loader

បទវិភាគ៖ ការដោះលែងលោក កឹម សុខា នាំឱ្យបក្សកាន់អំណាចមានស្នាដៃមួយទៀតគឺការអត់ឱន

ភ្នំពេញ៖ បន្ទាប់ពីមានការដោះលែងសកម្មជនដីធ្លី អ្នកវិភាគនយោបាយ អ្នកសារព័ត៌មាន មន្រ្តីនៃអតីតបក្សប្រឆាំង និងចុងក្រោយគឺលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ មានការលើកឡើងជាច្រើនជុំវិញហេតុ​និងបច្ឆ័យនៃការដោះលែងអតីតប្រធានបក្សប្រឆាំងរូបនេះឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ តែបែប​នេះក្ដី មានការទាញហេតុផលមួយ គឺបក្សកាន់អំណាចCPP ត្រូវបានមើលឃើញ មានស្នាដៃនៃការអត់ឱន។

តើដូចនេះមែនឬក៏មកពីកត្តាផ្សេងៗទៀត ?

សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលចងក្រងដោយលោក កែវ សុខា ដូចតទៅ!

 

                                                            រូបលោក កឹម សុខា ក្នុងគេហដ្ឋានក្រោយចេញពីពន្ទនាគារ។

 

សកម្មជនដីធ្លីដ៏ល្បីល្បាញអ្នកស្រី ទេព វន្នី លោក គឹម សុខ អ្នកវិភាគបញ្ហានយោបាយរិះគន់ភាពអវិជ្ជ មានរបស់រដ្ឋាភិបាលមិនសំចៃមាត់ អតីតអ្នកសារវិទ្យុអាស៊ីសេរី សកម្មជន និងអតីតមន្រ្តីបក្សប្រឆាំង១៥នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពជាបន្តបន្ទាប់ជាប់ៗគ្នាក្នុងអំឡុងរយៈពេលមួយខែចុងក្រោយនេះ។ ការដោះលែងជាបន្តបន្ទាប់នេះ សម្តេចនាយករដ្ឋមន្រ្តីធ្លាប់បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកាត់ដេរសម្លៀកបំពាក់ថា សេរីភាពរបស់ពួកគេគឺកើតចេញពីចិត្តសន្តោសប្រណៃ និងការយោបល់ពីសម្តេច ហ៊ុន សែន មិនមែនដោយសារសម្ពោធអន្តរជាតិណាមួយនោះឡើយ ហើយសម្តេចនាយកក៏ធ្លាប់ប្រកាសមិនញញើតនឹងសម្ពោធបរទេសនោះដែរ។

ដោយឡែកករណីការដោះលែងលោក កឹម សុខា វិញប្រមុខរដ្ឋាភិបាល ពុំទាន់បានបង្ហើបប្រាប់ថាជាកិច្ចអន្តរាគមន៍ក្រោមទឹកចិត្តមេត្តានោះទេ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តីបានប្រាប់ទៅកាន់និស្សិតខ្មែរក្នុងប្រទេសចិនកាលពីម្សិលមិញថា ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ដោយសារបញ្ហាសុខភាព។

នៅជុំវិញការដោះលែងឱ្យលោក កឹម សុខា មានសេរីភាពជាបណ្តោះអាសន្នក្រៅពន្ធនាគារនេះ មានមតិពីមជ្ឈដ្ឋានទូទៅបង្ហាញទស្សនផ្សេងៗជុំវិញរឿងនេះ។ ពួកគេភាគច្រើនបានដាក់ការវិភាគ និងសនិ្នដ្ឋានលើបញ្ហាសម្ពោធអន្តរជាតិដែលបានទម្លាក់មកលើរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ក្រោយការបោះឆ្នោតដែលដែលជាមូលហេតុចម្បងនាំឱ្យមានការដោះលែងលោក កឹម សុខា ពោលគឺមិនមែនមូលហេតុចិត្តសន្ដោសប្រណៃរបស់នាយករដ្ឋមន្រ្តីឡើយ។

ស្ត្រីជាអ្នកវិភាគវ័យក្មេងនៃក្រុមអ្នកវិភាគដែលបង្កើតឡើងដោយលោកបណ្ឌិត កែម ឡី កញ្ញា លី ស្រីស្រស់ យល់ឃើញថា ការដោះលែងលោក កឹម សុខា ជាបណ្តោះអាសន្នក្រោមហេតុផលងាយស្រួលព្យាបាលជំងឺ គឺពុំសូវសមទំនងនោះទេ ព្រោះតុលាការគ្រប់ជាន់ថ្នាក់កាលពីពេលកន្លងមកធ្លាប់បានបដិសេធការសុំនៅក្រៅឃុំរបស់លោក កឹម សុខា ដើម្បីបានព្យាបាលជំងឺនេះ។ កញ្ញា ស្រីស្រស់ យល់ថា ការដោះលែងអតីតប្រធានគណបក្សប្រឆាំងពេលនេះ គឺបណ្តាលពីសម្ពាធអន្តរជាតិ ដែលបានធ្លាក់ចុះមកជាបន្តបន្ទាប់នៅមុន និងក្រោយការបោះឆ្នោត ខណៈកម្ពុជារដ្ឋាភិបាលកម្ពុជាកំពុងប្រឈមមុខការដកប្រពន្ធអនុគ្រោះពន្ធ EBA ។

នៅថ្ងៃទី១៣ កញ្ញា ខាងមុខនេះ បញ្ហារសើបមួយចំនួនពាក់ព័ន្ធប្រធានបទសិទ្ធិមនុស្ស និងនយោបាយ រួមមានករណីឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនៅកម្ពុជា ការចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងនៅប្រទេស អ៊ូហ្គង់ដា និងការចាប់កាត់ទោសអ្នកសារព័ត៌មានរ៉យទ័រ ២ នាក់នៅប្រទេសភូមា នឹងត្រូវលើកឡើងនៅក្នុងកិច្ចពិភាក្សានៅសភាអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សភាអឺរ៉ុបកាលពីថ្ងៃទី៦ កញ្ញា ។

កម្ពុជាក៏នឹងត្រៀមខ្លួនទៅចូលរួម​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក ​ក៏​ដូចជា​ការចូលរួម​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក​ ដែលក្រុមប្រទេសទាំងនោះសុទ្ធតែបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា និងទទូចឱ្យកម្ពុជាដើរទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ទំនងមូលហេតុសម្ពាធអន្តរជាតិនាពេលកន្លងមក និងមិនចង់ប្រឈមមុខនឹងបណ្តាលប្រទេសនានាលើឆាកអន្តរជាតិកាន់តែច្រើន ការដោះលែងលោក កឹម សុខា នៅមុនជំនួបជាមួយលោកខាងលិច គឺជាយុទ្ធសាស្រ្តល្អសម្រាប់បញ្ជៀសការសួរដេញដោលពីបញ្ហាសិទ្ធមនុស្ស និងប្រជាធិតេយ្យពីបណ្តាប្រទេសធំៗទាំងនោះ។   

មូលហេតុមួយទៀតដែលអាចនាំឱ្យមានការដោះលែងលោក កឹម សុខា ប្រហែលគណបក្ស​កាន់អំណាចយល់ថា ការដោះលែងដែលមានភ្ជាប់លក្ខខណ្ឌពីតុលាការដោយមិនឱ្យលោក កឹម សុខា មានសេរីភាពជាសាធារណៈនោះ គឺមិនអាចឱ្យ លោក កឹម សុខា និងគណបក្សប្រឆាំងមានប្រជាប្រិយភាពឡើងវិញនោះទេ ខណៈក្បាលម៉ាស៊ីន និងជើងក្រោមរបស់បក្សប្រឆាំងមួយនេះត្រូវបានកម្ទេចចោលកាលពីឆ្នាំមុនហើយនោះ។

តែកត្តាមួយទៀតដែលនាំអោយមានការដោះលែង លោក កឹម សុខា ដែលគេមិនគួរមើលរំលង គឺការអត់ឱនខាងផ្លូវចិត្តរបស់មេដឹកនាំបក្សកាន់អំណាចក៏អាចថាបានដែរ ព្រោះលោក កឹម សុខា មនុស្ស ដែលធ្លាប់រស់នៅក្នុងសម័យរដ្ឋកម្ពុជាជាមួយសម្ដេច ហ៊ុន សែន ដែលកាលនោះជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។ កត្តាផ្លូវចិត្តរបស់សម្ដេច ហ៊ុន សែន ធ្លាប់កើតលើលោក កឹម សុខា កើតមានម្ដងជា​ពីរដងរួចទៅហើយ គឺដូចលោកត្រូវស្ថិតក្នុងស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែលើ ក៏សម្ដេច ហ៊ុន សែន ជាអ្នកស្នើទៅព្រះមហាក្សត្រឱ្យលើកលែងទោសអោយដែរ។

កម្ពុជាបានហែលឆ្លងកាត់ការបោះឆ្នោតជាតិនីតិកាលទី៦ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ដោយគណបក្សប្រជាជនកម្ពុជាបានឈ្នះក្រសោបអសនៈក្នុងរដ្ឋសភាទាំង១២៥អសនៈ លើ១។ ការបោះឆ្នោតដែលគ្មានវត្តមានគណបក្សប្រឆាំងនេះ ត្រូវបានសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំងពីភាពយុត្តិធម៌ ភាពត្រឹមត្រូវ ការក្លែងបន្លំជាដើម។ សហភាពអឺរ៉ុបមាន២៨ប្រទេស សហរដ្ឋអាមេរិកនិងប្រទេសជឿនលឿនមួយចំនួនបានប្រកាសមិនទទួលស្គាល់លទ្ធផលការបោះឆ្នោតជាតិឆ្នាំ២០១៨ ហើយទាមទារឱ្យមានការដោះលែងលោក កឹម សុខា។ សហរដ្ឋអាមរិក និងសហភាពអឺរ៉ុបកំពុងពិចារណាឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកឡើងតែអាវុធឬEBAចំពោះកម្ពុជា។ ប្រសិនបើកម្ពុជារងការដកពន្ធអនុគ្រោះមែន នោះកម្ពុជានឹងត្រូវខាតបង់ប្រាក់ប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំ ហើយវិស័យវាយនភ័ណ្ឌត្រូវបានគេព្យាករណ៍ថានឹងអាចរងគ្រោះមុនគេ ហើយកម្មករក្នុងវិស័យនេះអាចនឹងត្រូវប៉ះពាល់ពុំខាន។

យ៉ាងណាសញ្ញាវិជ្ជមាននៃការដោះលែងលោក កឹម សុខា ក៏បានបង្ហាញពីភ្លើងខៀវនៃស្ថានភាពកម្តៅនយោបាយនៅកម្ពុជាមួយកម្រិត។

អ្នកសង្កេតការណ៍ គិតថា បើភាគីបក្សកាន់អំណាច បន្ត ការអត់ឱន ខាងផ្លូវចិត្តកាន់តែច្រើន គឺមិនថាឡើយ លោកកឹមសុខា សូម្បី លោកសមរង្ស៊ី ដែលរងបណ្ដឹងរាប់មិនអស់ នៅតុលាការ ក៏អាច ស្ដារឡើងវិញបានដែរ ហើយបើធ្វើបាន គឺស្នាដៃនៃការអត់ឱន នឹងបានទៅលើបក្សកាន់អំណាចម្ដងទៀតខណៈបក្សនេះមានកេរឈ្មោះសាងគុណសម្បតិ្តជាប្រវត្តិសាស្ត្ររូចហើយ គឺការរំដោះពលរដ្ឋចេញពីរបប ខ្មែរក្រហម៕  

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគ៖តម្លៃការទូតកម្ពុជាធ្លាក់ចុះលើឆាកអន្តរជាតិដោយសារតែគេនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRP 

បទសម្ភាស៖រយៈពេលចុងក្រោយនេះ ឃើញថា មេដឹកនាំបក្ស[...]

កោះ​ត្រឡាច​អតីត​ដែនដី​ខ្មែរ​ក្លាយជា​គុក​ប្រវត្តិសាស្ត្រ​នៃ​សម័យ​អាណានិគម​បារាំង​

នៅ​កម្ពុជា​ក្រោម​ មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ព[...]

មេដឹកនាំវេណេហ្សូអេឡាទំនងបាក់មុខខ្លាំងនៅឯមហាសនិ្នបាតUNខណៈត្រាំនិងមេដឹកនាំឯទៀតវាយប្រហារករណីសិទិ្ធមនុស្ស  

ខណៈប្រទេសកាណាដានិង ៥ប្រទេសទៀតនៃទ្វីបអាមេរិកខា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត