loader

ប្រវត្តិសាស្ត្រ៖ព្រែកជីកវិញតេជាកំណត់ត្រាប្រវត្តិសាស្ត្រខ្មែរដ៏ឈឺចាប់មិនអាចភ្លេចបានឡើយ

MC: ព្រែកជីកវិញតេ ត្រូវបានជីកនៅឆ្នាំ១៨១៦ ដែលខ្មែរចាំមិនភ្លេចសោះ គឺមេទ័ពយួន បញ្ជាខ្មែរ  កែនកម្កាំង៥០០០នាក់ និង យួន ៥០០០នាក់ អោយជីកព្រែកនោះ ដែលមានបណ្ដោយ ៥៣គីឡូម៉ែត្រ ទទឹង ៣៣ម៉ែត្រ ជម្រៅ ២ម៉ែត្រ ៦០សង់ទីម៉ែត្រ ស្ទើរគ្រប់ទីកន្លែងគឺចាប់ពី ខេត្តមាត់ជ្រូក ទៅដល់ ខេត្តពាម ដែលយួនហៅថា ព្រែកជីកវិញតេការជីកព្រែកនេះគឺ ក្នុងគោលបំណង លេបយកទឹកដីខ្មែរ អោយចែកជាខ្មែរកណ្ដាល និងខ្មែរកម្ពុជាក្រោម ងាយស្រួលគ្រប់គ្រង។ រួចធ្វើជាព្រំប្រទល់ដែនដីខ្មែរ និង ដែនដីកូសាំងស៊ីនផង ហើយយួនចាត់ទុកដីណាដែលនៅខាងត្បូងព្រែកជារបស់ខ្លួន។ក្នុងរាជ្យព្រះបាទ អង្គចន្ទទី២(ព្រះឧទ័យរាជា) ឆ្នាំ១៨០៦ ដល់ ឆ្នាំ១៨៣៤ រួចបន្តដល់ រាជ្យក្សត្រីអង្គម៉ី ឆ្នាំ១៩៣៤ ដល់់ ឆ្នាំ១៨៤០ទើបជិកចប់សព្វគ្រប់។

លោក រឿន ឬទី្ ជូនសេចក្ដីអត្ថាធិប្បាយ ៖

 

ព្រែកជីកវិញតេ  លាតសន្ធឹងពីចំណុចប្រសព្វទន្លេបាសាក់ (បន្តពីព្រែកជីកវិញអាន) ឆ្ពោះមកដល់ចំណុចដៃព្រែកតន់ហន់ ប៉ែកខាងកើត គឺនៅឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ទន្ទឹមនឹងបង្គោលព្រំដែនសម័យបារាំងលេខ ១២៤ ។បើតាមឯកសាររបស់លោក សារិន ឆាកព្រែកជីកវិញតេ មានបណ្តោយប្រវែង ៥៣គ.ម និងទទឹងជាមធ្យមមានប្រវែង ៣៣ម។

ព្រែកជីកនេះ ស្ថាបនាឡើងអំឡុងការគ្រងរាជរបស់ ព្រះរាជាអង្គចន្ទ​-១៨​០៦ – ១៨៣៤ដែលអ្នកប្រវត្តិវិទូជាច្រើន បានហៅប្រទេសកម្ពុជាថា”កម្ពុជានាយុគដ៏ខ្មៅង​ងឹ​ត” ហើយចំពោះអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរវិញ បានចាត់ទុកព្រះរាជាអង្គនេះ “ជាស្តេចចោល​ម្សៀត គិតតែពីស្រី និងអំណាច ហើយគ្មានបានគិតគូរសុខទុក្ខដល់ប្រជារាស្ត្រ និងស្រុកទេសឡើយ ព្រមទាំងជាក្សត្រដែលនាំយួនឲ្យចូលស្រុក មកត្រួតត្រា បង្កឲ្យមានសោកនាដកម្មយ៉ាងធន់ធ្ងរ

នៅខែសីហា ឆ្នាំ ១៨០៦ ព្រះអង្គចន្ទ ដែលជាព្រះរាជបុត្រច្បងរបស់ព្រះបាទអង្គអេង មានព្រះជន្មទើបតែ ១៥វស្សា បានអភិសេកជាព្រះរា​ជាខ្មែរ នៅក្រុងបាងកក ដោយមានព្រះនាម

ស​ម្រាប់​រាជ្យថា “ព្រះបាទសម្ដេចព្រះឧទ័យរាជា​ធិ​បតីព្រះស្រីសុរិយោពណ៌”។ បន្ទាប់ពីអភិសេក ព្រះអង្គ ទ្រង់យាងត្រលប់មកសោយរាជ្យនៅក្រុងឧដុង្គវិញ ដោយនាំទាំងព្រះអនុជទាំងបីអង្គ គឺអង្គស្ងួន អង្គអិម និងអង្គឌួង និងព្រះញាតិវង្សមួយចំនួន មកជាមួយផង។ 
ពេលព្រះរាជាយាងមកដល់ខេត្តបាត់ដំបង “ចៅពញាអភ័យធីបែស បែន” ជាស្តេចត្រាញ់គ្រប់គ្រងនៅទីនោះ និងមានងារជា “ឧកញ៉ាយោមរាជ បែន”ផង បានយកកូនស្រី ៤នាក់ មកថ្វាយដល់ក្សត្រទាំង៤អង្គដែរ។ ព្រះរាជាអង្គចន្ទ បានសព្វព្រះទ័យនាង ទេពធីតា ក៏យកធ្វើជា អ្នកម្នាង។

ក្រោយមកវិវាទបានកើតឡើងរវាងព្រះអង្គចន្ទ និងព្រះអនុជ ព្រមទាំងការសម្លាប់ យោមរាជបែនផងនោះ និងដោយហេតុខ្លាចក្រែង មានចម្បាំងគ្នាឯងក្នុងស្រុកកើតឡើង ព្រះអង្គចន្ទ ក៏ទ្រង់ទៅសុំអោយទ័ពយួនមកបង្ការ។ បន្ទាប់ពីទ័ពយួននេះបានមកដល់ ក៏ទៅបោះបន្ទាយនៅត្រង់ កោះចិន ដែលមានឡេវ៉ាន់យៀក ជាមេទ័ព។ 

ម្យ៉ាងទៀត ដើម្បីចង់បង្កើនទំនុកចិត្តជាមួយ ឡេវ៉ាន់យៀក (ហៅអុងតាគុន) ព្រះរាជាមានផែនការបញ្ជូន ព្រះអនុជពីរអង្គទៀត គឺអង្គអិម និងអង្គដួង ឲ្យទៅក្រុងព្រៃនគរ ដើម្បីសិក្សាបន្ត។ ផែនការនេះ ត្រូវបានព្រះអនុជទាំងពីរអង្គ ទ្រង់ជ្រាប ក៏នាំគ្នារត់ទាំងយប់ ចេញទៅស្រុកសៀម ដោយនាំព្រះមាតា និងបណ្ដាខ្ញុំ ទៅនៅជាមួយព្រះអង្គស្ងួន ហើយបានទូលព្រះចៅសៀមជ្រាប សព្វសេចក្តី។

ចាប់ពេលនោះហើយ ដែលស្តេចអង្គចន្ទ បានខិតជិតទៅខាងយួន ហើយទ្រង់ទុកដាក់ប្រទេសខ្មែរ ជាសាមន្ដរដ្ឋ(រដ្ឋចំណុះ) ដោយសន្យាលើកសួយសារអាករ ទៅថ្វាយស្ដេចយ៉ាឡុង រៀងរាល់ ៣ឆ្នាំម្ដង។ 

ចំណែកព្រះចៅសៀម ទ្រង់មិនពេញព្រះទ័យចំពោះអំពើព្រះអង្គចន្ទ ដែលបានងាកទៅរកយួនជាមិត្ដនោះវិញឡើយ។ ម៉្លោះហើយ ទ្រង់ក៏បញ្ជូនទ័ពអោយចូលប្រទេសខ្មែរ ជា៣ផ្លូវ។ គ្រានោះ ទ័ពចំរុះខ្មែរ-យួន ច្បាំងតទល់និងទ័ពសៀម។ ដោយឃើញស្ថានការណ៍មានសភាពកាន់តែធ្ងន់ធ្ងរ ព្រះអង្គចន្ទ ក៏ដកថយទៅគង់នៅខេត្តលង់ហោរនៃដែនដីកម្ពុជាក្រោម។

នៅគ.ស ១៨១៣ ក្រោយពីបានធ្វើការសំរុះសំរួលជាមួយសៀមខ្លះហើយ ស្ដេចយ៉ាឡុង ទ្រង់បានបញ្ជាអោយលោក ឡេ វ៉ាន់យៀក ហែព្រះអង្គចន្ទ អោយត្រឡប់មកសោយរាជ្យនៅឧដុង្គវិញ។ 

នៅគ.ស. ១៨១៤ សៀមលើកទ័ពចូលម្ដងទៀត តែពុំមែនមកកំចាត់យួនដូចពេលមុនៗទេ គឺមកដណ្ដើមយកទឹកដីខ្មែរដោយត្រង់ៗតែម្ដង។ ទឹកដីខ្មែរ ៣ខេត្ដទៀត ត្រូវបានទៅសៀម ចាប់តាំងពីពេលនោះទៅ គឺម្លូព្រៃ ទន្លេ-រពៅ និងស្ទឹងត្រែង។ ពេលនេះប្រទេសកម្ពុជា លែងមានព្រំប្រទល់ជាប់ជាមួយប្រទេសលាវ ទៀតហើយ។

ប្រវត្តិព្រែកជីកវិញតេ និងប្រវត្តិកំពប់តែអុង

នៅ ឆ្នាំ ១៨១៥ តាមបញ្ជាពីអធិរាជ”យ៉ាឡុង” (Gia Long) ឲ្យកេណ្ឌរាស្ត្រខ្មែរ ៤០០០នាក់ មកសាងបន្ទាយមួយ នៅមាត់ជ្រូក (ចូវដុក) ។ ខ្មែរ ២០,០០០នាក់ទៀត ត្រូវបានប្រមូល មកពីគ្រប់ខេត្ត ដើម្បីជីកព្រែកចំនួនពីរ។ គ្រានោះយួនមិនទាន់ហៅថា ព្រែកជីកវិញតេ នៅឡើយទេ ដោយនិយាយត្រឹម ពាក្យព្រែកជីកសម្រាប់ការពារសឹកសត្រូវ នៃបន្ទាយនៅមាត់ជ្រូក។ ប៉ុន្តែ ក្រោយពីបានជីករួចហើយ យួនក៏បានហៅថាជាព្រែកជីកវិញតេតែម្តង។ ពេលនោះ អស់មុខមន្ត្រី និងព្រះឧទ័យរាជាអង្គចន្ទ មិនសព្វព្រះទ័យនឹងឈ្មោះនេះឡើយ បានជជែកថា ប្រទេសខ្មែរមិនមានព្រំដែននៅទីនេះទេ។ ការទាមទារនេះ មិនមានអានុភាព លើអាណាព្យាបាលយួនឡើយ ហើយថែមទាំងចាប់ផ្តើម ប្តូរឈ្មោះស្រុកភូមិ តំបន់នានា ជាភាសាយួនទៀតផង។

រាជពង្សាវតារខ្មែរ បានបញ្ជាក់ថា ក្នុងការជីកព្រែកនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកេណ្ឌ ហើយត្រូវយួនធ្វើបាបគ្មានត្រាប្រណី សោះឡើយ។

រឿងកំពប់តែអុង ដែលយួនបានយកខ្មែរកប់ទាំងរស់ យកក្បាលធ្វើជើងមុំជើងក្រានដាំតែ បានកើតឡើងនៅសម័យនោះឯង ហើយពលរដ្ឋខ្មែរ នៅតែចងចាំ និងនិយាយតៗគ្នា នូវរឿងរ៉ាវទាំងនេះ រហូតដល់សព្វថ្ងៃ។

ចំពោះអំពើព្រៃផ្សៃ អមនុស្សធម៌របស់យួននេះ ព្រះអង្គចន្ទមិនបានតវ៉ាឡើយ មានតែមន្រ្ដីម្នាក់បានចេញមុខការពារ។ ក្រោយមកក៏ត្រូវយួនដឹង ក៏បានចាប់មន្រ្ដីនោះទៅសំលាប់ចោល។

នៅគ.ស.១៨២០ ស្តេចយ៉ាឡុង បានចូលទិវង្គត ហើយត្រូវបានស្នងរាជ្យ ដោយបុត្រាទី២ ព្រះនាម ង្វៀង មិញម៉ាង (១៨២០-១៨៤១)។ ង្វៀងមិញម៉ាង គឺជាពួកខុងជឺអភិរក្សនិយម ដែលតស៊ូនឹង សាសនាកាតូលិក ធ្លាប់បានប្រព្រឹត្តិនៅប្រទេសយួន កន្លងមក ត្រូវបានស្តេចថ្មីនេះ យកមកអនុវត្តធ្វើ “យួនតូបនីយកម្ម” មកលើប្រជារាស្ត្រខ្មែរ យ៉ាងឃោរឃៅព្រៃផ្សៃ ជាទីបំផុត។ 

ឯកសារសាស្ត្រាស្លឹករឹតខ្មែរនៅវត្តក្រួច ដែលសរសេរជាកំណាព្យដោយព្រះមហាបទុមបារមីពេជ្ញ គង់នៅវត្តកោះប្រាក់បិទមាស បានសរសេរទាក់ទងនឹងរឿងព្រែកជីកនេះយ៉ាងវែង ថា កំណែនមានរហូតដល់ចំនួន ៥ម៉ឺននាក់ឯណោះ និងមានមន្ត្រីខ្មែរនៅមើលការខុសត្រូវពីលើ គឺ“ឧកញ៉ាយោមរាជម៉ុក” និង”ស្នងកែ” ជាអ្នកត្រួតផ្ទាល់។

ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំណែននេះ ប្រៀបបាននឹងឋាននរក។ គេចែកជាក្រុម ដប់ៗនាក់ (មេម្នាក់ កូន៩) ដោយប្រើស្នែង៤ សែងគ្នា៨នាក់(២នាក់សែងស្នែង១) និងអ្នកចាំជីកដី២នាក់។ ក្នុង១ក្រុម មានយួន៣នាក់ចាំត្រួត។

ហិង្សាផ្ទុះឡើង ប្រឆាំងយួន

អំពើអមនុស្សធម៌នេះ បណ្ដាលអោយប្រជារាស្រ្ដខ្មែរ ព្រះសង្ឃខ្មែរទ្រាំពុំបាន ក៏នាំគ្នាកាប់សំលាប់យួនអស់ជាច្រើន។នៅឆ្នាំ១៨២០ ដដែល មានភិក្ខុមួយអង្គនាមកែ ឬហៅថា សិល្ប៍កែ គង់នៅវត្ដសំបួរ ស្រុកខ្សាច់កណ្តាល ខេត្ដភ្នំពេញ បាននិមន្តជួយស្រោចស្រង់ និងព្យាបាលជំងឺអ្នកស្រុក ដោយទទួលបាន ការសមប្រកប និងស័ក្តិសិទ្ធីជាពន់ពេក ហើយដែលអ្នកស្រុហៅថា ជា”អ្នកសិល្ប៍ភូវិសេស” ព្រមទាំងមានសាមណេរ ១អង្គ ឈ្មោះ កុយ ជាសិស្សគណនិមន្តតាមជាមួយផង។ ហើយក៏បន្តនិមន្តទៅតាមខេត្តនានា ជួយដល់អាណាប្រជានុរាស្រ្ដនៅគ្រប់ច្រកល្ហក សឹងបានសះជាគ្រប់ៗគ្នា ដែលធ្វើឲ្យល្បីល្បាញដល់បណ្តារាស្ត្រ និងមន្ត្រី រហូតដល់ព្រះឧទ័យរាជា។

ដំបូងឡើយ ព្រះរាជាទ្រង់ជាអ្នកបញ្ញាឲ្យ ឧកញ៉ានរេន្ទតុល និង នាយកែព្រាលទៅបង្ក្រាប ក្រុមសិល្ប៍កែ ដែលរំដោះកូលីកំណែនចេញពីព្រែកជីកនោះទេ។ ប៉ុន្តែ ពលសេនាដែលទៅជាមួយខ្លួន ប្រែទៅជាចុះចូលរួមជាមួយនឹងសិល្ប៍កែ រួចនាំគ្នាគាំទ្រជាកម្លាំង ហើយបានវាយពលសេនាព្រះរាជា ឲ្យបរាជ័យ និងចុះចូលស្ទើរទាំងអស់។ ពុំនោះសោត សម្ដេចចៅពញាតី ឧកញ៉ានរេន្ទតុល និង នាយកែព្រាល ក៏ចូលរួមជាកម្លាំង ជាមួយសិល្ប៍កែ ហើយលើកទ័ពទៅកាប់សំលាប់យួនអស់ជាច្រើន និងរំដោះកម្មករកំណែនព្រែកជីក ចេញទាំងអស់។ 

“ឧកញ៉ាយោមរាជម៉ុក” ដែលមានគំនុំជាមួយ”ស្នងកែ”ពីយូរមកហើយនោះផង ក៏ទៅទូលពិតប្រាប់ អុងតាគុន ថា ស្នងកែនោះឯង ដែលជាដើមគំនិតបង្គាប់ឲ្យរាស្ត្ររត់ យ៉ាងដូច្នោះ។ អុងតាគុន ក៏បានសម្លាប់ ស្នងកែ នាគ្រានោះ ដោយកាត់ក្បាលយកទៅដោត ដាក់ជាបម្រាមកុំឲ្យមាន នរណាក្រោយទៀតត្រាប់តាម ដែលស្នងកែខ្លួនឯង ក៏មិនបានដឹងអំពីកំហុសអ្វី ទាល់តែសោះ។
ចាប់ពីពេលនោះមក យួនក៏បានដាក់ខ្នោះជើងគ្រប់កំណែនទាំងអស់បង្ការខ្លាចរត់ទៀត និងបន្តធ្វើទារណ្ឌកម្ម និងជីកព្រែករហូតដល់បង្ហើយ។

នៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែក យួនមិនប្រាប់ខ្មែរមុនទេ បណ្ដាលអោយកម្មករកំណែនខ្មែរ ដែលរត់មិនទាន់ដោយសារជើងពួកគេជាប់ខ្នោះនៅឡើយ ត្រូវលិចលង់ក្នុងព្រែកស្លាប់ជាច្រើននាក់ទៀត។

ក្រោយពីបានទទួលជ័យជំនះ  ភិក្ខុកែ ព្រមទាំងឧកញ៉ានរេន្ទតុល និង នាយកែព្រាល បានថយទៅធ្វើបុណ្យ ៣យប់៣ថ្ងៃ នៅឯកោះសូទិន ដែលធ្វើឲ្យមេឃដែលរាំងហួតពីរឆ្នាំមកហើយ មានភ្លៀងធ្លាក់ យ៉ាងគំហុក អស់រយៈពេល១អាទិត្យពេញ បណ្តាលឲ្យមានជំនន់យ៉ាងធំ នៅគ្រានោះ៕

(ឯកសារយោងពីសៀវភៅប្រវត្តិសាស្ត្រ អាដេម៉ារ ឡឺក្លែរ អតីតរ៉េស៊ីដង់បារាំងប្រចាំកម្ពុជា, គេហទំព័រ Wikipedia ឯកសាររបស់លោកសារិនឆាក និងឧកញ៉ាវាំងជួន )

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិ[...]

អាជីវករនៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ព្រួយបារម្ភពីកាធ្លាក់ចុះនូវភ្ញៀវទេសចរ

សៀមរាប៖ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុ[...]

រាជសារព្រះអង្គឌួង៖អាណា្ណមជាមិត្តចិត្តមិនស្មោះចងមិត្តជាមួយកម្ពុជាលុកលុយយកខេត្តកម្ពុជាម្ដងមួយៗ

ប្រវត្តិសាស្រ្ដ៖ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត