en     km
en     km

ប្រតិកម្មអន្តរជាតិបន្តធ្លាក់ខណៈរដ្ឋសភាពិនិត្យមើលវិសោធនកម្មច្បាប់រំលាយបក្សប្រឆាំង

Share

ភ្នំពេញ៖ស្ថានទូតអូស្ត្រាលីនៅកម្ពុជានិងក្រសួងការបរទេសអ៊ីតាលីបានប្រតិកម្មចំពោះរដ្ឋាភិបាលកម្ពុជាប៉ុនប៉ងរំលាយ​គណបក្សប្រឆំាងធំ​ជាង​គេ។​ប្រតិកម្មនេះកើតឡើងស្រប​ពេល​​​គណៈ​កម្មាធិការអចិន្រ្តៃរដ្ឋសភា​ពិនិត្យមើលវិសោធន​កម្មច្បាប់​រំលាយ​​​​​គណ​បក្ស​ប្រឆំាង។

​សេចក្ដីថ្លែងការណ៍របស់ស្ថានទូតអូស្ត្រាលីនិងក្រសួងការបរទេសអ៊ីតាលីធ្វើឡើងដាច់ដោយពីគ្នាបាន​ចេញ​ផ្សាយនៅថ្ងៃទី១១ ខែ​តុលា​នេះ​ដោយសម្តែងការព្រួយបារម្ភ​អំពីស្ថាន​ការណ៍​នយោ​បាយនៃ​ការប៉ុន​ប៉ង​រំលាយ​គណបក្ស​សង្រ្គោះជាតិដែលនំាឲ្យជះឥទ្ធិពលដល់ដំណើរ​ការ​បោះ​ឆ្នោត​ជាតិនៅឆ្នំា​២០១៨​ខាង​មុខ។

ជាមួយគ្នានេះ ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៤៨រូបបានដាក់​ញត្តិ​មួយ​ស្នើ​ទៅ​គណៈ​កម្មាធិការអចិន្ត្រៃរដ្ឋសភាធ្វើវិសោធនកម្ម​ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតំាង​តំណាង​រាស្រ្តនិង​ការបោះ​ឆ្នោត​ជ្រើសតំាងព្រឹទ្ធសភានិងច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានីខេត្ត ក្រុង ស្រុកខណ្ឌនិងការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំសង្កាត់។

ការវិសោធនកម្មច្បាប់ទំាងបួននេះ ដើម្បីបែកចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដោយតុលាការ​កំពូលទៅឲ្យគណបក្សនយោបាយផ្សេងទៀតតាមរូបមន្តសមាមាត្រ។

ក្នុងសេចក្តីថ្លែងការណ៍របស់ប្រទេសទាំង២នេះបញ្ជាក់ថាការឈានទៅរកការលុបចោលគណបក្សប្រឆំាងធំជាងគេគឺជាជំហានថយក្រោយនៃដំណើរការគោរពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលនំាឲ្យ​ជះ​ឥទ្ធិ​ពលដល់ដំណើរ​ការឆ្ពោះទៅរកការបោះឆ្នោតជាតិដោយសេរី យុត្តិ​ធម៌​និងតម្លាភាព​នៅ​ខែ​កក្កដា ឆ្នំា ២០១៨។

លោក Benedetto Della Vedova អនុរដ្ឋមន្រ្តីក្រសួងការ​បរទេស​អ៊ីតាលី​ទទួល​បន្ទុក​​កិច្ចកា​រ​ទ្វីបអាស៊ី បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរព​សិទ្ធិ​សេរីភាពសេរីភាព​ពលរដ្ឋ​និង​បញ្ឈប់ការធ្វើ​ទុក្ខ​បុកម្នេញគណបក្សប្រឆំាង ដើម្បីធានាការបោះ​ឆ្នោតត្រឹមត្រូវនិងយុត្តិធម៌។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។

ឆ្លើយតបទៅនិងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានអូស្ត្រាលីនិងក្រសួងការបរទេសអ៊ីតាលី លោក សុខ ឥសាន្ត អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាច្រាន់ចោលថាពុំមាន​ការប៉ុន​ប៉ង​​​រំលាយគណបក្សប្រឆំាងនោះទេ។

លោក សុខ ឥសាន្ត ពន្យល់ថា ការស្នើសុំរំលាយគណបក្សសង្រ្គោះជាតិដោយសារលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ប្រព្រឹត្តិអំពើក្បត់ជាតិ។

ប្រធានគណបក្សប្រឆំាងលោក កឹម សុខា កំពុងឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុងក្នុង​ខេត្ត​ត្បូង​ឃ្មុំ​​អស់រយៈពេលជាង១ខែមកហើយ ក្រោមបទចោទអំពើក្បត់ជាតិ។

នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងវេទិកាជួបជុំសំណេះសំណាលជាមួយកម្មកររោងចក្រ​កាលពីម្សិលមិញថាបើគណបក្សសង្រ្គោះជាតិត្រូវរំលាយគឺ អាសនៈទំាងអស់​នឹងចែក​ទៅ​គណ​បក្ស​នយោបាយ​ចំនួន​ប្រំាផ្សេងទៀត។

ចំពោះស្ថានទូតអូស្រ្តាលីប្រចំានៅកម្ពុជាលើកទឹកចិត្តដល់កម្ពុជាក្នុងការផ្តល់នូវបរិយាកាសអំណោយផលនិងប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនិងប្រមូលផ្តុំ។ស្ថានទូតអូស្រ្តាលីបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តរឹងមំាចំពោះលទ្ធិប្រជាធិបតេយ្យ​ពហុបក្សយ៉ាងច្បាស់លាស់តាមរយៈលទ្ធផលការបោះឆ្នោតឃុំ សង្កាត់កាល​ពី​ខែ​មិថុនា ឆ្នំា​២០១៧៕

Share

Image
Image
Image