loader

ប្រវត្តិសាស្ត្រ៖តើដោយសារព្រហ្មលិខិតមែនឬ ទើបស្ដេចកនចាញ់សង្រ្គាមនឹងព្រះបាទច័ន្ទរាជា?

សង្រ្គាមរវាងហ្លូងព្រះស្ដេចកន និងព្រះបាទច័ន្ទរាជាបានប្រើពេលជាង ១០ឆ្នាំ។ សង្រ្គាមនេះ គឺជ័យជម្នះបានទៅលើព្រះបាទច័ន្ទរាជាគឺជាប្អូនរបស់ព្រះបាទព្រះស្រីសុគន្ធបទ ដែលស្ដេចកនបានធ្វើឃាតក្នុងសមរភូមិ។

ស្ដេចកនជាបុរសម្នាក់មានទសបារមីជាខ្លាំងដែលបានគេចចេញពីសេចក្ដីស្លាប់ ពីការវាយប្រហារនិងធ្វើឃាតដោយទ័ពព្រះស្រីសុគន្ធបទ ។ តែចៃដន្យអាក្រក់ ស្ដេចកនចាញ់សង្រ្គាមនឹងព្រះបាទច័ន្ទរាជា ដោយសារកាលៈទេសៈនិងទសបារមីមិនដល់ព្រះច័ន្ទរាជា។ នេះបើគេនិយាយពីកាលៈ ទេសៈនៃសង្រ្គាមដែលបានផ្ទុះឡើង។ ប៉ុន្តែកត្តាពលរដ្ឋដែលអស់ជំនឿលើស្ដេចកន ក៏ជារឿងមួយផងដែរ។

សូមស្ដាប់អធិប្បាយរបស់លោកនួនបូរិនដូចតទៅ៖

អត្ថបទ: ហ្លួងស្ដេចកនមានដើមកំណើតជារាស្ត្រក្រីក្រ។​ ជាត្រកូលអ្នកងារបម្រើវត្ត។ តែជាកុសល្យបុរសនេះ បានក្លាយជាមន្ត្រីជាន់ខ្ពស់នៅក្នុងរាជវាំងរបស់ព្រះបាទស្រីសុគន្ធបទ ដោយសារបងស្រីរបស់ខ្លួនក្លាយជាស្នំឯករបស់ព្រះរាជា។  

មិនយូរឡើយ ហ្លួងស្ដេចកនកាន់តែមានឬទិ្ធបារមី​ ធ្វើអោយមន្ត្រីជុំវិញខ្លួនដែលក្រោមឱវាទខ្លប់ខ្លាចជាខ្លាំង។ ក្នុងសុបិន្តដ៏អាក្រក់មួយ ព្រះរាជាស្រីសុគន្ធបទ និងហោរារបស់ព្រះអង្គ ឈ្វេងយល់ថា បុរសម្នាក់នេះហើយអាចក្លាយជារោគចង្រៃប៉ះពាល់ដល់រាជបល្ល័ង្គរបស់ព្រះអង្គ។ ព្រះអង្គក៏កំចាត់បុរសនេះ តែជាអកុសល្យ ហ្លួងកន បានគេចផុតពីការប៉ងធ្វើឃាត ហើយបានភៀសខ្លួនតស៊ូ វាយបកព្រះរាជាវិញ រហូតបានធ្វើគតស្ដេចខ្លួនឯងបានដោយជោគជ័យហើយក៏ឡើងសោយរាជ្យតែម្ដង។

ហ្លួងស្ដេចកនជាស្ដេចជ្រែករាជ្យ

ក្រោយបានជោគជ័យលើព្រះរាជា ស្រីសុគន្ធបទ មក ហ្លួងកន បានប្រកាសពង្រឹងសន្តិសុខប្រទេស ដោយចេញក្រិត្យច្បាប់ជាច្រើន បង្ខំអោយ ចៅ ហ្វាយខេត្ត ចៅហ្វាយស្រុកទាំងអស់ នាម៉ឺនសព្វមុខមន្ត្រី ត្រូវទទួលស្គាល់បុរសនេះជាស្ដេចផែនដី ដែលគេហៅថា ព្រះរាជា។

មន្ត្រីខេត្ត ឬស្រុក ណាមិនទទួលស្គាល់ គឺត្រូវទទួលទណ្ឌកម្មដកហូតអំណាចបុណ្យស័ក្តិ។ ស្ដេចកនឡើងសោយរាជ្យ ដោយពុំមានព្រះខ័នរាជ្យ សម្រាប់គ្រងរាជ្យនោះទេ។ ស្ដេចអង្គនេះ ក៏បានស្វះស្វែងរកដែរតែរកមិនឃើញ។ តែទីបំផុត គឺអស់ជម្រើសស្ដេចជ្រែករាជ្យនេះ ក៏បានសម្រចប្រើព្រះខនរាជ្យក្លែងក្លាយគឺព្រះខនរាជ្យកែឆ្នៃ។

ក្រោយពីបានកាន់ព្រះខ័នរាជ្យក្លែងក្លាយនេះ ស្ដេចកនក៏បានចាត់អោយមន្ត្រីវាំងរៀបចំអភិសេកខ្លួនជាព្រះរាជានៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះនាមថា សម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ដែលជាព្រះរាជាសោយរាជសម្បត្តិនៅក្រុងស្រីសន្ធបវរបាសាន។

ក្រោយពីឡើងសោយរាជមកស្ដេច កន បានលើកបងប្អូនសាច់សាលោហិត ឡើងជាឧត្តមមន្ត្រីទាំងអស់ទៅតាមគុណតម្លៃនៃការជួយព្រះអង្គបានឈ្នះសង្រ្គាមប្រយុទ្ធនឹងព្រះរាជាស្រីសុគន្ធបទ។ ក្នុងឋានៈជាព្រះរាជា បុរសកូនអ្នកក្មេងវត្តនេះ បានប្រកាសមិនឱ្យរាស្ត្របង់ពន្ធជូនរដ្ឋរយៈពេលមួយឆ្នាំ។ តែក្រោយមកស្ដេចកនបានផ្លាស់ទីតាំងសោយរាជដោយទៅនៅក្រុងស្រឡប់ពៃ្រនគរបុរៈរាជធានី ។

ជាការកត់សម្គាល់ មុនសង្រ្គាមផ្ទុះឡើងរវាងស្ដេចកន និងព្រះបាទច័ន្ទរាជា គឺរាស្ត្រនៅក្រោមរាជរបស់ស្ដេចកនបានសោយសុខសប្បាយជាខ្លាំង។ តែបានតែប៉ុន្មានឆ្នាំប៉ុណ្ណោះនគរធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមយ៉ាងសន្ធោសន្ធៅ គឺការវាយលុកកាន់មកវិញ ដោយព្រះបាទច័ន្ទរាជាដែលជាប្អូនរបស់ព្រះស្រីសុគន្ធបទ ។

ភ្លើងសង្រ្គាមរវាងទ័ពព្រះបាទច័ន្ទរាជានិងទ័ពព្រះស្ដេចកន

តាមសៀវភៅប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធអាដេម៉ារឡឺក្លែ អតីតរេស៊ីដង់បារាំងប្រចាំនៅកម្ពុជា គឺ សង្រ្គាមរវាងព្រះស្ដេចកន និងព្រះបាទច័ន្ទរាជា បានប្រើពេលវេលាជាង១០ឆ្នាំ ទើបបិទបញ្ចប់។

អ្នកទទួលជ័យជម្នះ គឺព្រះបាទច័ន្ទរាជាដែលត្រូវាបានរាស្ត្រចាត់ទុកជាស្ដេចទ័ពខ្លាំងពូកែមួយអង្គ បន្ទាប់ពីស្ដេចសម័យអង្គរ។ សង្រ្គាមនេះ គឺគូប្រយុទ្ធបានប្រើល្បិចកល់គ្រប់បែបយ៉ាង។ តែពេលខ្លះ គូភាគីច្បាំងគ្នាបានទុកឱកាសឱ្យរាស្ត្រប្រកបរបបធ្វើស្រែចម្ការដែរ។

ក្នុងល្បិចនៃសង្រ្គាមឃើញថា ព្រះស្ដេចកនប្រើល្បិចខូចជាច្រើនដើម្បីកំចាត់គូប្រយុទ្ធដោយមានទាំងឱ្យមន្ត្រីខ្លួនមកចុះចូលនឹងព្រះច័ន្ទរាជា ហើយ លួចធ្វើឃាតព្រះអង្គ តែមិនបានសម្រេចឡើយ។ ដោយទសបារមីខ្លាំងពូកែ និងសក័្តសិទ្ធ ព្រះច័ន្ទរាជាបានបង្រ្កាបក្រុមប៉ងធ្វើឃាតបានជោគជ័យជាមុន។ ក្នុងសង្រ្គាមនេះ មានការប្រើដោយទ័ពដំរី ទ័ពសេះ ទ័ពថ្មើរជើង ទ័ពជើងទឹក ដាវ លំពែកព្រួញ ធ្នូរ ហើយភាគីទាំងសង្ខាមានជាច្រើនម៉ឺននាក់ដូចៗគ្នា។ តែជាការកត់សម្គាល់ ទ័ពស្ដេចកន កាន់តែរួមតូចតិចទៅៗ។ យ៉ាងណា ក៏ដោយភាគីច្បាំងគ្នាបានរត់ទៅរកការប្រើអាវុធស្វ័យប្រវត្តិដូចជាកាំភ្លើងធំជាដើម។

ស្ដេចកនសុគតនិងចាញ់សង្រ្គាម ដោយកត្តាច្រើនយ៉ាងតែកត្តាព្រហ្មលិខិតទំនងជារឿងជៀសមិនរួច

ដោយការប្រើអាវុធបុរាណហាក់មិនងាយឈ្នះចាញ់មេទ័ពសត្រូវនឹងគ្នា គឺទាំងព្រះបាទច័ន្ទរាជា និងស្ដេចកនចាប់ផ្ដើមបញ្ជូនសំពៅទៅទិញកាំភ្លើងធំនិងកាំភ្លើងធន់ស្រាលពីប្រទេសម៉ាឡាយូ។

តាមសៀវភៅប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធអាដេម៉ារឡឺក្លែ ព្រះបានច័ន្ទរាជាបានបញ្ជាឱ្យទៅទិញអាវុធពីប្រទេសនេះ ដោយកាំភ្លើងធំមួយរយដើម និងកាំភ្លើងដៃ មួយពាន់ដើម ។ ដំណឹងនេះ បានលឺដល់ស្ដេចកន ក៏បានបញ្ជាឱ្យបញ្ជូនសំពៅពីរគ្រឿងទៅទិញអាវុធពីប្រទេសនេះដែរ គឺស្ដេចកនបានបញ្ជាទិញកាំភ្លើងធំចំនួន ១៥០ដើម និងកាំភ្លើងដៃ ៣ពាន់ដើម។

ដើម្បីប្រយុទ្ធអោយបានមុនដោយការប្រើកាំភ្លើងទាំងនោះ ខាងស្ដេចកនបានចេញដំណើរដឹកអាវុធនោះមកមុនសំពៅរបស់ព្រះច័ន្ទរាជា ។តែចៃដន្យអាក្រក់ សំពៅពីរគ្រឿងនោះត្រូវបានព្យុះវាយអោយក្រឡាប់បានធ្វើឱ្យភាគីខាងស្ដេចកនអស់ឱកាសប្រើ ប្រាស់កាំភ្លើងទាំងនោះក្នុងសង្រ្គាម។ ចំណែកឯខាងព្រះបាទច័ន្ទរាជា ដូចជាមានសំណាង និងបារមីខ្លាំងណាស់បាននាំអាវុធទាំងនោះ មកដល់បន្ទាយតាមក្ដីប្រាថ្នា។

សង្រ្គាមរបស់ភាគីព្រះច័ន្ទរាជា គឺមានអាវុធទាំងនោះគាំទ្រហើយធ្វើអោយកងទ័ពកាន់តែមានស្មារតីប្រយុទ្ធលើសត្រូវ ហើយចាប់ផ្ដើមឈ្នះស្ទើរគ្រប់សមរភូមិ។

នៅទីបំផុតទ័ពព្រះច័ន្ទរាជាមានមធ្យោបាយកាន់តែធំ និងរឹងមាំ ហើយមានទ័ពសេះ ទ័ពដំរីកាន់ច្រើន រួមផ្សំកូនអ្នកស្រុក កាន់តែច្រើនឡើងៗរត់ចូលគាំទ្រព្រះអង្គបានធ្វើឱ្យស្ដេចកនកាន់តែធ្លាក់ប្រជាប្រីយ៍ ហើយចាប់ផ្ដើមបោះបង់ទីតាំងប្រយុទ្ធស្ទើរគ្រប់កន្លែង។

នៅដំណាក់កាលចុងក្រោយទ័ពស្ដេចកន និងស្ដេច​កនដែលនៅសេសសល់តិចតួចក៏ត្រួវបានទ័ពព្រះច័ន្ទរាជាឡោមព័ទ្ធជាប់រយៈពេល ៣ខែ នៅក្នុងរាជធានីសំរោងព្រៃនគរ ទីដែលស្ដេចកន និងមេទ័ពបានរត់ទៅលាក់ខ្លួននៅទីនោះ ។

ដោយស្មារតីម៉ឺនម៉ាត់ក្នុងភាពជាអ្នកឈ្នះសង្រ្គាម ព្រះច័ន្ទរាជាបានបញ្ជាឱ្យកងទ័ពវាយលុកចូលបន្ទាយស្ដេចកន ហើយស្រាប់ពេលនោះ ពលរដ្ឋក្នុងបន្ទាយរត់ចេញមកខាងក្រៅ គឺ​រត់មកចុះចូលនឹងព្រះបាទច័ន្ទរាជាធ្វើឱ្យទ័ពខាងព្រច័ន្ទរាជាបានចូលទៅចាប់ស្ដេចកនមកអូសអាក្រាតជាអ្នកទោសសង្រ្គាមបានដោយជោគជ័យ។

យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រនៃសង្រ្គាមរវាងស្ដេចកន និងព្រះបាទច័ន្ទរាជា ដែលប្រើពេលជាង ១០ឆ្នាំ ឃើញថា ភាគីទាំងពីរ មានឱកាសចរចានឹងគ្នាដែរ តែមិនអាចជួបគ្នាបានឡើយដោយសារតែ ទាំងសង្ខាងសុទ្ធតែមានអំណួតនឹងការឈ្នះសង្រ្គាម។ តែធាតុពិតស្ដេចកន បើសំពៅរបស់ព្រះអង្គដែលដឹកអាវុធ ពីម៉ាឡាយូមិនត្រូវបានក្រឡាប់ដោយសារព្យុះគឺសង្គ្រាមប្រហែលជាមិនងាយនឹងចប់ដែរ ហើយម្យ៉ាងទៀត ព្រះស្ដេចកន​ក៏អាចមានកម្លាំងចិត្តប្រយុទ្ធថែមទៀត។ តែទំនងមកពីព្រហ្មលិខិតបានធ្វើឱ្យព្រះស្ដេចកនបាត់បង់ស្មារតីប្រយុទ្ធហើយស្ថិតក្នុងស្ថានភាពលាក់ខ្លួនដើម្បីរស់។ ទីបំផុតទ័ពព្រះច័ន្ទរាជាចាប់ខ្លួនព្រះអង្គបានទាំងរស់៕

អត្ថបទដោយ នួន បូរិន

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទល្មើសអកម្ម

បទល្មើសអកម្ម

ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩

សង្គមកម្ពុជា តែងតែកើតមានបទល្មើសជាច្រើនពីមួយថ្[...]

ប្រវត្តិសាស្ត្រ៖ ស្ដេចកនស្នើសុំព្រះបាទ ច័ន្ទ រាជា ពុះចែកទឹកដីពេលដឹងថាខ្លួនអាចចាញ់សង្រ្គាម

បន្ទាប់ពីនគរធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមកាន់[...]

បទវិភាគ៖ ៧ មករា ជាកំណើតទី ២ របស់ប្រជាជននិងប្រាក់រៀលខ្មែរ

ភ្នំពេញ៖ បើទោះបីមានការលាបពណ៌ថ្ងៃ ៧ មករា ថាជាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត