវ ឆ្នាំ១៩៥៤។​

នៅក្នុងប្រទេសកម្ពុជា ចលនាស៊ូដើម្បីឯករាជ្យជាតិ ចែកចេញជា២ផ្សេងគ្នា គឺ ការតស៊ូដដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការគាំទ្រពីសំណាក់កងទ័ពវៀតមិញ និងការតស៊ូដោយសន្តិវិធីតាមនយោបាយការទូត ដឹកនាំដោយសម្តេចព្រះបាទនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ។

នៅចុងឆ្នាំ ១៩៤៤ បក្សកុំម្មុយនីស្តឥណ្ឌូចិន បានចាប់ផ្តើមបង្កើតទ័ពជាតិនៅប្រទេសវៀតណាម។ នានិទាឃរដូវ ឆ្នាំ១៩៤៥ បានចាប់ផ្តើមធ្វើបាតុកម្មនៅក្នុងតំបន់រំដោះនៃប្រទេសកម្ពុជា ដែលធ្វើឲ្យមានការផ្ទុះការបោះបោរយ៉ាងខ្លាំង។  នៅឆ្នាំ ១៩៤៧-១៩៤៨ ដោយបានទទួលការគាំពារពីកងទ័ពរណសិរ្សវៀតណាម ខ្មែរឥស្សរៈក៏បានកសាងមូលដ្ឋានទ័ពខ្លួននៅកម្ពុជា។ ចុងឆ្នាំ១៩៤៩ ទ័ពឥស្សរៈបានពង្រីកផ្ទៃដីកាន់កាប់របស់ខ្លួនគឺ១/៣នៃផ្ទៃប្រទេសទាំងមូល។ ដោយប្រទះឃើញយ៉ាងដូច្នេះ ព្រះបាទនរោត្តមសីហនុ និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំ ១៩៤៩ ដែលមានអត្ថន័យថា ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យមួយស្ថិតក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះបាទនរោត្តមបានធ្វើព្រះរាជដំណើរទៅកាន់ប្រទេសបារាំង ដោយធ្វើការសន្យាថា នឹងទាមទារឯករាជ្យយ៉ាងពេញបូរិបូរណ៍ជូនប្រជាជាតិខ្មែរឲ្យបាន។ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ១៩៥៣ កម្ពុជាបានផ្ងើរសេចក្តីប្រកាសទៅកាន់បារាំងពីអំណាចទាំងឡាយដែលខ្មែរទាមទារពីបារាំង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ១៩៥៣ បារាំងបានធ្វើការចរចារជាមួយខ្មែរ តាមរយៈការចុះហត្ថលេខានៃការព្រមព្រៀងបារាំង-ខ្មែរ ដោយមានការផ្ទេរអំណាចផ្នែកយុត្តិធម៌ និងនគរបាលមកឲ្យខ្មែរវិញ។ ដល់ថ្ងៃ ១៧ ខែតុលា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខាមួយទៀតស្តីពី ការប្រគល់អធិបតេយ្យភាពខាងផ្នែកយោធាកម្ពុជាទាំងមូល។ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះបាទនរោត្តមសីហនុបានយាងចូលរាជធានីភ្នំពេញវិញ ប្រកបដោយស្នូរសំលេងទះដៃ និងសំលេងអឺងអងសាទរចំពោះការទាមទារឯករាជ្យជូនជាតិមាតុភូមិតាមការសន្យារបស់ព្រះអង្គ ដែលសាកសមជាបិតាឯករាជ្យជាតិ និងវីរៈបុរសជាតិ។ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ គឺជាថ្ងៃ ប្រកាសឯករាជ្យនៃប្រទេសកម្ពុជាដែលខ្មែរយើងតែងតែប្រារព្ធធ្វើពិធីបុណ្យរំលឹកខួបនេះជារៀងរាល់ឆ្នាំ។

សរុបមក នៅសម័យអាណានិគមនិយមបារាំង ថ្វីត្បិតតែរដ្ឋាភិបាលបារាំង បានធ្វើឲ្យខ្មែរបាត់បង់ទឹកដីមួយភាគខាងកើតក៏ពិតមែន ក៏ប៉ុន្តែបារាំងក៏បានទាមទារទឹកដីមួយចំនួនភាគខាងលិចមកវិញផងដែរ។ ក្រៅពីនោះរដ្ឋាភិបាលបារាំង បានជួយបង្រៀនខ្មែរ ឲ្យចេះនូវចំណេះដឹងច្រើនទៀតសំរាប់ស្តារ និងអភិវឌ្ឍន៍ជាតិ ក្រោយពីទទួលឯករាជ្យនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣។

ការទទួលឯករាជ្យយ៉ាងពេញបរិបូរណ៍ពីបារាំងនេះ គឺពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់ប្រជាជាតិកម្ពុជា ដែលនេះគឺជាការបង្ហាញអំពី ការទទួលបានអធិបតេយ្យភាព បូរណភាពដែនដី ដែលជាសញ្ញានៃការរួចផុតពីនឹមត្រួតត្រារបស់បារាំង ប្រជាជនមានសិទ្ធិសេរីភាព រួចផុតពីពន្ធដារ សង្រ្គោះជោគវាសនាប្រទេសជាតិ និងឯករាជ្យជាតិដែលមានការទទួលស្គាល់ពីសំណាក់អន្តរជាតិ៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត៖ តើពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែមានអត្ថន័យយ៉ាងណាសម្រាប់ប្រជាជាតិខ្មែរ?

នៅក្នុងឱកាសថ្ងៃពិធីបុណ្យ អុំទូក អកអំបុក និងសំ[...]

មួយម៉ឺនអាល័យអំពាវនាវជាពិសេសឱ្យយុវជនមកទស្សនាភាពយន្ដជំនាន់60sទើបរកឃើញនៅថៃ

នារោងកុនMajor Cineplex  នៅផ្សារទំនើបអ៊ីអ[...]

អង្គការ Actionaid ៖ យុទ្ធនាការ មួយសែនកោងកាងដាំដើមកោងកាងបន្តនិរន្តភាពឆ្នេរសមុទ្រ

កំពត៖ អង្គការ Actionaid បានរៀបចំយុទ្ធនាការមួយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត