loader

ប្រធានាធិបតីថ្មីកោះម៉ាល់ឌីវស​ន្យាសើរើបំណុលចិនឡើងវិញ

ភូមិសាស្រ្តនយោបាយនៃដែនដីកោះ ម៉ាល់ឌីវ ចាប់ផ្ដើមប្រែប្រួលហើយ បន្ទាប់ពីប្រធានាធិបតីមាននិន្នាការស៊ីជម្រៅជាមួយចិនលោក អាឌុលឡា យ៉ាមេន ចាញ់ក្នុងការបោះឆ្នោត ប្រធានាធិបតី។ ការប្រែប្រួលដំបូងបង្អស់នឹងកើតឡើងដោយសារតែប្រធា នាធិបតីថ្មី មកពីក្រុមអ្នកប្រជាធិបតេយ្យជាតិនិយម គឺលោក អ៊ីប្រាហ៊ីម មហាម៉ាតសូលីស បានកំណត់គោលនយោបាយការបរទេសហិរញ្ញវត្ថុឡើងវិញ ដោយសើរើបំណុលបរទេស ជាពិសេសបំណុលប្រទេសចិនដែលប្រទេសតូចមួយនេះ ជំពាក់ចិន ប្រហែល ១ ពាន់ ៥ រយលានដុល្លារអាមេរិក។

លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល៖

 

ប្រធានាធិបតីទើបជាប់ឆ្នោតនៃកោះ ម៉ាល់ឌីវ លោក អ៊ីប្រាហ៊ីម មហាម៉ាតសូលីស ( Ibrahim Mohamed Solih)បានប្រកាសប្រាប់ពលរដ្ឋរបស់លោក ខណៈថ្លែងកាន់ភ្ញៀវជាតិ និងអន្ដរជាតិ ក្នុងពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃសៅរ៍ ទី១៧ វិច្ឆិកាថា គោលនយោបាយការបរទេសផ្នែកហិរញ្ញវត្ថុនៃកោះម៉ាល់ឌីវ សម្រាប់អាណត្តិរបស់លោក គឺជាការលំបាកខ្លាំងណាស់ តែលោកបានសន្យាថានឹង សើរើបំណុលបរទេសមួយចំនួនឡើងវិញ ជាពិសេសបំណុលនៃប្រទេសចិន ។

នៅក្នុងពិធីស្បថចូលកាន់តំណែង គេឃើញឥស្សរជននៃបណ្ដាប្រទេសជាច្រើនចូលរួម ក្នុងនោះ មេដឹកនាំដែលលេចធ្លោជាងគេ គឺមានតែនាយករដ្ឋមន្រ្ដីឥណ្ឌា ណារិនឌ្រាមូឌី(Narendra Modi ) ។

ក្នុងឱកាសនោះលោក ប្រធានាធិបតីថ្មីដែលបានឈ្នះក្នុងការបោះឆ្នោតកាលពីចុងខែកញ្ញា បានប្រកាសថាបំណុលបរទេសភាគច្រើនស្ថិតក្នុងភាពសង្ស័យយ៉ាងខ្លាំងនៃការគ្រប់គ្រងគ្មានតម្លាភាព។

បំណុលដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រទេសតូចមួយនេះ ដែលមានប្រជាជនជាង ៤៣ម៉ឺន នាក់ប៉ុណ្ណោះ គឺចំពោះប្រទេសចិន បំណុលកើនឡើងដល់ជាង ១៥០០លានដុល្លារអាមេរិក ។

កោះម៉ាល់ឌីវ ត្រូវបានគេពណ៌នាថា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយសម្រាប់វិនិយោគិនប្រទេសចិន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ អាគារធំៗ រីកលូតលាស់យ៉ាងខ្លាំង ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីលម្អៀងទៅរកក្រុងប៉េកាំង គឺបេក្ខជនចាញ់ឆ្នោត អាឌុលឡាយ៉ាមេន (Abdulla Yameen​)ប៉ុន្ដែ គម្រោងអភិវឌ្ឍន៍ក្រោមយុទ្ធសាស្រ្ដផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន បាននាំឱ្យកោះ ម៉ាល់ឌីវ ក្លាយជាបំណុលរបស់ចិនធំជាងគេ ។ នេះបើយោងតាមសារព័ត៌មាន The Guardian។

លោកប្រធានាធិបតី មហាម៉ាត សូលីស ចាត់ទុកគម្រោងអភិវឌ្ឍន៍មួយចំនួននាំឱ្យប៉ះពាល់់ដល់គោលនយោបាយ ហិរញ្ញវត្ថុរបស់ប្រទេស ព្រោះតែការគ្រប់គ្រងគ្មានតម្លាភាព។ ដោយមើលឃើញដូចនេះ លោក សូលីស បានសន្យាថានឹងធ្វើការសើរើជម្រះបញ្ជីបំណុលបរទេសទាំងអស់ឡើងវិញ ជាពិសេសគឺបំណុលប្រទេសចិន។ លោកក៏បានសន្យាថា អាណត្តិរបស់លោករយៈពេលប្រាំឆ្នាំ គឺគណៈរដ្ឋមន្រ្ដីរបស់លោកត្រូវតែស្អាតស្អំ និង មានគណនេយ្យភាព។ ភ្លាមៗបន្ទាប់ពីលោក សូលីស បានប្ដេជ្ញាដូចនេះ នាយករដ្ឋមន្រ្ដីឥណ្ឌា ណារិន្ត្រាម៉ូឌី បានស្វាគមន៍លោក ហើយសង្ឃឹមថា កោះម៉ាល់ឌីវ ក្រោមការដឹកនាំរបស់ អ្នកប្រជាធិបតេយ្យនិយមរូបនេះ នឹង មិនឱ្យប្រទេសស្ថិតក្រោមឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់ប្រទេសណាមួយផ្ដាច់មុខឡើយ។ លោកសង្ឃឹមថា ទំនាក់ទំនងប្រពៃណី កោះម៉ាល់ឌីវ និង ឥណ្ឌា នៅបន្ដរឹងមាំ ថែមទៀត។

ប្រទេសឥណ្ឌា ជាដៃគូនយោបាយសេដ្ឋកិច្ចដ៏ធំមួយរបស់កោះ ម៉ាល់ឌីវ ប៉ុន្ដែប្រទេសនេះមានការព្រួយបារម្ភជាខ្លាំង នៅពេលដែលឥទ្ធិពលចិន តាមរយៈយុទ្ធសាស្រ្ដផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន បានវាយលុកយ៉ាងខ្លាំងនៅរយៈពេលជិត ១០ ឆ្នាំមកនេះក្រោមការដឹកនាំរបស់លោក អាល់ដុលឡាយ៉ាមេន។

ជ័យជំនះរបស់លោក សូលីស គឺជាការវាយសំពងបុរសខ្លាំងគាំទ្រដោយក្រុងប៉េកាំង

ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃ២៣កញ្ញា ដែលប្រជាជនចេញ​ទៅបោះឆ្នោតច្រើនលើសលប់ហើយជ័យជំនះបានទៅលើអ្នកប្រជាធិបតេយ្យជាតិនិយម អ៊ីប្រាហីម មូហាម៉ាតសូលីស ជាបេក្ខជនមកពីគណបក្សចម្រុះរបស់អ្នកទោសនយោបាយគឺជាការវាយសំពង ដ៏ធ្ងន់ធ្ងរមួយទៅលើបុរសម្នាក់គឺលោក អាឌុលឡាយ៉ាមេន ដែលនិយមក្រុងប៉េកាំង។សារព័ត៌មាន THE guardian បានធ្វើការវិភាគថា ជ័យជំនះលើសលុបបានទៅលើគូប្រជែងខ្លួន នាំឱ្យលោក​ប្រធានាធិបតីអាឌុលឡាយ៉ាមេន ទទួលស្គាល់បរាជ័យរបស់ខ្លួនភ្លាមៗ ហើយសន្យាផ្ទេរអំណាចទៅឱ្យអ្នកឈ្នះដោយសន្ដិវិធីទៀតផង។បរាជ័យរបស់បុរសខ្លាំង គាំទ្រដោយក្រុងប៉េកាំងនេះ គឺគេមិនបានឃើញ ទីក្រុងប៉េកាំង ចេញសេចក្ដីថ្លែងការណ៍ សម្ដែង ការសោកស្ដាយនឹងលទ្ធផលបោះឆ្នោតនេះទេ ប៉ុន្ដែក្រុងប៉េកាំងនៅតែសង្ឃឹមថា​ មេដឹកនាំថ្មីនឹងមិនធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគីជាមួយគ្នានោះទេ។តែផ្ទុយទៅវិញ រដ្ឋាភិបាលសហរដ្ឋអាមេរិក សហភាពអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ជ័យជំនះរបស់លោកសូលីស ដែលពួកលោកខាងលិចចាត់ទុកថាជាអ្នកប្រជាធិបតេយ្យជំនាន់ក្រោយ។

ពលរដ្ឋសាទរការស្បថចូលកាន់តំណែងរបស់លោកសូលីស

ប្រជាជនកោះម៉ាល់ឌីវបានផ្ញើសារអបអរសាទរលោកសូលីសយ៉ាង ព្រោងព្រាតលើបណ្ដាញសង្គមនិងអ្នកខ្លះចេញដើររាំច្រៀងតាមដងផ្លូវ។  អ្នកខ្លះសរសេរថា មេដឹកនាំថ្មីរូបនេះ នឹងធ្វើឱ្យប្រជាជនកោះម៉ាល់ឌីវនិងមន្រ្ដីរបស់ដែនដីកោះនេះស្គាល់តម្លៃនៃប្រជាធិបតេយ្យពិតប្រាកដ​ឡើងវិញ។ស្របពេលនេះដែរ អ្នកទោសនយោបាយទាំងអស់ ដូចជា អ្នកទោសនយោបាយនិរទេសខ្លួន គឺអតីតប្រធាំនាធិបតី មហាម៉ាតណាហ្សីដ(Mohamed Nasheed ) និង អ្នកទោសនយោបាយ អតីតប្រធានាធិបតីមួមូនអាដឺឡាស់ហ្កាយ៉ុម (Maumoon Abdul Gayoom )ដែលត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ហើយបានមកចូលរួមស្បថចូលកាន់តំណែងរបស់លោកសូលីស ពួកគាត់ទាំងពីរបាន ថ្កោលទោសប្រធានាធិបតីចាញ់ឆ្នោត អាឌុលឡាយ៉ាមេន ដែលបានចាប់ឃុំខ្លួនពួកគាត់ដាក់គុក។ ដោយសារមើលឃើញភាពអយុត្តិធម៌ ប្រធានាធិបតី សូលីស បានប្រកាសថានឹងសើរើប្រព័ន្ធយុត្តិធម៌របស់ប្រទេសឡើងវិញ។ លោកប្រកាសថាអ្នកទោសនយោបាយទាំងអស់នឹងត្រូវបានដោះលែងឆាប់ៗនេះ៕

 

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អាមេរិកនឹងចំណាយថវិកាពាន់លានដុល្លារជួយពលរដ្ឋម៉ិចស៊ីកូមានមុខរបរក្នុងប្រទេស

សហរដ្ឋអាមេរិកកំពុងតែពិនិត្យការប្ដេជ្ញារបស់ខ្ល[...]

នាយករដ្ឋមន្ត្រីប៊ែលហ្សិក​ថ្វាយសុំព្រះមហាក្សត្ររាជានុញ្ញតឱ្យខ្លួនលាលែងពីតំណែង

នាយករដ្ឋមន្ត្រីនៃប្រទេសប៊ែលហ្សិក លោក Charles [...]

ស្ត្រីនាយករដ្ឋមន្ត្រីបង់ក្លាដេសសន្យាបង្កើនបា្រក់ចំណូលជាតិខ្ពស់ថែមទៀតបើឈ្នះការបោះឆ្នោតជាថ្មីទៀត

លោកស្រី Sheikh Hasina ប្រធានគណបក្សសម្ព័ន្ធអាវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត