loader

ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់អប់រំពលរដ្ឋឱ្យយល់ដឹងពីអនាម័យរស់នៅ

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងសកម្មភាពរបស់រដ្ឋាភិបាល និងសង្គមស៊ីវិលក្នុងការលើកកម្ពស់ការយល់ដឹងពីអនាម័យរស់នៅរបស់ពលរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយគឺជាចំណែកមួយសំខាន់នាំឱ្យមានការផ្លាស់ប្តូរ ទម្លាប់ និងឥរិយាបថរស់នៅរបស់ពលរដ្ឋ ដែលមិនសូវខ្វល់ពីការថែទាំសុខភាព ពិសេសគឺការបន្ទោបង់ពាសវាលពាសកាសនោះ។ នេះជាការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យព័តមានក្នុងវេទិកាការីនិពន្ធស្តីពីការរាយការណ៍ព័ត៌មានអំពី«ទឹក និងអនាម័យជនបទ» ដែលរៀបចំឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី ២៥ ឧសភាកន្លងទៅ។

 

                                                                                        បង្គន់អនាម័យនៅជនមួយ។

 

លោក អ៊ុង ប៊ុនអ៊ី ប្រធានស្តីទីដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍លើកឡើងថា ការរួមចំណែកពីអ្នកសារព័ត៌មាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុងការសរសេរព័ត៌មាន និងផ្សាយអត្ថបទពាក់ព័ន្ធបញ្ហាអនាម័យរស់នៅ ពិតជាបានបញ្ជៀបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋបានទូលំទូលាយនិងមានប្រសិទ្ធិភាព។​

លោកបន្ថែមថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ​និងសារទគមនាគមន៍​បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍ពីអនាម័យជនបទនេះ គឺដើម្បីរួមចំណែកបន្ថែមលើសកម្មភាពរបស់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលចុះអប់រំពលរដ្ឋផ្ទាល់។ មួយវិញទៀតវគ្គបណ្តុះបណ្តាលនេះ ក៏មានគោលដៅតម្រូវទិសឱ្យអ្នកសារព័ត៌មានអាចសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវ និងក្រមសីលធម៌ ហើយខ្លឹមសារនៃអត្ថបទបង្កប់ដោយសារអប់រំពីសុខភាពអនាម័យរបស់ពលរដ្ឋ។

លោក អ៊ុង ប៊ុនអ៊ី៖«ប្រព័ន្ធផ្សព្វផ្សាយនេះដើរតួនាទីសំខាន់ណាស់ ដើម្បីជួយផ្សព្វផ្សាយបន្ថែមជាភ្នាក់ ងារមួយជួយអប់រំដល់ពលរដ្ឋ លើសពីអ្វីដែលសង្គមស៊ីវិល និងរដ្ឋាភិបាលកំពុងតែធ្វើដើម្បីលើកកម្ពស់ការយល់ដឹងហ្នឹង។ អញ្ចឹងយើងជួយអ្នកផ្សព្វផ្សាយបន្ថែមដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ពីបញ្ហាហ្នឹង។ហើយរាយការណ៍យ៉ាងម៉េចដើម្បីឱ្យមានក្រមសីលធម៌លើហ្នឹង ហើយគោរពតាមវិជ្ជាជីវៈ ផ្តល់សារមួយច្បាស់លាស់ដល់អ្នកអាននិងអ្នកស្តាប់ »។

លោក អ៊ុង ប៊ុនអ៊ី ប្រធានស្តីទីដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនា គមន៍ថ្លែងវេទិកាការីនិពន្ធស្តីពីការរាយការណ៍ព័ត៌មានអំពី«ទឹក និងអនាម័យជនបទ»។

 

មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងថា ប្រជាពលរដ្ឋតាមជនបទ ហាក់យល់ដឹងពីបញ្ហាអនាម័យនៅមានកម្រិតទាបនៅឡើយ ពិសេសតាមតំបន់ខ្លះប្រជាពលរដ្ឋនៅបន្ទោបង់ពាសវាលពាសកាលនៅឡើយ ដែលប្រការនេះធ្វើឱ្យមានបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះសុខភាព។

បើតាមមន្រ្តីរូបនេះបញ្ហាប្រឈមដែលធ្វើឱ្យពលរដ្ឋនៅតំបន់មួយចំនួនខ្វះបង្គន់អនាម័យ ព្រោះបញ្ហាថវិកា បញ្ហាកង្វះទឹក បញ្ហាទឹក ហើយតំបន់ខ្លះពុំអាចសង់បង្គន់បានឡើយតួយ៉ាងភូមិបណ្តែតទឹក និងតំបន់ដែលមាននីវូទឹករាក់ជាដើម។ អ្វីដែលសំខាន់នោះពលរដ្ឋនៅមិនទាន់បានកែទម្លាប់បន្ទោបង់ពាសវាលពាសកាលបាននៅឡើយ។ មន្រ្តីរូបនេះសង្កត់ធ្ងន់ថា កម្ពុជាបានខាតបង់ថវិកាលើផលប៉ះពាល់នៃបញ្ហាអនាម័យនេះប្រមាណជាង ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

ក្រៅពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះ បញ្ហាអនាម័យឬការបន្ទោបង់ពាសវាលពាសកាសនេះ ក៏បង្កផលប៉ះពាល់ចំពោះសុខភាព បញ្ហាអាហារូបម្ភ និងប៉ះពាល់ដល់អ្នកទេសចរណ៍ផងដែរ។

លោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បញ្ហាអនាម័យជនបទ ពិសេសបញ្ហាបង្គន់អនាម័យនេះ នៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់ដោះស្រាយ។ លោកបន្តថា រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសម្រេចឱ្យបាននូវ បញ្ហាអនាម័យ និងបង្គន់នេះត្រឹមឆ្នាំ២០២៥ មានន័យថា ពលរដ្ឋនឹងមានបង្គន់ប្រើប្រាស់ទូទាំងប្រទេសតែម្តង។ លោក ទ្រី ម៉េង អំពាវនាវដល់ស្ថាប័នព័ត៌មានទាំងអស់ត្រូបបន្តផ្សព្វផ្សាយពីផលប៉ះពាល់នៃកង្វះអនាម័យក្នុងការរស់នៅនេះ។

លោក ទ្រី ម៉េង ៖ «មានតែយើងទាំងអស់គ្នា ពិសេសគឺអ្នកសារព័ត៌មានដែលនាំយកអ្វីដែលសំខាន់ បានដឹង បានឃើញ បានដកពិសោធន៍ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពលរដ្ឋ»។

                              លោក ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន។

 

លោក កៃ គឹមសុង គ្រូបង្គោលវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍អំពីទឹក​និងអនាម័យជនបទឆ្នាំ២០១៨ លើកឡើងថា បញ្ហាទឹក និងអនាម័យជនបទគឺជារឿងសំខាន់ដែលពលរដ្ឋ និងអ្នកសារព័ត៌មានបានមើលរំលង។ លោកបន្ថែមថា ស្ថាប័នព័ត៌មានជាច្រើនហាក់នៅឆកល្វែងក្នុងការផ្សព្វ ផ្សាយព័ត៌មានស្តីពីបញ្ហាអនាម័យជនបទនេះ។ លោកបន្តថា បញ្ហាទឹក និងអនាម័យជនបទគឺជាបញ្ហាសំខាន់​ ដែលអ្នកសារព័ត៌មានត្រូវដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋឱ្យបានកាន់តែច្រើនជាពេលបច្ចុប្បន្ន។

លោក កៃ គឹមសុង៖«មិនគ្រប់គ្រាន់តែដោយសារ សារព័ត៌មានយើងគិតទៅលើទីផ្សារ តើអ្នកអានចង់អានអ្វីច្រើនជាងគេ អាននយោបាយឬអានសេដ្ឋកិច្ច ឬអានរឿងតារា កំសាន្ត គឺថាភាពចំាបាច់ដែលអ្នកអានចង់ឃើញនោះ គឺថាយើងចុះផ្សាយអ្វីដែលចង់ តែមើលរំលងអំពីភាពសំខាន់នៃទឹកស្អាត និងអនាម័យជនបទ»។

           លោក កៃ គឹមសុង គ្រូបង្គោលវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការរាយការណ៍អំពីទឹកនិងអនាម័យជនបទឆ្នាំ២០១៨។

 

លោក មិន ម៉ៅសំណាង អតីតអ្នកសារព័ត៌មាននៃវិទ្យុស្រ្តី និងជាតំណាងក្រុមអ្នកសារព័ត៌មានស្តីពីអនាម័យជនបទ​ និយាយថា លោកសប្បាយចិត្តនៅពេលបានចូលរៀនវគ្គបណ្តុះស្តីពីការរាយការណ៍ពីអនាម័យជនបទនេះ ពិសេសលោករីករាយពេលបានសរសេរអត្ថបទផ្សព្វផ្សាយពីផលប៉ះពាល់ដែលកើតចេញពីការរស់នៅខ្វះអនាម័យនេះ។ ក្នុងនាមជាតំណាងក្រុមអ្នកសារព័ត៌មានស្តីពីអនាម័យជនបទនេះលោកប្តេជ្ញាថា នឹងបន្តកិច្ចការងារផ្សព្វផ្សាយព័ត៌មានស្តីពីអនាម័យជនបទនេះបន្តទៀត ដើម្បីផ្តល់ការអប់រំដល់ប្រជាពលរដ្ឋយល់ដឹងពីបញ្ហាសុខភាពឱ្យបានច្រើន។

លោក មិន ម៉ៅសំណាង៖«និយាយទៅដោយសារខ្ញុំជាតំណាងក្រុមអ្នកសារព័ត៌មានផ្នែកខាងអនាម័យនេះដែរ អញ្ចឹងខ្ញុំនៅតែបន្តការងារនេះបន្តទៀត ហើយជាក់ស្តែងនៅក្នុងកន្លែងការងារថ្មីរបស់ខ្ញុំហ្នឹងពេលបច្ចុប្បន្នហ្នឹងខ្ញុំក៏បន្តធ្វើការងារលើបញ្ហាអនាម័យនឹងទឹកស្អាតដែរ។ ចង់និយាយថា វាមិនបានច្រើនណាស់ណាទេ ប៉ុន្តែយើងចូលរួមទាំងអស់គ្នា»។

               លោក មិន ម៉ៅសំណាង អតីតអ្នកសារព័ត៌មាននៃវិទ្យុស្រ្តី និងជាតំណាងក្រុមអ្នកសារព័ត៌មានស្តីពីអនាម័យជនបទ។

 

តាមរបាយការណ៍របស់អង្គការ Unicef ឆ្នាំ២០១៤ ឱ្យដឹងថា ប្រជាជនកម្ពុជា៦,៣លាននាក់ ខ្វះទឹកស្អាតប្រើប្រាស់និង និង៣,៩លាននាក់មិនមានទឹកស្អាតប្រើប្រាស់ឡើយ។ បញ្ហាទឹកស្អាត និងអនាម័យនេះ​បានឱ្យកុមារកម្ពុជាដែលមានអាយុក្រោម ៥ឆ្នាំត្រូវស្លាប់ដោយសារជំងឺរាក គិតជាទឹកខាតបង់សរុប១៤៦លានដុល្លារក្នុងមួយឆ្នាំៗ។

តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ កង្វះអនាម័យបានធ្វើឱ្យខាតបង់កំណើនផ្នែកសេដ្ឋកិច្ចសរុបជាង៤០០លានដុល្លារ ក្នុងមួយឆ្នាំៗ។ នេះមានន័យថាក្នុងមនុស្សម្នាក់ៗត្រូវខាតបង់អស់៣២ដុល្លារក្នុងមួយឆ្នាំៗ៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋ​ក្នុងស្រុក​ស្អាង​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

ប្រជាពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុងស្រុក​ស្អាង​ ខ[...]

សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សស្វាគមន៍ការដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី

ភ្នំពេញ៖ សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែល[...]

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​អវត្តមាន​ជាង​១៨០០​នាក់​និង​បញ្ហា​សុខភាព​២៨​ករណី​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ថា​ បេក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត