loader

បទវិភាគ៖លោក សម រង្ស៊ី កាន់តែក្លាយជាវីរបុរសនៃអតីតបក្សសង្រ្គោះជាតិ បើលោក កឹម សុខានៅបន្តឃុំខ្លួន

បទវិភាគ៖ សកម្មភាព និងតួនាទីរបស់លោក សម រង្ស៊ី កាន់តែលេចធ្លោក្នុងរយៈពេលចុងក្រោយនេះ នៅពេលលោកត្រូវបានថ្នាក់ដឹកនាំ និងតំណាងបក្សនៃអតីតគណបក្សសង្រ្គោះជាតិគាំទ្រលោកជាប្រធានស្ដីទីរបស់បក្សនេះ ជំនួស លោក កឹម សុខា។ តាមកត្តាតថភាព ឃើញថា ភាពល្បីល្បាញរបស់លោក សម រង្ស៊ី បានវិលមកវិញភ្លាមតាមរយៈតួនាទីនេះ ហើយសូម្បីតែសហគមន៍អន្តរជាតិមួយចំនួនក៏ចាប់អារម្មណ៍នឹងលោកផងដែរ។ តែអ្វីដែលនាំអោយ លោក សម រង្ស៊ី កាន់តែល្បី និងទទួលបានការគាំទ្រខ្លាំងឡើងៗ អាចមកពីអ្នកគាំទ្រមើលឃើញមេដឹកនាំម្នាក់នេះដែលមានសេរីភាពយ៉ាងសកម្ម ក្នុងការធ្វើឱ្យប្រែប្រួលនយោបាយនៅកម្ពុជា ខណៈមេដឹកនាំម្នាក់ទៀតគឺលោក កឹម សុខា បាត់បង់សេរីភាព។

កញ្ញា ពៅ និកា ជូនសេចក្ដីអធិប្បាយដូចតទៅ៖

ពាក្យស្លោក ដែលថា សម រង្ស៊ី -កឹម សុខា ជាមនុស្សតែមួយ គឺពេញនិយមរបស់អ្នកស្មោះត្រង់អតីតគណបក្សសង្រ្គោះជាតិ និងមេដឹកនាំទាំងពីររូបនេះ។  ដើម្បីរំលឹកពីការសាមគ្គីផ្ទៃក្នុង គឺគេត្រូវនិយាយដូចនេះ។ ប៉ុន្តែ បើនិយាយពីតថភាពទៅលើលោក សម រង្ស៊ីវិញ ក្នុងតួនាទីជាប្រធានស្ដីទី របស់បក្សសង្រ្គោះជាតិដែលត្រូវ​បានតុលាការកំពូលរំលាយនាំអោយបុរសនេះ កាន់តែទទួលបានឋានៈជាវីរបុរសរបស់បក្សក្នុងអន្តរកាលនេះព្រោះបុរសវ័យជិត ៧០ដែលឆ្លងកាត់ឧបសគ្គសឹងអស់ជីវិតម្ដងៗនោះ បានលះបង់ច្រើនទាំងគំនិត បញ្ញា ស្មារតី ភាពអង់អាចក្លាហាន និងទ្រព្យសម្បត្តិ។

បុរសនេះហើយមើលទៅ អាចបំបែកសំណុំរឿងរបស់បក្សសង្រ្គោះជាតិ ខណៈ លោកមានសកម្មភាពយ៉ាងសកម្មចំពោះតួនាទីជាប្រធានស្ដីទីហើយត្រូវ ធ្វើមាតុភូមិនិវត្តវិញនៅដើមឆ្នាំ២០១៩ ទាំងលោកកឹមសុខាស្ថិតក្នុងការឃុំខ្លួន គ្មានសេរីភាព។

ការគាំទ្ររបស់សកម្មជនបក្សសង្រ្គោះជាតិនៅក្នុងប្រទេសនិងក្រៅប្រទេស

តាមរយៈវេទិកាមួយនៅប្រទេសបារាំង កាលពីថ្ងៃទី ១៥ធ្នូ គេសង្កេតឃើញតំណាងសកម្មជន​មានទាំងថ្នាក់ខេត្តស្រុក ឃុំ និងតំណាងពលករខ្មែរនៅ ប្រទេសថៃ ជប៉ុន និងកូរ៉េខាងត្បូងបានថ្លែងសារសាទរលោក សម រង្ស៊ី ជាប្រធានស្ដីទីរបស់បក្សនេះជំនួយលោកកឹមសុខាដែលគ្មានសេរីភាព។ សាររបស់តំណាងក្រុមប្រឹក្សាខេត្តស្រុក ក្រុមឃុំសង្កាត់ សុទ្ធតែសរសើរពីវីរៈភាពរបស់លោកសមរង្ស៊ីដែលមកធ្វើជាមេដឹកនាំបក្ស ទោះបីបណ្ដោះអាសន្នក៏ដោយ។ ពួកគេជឿជាក់លើមេដឹកនាំរូបនេះ នឹងធ្វើ​ឱ្យមានដំណោះស្រាយនយោបាយ នៅដើមឆ្នាំ ២០១៩ ហើយដំណោះស្រាយនោះកើតចេញពីលោកសម្រេចវិលចូលប្រទេសវិញ និងអន្តរាគមន៍របស់សហគមន៍អន្តរជាតិ។

នៅក្នុងវេទិកានោះ លោក សម រង្ស៊ី បានឡើងប្ដេជ្ញាចិត្តថា នឹងធ្វើអតីតបក្សសង្រ្គោះជាតិរស់ឡើងវិញ តាមរយៈយន្តការនៃសម្ពាធរបស់សហគមន៍អន្តរជាតិនិង ស្មារតីសកម្មជនរបស់អតីតបក្សប្រឆាំងនៅក្នុងស្រុក។ ដោយថ្លែងរំលឹកពីស្មារតីតូស៊ូរបស់លោកដើម្បីសេរីភាពរបស់ពលរដ្ឋ កម្ពុជា លោក សម រង្ស៊ី ក៏បានតាំងចិត្តជាថ្មីថា លោកនឹងវិលប្រទេសវិញនៅដើមឆ្នាំ ២០១៩ ដោយស្ថិតក្នុងកាលៈទេសៈមួយដែលលោកអាចឆក់ឱកាសបានដោយជោគជ័យ។

តាមការអង្កេត និងតាមទស្សនៈនៃមជ្ឈដ្ឋាននយោបាយរបស់ពលរដ្ឋនៅក្នុងប្រទេស គឺពួកគេរំពឹងថា លោក សម រង្ស៊ី នឹងវិលចូលប្រទេសវិញយ៉ាងពិតប្រាកដ ហើយអាចមានការការពារដោយកម្លាំងរបស់សហគមន៍អន្តរជាតិនៃប្រទេសណាមួយ ដែលលោក សម រង្ស៊ីអាចបញ្ចុះបញ្ជូល ប្រទេសនោះបានហើយកងកម្លាំងនោះទោះជារូបភាពតូចក្ដី គឺជាក្របខណ្ឌរបស់អន្តរជាតិ ដែលមិនអាចបះបាន។ ចំណែកសកម្មជនគាំទ្រវិញ សុទ្ធតែសន្យាថា នឹងមកដង្ហែលោក សម រង្ស៊ី ដូចឆ្នាំ ២០១៣ ដែលលោកសម្រេចចូលប្រទេសវិញនោះ។

សហគមន៍អន្តរជាតិចាប់អារម្មណ៍លោក សម រង្ស៊ី ជាថ្មីម្ដងទៀត

បន្ទាប់ពីលោកទៅទទួលតួនាទីជាប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី ២ធ្នូ នៅក្នុងសន្និសីទពិភពលោកនៅក្រុងអាត្លង់តារដ្ឋចចាសហរដ្ឋអាមេរិក  លោក សម រង្ស៊ី មានសកម្មភាពការទូតជាថ្មី និងសកម្មជាមួយមន្ត្រីក្រសួងការបរទេសអាមេរិក សមាជិកសភា និងព្រឹទ្ធសភា។

តាមអ្នកនាំគណបក្សសង្រ្គោះជាតិនៅសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយមន្ត្រីអាមេរិក សុទ្ធតែទទួលបានការលើកទឹកចិត្តលោកសមរង្ស៊ីជាមេដឹកនាំបក្ស ហើយពួកគេសន្យាអោយសភាព្រឹទ្ធសភា និងរដ្ឋការលោក ដូណាល់ត្រាំ បន្តមានវិធានការទៀតដើម្បីស្ដារលទិ្ធប្រជាធិបតេយ្យឡើងវិញ។

បើតាម លោក សម រង្ស៊ី  គឺក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោកបានទៅកាន់ស្នាក់ការសភាសហភាពអឺរ៉ុប និងសហភាពអន្តរសភាIPU ។ អ្វីដែលលោកជួបមន្ត្រីអន្តរជាតិ នៅអឺរ៉ុប គឺក្នុងតួនាទីជាប្រធានស្ដីទីរបស់គណបក្សសង្រ្គោះជាតិ។
 ទស្សនៈរបស់លោកបណ្ឌិតឡៅម៉ុងហៃ

តើ លោកសម រង្សី អាចប្រវត្តិសាស្ត្រកត់ត្រាទុកថា ជាមេដឹកនាំប្រទេសខ្មែរ ដែលធ្លាប់និរទេសខ្លួននៅបរទេសដូចមេដឹកនាំប្រទេសមួយចំនួន ដូចជា៖
– រុស្ស៊ី: ឡេនីន (Lenin) មេដឹកនាំចលនាបដិវត្តកុម្មុយនីស្តរស្ស៊ី និរទេសខ្លួននៅប្រទេសស្វីស។ បដិវត្តបានសម្រេច ឡេនីន បានត្រឡប់ទៅដឹកនាំប្រទេសរុស្ស៊ីកុម្មុយនីស្ត ឆ្នាំ១៩១៧ ។
– កម្ពុជា: សម្តេចព្រះសីហនុ លន់ ណល់ រំលំឆ្នាំ ១៩៧០ និរទេសនៅប្រទេសចិន ចូលរួមជាមួយខ្មែរក្រហមដែលរំលំលន់ នល់ ឆ្នាំ១៩៧៥ ។ លោកយាងចូលកម្ពុជានៅឆ្នាំ១៩៧៦ ។ ចុងឆ្នាំ១៩៧៨ ទ័ពវៀតណាមចូលកម្ពុជា ។ ដើមឆ្នាំ១៩៧៩ លោកយាងចេញទៅគង់នៅចិន និងដឹកនាំរដ្ឋាភិបាលខ្មែរក្រហមច្បាំងប្រឆាំងវៀតណាម ។ លោកយាងចូលកម្ពុជាឆ្នាំ១៩៩១ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ចប់សង្គ្រាម ។
– អៀរ៉ង់: អាយ៉ាតូឡា ខូម៉េនី (Ayatollah Khomenei) មេដឹកនាំចលនាបដិវត្តសាសនាឥស្លាម និរទេសខ្លួន ហើយរស់នៅចុងក្រោយនៅប្រទេសបារាំង ។ បដិវត្តបានរំលំស្តេច គាត់ក៌ត្រឡប់ទៅធ្វើជាប្រធានាធិបតី ប្រទេសអៀរ៉ង់នៅឆ្នាំ១៩៧៩ ។
– ទុយណេស៊ី: ម៉ូហាម៉េដ ម៉ាកសែល ម៉ាកគូស៊ី – Mohamed Marcel Markouzi) បង្កើតគណបក្សមួយ តែរដ្ឋាភិបាលហាមឃាត់ ហើយគាត់ក៏ត្រូវនិរទេសទៅនៅប្រទេសបារាំង ។ ឆ្នាំ២០១១ មានបដិវត្តរំលំរដ្ឋាភិបាល គាត់ក៏ត្រឡប់ទៅប្រទេសវិញ ។ ក្រោយមកនៅឆ្នាំ២០១២ សភាក៏តែងតាំងជាប្រធាធិបតីប្រទេសទុយណេស៊ី ។

តាមទស្សនៈរបស់លោកបណ្ឌិត  ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគនយោបាយនៅកម្ពុជា ដូចបានរៀបរាប់នេះ ឃើញថា មេដឹកនាំបរទេសទាំងអស់នោះ រួមមានអតីតព្រះមហាក្សត្រកម្ពុជា  ព្រះបាទសម្ដេចនរោត្តមសីហនុបានវិលចូលប្រទេសវិញសុទ្ធតែមានចលនាមួយត្រួសត្រាយផ្លូវ អោយហើយ។ លោកសរសេរថា មេដឹកនាំទាំងនោះភាគច្រើនមកកាន់អំណាចតែម្ដង។

ជារួមទៅ ដំណោះស្រាយនយោបាយ អាចប្រែប្រួលតាមកាលៈទេសៈជាក់ស្ដែង គឺជួនកាល អ្នកខាងក្នុងជាអ្នកធ្វើឱ្យមានដំណោះស្រាយ ហើយជួនការអ្នកខាងក្រៅក៏ចូលរួមធ្វើឱ្យមានដំណោះស្រាយដែរ។

សម្ដេចនរោត្តមសីហនុបានយាងមកមាតុភូមិវិញ គឺកាលនោះ ដោយសារសហគមន៍អន្តរជាតិជួយ បញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មានន័យថា ភាគីរដ្ឋកម្ពុជា អាចទទួលយកការយន្តការដំណោះស្រាយជាសាកលរបស់សហគមន៍អន្តរជាតិ។

យ៉ាណាមិញ ករណីលោក សមរង្ស៊ីអាចប្រហាក់ប្រហែលនេះ ព្រោះកម្ពុជានៅជាប់កាតព្វកិច្ច នៃកិច្ចព្រមព្រៀងអន្តរជាតិ ក្រុងប៉ារីស ២៣ តុលា ១៩៩១ នៅឡើយ។ យ៉ាងដូច្នេះ លោក សម រង្ស៊ី ត្រូវមានសកម្មភាពការទូតខ្លាំងក្លាថែមទៀត ហើយបើអាចធ្វើបានកម្ពុជា នឹងមានដំណោះស្រាយនយោបាយទូលំទូលាយទោះបីលោកសមរង្ស៊ី ត្រូវបានដាក់រហង្សនាមថា ជាវីរបុរសរបស់ គណបក្សសង្រ្គោះជាតិ ខណៈ លោក កឹម សុខា នៅបន្តឃុំខ្លួនក្ដី៕

អត្ថបទ ដោយ នួន បូរិន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទល្មើសអកម្ម

បទល្មើសអកម្ម

ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩

សង្គមកម្ពុជា តែងតែកើតមានបទល្មើសជាច្រើនពីមួយថ្[...]

ប្រវត្តិសាស្ត្រ៖ ស្ដេចកនស្នើសុំព្រះបាទ ច័ន្ទ រាជា ពុះចែកទឹកដីពេលដឹងថាខ្លួនអាចចាញ់សង្រ្គាម

បន្ទាប់ពីនគរធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមកាន់[...]

បទវិភាគ៖ ៧ មករា ជាកំណើតទី ២ របស់ប្រជាជននិងប្រាក់រៀលខ្មែរ

ភ្នំពេញ៖ បើទោះបីមានការលាបពណ៌ថ្ងៃ ៧ មករា ថាជាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត