loader

បទវិភាគ៖ មេដឹកនាំ និងពលរដ្ឋ ចាប់ផ្តើមសាចទឹកដាក់គ្នារឿងបន្លែគីមី

ភ្នំពេញ៖ កម្ពុជាថ្វីត្បិតតែមាននាមថា ជាប្រទេសមានសក្តានុពលលើវិស័យកសិកម្ម ហើយពលរដ្ឋប្រមាណ ៧០% ជាប្រជាកសិករ ប៉ុន្តែ បន្លែផ្លែឈើត្រីសាច់មួយចំនួនដែលកំពុងដាក់លក់លើទីផ្សារសព្វថ្ងៃ គេដឹងថា បាននាំចូលពីបរទេសជិតខាង។ ការហូរចូលបន្លែផ្លែឈើត្រីសាច់ពីប្រទេសជិតខាង បាននាំមកនូវផលិតផលកសិកម្មដែលមានផ្ទុកសារជាតិគីមីមកជាមួយ។ បញ្ហាសុវត្ថិភាពចំណីអាហារនេះ ប្រជាពលរដ្ឋតែងត្អូញត្អែរដាក់ថ្នាក់ដឹកនាំថា ខ្វះយន្តការទប់ស្កាត់ការដាំដុះ និងការនាំចូលផលិតផលកសិកម្មគីមី តែផ្ទុយទៅវិញមេដឹកនាំបន្ទោសពលរដ្ឋវិញថា ដោយសារតែមានទិញបន្លែផ្លែឈើគីមីបរិភោគទើបមានអ្នកលក់។

​នេះជាការសាចទឹកដាក់គ្នារវាងពលរដ្ឋនិងថ្នាក់ដឹកនាំ ដែលអ្នកជំនាញយល់ថា មិនបាននាំមកនូវដំណោះស្រាយអ្វីទេ។

តទៅនេះសូមស្តាប់បទយកការណ៍ដែលរៀបរៀងដោយលោក កែវ សុខា!

                                                                  ស្រ្តីអ្នកលក់បន្លែនៅផ្សារមួយក្នុងក្រុងភ្នំពេញ។

កម្ពុជាជាប្រទេសមួយមានភូមិសាស្រ្តស្ថិតនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ ដែលមានប្រជាពលរដ្ឋប្រមាណជាង ១៥លាននាក់។ កម្ពុជាក៏ស្ថិតនៅតំបន់ដែលមានអាកាសធាតុត្រូពិចក្តៅហើយសើម ដែលនេះជាកត្តាអំណោយទានដល់វិស័យកសិកម្មយ៉ាងសម្បើម។

ប៉ុន្តែវិស័យកសិកម្មដែលកម្ពុជាមានសក្តានុពល ហើយអាចនាំចេញទៅក្រៅប្រទេស គឺមានតែស្រូវអង្ករ កៅស៊ូ ពោត ម្រេច ដំឡូងមី តែប៉ុន្មានមុខតែប៉ុណ្ណោះ។ ដោយឡែក ផលិតផលកសិកម្មសម្រាប់ៗបំរើការដល់ការទទួលទានប្រចាំថ្ងៃរបស់ប្រជាជន មានត្រីសាច់ បន្លែផ្លែឈើ កម្ពុជាពុំទាន់អាចដាំដុះផ្គត់ផ្គង់ឆ្លើយតបតាមតម្រូវការរបស់ពលរដ្ឋក្នុងស្រុកបាននៅឡើយនោះទេ។ បញ្ហានេះជាប្រការមួយ នាំឱ្យកម្ពុជាបង្ខំចិត្តនាំយកនូវបន្លែផ្លែឈើត្រីសាច់ពីបរទេស ពិសេសប្រទេសក្បែរខាងកម្ពុជាមកបំពេញសេចក្តីត្រូវរបស់ពលរដ្ឋ។

ក្នុងឆ្នាំ ២០១៦ កម្ពុជាបាននាំចូលបន្លែស្រស់ៗប្រហែល ១ សែនតោនក្នុងមួយឆ្នាំពីប្រទេសវៀតណាម ឡាវនិងថៃ ដែលគិតជាទឹកប្រាក់ប្រមាណ ២០០ លានដុល្លារ។ និយាយដោយឡែកតែប្រទេសវៀតណាម កម្ពុជាបាននាំបន្លែស្រស់ពីប្រទេសនេះ ចាប់តាំងពីឆ្នាំ ២០០៩  ដោយបរិមាណនាំចូលបានកើនឡើងពី ២០០ តោនក្នុងមួយថ្ងៃ ឈានដល់ជាង ៣០០ តោននាពេលបច្ចុប្បន្ននេះ។

ការហូរចូលនូវបន្លែផ្លែឈើពីបរទេស បាននាំមកនូវបន្លែផ្លែឈើដែលមានផ្ទុកទៅដោយសារជាតិគីមីមកជាមួយ។ បន្លែវៀត ណាមធ្លាប់ត្រូវបានសហគមន៍អឺរ៉ុបផ្អាកមិនឱ្យមានការនាំចូលទៅកាន់ទីផ្សារអឺរ៉ុប ព្រោះពិនិត្យឃើញថា មានផ្ទុកទៅដោយសារជាតិគីមី។ អភព្វតែកម្ពុជា បន្លែផ្លែឈើវៀតណាមដែលសម្បូរទៅដោយសារជាតិគីមី អាចចរាចរលក់នៅលើទីផ្សារកម្ពុជាបានដោយសេរីទៅវិញ។ នេះទំនងដោយហេតុថា មន្រ្តីកាំកុងត្រូលមានការឆកល្វែងក្នុងការត្រួតពិនិត្យឱ្យម៉ត់ចត់ ឬអាចមកពីបញ្ហាសំណូកផ្សេងៗ។

                                                       ​​បន្លែដែលតាំងលក់នៅផ្សារមួយនៅភ្នំពេញ។

ជាការពិតការបរិភោគបន្លែផ្លែឈើដែលមានផ្ទុកដោយសារជាតិគីមី គឺបណ្តាយឱ្យប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងខ្លាំង។ អ្នកទទួលអាចប្រតិកម្មភ្លាមៗដោយមានអាការៈក្អួតចង្អោរ រាករុស អស់កម្លាំងជាដើម។ ធ្ងន់ធ្ងរជាងនេះ អ្នកបរិភោគបន្លែផ្លែឈើគីមី អាចឈានដល់គ្រោះថ្នាក់បាត់បង់ជីវិតបាន។

យោងតាមរបាយការណ៍ចេញផ្សាយកាលពីឆ្នាំ ២០១៥ របស់អង្គការ​សុខភាព​ពិភព​លោក (WHO) បានរកឃើញថា ប្រជាជនតំបន់អាស៊ីមានកម្ពុជា វៀតណាម ថៃ ភូមា ឡាវ និងចិន ​គឺ​មនុស្ស​ម្នាក់​​​ក្នុង​ចំណោម​ប្រជាជន ១០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺបណ្ដាល​មក​ពី​ការ​បរិភោគ​អាហារ​ផ្ទុក​សារ​ធាតុ​ពុល។ ក្នុងឆ្នាំដដែលនោះ យ៉ាងហោចណាស់មនុស្ស ៤២​ម៉ឺន​នាក់បាន​ស្លាប់ ពាក់​ព័ន្ធ​នឹង​ការ​បរិភោគ​អាហារ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​ពុល ឬសារជាតិគីមី។

ដោយឡែកកម្ពុជា ធ្លាប់មានផ្ទុះឡើងករណីពុលនំបុ័ងដាក់សាច់លើពលរដ្ឋខេត្តសៀមរាបប្រមាណ ៥០នាក់ ដោយក្រុមគ្រូពេទ្យរកឃើញថា ត្រសក់ និងជ្រក់ក្នុងនំបុ័ងនោះមានផ្ទុកសារជាតិគីមី ដែលមិនទាន់សម្អាតឱ្យបានស្អាតល្អ។

ជុំវិញបញ្ហាបន្លែផ្លែឈើផ្ទុកសារជាតិគីមីនេះ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកយកបញ្ហានេះមកបកស្រាយដែលជាប្រសាសន៍មួយធ្វើឡើងយ៉ាងកម្រពីសុវត្ថិភាពចំណីអាហាររបស់ពលរដ្ឋ។ ប្រសាសន៍របស់នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី០២ តុលា ហាក់ដាក់ការស្តីបន្ទោសចំពោះពលរដ្ឋខ្លួនឯង​ ដែលនៅតែបន្តគាំទ្រ និងទិញបន្លែគីមីមកទទួលទាន ហើយបែបមកត្អូញត្អែរដាក់រដ្ឋាភិបាលថាខ្វះយន្តការទប់ស្កាត់ទៅវិញ។

ប្រសាសន៍នាយករដ្ឋមន្រ្តី៖«ខ្ញុំសូមផ្តាំផ្ញើត្រលប់ទៅវិញថា សុំកុំទិញនូវអ្វីដែលមានជាតិគីមីវាចប់បាត់ទៅហើយ វានៅត្រង់កន្លែងហ្នឹង ដោយសារតែយើងសម្រុកទៅទិញអាជាតិគីមីហ្នឹង ដូច្នេះគេចេះតែលក់តទៅទៀតហើយ រួចហើយមកចោទតែរដ្ឋាភិបាល ហើយចុះអាខ្លួនឯងអ្នកទទួលទានមិនក៏មិនមើលផង ផ្តាំមករដ្ឋាភិបាលសុំហាមឃាត ចុះខ្លួនឯងមិនហាមឃាតខ្លួនឯងផង»។​

ប្រសាសន៍នាយករដ្ឋ​មន្រ្តី នៅចំពេលវត្តមានបន្លែផ្លែឈើបរទេសដ៏ច្រើនសន្ធឹកសន្ធាប់កំពុងចរាចរក្នុងទីផ្សារកម្ពុជាដែលនេះ អាចមានចំណុចវិជ្ជមានផង និងចំណុចអវិជ្ជមាន។ ចំណុចវិជ្ជមានត្រង់ថា អនុសាសន៍របស់ប្រមុខរដ្ឋាភិបាលនេះ គឺជាសារដាស់តឿទៅកាន់ពលរដ្ឋឱ្យបញ្ឈប់ការទិញបន្លែគីមីមកទទួលទាន។ ប្រសិនពលរដ្ឋពិតជាមានឆន្ទៈបញ្ឍប់ការទិញបន្លែគីមីមែន នោះអ្នកដាំដុះដែលតែងតែបាញ់ថ្នាំគីមី និងអ្នកនាំចូលបន្លែគីមី នឹងឈប់ដាំដុះ និងនាំចូលបន្លែគីមីដោយខ្លួនឯងមិនខាន។ ចំណែកពលរដ្ឋ ក៏នឹងទទួលបានបន្លែផ្លែឈើធម្មតាត្រឡប់មកវិញ ដែលជាផ្នែកមួយជំនួយដល់សុខភាព។ ចំណុចវិជ្ជមានមួយទៀតនោះ អ្នកដែលបានវិនិយោគលើការដាំដុះបន្លែផ្លែឈើសរីរាង្គ នឹងមានទឹកមាត់លេប ហើយពង្រីកការដាំដុះជាក់ជាពុំខាន។

ប៉ុន្តែនៅចំពោះមុខអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលនេះ មានការចោទសួរថា ភ្លាមៗនៃការផ្លាស់ប្តូរឥរិយាបថនេះ ។តើពលរដ្ឋអាចធ្វើបានឬទេ ខណៈរបាយការណ៍នៃការផ្គត់ផ្គង់បន្លែក្នុងស្រុកមានបរិមាណត្រឹមតែ៤០% ទៅ៦០%នៃតម្រូវការរបស់ពលរដ្ឋនោះ?

ពិតណាស់​ ពលរដ្ឋកម្ពុជាក្នុងកាលៈទេសៈនេះ នៅមិនទាន់អាចងាកខ្លួនបានភ្លាមៗនោះទេ ពីការទទួលយកបន្លែផ្លែឈើបរទេសទៅបរិភោគ។ ដូចរបាយការណ៍ដែលបានលើកឡើងខាងលើ កម្ពុជាពិតជាត្រូវការចាំបាច់នូវបន្លែផ្លែឈើត្រីសាច់ពីបរទេសមួយចំណែកធំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។  

បញ្ហាអ្នកដាំដុះ និងអ្នកវិនិយោគលើបន្លែធម្មជាតិក្នុងស្រុកនៅមានចំនួនតិចតួច តម្លៃនៃបន្លែសរីរាង្គមានតម្លៃថ្លៃ ដែលកត្តានេះជាបញ្ហាមួយធ្វើឱ្យពលរដ្ឋក្រីក្រ និងអ្នកមានជីវភាពមធ្យមពិតជាពិបាកទទួលយកបន្លែធម្មជាតិមកបរិភោគខ្លាំងណាស់ ទោះបីដឹងថា បន្លែសរីរាង្គជួយដល់សុខភាព ហើយបន្លែគីមីប៉ះពាល់សុខភាពក៏ដោយចុះ។

                                                                               ​​អ្នកដាំបន្លែនៅជនបទ។

តាមរបាយការណ៍ឆ្នាំ២០១៦ របស់ធនាគារពិភពលោកឱ្យដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋកម្ពុជាម្នាក់ក្នុងមួយឆាំ្នៗ ឬហៅកាត់ថា GDP  មានចំនួន១២៦៥ដុល្លារអាមេរិក។ បើគិតជាចំណូលប្រចាំថ្ងៃវិញពលរដ្ឋកម្ពុជាអាចរកបានប្រាក់ជាមធ្យមត្រឹមតែ ៣ដុល្លារ ទៅ ៤ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រាក់ចំណូលដ៏តិចតួចស្តួចស្តើងនេះ ពិតណាស់ពលរដ្ឋពិតជានៅតែត្រូវការបន្លែបរទេសបរិភោគដដែរ​ ព្រោះវាសមស្របនឹងចំណូលដែលពួកគេរកបាន។ កត្តាជីវភាព និងការផ្គត់ផ្គង់ក្នុងស្រុកនៅខ្វះខានពលរដ្ឋពិតជាគ្មានជម្រើសអ្វីក្រៅពីទិញបន្លែបាញ់ថ្នាំគីមីទទួលទាន ដោយអាចគ្រាន់តែលាងសម្អាតឱ្យបានស្អាតតែប៉ុណ្ណោះ។

ពលរដ្ឋក៏មិនមានលទ្ធភាពច្បាស់លាស់ផងដែរក្នុងការបែកចែកបន្លែណាជាបន្លែគីមី និងមិនមានសារជាតិគីមី។ រឹតតែពិបាកជាជាងនេះ ពលរដ្ឋគ្មានអ្វីក្រៅពីអំពាវនាវឱ្យរដ្ឋាភិបាលទប់ស្កាត់ការនាំចូលកសិផលគីមីនោះទេ។

ដូច្នេះ យើងអាចឆ្លុះបញ្ចាំងឱ្យឃើញពីប្រសាសន៍របស់នាយករដ្ឋមន្រ្តី និងទិដ្ឋភាពជាក់ស្តែងនៃវិបត្តបន្លែគីមីវិញថា  ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល គឺមិនមែនជាដំណោះស្រាយល្អនោះទេ ហើយការណ៍នេះ គឺគ្រាន់តែជាការសាចទឹកដាក់ពលរដ្ឋតែប៉ុណ្ណោះ។

បើទោះបីស្ថានភាពបន្លែផ្លែឈើកម្ពុជា ជួបវិបត្តិក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក ហើយប្រឈមមុខនឹងការហូរចូលផលិតផលកសិកម្មពីបរទេសក្តី ប៉ុន្តែកម្ពុជានៅតែអាចដោះស្រាយបាន ដោយឈរលើស្មារតីពិតប្រាកដនៃគោលនយោបាយកសិកម្មឡើងវិញ។

                                                                      ​អាជីវករកំពុងលក់បន្លែក្នុងផ្សារមួយ។

លោកបណ្ឌិត យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម និងសេដ្ឋកិច្ច ផ្តល់អនុសាសន៍ថា រដ្ឋាភិបាល ត្រូវជំរុញមន្រ្តីកសិកម្មរបស់ខ្លួនចុះធ្វើការងារឱ្យបានច្រើនជាងនេះ ដោយមន្រ្តីទាំងនោះត្រូវបណ្តុះបណ្តាលជំនាញបន្ថែមដល់កសិករពីវិធីសាស្រ្តដាំដុះដំណាំសរីរាង្គ និងបង្រៀនពីរបៀបផ្សាំភ្ជាប់ផលិតផលសរីរាង្គ មកលើទីផ្សារ។ រដ្ឋាភិបាលត្រូវបង្កើនការផលិតបន្លែធម្មជាតិ តាមរយៈការរៀបចំកម្មវិធីជាតិមួយគាំទ្រការផលិតដំណាំសរីរាង្គ។ ថ្នាក់ដឹកនាំពាក់ព័ន្ធត្រូវលើកទឹកចិត្តដល់អ្នកវិនិយោគ ដែលចង់រក ស៊ីលើដំណាំសរីរាង្គនេះ ដើម្បីបង្កើនការផលិតក្នុងស្រុកឱ្យបានច្រើន ឈានទៅជំនួយការនាំចូលបន្លែពីបរទេស។

ពាក្យស្លោកបុរាណមួយលើកឡើងថា «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ដំណាំបន្លែក៏មិនខុសពីស្រូវនោះទេ គឺត្រូវការទឹកស្រាចស្រពជាសំខាន់។ ដូចនេះ រដ្ឋាភិបាលត្រូវគិតគូរពីប្រព័ន្ធស្រោចស្រពឱ្យបានច្រើនដល់ពលរដ្ឋ តាមរយៈការជីកបន្ថែមនូវប្រព័ន្ធធារាស្រ្ត និងស្តារប្រឡាយនៅតំបន់ដែលមានការដាំដុះ។

រដ្ឋាភិបាលត្រូវរឹតបណ្តឹងវិធានការត្រួតពិនិត្យកសិផលគីមីតាមច្រកព្រំដែន និងនៅលើទីផ្សារឱ្យម៉ត់ចត់ ដាក់ទណ្ឌកម្មឱ្យបានតឹងរឹង ចំពោះផលិតផលគីមីទាំងនោះ កុំឱ្យអាចចរាចរលើទីផ្សារបាន។

មួយវិញទៀត ដើម្បីឱ្យផលិតផលកសិកម្មក្នុងស្រុកមានទីផ្សារ ពិសេសបន្លែសរីរាង្គអាចពង្រីកខ្លួនបាននោះ រដ្ឋាភិបាលត្រូវតែការពារការប្រជែករឿងតម្លៃជាមួយបន្លែបរទេស តាមរដ្ឋបិទការនាំចូលនូវមុខដំណាំណា ដែលកសិករក្នុងស្រុកកំពុងប្រមូលផលលក់។

ជារួមទៅថ្នាក់ដឹកនាំ និងពលរដ្ឋ ត្រូវបញ្ឈប់ការសាចទឹកដាក់គ្នារឿងបន្លែគីមីនេះ ដោយត្រូវចេះរកច្រកចេញទាំងអស់គ្នា ទើបអាចទប់ស្កាត់ការហូរចេញនូវប្រាក់របស់ប្រទេសជាតិ ដោយត្រូវចំណាយក្នុងការទិញបន្លែផ្លែឈើពីបរទេសនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

បទសម្ភាសន៍៖ GMAC រំពឹងថាផលិតផលស្បែកជើងកម្ពុជានឹងទទួលបានការលើកលែងពន្ធនាំចូលទៅអាមេរិក

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រ[...]

ពលករកម្ពុជាម្នាក់ៗផ្ញើប្រាក់មកស្រុកកំណើតជាមធ្យម១០០ដុល្លារក្នុងមួយខែ

ពលករចំណាកស្រុកកម្ពុជាម្នាក់បានផ្ញើប្រាក់មកស្រ[...]

តើកម្ពុជាមានសក្តានុពលសេដ្ឋកិច្ចយ៉ាងណា ដែលចិនមកវិនិយោគ

ចិនជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត