loader

បទវិភាគ៖ ជនជាតិកម្ពុជាជាច្រើនស្រែករកការផ្សះផ្សាជាតិ

ភ្នំពេញ៖ សង្រ្គាមពាក្យសម្ដីរវាងមេដឹកនាំគណបក្សកាន់អំណាច និងមេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយចេះតែកើតមានឡើងឥតឈប់ ។ ប្រជាជនធម្មតា មន្ត្រីក្រោមឱវាទនៃអតីតគណបក្សប្រឆាំង បង្ហាញចេតនាចង់ឱ្យមានការផ្សះផ្សា ខណៈមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចមួយចំនួនក៏ចង់ឃើញបែបនេះដែរ ។

លម្អិតដោយលោក សោម លាភ

 

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺឆ្នាំ២០១៨ និងឆ្នាំ ២០១៩ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងក្រោយការបោះឆ្នោតសភាជាតិនីតិកាលទី៦ ស្ថានភាពនៃការរួបរួមសាមគ្គីគ្នារវាងបក្សកាន់អំណាច និងអតីតគណបក្សប្រឆាំងដែលជាខ្មែរដូចគ្នាគឺស្មើនឹងសូន្យ ។  

សង្គ្រាមពាក្យសម្ដីវាយប្រហារគ្នាទៅវិញទៅមក រវាងលោក សម រង្ស៊ី ដែលត្រូវបានជ្រើសតាំងធ្វើជាប្រធានស្ដីអតីតគណបក្សសង្គ្រោះជាតិបណ្ដោះអាសន្ន អំឡុងពេលលោក កឹម សុខា មិនទាន់មានសេរីភាព ជាមួយសម្ដេច ហ៊ុន សែន ចេះតែបន្តកើតឡើងមិនឈប់ ។ ភាគច្រើន គេឃើញថាពាក្យសម្ដីវាយប្រហារគ្នានេះ កើតចេញពីលោក សម រង្ស៊ី ហើយក៏បង្កើតឱ្យនាយករដ្ឋមន្ត្រីកម្ពុជាទ្រាំមិនបានឆ្លើយតបទៅវិញ បើទោះបីជាខ្លួនប្រកាសម្ដងហើយម្ដងទៀតថា ឈប់ឆ្លើយឆ្លងជាមួយដៃគូរជើងចាស់នយោបាយប្រឆាំងក៏ដោយ ។

ជាទូទៅ គណបក្សប្រឆាំង តែងតែអះអាងថា  ការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ប្រធានគណបក្សនេះដាក់ពន្ធនាគារ ការហាមឃាត់សិទ្ធិធ្វើនយោបាយដល់មន្ត្រី១១៨ រូប ធ្វើឡើងមិនមែនតាមមូលដ្ឋាននៃផ្លូវច្បាប់នោះទេ ។ ជាងនេះ សហគមន៍អន្តរជាតិមួយចំនួន ក៏ថ្កោលទោសចំពោះករណីនេះដែរ ។ បើទោះបីជាបែបណាក៏ដោយ  មន្ត្រីរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បញ្ជាក់ពីជំហរបស់ខ្លួនម្ដងហើយម្ដងទៀតថា មិនយកចិត្តទុកដាក់ចំពោះសម្ដី ឬបញ្ហាដែលចោទឡើងដោយអតីតគណបក្សប្រឆាំងឡើយ ។ មន្ត្រីទាំងនោះតែងតែចំអកថា ជាសម្ដីក្រុមក្រៅស្រុក ដែលលក់ក្បាលឱ្យបរទេស មានដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ពោលគឺមិនធ្វើអ្វីដើម្បីបុព្វហេតុនៃជាតិកម្ពុជានោះទេ ។

ចូលដល់ចុងឆ្នាំ ២០១៨ និងឆ្នាំ​ ២០១៩ លោក សម រង្ស៊ី តែងតែថ្លែងក្នុងវេទិការដែលរៀបចំនៅបរទេស នៅចំពោះមុខអ្នកគាំទ្រ និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិថា ក្នុងឆ្នាំ ២០១៩ នេះ ខ្លួននឹងប្រមូលគ្នាចូលចាប់នាយករដ្ឋមន្ត្រីកម្ពុជា ដែលលោកតែងតែមានប្រសាសន៍ថា «មិនមែនមកកម្ពុជាឱ្យហ៊ុន សែន ចាប់ទេ តែមកកម្ពុជាដើម្បីចាប់ហ៊ុន សែនវិញ» ។ លោកអះអាងថា ប្រជាពលរដ្ឋរាប់សែននាក់ ដែលនឹងអមការធ្វើមាតុភូមិនិវត្តន៍របស់លោក រួមអន្តរជាតិមួយចំនួនផងដែរ ។  សម្ដេច ហ៊ុន សែន មិននៅស្ងាត់ស្ងៀមទេ ចំពោះសម្ដីលោក សម រង្ស៊ី ដែលអះអាងថាមកចាប់សម្ដេចទម្លាក់ចេញពីអំណាចបែបនេះនោះ ។ ជារឿយៗ សម្ដេចនាយករដ្ឋមន្ត្រីតែងតែប្រកាសយ៉ាងខ្លាំងជាការឆ្លើយតបនៅតាមវេទិការសាធារណៈ មិនថាជួបកម្មករកម្មការនី ឬពិធីប្រគល់សញ្ញាបត្រឱ្យនិស្សិត ។ ផែនការនៃចាប់លោក សម រង្ស៊ី យកមកអនុវត្តទោស ឬអាចឈានទៅដល់ការកម្ទេចក្រុមលោក សម រង្ស៊ី ដោយកងកម្លាំងទ័ពដែលមានតួនាទីការពារជាតិ ឬកាំភ្លើងធំ សម្ដេចថា ក៏បានត្រៀមរួចរាល់ហើយដែរ ទាំងនៅបណ្ដាអាកាសយានដ្ឋានអន្តរជាតិ និងតាមច្រកទា្វរព្រំដែន ។ មិនត្រឹមតែប៉ុណ្ណោះ ថ្លែងនៅប្រទេសជប៉ុន ដែលជាប្រទេសអភិវឌ្ឍន៍ខ្លាំង និងជាប្រទេសប្រជាធិបតេយ្យ នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំពីការប្រកាសធ្វើសង្រ្គាមជាមួយក្រុមលោក សម រង្ស៊ី ថែមទៀតផង ។

លោក សម រង្ស៊ី ជារឿយៗ​ ក៏តែងតែលាតត្រដាងអំពីអំពើល្មើសរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅពីក្រោយឃាតកម្មបុគ្គលសំខាន់ៗមួយចំនួន និងបង្ហាញជំហគាំទ្រសម្ដេច ស ខេង ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ហ៊ុន សែន ។ ចំពោះការប្រតិកម្មរបស់សម្ដេច ហ៊ុន សែន ទៅលោកសម រង្ស៊ី ត្រង់ករណីនេះ គឺសម្ដេច បានដៀលលោកប្រដូចទៅនឹងសត្វសុនខ និយាយគ្មានការពិត និងបបួលលោកស្បថឱ្យស្លាប់មួយពូជជាដើម ។

មកដល់ពេលនេះ បានកើតមានឡើងនូវព្រឹត្តិការណ៍សំខាន់មួយទៀតដែលគួរកត់សម្គាល់ ។ បន្ទាប់ពីមនុស្សរបស់អតីតគណបក្សសង្គ្រោះជាតិ ប្រកាសអំពីការបរិភោគនំបញ្ចុករួមគ្នានៅថ្ងៃទី ៩ មិថុនា ។ យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រីនៅក្នុងវេទិការសាធារណៈពោលគឺក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយថ្លែងអំពាវនាវឱ្យសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមបរិភោគនំបញ្ចុកទាំងអស់គ្នានៅថ្ងៃទី៩ មិថុនានោះដែរ ។ សម្ដេច ហ៊ុន សែន ថ្លែងបន្ថែមដោយថានឹងធ្វើសកម្មភាពមួយចំនួនតាមក្រុមប្រឆាំង ពោលគឺក្រុមប្រឆាំងបរិភោគនំបញ្ចុក សម្ដេចឱសមាជិកសមាជិការបរិភោគនំបញ្ចុកដែរ បើបរិភោគបញ្ឆែវ សម្ដេចឱ្យសមាជិកសមាជិការបរិភោគបញ្ឆែវដែរ អត់តែបរិភោគដុំថ្មទេ ។

ក្រោយមក គេឃើញមានមតិជាច្រើនដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុក និងការបញ្ចេញមតិតាមប្រអប់ខុមមិន ដោយចង់ឃើញមានការចាប់ដៃគ្នាចូលតុចរចា សាមគ្គីគ្នា បង្រួបបង្រួម និងឯកភាពជាតិ ។ ក្នុងនោះក៏គេឃើញមានមន្ត្រីគណបក្សប្រជាជនកម្ពុជា និងភាគច្រើនមន្ត្រីអតីតគណបក្សសង្រ្គោះជាតិ រួមទាំងអ្នកវិភាគ និងអ្នកតាមដានសង្កមផងដែរ ។

ជាក់ស្ដែងគេឃើញមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចទៀ បាញ់ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនដោយចង់ឃើញឱ្យមានការបង្រួបបង្រួមជាតិ និងឯកភាពជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា ។

ដោយឡែក អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរថា ប្រសិនបើនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុកនឹងក្លាយជា ទិវាផ្សះផ្សា និងបង្រួបបង្រួមជាតិ ។

លោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ និងលោក ជីវ កត្តា អតីតអ្នកតំណាងរាស្ត្រ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយ ក្រោយការស្នើសុំពីនាយករដ្ឋមន្ត្រី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលជាការអំពាវនាវឱ្យអ្នកនយោបាយគ្រប់និន្នាការងាកមកស្វែងរកដំណោះស្រាយបញ្ហាចំពោះមុខរវាងខ្មែរ និងខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ។  អតីតតំណាងរាស្ត្រទាំងបីរូបនេះបន្ថែមថា ការងារមកចរចានេះ ដើម្បីជាការបញ្ចប់នូវវិបត្តិនយោបាយ រក្សាប្រព័ន្ធអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធដោយសហភាពអឺរ៉ុប  (EBA) ពន្ធអនុគ្រោះទូទៅរបស់សហរដ្ឋអាមេរិក​ (GSP) ។ ជាងនេះ ការបន្ទន់ឥរិយាបថរកគ្នារវាងថ្នាក់ដឹកនាំ ជាគន្លឹះដែលឈានទៅរកដំណោះស្រាយរវាងខ្មែរនិងខ្មែរបាន ហើយអាចការពារសមិទ្ធិផល ទាំងផ្នែកប្រជាធិបតេយ្យ ទាំងផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាបានកសាងកន្លងមក និងទៅអនាគត ។

លោក ថាច់ សេដ្ឋា ប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោម បានថ្លែងក្នុងពិធីរំលឹកខួបទី ៧០ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដោយលោកអំពាវនាវឱ្យអ្នកនយោបាយទាំងអស់ និងជនជាតិខ្មែរទាំងមូល ត្រូវរួមសាមគ្គីគ្នា ដើម្បីការពារទឹកដីកុំឱ្យបាត់បង់បន្តទៀត ។

លោកឯម សុវណ្ណារ៉ា និងលោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយឯករាជ្យ និងអ្នកវិភាកមួយចំនួនទៀត ក៏ចង់ឱ្យមានការឯកភាពគ្នាដែរ ។  

ជាងនេះ ប្រជាជនធម្មតាជាច្រើននាក់ទៀត ក៏បង្ហាញចេតនាចង់ឃើញមានការផ្សះផ្សាជាតិផងដែរ ។

ព្រឹត្តិការណ៍នៃការផ្សះផ្សាជាតិ អាចនឹងកើតមានឡើងបានអាស្រ័យទៅលើបុគ្គលពីរនាក់អត់មិនបាន នោះគឺសម្ដេច ហ៊ុន សែន និងលោក សម រង្ស៊ី ដែលជាដៃគូរល្អូកល្អើននយោបាយ ហើយក៏ជាដៃគូរប្រឆាំងគ្នាខ្លាំង បន្ទន់ឥរិយាបថរកគ្នា ៕

ព័ត៌មានទាក់ទង

ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកជាធុងសំរាមប្រទេសអភិវឌ្ឍន៍

ថ្មីៗនេះកម្ពុជាភ្ញាក់ផ្អើលនឹងការមកដល់នូវសំរាម[...]

ប្រសិទ្ធភាពនៃការអនុវត្តច្បាប់អាមេរិក បង្កក ឬ រឹបអូសទ្រព្យសម្បត្តិជនបរទេស

អាមេរិក ជាមហាអំណាចធំជាងគេនៅពេលនេះ គឺមានអំណាចទ[...]

អ្នកវិភាគចង់ឃើញកម្ពុជាកែប្រែជំហរទាន់ពេលវេលាកុំឱ្យច្បាប់ដាក់ទណ្ឌកម្មចូលជាធរមាន តែអ្នកនាំពាក្យថាមិនខ្វល់ឡើយ

ភ្នំពេញ៖ អ្នកវិភាគចង់ឃើញរាជរដ្ឋាភិបាលកម្ពុជាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត