en     km
en     km

បទវិភាគ៖ វិស័យសំណង់កម្ពុជារីកដូចផ្សិត តែកម្មការិនីសំណង់ខ្វះការគាំពារ

Share

ភ្នំពេញ៖ វិស័យសំណង់នៅកម្ពុជានារយៈពេលចុងក្រោយនេះ មានភាពរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីសេដ្ឋកិច្ចជាតិអាចរក្សាបានកំណើនក្នុងរង្វង់ ៧%ថេរ។ វិស័យមួយនេះក៏មានការរួមផងដែរពីកម្លាំងពលកម្មជាស្រ្តី។ ប៉ុន្តែកម្មការិនីក្នុងវិស័យនេះ ត្រូវបានមើលឃើញថា បានបាត់បង់សិទ្ធិជាច្រើន និងមិនសូវទទួលបានអត្ថប្រយោជន៍ និងការការពារដោយច្បាប់ស្តីពីការងារនោះទេ។

ដោយកង្វះការគាំពារពីរដ្ឋាភិបាល កម្មការិនីសំណង់ក៏បាត់បង់ផលប្រយោជន៍ជាច្រើន បើធៀបនឹងកម្មការិនីកាត់ដេរ។

តើនៅចំពោះមុខបញ្ហានេះ ភាគីពាក់ព័ន្ធ ពិសេសកម្មករសំណង់ខ្លួនឯងត្រូវធ្វើដូចម្តេច ដើម្បីទទួលបានការគាំពារ?

តទៅនេះសូមស្តាប់បទវិភាគដែលរៀបចំឡើងដោយលោក កែវ សុខា ដូចតទៅ!

             កម្មករសំណង់ស្រ្តីកំពុងធ្វើការនៅការដ្ឋានសំណង់មួយនៅភ្នំពេញ។រូបភាពពីអង្គការឃែរកម្ពុជា

របាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី(ADB) និងធនគារពិភពលោក(World Bank)បានព្យាករណ៍ថា សេដ្ឋកម្ពុជាមានការកើនឡើងថេរក្នុងរង្វង់ ៧% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិស័យសំណង់ត្រូវបានគេចាត់ទុកថា ជាខឿនមួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនេះ បន្ទាប់ពីវិស័យកាត់ដេរសម្លៀកបំពាក់។

ពីមួយឆ្នាំទៅមួយឆ្នាំសំណង់អាគារ ខុនដូ ផ្សារទំនើប ផ្ទះល្វែង និងសំណង់ធំៗបានរីកដុះដាលដូចផ្សិត។ បើគេរម្លឹករឿងសំណង់ គេអាចគិតឃើញភ្លាមថា ការងារនេះត្រូវប្រើកម្លាំងជាបុរសៗដែលមានកាយសម្បទារឹងមាំដើម្បីដំណើរការសាងសង់។ ប៉ុន្តែ នៅរយៈពេលចុងក្រោយនេះ ស្ទើរតែគ្រប់ការដ្ឋានសំណង់នីមួយៗក្នុងប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ បានបង្កប់នូវកម្លាំងពលកម្មជាស្រ្តីមួយចំណែក។

បញ្ហាជីវភាពគ្រួសារ ការដាំដុះមិនសូវទទួលផល ខណះតម្លៃកសិផលគ្មានការពារច្បាស់លាស់ពីថ្នាក់ដឹកនាំ ។កត្តាទាំងអស់នេះ បានបង្ខំស្រ្តីមួយចំនួន សម្រេចចិត្តបោះបង់ស្រែចំការ មកធ្វើការងារជាកម្មករសំណង់ជាមួយស្វាមី និងសាច់ញាតិបងប្អូននៅទីក្រុង។

ការងារសំណង់ជាប្រភេទការងារប្រើកម្លាំងខ្លាំង និងប្រឈមមុខដោយគ្រោះថ្នាក់។ នៅតាមការដ្ឋានសំណង់ គេសង្កេតឃើញ បុរសជាអ្នកធ្វើការនៅទីខ្ពស់ៗ ដែលប្រឈមគ្រោះថ្នាក់ជាងកម្មករជាស្រ្តី។ ត្បិតថាកម្មការិនីមិនសូវធ្វើការធ្ងន់ៗដូចបុរសក្តី តែមិនមែនមានន័យថា កម្មការិនីសំណង់មិនមានបញ្ហាប្រឈមនោះទេ។

តើស្រ្តីដែលកំពុងហក់ប្រលូកចូលក្នុងវិស័យសំណង់ប្រឈមនឹងបញ្ហាអ្វីខ្លះក្នុងពេលបំពេញការងារ? តើពួកគាត់ត្រូវបានច្បាប់គាំពារកម្រិតណា?

កម្មករមិនថាជាបុរស ឬស្រ្តីនោះទេ ពួកគេតែងប្រឈមនឹងគ្រោះថ្នាក់ក្នុងពេលបំពេញការងារ។ តាមព័ត៌មានចេញផ្សាយជារឿយៗកម្មករសំណង់តែងជួបគ្រោះថ្នាក់ការងារ ដោយករណីខ្លះមានរហូតបាត់ បង់ជីវិតក៏មាន។

កម្មករសំណង់ភាគច្រើនមិនមានសម្ភារៈការពារសុវត្ថិភាពគ្រប់គ្រាន់នោះទេ ពេលបំពេញការងារ។ តាមការឱ្យដឹងពីកម្មការិនីសំណង់ម្នាក់ ដែលសុំលាក់អត្តសញ្ញាណបានប្រាប់វិទ្យុស្រ្តីថា សម្ភារៈការពារសុវត្ថិភាពមួយចំនួនដូចជា មួក ស្បែកជើង ស្រោមដៃ អាវ និងវ៉ែនតាការពារជាដើម កម្មករមិនសូវទទួលបានគ្រប់គ្រាន់ពីក្រុមហ៊ុនឡើយ។បើក្រុមហ៊ុនផ្តល់ឱ្យ ក៏ជាថ្នូរនឹងការកាត់ប្រាក់ខែមួយចំនួនដែរ។

ដំណើរការសាងសង់ដែលមិនមានសម្ភារៈការពារសុវត្ថិភាពគ្រប់គ្រាន់ កម្មករអាចប្រឈមមុខនឹងហានីភ័យនៃគ្រោះថ្នាក់ការងារខ្លាំងណាស់។ កម្មករក្នុងវិស័យសំណង់ ក៏មិនបានទទួលប្រាក់បេឡារបបសន្តិសុខសង្គមដែរ ពេលគ្រោះថ្នាក់ការងារ។ ពេលគ្រោះថ្នាក់ការងារ ពួកគេមិនត្រឹមតែមិនទទួលបានសំណងព្យាបាលនោះទេ កម្មករក៏ត្រូវកាត់ប្រាក់ខែផងដែរព្រោះមិនបានបំពេញការងារ។ ការស្រាវជ្រាវដែលគាំទ្រដោយសហភាពអ៊ឺរ៉ុប បានឲ្យដឹងថា ស្ត្រី៩២ភាគរយ មិនទទួលបានការបង្ហាត់បង្រៀនទាក់ទិន ការធានាសុវត្ថិភាព ឬការហ្វឹកហាត់ដែលលើសពី ១ម៉ោងឡើយ។

ងាកមកប្រាក់បៀវត្សរ៍ ឬប្រាក់ប្រចាំថ្ងៃ

កម្មករក្នុងវិស័យសំណងវិញ គេសង្កេតឃើញថា កម្មករជាបុរសបានទទួលប្រាក់ច្រើនជាកម្មករជានារី។ បច្ចុប្បន្នកម្មករសំណង់ជាបុរសបានទទួលប្រាក់ចន្លោះពី ៣ម៉ឺនរៀលទៅ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។ ចំណែកកម្មការិនីវិញ ទទួលបានតែជាង ២ម៉ឺន ទៅ២ម៉ឺន ៥ពាន់រៀលតែប៉ុណ្ណោះ បើទោះបីការងារនោះដូចគ្នាក្តី។ ច្បាប់ស្តីពីការងារចែងថា ការងារដូចគ្នា ទទួលបានប្រាក់បៀវត្សដូចគ្នា តែថៅកែក្រុមហ៊ុន អ្នកម៉ៅការភាគច្រើនមិនបានផ្តល់ប្រាក់ឱ្យកម្មករស្រ្តីស្មើនឹងបុរសនោះទេ ដែលជាការរំលោភលើកច្បាប់ការងារ។ ថៅកែមួយចំនួនយកលេសថា កម្មករបុរស មានជំនាញជាង ហ៊ានធ្វើការងារនៅទីខ្ពស់ ប្រឈមមុខគ្រោះថ្នាក់ជាងកម្មករស្រ្តី។

ឱកាសការងារវិញ

កម្មករស្រ្តីមិនសូវទទួលបានឱកាសការងារដូចបុរសនោះ បើទោះបីជាស្រ្តីមានជំនាញក៏ដោយ។ ហើយស្រ្តីជាកម្មករសំណង់ ក៏ងាយនឹងបានបង់ការងារផងដែរ ប្រសិនបើថៅកែ និងមេការដឹងថា កម្មការិនីនោះមានផ្ទៃពោះ។

កម្មការិនីសំណង់ មិនទទួលបានការសម្រាកមាតុភាពរយៈពេល ៩០ថ្ងៃ ជាមួយនឹងប្រាក់ឈ្នួល ៥០% ដូចដែលច្បាប់បានចែងនោះដែរ។

កម្មករក្នុងវិស័យកាតដេរ

ក្រឡេកមើលកម្មករក្នុងវិស័យកាត់ដេរវិញ ពួកគេទទួលបានការគាំពារល្អប្រសើរជាងកម្មករសំណង់។ កម្មករកាត់ដេរទទួលបានការគាំពារដោយច្បាប់ល្អប្រសើរជាង។ ពួកគេក៏ទទួលបានប្រាក់របបសន្តិសុខសង្គមផងដែរ។ ជាមួយគ្នានេះកម្មករកាត់ដេរក៏ទទួលបានច្បាប់ឈប់សម្រាកមាតុភាពបានពេញលេញ និងប្រាក់ឧបត្ថម្ភពិសេសពេលឆ្លងទន្លេ ដែលនាយករដ្ឋមន្រ្តីទើបបានលើកទឹកចិត្តនាពេលថ្មីនេះៗ ។

កម្មករកាត់ដេរមានសិទ្ធិបង្កើតសហជីពដើម្បីការពារផលប្រយោជន៍ដល់ពួកគេ ពេលថៅកែគេងប្រវ័ញ្ចលក្ខខណ្ឌការងារ។ ពួកគេអាចទទួលបានប្រាក់ឧបត្ថម្ភពិសេស និងប្រាក់បុរេប្រទានពីរោងចក្រពេលបុណ្យប្រពៃណីជាតិធំៗ ជាមួយនឹងសុវត្ថិភាពការងារប្រសើរល្អ បើធៀបជាមួយកម្មករសំណង់។

បើក្រឡេកមើលលក្ខខណ្ឌទាំងប៉ុន្មានខាងលើ ដែលកម្មករកាត់ដេរទទួលបាន កម្មករ-កម្មការិនីក្នុងវិស័យសំណង់គឺបាត់បង់សិទ្ធិយ៉ាងច្រើន។ កម្មករ-កម្មការិនីសំណង់ នៅមិនទាន់ទទួលបានសិទ្ធស្មើគ្នាដូចដែលមានចែកក្នុងច្បាប់ស្តីពីការងារ អនុសញ្ញា ក៏ដូចជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្សនៅឡើយទេ។

សរុបជារួម បើទោះបីកម្មករ-កម្មការិនីសំណង់មានចំនួនតិចជាងកម្មករកាត់ដេរក្តី តែរដ្ឋាភិបាលតាមរយៈក្រសួងការងារជាសេនាធិការ ត្រូវយកចិត្តទុកដាក់បន្ថែម ដោយត្រូវអនុវត្តសិទ្ធិរបស់ពួកគេឱ្យស្មើៗគ្នាក្រោមដំបូងច្បាប់តែមួយ។ កម្មករសំណង់ខ្លួនឯងត្រូវស្វែងយល់ច្បាប់ស្ដីពីសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ដែលមានចែង ស្វះស្វែងប្រមូលគ្នាឡើង ដើម្បីបង្កើតជាសំឡេងមួយឈានទៅបង្កើតសហជីពការពារផលប្រយោជន៍ខ្លួនឡើងវិញ៕

 

Share

Image
Image
Image