loader

ប្រជាពលរដ្ឋខេត្តកំពង់ធំជាង៧០០គ្រួសារទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល

កំពង់ធំ៖ ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីចុងខែមករាឆ្នាំ២០១៩នេះ បានទទួលដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ជាដីដែលចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួច ឱ្យទទួល បានលទ្ធភាពរស់នៅកាន់តែសមរម្យ។

លោក កែវ សុខា រាយការណ៍លម្អិតពីព័ត៌មាននេះ

រាជរដ្ឋាភិបាលតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ (LASEDII) កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៩ កន្លងទៅ  បានធ្វើពិធីចាប់ឆ្នោតប្រគល់លេខដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្មដែលជា​ដី សម្បទាន​សង្គមកិច្ចរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋក្រីក្រ ដែលគ្មានដី ឬមានដីតិចតួចចំនួនជាង ​៧០០ ​គ្រួសារ ស្ថិតនៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ពិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាព លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំនៅក្នុងបរិវេណវត្តជ័យរតនៈរង្សី (ហៅវត្តក្របៅ)។

   គណៈអភិបាលខេត្តកំពង់ធំប្រជុំចែកដីសម្បទានសង្គមកិច្ចជូនពលរដ្ឋនៅក្នុងបរិវេណវត្តជ័យរតនៈរង្សី (ហៅវត្តក្របៅ)។រូបភាពNCDD

 

ប្រជាពលរដ្ឋដែល​បានចូលរួមក្នុងការចាប់ឆ្នោត​នាពេលនេះ ទទួលបានដីឡូតិ៍លំនៅឋានទំហំ ៣០ x ៤០ម៉ែត្រ និង ដី ឡូតិ៍​កសិកម្មទំហំ ២ហិកតា ក្នុងមួយគ្រួសារ។

ដីសម្បទានសង្គមកិច្ចនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំនេះ មានទំហំ ១៩៩២,៧៩ហិកតា ដោយ ធ្វើការ បែង ចែកជាដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ដីសម្រាប់តំបន់​រដ្ឋបាល ដីព្រៃសហគមន៍ ដីព្រៃជំនឿ និងអូរ ដីត្រពាំង ដីសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹក ​  ដីសម្រាប់​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ជាដើម។

បន្ទាប់ពីការចាប់ឆ្នោត សម្បទានិកឬអ្នកទទួលបានដីសម្បទានសង្គមកិច្ចនេះ នឹងចាប់ផ្តើមចូលតាំងទីលំនៅ លើដីនេះ ហើយតាមផែនការ គម្រោងនឹងផ្តល់ជូន​ប្រជាពលរដ្ឋនៅពេលចូល​តាំងទីលំនៅដំបូងនូវ​សម្ភារៈ​សម្រាប់​សាងសង់​លំនៅ​ឋានមួយចំនួន។ សម្ភារៈទាំងនោះរួមមាន ស័ង្កសី​ចំនួន ៤០សន្លឹក អំពូលពន្លឺ​ព្រះអាទិត្យឬអំពូលសូឡា តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ​ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករចំនួន ២០០​គីឡូក្រាម គ្រាប់ពូជបន្លែចំនួន ​០៦មុខ  ដើមឈើហូប​ផ្លែ​ចំនួន ០៥ប្រភេទក្នុងមួយគ្រួសារ គ្រាប់ពូជដំណាំគម្របដី កូនស្វាយចន្ធី និងជួយភ្ជួរដី​កសិកម្ម បន្ថែមទៀត។

                                                          សកម្មភាពប្រជាពលរដ្ឋចាប់ឆ្នោតទទួលដីរស់នៅ និងដីដាំដំណាំ។

 

ទន្ទឹមគ្នានេះ គម្រោងក៏នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុសិ៍សុខភាព អគារសហគមន៍ ផ្សារ សហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព ​និងផ្តល់នូវបច្ចេក​ទេស​ធ្វើកសិកម្ម ​ចិញ្ចឹមសត្វ ​​កែច្នៃ​ផលិតផលកសិកម្មផងដែរ។ លើសពីនេះ គម្រោងនឹងផ្តល់នូវទុនបង្វិលប្រមាណជា ២៨០$ ក្នុងមួយគ្រួសារ ដើម្បីពង្រីកមុខរបរ​ដាំដុះ និងចិញ្ចឹមសត្វ ហើយជារួមរាជរដ្ឋាភិបាលគ្រោងនឹងចំណាយ ទឹក ប្រាក់ប្រមាណជា ៤លាន​ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនបងប្អូនប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនេះ។

                                                សកម្មភាពចុះឈ្មោះពលរដ្ឋដែលបានទទួលដីសម្បទានពីអាជ្ញាធរ។រូបភាពNCDD

 

សូមបញ្ជាក់ថា គម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច​ជំហាន២ (LASED II) ត្រូវបាន​អនុវត្ត​បន្ត ពី គម្រោង LASED ជំហានសាកល្បង  ដោយ​ទទួលបានហិរញ្ញប្បទានសម្បទាន​ពីធនាគារ​ពិភពលោក និងការ​បដិភាគ​​ពី​រាជរដ្ឋាភិបាលកម្ពុជាក្នុងទឹកប្រាក់ប្រមាណ ២៦,៨៦លាន​ដុល្លារ​​អាមេរិក។ គម្រោងនេះត្រូវបានអនុវត្តចាប់ពីឆ្នាំ​២០១៦ រហូតដល់ ឆ្នាំ២០២១ និងត្រូវអនុវត្តនៅក្នុងទីតាំងដីសម្បទាន​សង្គមកិច្ច​ចំនួន ១៤កន្លែង ក្នុង​ស្រុក​ចំនួន០៧ ឃុំ​ចំនួន១២ នៃខេត្តគោលដៅចំនួន ៥រួមមាន៖ ខេត្តកំពង់ធំ ត្បូង​ឃ្មុំ កំពង់ឆ្នាំង ក្រចេះ និងខេត្តកំពង់ស្ពឺ ដែលមាន អ្នកទទួលផលសរុប​ចំនួន ៥ ១៤១​គ្រួសារ ប្រជាពលរដ្ឋ​សរុប​ចំនួន ២៥ ២៦០នាក់ លើ​ផ្ទៃ​ដីចំ​នួន​១៧ ០៤២,៨០​ហិក​តា៕

ប្រភពព័ត៌មានពី NCDD

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងមហាផ្ទៃ ណែនាំការស្នើសុំសិទ្ធិធ្វើនយោបាយ ខណៈអ្នកវិភាគថារឹតតែបង្ហាញចរិតបំបែកបំបាក់

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំសម្រាប់អ្នកដ[...]

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស១៣នាក់ក្នុងឆ្នាំ២០១៨ធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងន[...]

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

នាយករដ្ឋមន្រ្ដី៖ ២០២៥ជាអាណត្តិកំណត់កម្ពុជាគ្មានមីន

ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថា កម្ពុជាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត