loader

ប្រវត្តិសាស្រ្ដ៖ ព្រោះមានមេទ័ពស្មោះត្រង់នឹងជាតិនឹងព្រះរាជានាំឱ្យឈ្នះក្នុងសមរភូមិនៃសង្គ្រាមស្តេចកន និងព្រះបាទច័ន្ទរាជា

សង្គ្រាមហែកហួរផ្ទៃក្នុងខ្លួនឯង គឺសង្គ្រាមរវាងព្រះស្ដេចកន និង ព្រះបាទស្រីសុគន្ធបទ ។​សង្គ្រាមនេះ គេអាចហៅម្យ៉ាងថាសង្គ្រាមធ្វើគតដើម្បីឡើងសោយរាជ្យ។ ប៉ុន្ដែសង្រ្គាម រវាងព្រះបាទច័ន្ទរាជានិងព្រះស្ដេចកន គឺជាសង្រ្គាមសងសឹកដ៏ខ្លាំងបំផុត។ 

គូភាគីទាំងពីរ សុទ្ធតែមានទ័ពរៀងៗខ្លួន។ មេទ័ពជាអ្នកយុទ្ធសាស្រ្ដនៃការគូសវាស វាយប្រហារទៅលើសត្រូវហើយ ព្រះរាជាគឺជាកំពូលអ្នកយុទ្ធសាស្រ្ដនៃការដឹកនាំការប្រយុទ្ធ។

អ្នកប្រវត្តិសាស្រ្ដបានពន្យល់ថា កត្តាព្រះរាជា និង កត្តាមេទ័ពត្រូវតែផ្សាភ្ជាប់គ្នាទើបឈ្នះលើភាគីមួយទៀត។ លោកសាស្រ្ដាចារ្យ វង់ សុធារ៉ា ពន្យល់ថាព្រះបាទចន្ទរាជា ជាអ្នកបញ្ជាការប្រយុទ្ធដ៏មានភាពប៉ិនប្រសប់នៅពេលដែលមេទ័ពព្រះអង្គមានឆន្ទៈប្រយុទ្ធខ្លាំងក្លា ធ្វើឱ្យព្រះអង្គឈ្នះក្នុងសមរភូមិ។

សូមស្ដាប់អត្ថាធិប្បាយ របស់កញ្ញា ហេង នីទី ដូចតទៅ៖

 

សង្គ្រាមរវាងព្រះបាទចន្ទរាជានិង ព្រះស្ដេចកន កើតឡើងក្រោយពី សង្គ្រាមរវាង ព្រះស្រីសុគន្ធបទ និង ព្រះស្ដេចកន មានមេទ័ពដ៏ខ្លាំងពូកែម្នាក់គឺឪពុកមារបស់ខ្លួន ឈ្មោះ ឱកម៉ឺនសុរិន្ទកែវ។ មេទ័ពនេះហើយគឺជាទីប្រឹក្សាដ៏សំខាន់របស់ព្រះស្ដេចកន។

សឹងតែគ្រប់សមរភូមិគឺមានមុខមេទ័ពរូបនេះដឹកនាំទ័ពប្រយុទ្ធជានិច្ច ហើយពេលខ្លះឈានមុខ​ក្នុងការប្រយុទ្ធជាមួយទ័ពព្រះរាជាព្រះស្រីសុគន្ធបទ។ យ៉ាងណាក៏ដោយ ឥទ្ធិពលព្រះស្ដេចកន ទៅលើ ថ្នាក់ក្រោមនិង កងទ័ពរបស់ខ្លួនក៏ត្រូវបានរាប់ថា ជាប្រសិទ្ធភាពនៃការឈ្នះសង្គ្រាមលើព្រះស្រីសុគន្ធបទផងដែរ។ តាមសៀវភៅប្រវត្តិសាស្រ្ដត្រឹងងា និង សៀវភៅ ប្រវត្តិសាស្រ្ដប្រទេសកម្ពុជា អាឌឺម៉ា ឡឺក្លែរ រ៉េស៊ីដង់បារាំងប្រចាំកម្ពុជា គឺព្រះស្រីសុគន្ធបទដែលជាបងរបស់ព្រះបាទចន្ទរាជាបានសុគតក្រោមស្នាដៃរបស់ហ្លួងព្រះស្ដេចកនផ្ទាល់។ នេះជាផ្នែកមួយនៃជ័យជម្នះព្រះស្ដេចកន ក្នុងសមរភូមិដណ្ដើមរាជពីព្រះបាទស្រីសុគន្ធបទដែលអ្នកនិពន្ធបានពិពណ៌នាថា ជាសង្គ្រាមវណ្ណៈនៅពេលនេះ ព្រោះព្រះស្ដេចកន ជាអ្នកបម្រើវត្តប៉ុន្ដែបានឡើងធំជាឧបរាជដោយសារតែបងរបស់ខ្លួនជាស្នំឯកព្រះស្រីសុគ្ធបទ ។

ចុះហេតុអ្វីបានជាហ្លួងស្ដេចកនចាញ់សង្គ្រាមព្រះចន្ទរាជា?

 ក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុស្រ្ដីលោកសាស្រ្ដាចារ្យវង្ស សុធារ៉ា បានពន្យល់ថា មេទ័ពរបស់ព្រះបាទចន្ទរាជា និង មេទ័ពព្រះស្ដេចកន មានភាពខុសគ្នានៃការប្រើយុទ្ធសាស្រ្ដដើម្បីប្រយុទ្ធ និង ដណ្ដើមយកទីតាំង កាន់កាប់។ លោកថា តាមសៀវភៅប្រវត្តិសាស្រ្ដ មេទ័ពហ្លួងព្រះស្ដេចកន ដែលជាឪពុកមាគឺលោកកែវ ប្រើប្រាស់យុទ្ធសាស្រ្ដមិនដល់មេទ័ពព្រះចន្ទរាជានោះទេ។ លោកបានពន្យល់ទៀតថា គ្រប់សមរភូមិទាំងអស់ មេទ័ពរូបនេះមិនអាចបញ្ជាទ័ពការពារទីតាំងរបស់ខ្លួនបានទេរហូតដល់ភាគីមួយទៀត ដណ្ដើមយកបាន ហើយរត់ចេញពីសមរភូមិនោះទៀតផង។

ដោយឡែកព្រះស្ដេចកនវិញ ក៏ត្រូវបានលោកសាស្រ្តាចារ្យពន្យល់ថាក៏ជាមេទ័ពខ្លាំងពូកែផងដែរ បើនិយាយពីសង្គ្រាមជាមួយនឹងព្រះស្រីសុគន្ធបទ។ ប៉ុន្ដែសង្គ្រាមជាមួយព្រះបាទចន្ទរាជា ទាំងព្រះស្ដេចកន និង មេទ័ពរបស់ខ្លួនជាច្រើនទៀតមិនអាចទប់ទល់ការវាយលុករបស់មេទ័ពនិង ព្រះបាទចន្ទរាជាបានទេ។

តើមកពីកត្តាមេទ័ព ឬ ព្រះអង្គខ្លួនឯង?

 លោកសាស្រ្ដាចារ្យវង្សសុធារ៉ាបានពន្យល់ត្រង់នេះថា កត្តាមេទ័ពនិង ព្រះរាជាជាមេទ័ពគឺបូកបញ្ចូលគ្នា ប៉ុន្ដែកត្តាផ្សេងៗទៀត គឺត្រូវតែមានជាមួយគ្នាដែរ គឺដូចជា ពូជស្ដេច និង ពូជរាស្រ្ដគឺខុសគ្នា។ លោកថា រាស្រ្ដខ្មែរសម័យនោះ​ ឱ្យតម្លៃខ្លាំងណាស់ទៅលើត្រកូលស្ដេចដែលកើតពីត្រកូលស្ដេច នេះជាកត្តាមួយដែរ។ ចំណែកឯមួយទៀត គឺវិន័យ ក្បួនច្បាប់ និង យុត្តិធម៌សម្រាប់ប្រជារាស្រ្ដក៏សំខាន់ផងដែរ។ លោកថា បើរាស្រ្ដបានយុត្តិធម៌ពីមេដឹកនាំពីសង្គមរបស់មេដឹកនាំគឺពិតណាស់ រាស្រ្ដចាត់ទុកព្រះរាជាជាម្លប់របស់ខ្លួនហើយពេលនោះហើយ ដេលរាស្រ្ដក្លាយជាកម្លាំងដ៏ខ្លាំងមួយដើម្បីឱ្យមេទ័ពនិង ព្រះរាជារបស់ខ្លួនមានប្រៀបក្នុងពេលធ្វើសង្គ្រាម។ លោកសាស្រ្ដាចារ្យបានបកស្រាយទៀតថា មេទ័ពដែលស្មោះនឹងជាតិ ហើយស្មោះត្រង់នឹងព្រះរាជា ក៏ជាកម្លាំងចិត្តខ្លាំងមួយដល់កងទ័ពផងដែរ ក្នុងការវាយប្រហារទៅលើគូសត្រូវ។

ជារួមទៅ បើព្រះរាជាខ្លាំង ព្រះរាជាវៀងវៃ មានទសពិធរាជធម៌ គឺមេទ័ពក៏ទទួលបាន​ ការគាំទ្រពីកងទ័ពនិង ប្រជារាស្រ្ដដែរ។ លោកសាស្រ្ដាចារ្យបានធ្វើការសន្និដ្ឋានថា ព្រះចន្ទរាជា គឺព្រះមហាក្សត្រធ្វើឱ្យប្រជារាស្រ្ដកក់ក្ដៅក្នុងការរស់នៅរបស់ព្រះអង្គ ក្រោមម្លប់របស់ព្រះអង្គស្របពេលដែលមេទ័ពរបស់ព្រះអង្គក៏ប្រកាន់ខ្ជាប់នូវសីលធម៌ វិន័យរបស់ប្រទេសបានល្អគឺនាំឱ្យមេទ័ពក្លាយជាអ្នកឈរពីក្រោយព្រះរាចាហើយ ជាអ្នកប្រើយុទ្ធសាស្រ្ដ ដ៏វៀងវៃតាមឱវាទរបស់ព្រះរាជា៕  

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ព្រឹត្តិការណ៍អន្តរជាតិ៖ស្ថានការណ៍នៅវេណេហ្សូអេឡាកាន់តែធ្ងន់ធ្ងរ ខណៈអាមេរិកត្រៀមបញ្ជូននាវាចម្បាំងផ្ដួលរំលំលោកម៉ាឌូរ៉ូ

លោកនីកូឡាស់ម៉ាឌូរ៉ូនិង លោកជួនហ្គាយដូ នៅពេលនេះ[...]

ប្រវត្តិសាស្រ្ដ៖ ជម្លោះរាជវង្សខ្មែរបង្កឱ្យមានអបគមន៍គ្រងអំណាចនគរបី

សម័យអង្គរដែលជាយុគមាសនៃអរិយធម៌ឈានដល់កម្រិតកំពូ[...]

អ្នកសង្កេតការណ៍ថា លោកកឹមសុខានឹងដើរឆ្ងាយបន្ដិចពីលោកសមរង្ស៊ីបន្ទាប់ពីទទួលបានសេរីភាពពេញលេញ

ប្រយោគមួយឃ្លាថា “កឹមសុខា និង សមរង្ស៊ីជាមនុស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត