loader

បទវិភាគ៖ វិស័យកាត់ដេរអាចឈរលើផ្លូវឃ្លេងឃ្លោង ប្រសិនអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ភ្នំពេញ៖ មន្រ្តីការទូតកម្ពុជាយល់ថា ខែកញ្ញា ឆ្នាំ ២០១៧ គឺជារយៈពេលតានតឹងបំផុតនៃទំនាក់ទំនងការទូតរវាងទីក្រុងភ្នំពេញ និងវ៉ាស៊ីនតោន បន្ទាប់ពីកំដៅនយោបាយក្នុងប្រទេសកម្ពុជាកាន់តែកើនកំដៅ ហើយពាក្យពេចន៍វាយប្រហារ ឌឺដង របស់ប្រមុខរដ្ឋាភិបាលកម្ពុជាចេះតែបន្តជា បន្តបន្ទាប់ទៅកាន់សហរដ្ឋអាមេរិក។ ស្របពេលនៃភាពតានតឹងនេះ មន្រ្តីនៃក្រសួងការបរទេសកម្ពុជាមួយរូប បានសម្តែងការព្រួយបារម្ភថា សហរដ្ឋអាមរិកនឹងបបួលសហភាពអឺរ៉ុប ផ្អាកកូតានាំចូលសម្លៀកបំពាក់ពីកម្ពុជា ដែលជាផ្នែកនៃទណ្ឌកម្មសេដ្ឋកិច្ច។

អ្នកជំនាញវិស័យសម្លៀកបំពាក់មានសុទិដ្ឋិនិយមថា ភាពតានតឹងផ្នែកការទូតរវាងកម្ពុជា-អាមេរិក និងកំដៅនយោបាយក្នុងស្រុកដែលកំពុងកើតមាន គឺមិនទាន់អាចឱ្យសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗមកកម្ពុជានោះទេ។ តែយ៉ាងណាអ្នកជំនាញយល់ថា កម្ពុជាគួរបន្ទន់ឥរិយាបថឡើងវិញ ពិសេសគឺមិនត្រូវបោះបង់ចោលមហាអំណាចណាមួយនោះឡើយ។

សូមនាងកញ្ញាលោកលោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបចំដោយលោក កែវ សុខា ដូចតទៅ!

                                    ​កម្មការិនីកំពុងដេរសំលៀកបំពាក់ក្នុងរោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេស។

វិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌស្បែកជើង ជាវិស័យស្នូរមួយរបស់កម្ពុជាដែលទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យទេសចរណ៍ សេវាកម្ម និងការនាំចេញស្រូវអង្ករ។ តាមរបាយការណ៍របស់បេឡារបបសន្តិសុខសង្គមបង្ហាញថា រោងចក្រកាត់ដេរនៅកម្ពុជាមានជាងមួយពាន់រោងចក្រ។ ចំណែកកម្មករ-កម្មការិនីបំរើការងារក្នុងវិស័យនេះ​មានជាង ៨០ ម៉ឺននាក់។

សហភាពអឺរ៉ុបជាទីផ្សារធំជាងគេដែលនាំសម្លៀកពីកម្ពុជា ដែលទំហំទឹកប្រាក់នាំចូលបានកើនឡើងជិត​ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ រីឯសហរដ្ឋអាមេរិកវិញ គឺជាទីផ្សារនាំចូលសម្លៀកបំពាក់កម្ពុជាធំទីពីរ មានទំហំទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ដែលរក្សាកំណើននាំចូលសម្លៀកបំពាក់ថេរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាការពិតសក្តានុពលនៃវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យស្រូវអង្ករ ជាកម្លាំងស្នូររុញឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាអាចរក្សាកំណើនថេរ ក្នុងកម្រិតរង្វង់ ៧% ជាប់ៗគ្នានារយៈពេលចុងក្រោយនេះ ហើយវិស័យធំៗទាំងនេះ គឺអាមេរិកនឹងសហភាពអឺរ៉ុបជាគោលដៅធំរបស់កម្ពុជា។ ហេតុដូចនេះហើយ កម្ពុជាគួររក្សាឱ្យបាននូវចំណងការទូត និងមិត្តភាពឱ្យបានល្អប្រសើរជាមួយបណ្តាលប្រទេសទាំងនេះ ដើម្បីដឹកសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចំរើនតទៅទៀត។

តែជាអកុសល នៅក្នុងខែកញ្ញា ឆ្នាំ២០១៧ នេះទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិកហាក់ជួបភាពល្អក់កកក់យ៉ាងខ្លាំង ដោយមន្រ្តីការទូតកម្ពុជាលើកឡើងថា ខែកញ្ញាជាខែ«យីអ៊ុនដាក់ អារក្សជាន់»តែម្តង។ ទំនាក់ទំនងដែលនៅតែបន្តតានតឹងនេះ​ គឺបន្ទាប់ពីកម្ពុជាបានសម្រេចបិទអង្គការ NDI របស់អាមេរិក បិទមិនឱ្យវិទ្យុក្នុងសុ្រកជួលម៉ោងផ្សាយដល់វិទ្យុអាស៊ីសេរី វិទ្យុ VOA និងវិទ្យុ VOD ដែលជាវិទ្យុផ្សព្វ​ផ្សាយព័ត៌មានរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាល ដោយគដឹងថាមានជំនួយពីសហរដ្ឋអាមេរិកនោះ។

ជាងនេះកម្ពុជាក៏បានផ្អាកកិច្ចព្រមព្រៀងជាមួយអាមេរិក ដែលធ្លាប់សន្យាទទួលយកជនធ្លាប់ប្រព្រឹត្តទោសក្នុងទឹកដីអាមេរិកជាជនជាតិកម្ពុជាមកប្រទេសកំណើតវិញ។ តែជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជានៅតែបន្តឌឺដងបន្ថែមទៀតដោយសម្តេច ហ៊ុន សែន ចង់ឱ្យអាមេរិកមកយកគ្រាប់គីមីពីរគ្រាប់របស់អាមេរិក ដែលទម្លាក់កាលសម័យសង្គ្រាមយកត្រឡប់ទៅវិញ។ សម្តេចតែងតែលើកឡើងថា អាមេរិកទម្លាក់គ្រាប់បំផ្លាញកម្ពុជាហើយ បែរជាមកទាមទារបំណុលកម្ពុជាថែមទៀត។

ជាការតបតសហរដ្ឋអាមេរិកបានសម្រេចផ្អាកទិដ្ឋការមន្រ្តីទូតកម្ពុជា មិនឱ្យឆ្លងចូលទឹកដីអាមេរិកនោះទេ។

សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា។ តើកម្ពុជាមានអ្វីខ្លះខណៈសេដ្ឋកិច្ចជាតិមួយផ្នែករបស់កម្ពុជា នៅពឹងផ្នែកនៃនាំទំនិញទៅអាមេរិកនោះ? ចុះបើសហរដ្ឋអាមេរិកពិតជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែននោះ តើកម្ពុជានឹងប្រឈមមុខបញ្ហាអ្វីខ្លះ?

ជាការកត់សម្គាល់ កាលពីថ្ងៃទី ២៧កញ្ញា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសលោក អ៊ុច បូរិទ្ ធបានបង្ហើបក្នុងសន្និសីទស្តីពី «សមិទ្ធផល ២៤ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»ថា រដ្ឋបាលលោក ដូ ណាល់ត្រាំ គ្រោងនឹងកាត់បន្ថយជំនួយអភិវឌ្ឍន៍ប្រមាណជា ៧០% សម្រាប់កម្ពុជា។

ចាប់តាំងពីឆ្នាំ ១៩៩២ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់រដ្ឋាភិបាលកម្ពុជា ជាង ១ ពាន់លានដុល្លារអាមេរិក តាមរយៈអង្គការទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ​ហៅកាត់ថា USAID ។ ជំនួយនោះបានបញ្ជូលក្នុងកម្មវិធីលើកកម្ពស់សុខភាព វិស័យអប់រំ និងការកែលម្អវិស័យ កសិកម្ម ការការពារបរិស្ថាន និងសិទ្ធមនុស្ស។

ប៉ុន្តែជំនួយរបស់អាមេរិកនេះ ត្រូវបានមន្រ្តីការទូតកម្ពុជាយល់ថា មិនមានអត្តប្រយោជន៍ប៉ុន្មាននោះទេ បើទោះបីអាមេរិកកាត់ជំនួយអភិវឌ្ឍន៍ទាំងនោះក៏មិនមានជាបញ្ហានោះទេ ដោយកម្ពុជាអាចរស់ដោយខ្លួនឯងបាន។

                                    ​​កម្មការិនីកំពុងដេរសំលៀកបំពាក់ក្នុងរោងចក្រមួយនៅតំបន់សេដ្ឋកិច្ចពិសេស។

បើទោះបីជាកម្ពុជាអះអាងថា អាចរស់មិនចំបាច់ជំនួយរបស់សហរដ្ឋអាមេរិកក្តី តែមន្រ្តីទូតកម្ពុជាក៏សម្តែងក្តីព្រួយបារម្ភផង ដែរ នូវសរសៃឈាមសេដ្ឋកិច្ចមួយនោះគឺ វិស័យកាត់ដេរវាយនភ័ណ្ឌស្បែកជើង ដែលខ្លាចសហរដ្ឋអាមេរិកបិទការនាំចូលទៅកាន់ប្រទេសរបស់គេ ប្រសិនចំណងមិត្តភាពពិតជាត្រូវកាត់ផ្តាច់មែននោះ។ រឹតតែព្រួយបារម្ភជាងនេះទៀតនោះ មន្រ្តីការទូតលើកឡើងថា អា​មេរិកគឺច្បាស់ជាបបួលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ តាមរយៈការមិនទិញទំនិញរបស់កម្ពុជា។

ប្រសិនបើអាមេរិកពិតជាមិនអនុញ្ញាត ឬមិនបន្តការធ្វើពាណិជ្ជកម្ពុជាមួយកម្ពុជាមែននោះ លោក អាត់ ធន់  ប្រធាន​​សម្ព័ន្ធ​​សហជីព​​ប្រជាធិបតេយ្យ​​កម្មករ​​កាត់​ដេរ​​កម្ពុជា មើលឃើញថា កម្លាំងការងារក្នុងស្រុកនឹងមានបញ្ហាអត់ការងារធ្វើមិនខាន។

បញ្ហាសង្គម ដែលកើតចេញពីវិបត្តិពលរដ្ឋអត់ការងារធ្វើនឹងបង្កបញ្ហាចាក់ស្រែះ ដល់រដ្ឋាភិបាលពុំខាន។ ពលរដ្ឋនឹងបង្ខំចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ការកេងប្រវ័ញ្ចពលកម្មការងារ ការជួញដូរមនុស្សអាចកើតឡើងយ៉ាងប្រាកដ។ ពេលនោះហើយគឺពលរដ្ឋ ពិសេសកម្មករ នឹងក្រោកឈរតវ៉ា ឬធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអត់ការងារធ្វើរបស់ពួកគេ។

ជាការពិត មានមតិមួយចំនួនលើកឡើងថា ប្រសិនកម្ពុជាដោះដៃលែងពឹងពាក់សហរដ្ឋអាមេរិក គឺកម្ពុជាអាចឈោងចាប់ចិនទាំងស្រុងបាន ពោលគឺទំនិញ និងផលិតផលសម្លៀកបំពាក់គឺនាំចូលប្រទេសចិន។ យ៉ាងណាលោក​ អាត់ ធន់ យល់ថា ចិនមិនអាចនាំសម្លៀកបំពាក់ពីកម្ពុជាបានច្រើននោះទេ ខណៈប្រទេសនេះក៏កំពុងប្រកួតប្រជែងលើការផលិតសម្លៀកបំពាក់ដែរនោះ។ រឹតតែមិនអាចទៀតនោះ គឺកម្ពុជាមិនអាចពឹងលើចំណូលនៃការនាំចេញស្រូវអង្ករ និងរ៉ែផ្សេងៗដែលនាំទៅចិន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិបាននោះទេ។

កម្ពុជាត្រូវថ្លឹងថ្លែងឱ្យបានច្បាស់លាស់ ជំវិញជំហរការទូតរវាងកម្ពុជា និងអាមេរិកឡើងវិញ ដោយមិនត្រូវបោះបង់ចោលសហរដ្ឋអាមេរិក ហើយឈោងចាប់ចិនជាខ្នងបង្អែកតែមួយនោះទេ។

បើទោះបីជាមានការមើលឃើញថា ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាចដាក់លើកម្ពុជាគឺនៅលើផ្លូវមួយដ៏វែងឆ្ងាយក្តី តែប្រសិនបើភាពតានតឹងនៃសម្ព័ន្ធភាពកម្ពុជា-អាមេរិក ចេះតែបន្តនោះ គេមិនអាចកាត់ស្មានទេថា សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ដូ ណាល់ត្រាំ អាចនឹងស្នើឱ្យសភារបស់ខ្លួនសម្រេចបិទកូតានាំចូលសម្លៀកបំពាក់ពីកម្ពុជាមែនឬយ៉ាងណានោះ។

ដូចនេះ ដើម្បីឱ្យវិស័យកាត់ដេរសម្លៀកបំពាក់ ដែលបច្ចុប្បន្នពឹងផ្នែកលើទីផ្សារអឺរ៉ុប និងអាមេរិកជាធំត្រូវជួបភាព ឃ្លេងឃ្លោងនោះ កម្ពុជាត្រូវបន្ទន់ឥរិយាបថទន់ភ្លន់ជាងនេះ ហើយស្វែងរកដោះស្រាយជាកញ្ចប់ជាមួយអាមេរិក ដូចដែលសម្តេចនាយករដ្ឋមន្រ្តីធ្លាប់បានលើកឡើងនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

បទសម្ភាសន៍៖ GMAC រំពឹងថាផលិតផលស្បែកជើងកម្ពុជានឹងទទួលបានការលើកលែងពន្ធនាំចូលទៅអាមេរិក

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រ[...]

ពលករកម្ពុជាម្នាក់ៗផ្ញើប្រាក់មកស្រុកកំណើតជាមធ្យម១០០ដុល្លារក្នុងមួយខែ

ពលករចំណាកស្រុកកម្ពុជាម្នាក់បានផ្ញើប្រាក់មកស្រ[...]

តើកម្ពុជាមានសក្តានុពលសេដ្ឋកិច្ចយ៉ាងណា ដែលចិនមកវិនិយោគ

ចិនជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត