loader
ពលរដ្ឋអាគារប៊ូឌីញ

បទយកការណ៍ ៖ ពលរដ្ឋអាគារប៊ូឌីញ«ស»បង្ហាញក្តីអាឡោះអាល័យខណៈអាគារនេះជិតវាយកម្ទេច

ភ្នំពេញ៖ អាគារប៊ូឌីញ «ស» ដែលជាកេរ្តិ៍ដំណែលរបស់អតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នឹងត្រូវវាយកម្ទេចនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ពលរដ្ឋដែលកំពុងរស់នៅក្នុងអាគារនេះនឹងត្រូវចាកចេញយ៉ាងយូរបំផុតនៅថ្ងៃទី១៧ខែកក្កដានេះ។

ក្រុមហ៊ុនជប៉ុន«អារ៉ាកាវ៉ា» នឹងសង់អាគារថ្មីជំនួសអាគារនេះ។ ក្នុងពេលនេះពលរដ្ឋដែលធ្លាប់រស់នៅទីក្នុងអាគារប៊ូឌីញ «ស» ភាគច្រើននៅតែមានការសោកស្តាយ និងបង្ហាញក្តីអាឡោះអាល័យចំពោះលំនៅដ្ឋានដែលខ្លួនធ្លាប់រស់នៅ។

តទៅនេះសូមស្តាប់បទយកការណ៍ដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!

អាគារប៊ូឌីញ«ស»នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
អាគារប៊ូឌីញ«ស»នៅខណ្ឌចំការមន រាជធានីភ្នំពេញ។

ជិត ២០ឆ្នាំមកហើយ ដែលអ្នកស្រី វង កន្ថាយ បានរស់នៅយ៉ាងសុខសាន្តក្នុងបន្ទប់តូចមួយនៃអាគារប៊ូឌីញ«ស»នេះ។ អាគារកម្ពស់ប្រាំមួយជាន់ដ៏ចាស់ទ្រុឌទ្រោម រុំព័ទ្ធដោយស្លែដែលជាកម្អែលទឹកភ្លៀងពណ៌ខ្មៅ។ អាគារនេះនឹងត្រូវសង់ជំនួសដោយអាគារកំពស់ ២១ ជាន់វិញ។

បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ អាគារប៊ូឌីញ«ស» នឹងត្រូវវាយកម្ទេចឱ្យរាបដល់ដី។

អ្នកស្រី វង កន្ថាយ និយាយបណ្តើរភ្នែកទាំងគូររំពៃទៅអាគារដែលមានស្នាមប្រេះដោយកន្លែងបណ្តើរ។  គឺនៅទីនេះហើយដែលអ្នកស្រី វង កន្ថាយ ទទួលបានចំណងដៃរបស់ឪពុកម្តាយក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី។

«ផ្ទះយើងធ្លាប់រស់នៅកំសត់កម្រពីមុនមក ពេលណាដែលចាកចេញទៅក៏មានភាពអាឡោះអាល័យដែរ តែមិនដឹងថាម៉េច ព្រោះនេះជាតម្រូវការរបស់គាត់ទៅហើយមិនដឹងថាធ្វើម៉េច។ ប៉ុន្តែមានមួយចំនួនគាត់ឧស្សាហ៍មកអើតមើល គាត់ទឹកភ្នែក គាត់ថាផ្ទះធ្លាប់រស់នៅម្ភៃសាមឆ្នាំមកហើយ។ មិនបាច់ថាគាត់ទេបងរស់នៅតែបួនដប់ឆ្នាំបងក៏បងមានការអាឡោះអាល័យ នឹកឃើញថារស់នៅធ្លាប់រកស៊ីស្រួល នៅក៏សុខសប្បាយមិនដែលមានការល្អក់កកករសម្បីថារស់នៅក្នុងសង្គមមានអ្នកល្អអាក្រក់ក៏ដោយមិនដែលគេមកប៉ះពាល់យើង គឺរស់នៅដោយស្រួលរលូនទៅអញ្ចឹងណាអូន!»។

អ្នកស្រី វង កន្ថាយ ពលរដ្ឋរស់នៅអាគារប៊ូឌីញត្រៀមចាកចេញពីលំនៅដ្ឋាន។
អ្នកស្រី វង កន្ថាយ ពលរដ្ឋរស់នៅអាគារប៊ូឌីញត្រៀមចាកចេញពីលំនៅដ្ឋាន។

មានប្រជាពលរដ្ឋចំនួន៤៩៣គ្រួសារបានរស់នៅលើអាគារប៊ូឌីញ«ស» មុននឹង  ក្រុមហ៊ុន«អារ៉ាកាវ៉ា»របស់ប្រទេសជប៉ុន ទទូលបានសិទ្ធិវិនិយោគសាងសង់អាគារថ្មីក្នុងទំហំទឹកប្រាក់ចំនួន៨០លានដុល្លារអាមេរិកដោយត្រូវវាយកំទេចអាគារចាស់នេះ។ ប្រជាពលរដ្ឋតម្រូវឲ្យចាកចេញពីអាគារចំណាស់៥៥ឆ្នាំនេះ ជាថ្នូរនឹងប្រាក់សំណងចំនួន១៤០០ដុល្លារក្នុងមួយម៉ែត្រ ការ៉េ។ សំណងដោយគិតតាមទំហំបន្ទប់ដែលពួកគេរស់នៅ។

គិតត្រឹមល្ងាចថ្ងៃទី ១២ ខែកក្កដា ប្រជាពលរដ្ឋជាម្ចាស់ចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិប៊ូឌីញ ស ចំនួន ៤៧៥ បន្ទប់ ស្នាក់នៅ បានទទួលប្រាក់ទូទាត់រួច និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុន«អារ៉ាកាវ៉ា»។

ចំណែកពលរដ្ឋអ្នកលក់គ្រឿងភេសជ្ជជាប់អាគារប៊ូឌីញមួយរូបទៀត ដែលសូមលាក់អត្តសញ្ញាណ មានប្រសាសន៍ថា អ្នក ស្រីរស់នៅទីនេះតាំងពីតូចមកម្ល៉េះ។ អ្នកស្រីបន្តថា បន្ទប់ដែលអ្នកស្រីរស់នៅគឺជារបស់ឪពុកម្តាយ ដែលអតីតព្រះ មហាក្សក្រព្រះបរមរតនកោដ្ឋចែកជូនកាលទ្រង់នៅមានព្រះជន្ម។ និយាយបណ្តើរទឹកភ្នែកក៏ហូរធ្លាក់ពីផែនថ្ពាល់ដោយ មិនដឹងខ្លួន អ្នកស្រីពោលថា អាគារប៊ូឌីញនេះបានបន្សល់ទុករឿងរ៉ាវរាប់មិនអស់ចំពោះអ្នកស្រី។

«ប៊ូឌីញវាមានឈ្មោះមិនល្អមែន តែអ្នករស់នៅក្នុងនេះបានសុខសប្បាយរហូត។ហើយបើឥឡូវគេអភិវឌ្ឍន៍ហើយ អ៊ីក៏មិនថា ម៉េចដែរ ធម្មតាប្រទេសមានតែជឿលឿនទៅមុខហើយ តែគ្រាន់តែកន្លែងយើងធ្លាប់រស់នៅពីតូចក្រូចឆ្មាមក ដល់ឥឡូវវា ម៉ាប្រិចភ្នែកអញ្ចឹងទៅគួរឱ្យសោកស្តាយដែរ»។

អ្នកលក់ដូរនៅអាគារប៊ូឌីញ។
អ្នកលក់ដូរនៅអាគារប៊ូឌីញ។

អាគារប៊ូលឌិញ«ស» មានទីតាំងនៅតាមផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ អាគារនេះ ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩៦៣ និងជាកេរ្តិ៍តំណែលរបស់ អតីតព្រះ មហាក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលសាងសង់ឡើងសម្រាប់ជូនអ្នកសិល្បៈ និងមន្រ្តីរាជការរស់នៅ។

បច្ចុប្បន្នអាគារដែលមានវ័យជាងកន្លះសតវត្សនេះមានសភាពទ្រុឌទ្រោមខ្លាំងទៅហើយ។ ដោយមើលឃើញពីសភាពចាស់ ទ្រុឌទ្រោម និងហានិភ័យនៃការបាក់ស្រុត រដ្ឋាភិបាលកម្ពុជា បានសម្រេចបើកភ្លើងខៀវឱ្យក្រុមហ៊ុន«អារ៉ាកាវ៉ា»ធ្វើការអភិ វឌ្ឍអាគារ«ស»នេះ។

ពលរដ្ឋកំពុងរើសំភារៈចេញពីបន្ទប់នៅគារគារប៊ូឌីញ។
ពលរដ្ឋកំពុងរើសំភារៈចេញពីបន្ទប់នៅគារគារប៊ូឌីញ។

ប្រជាពលរដ្ឋមួយរូបទៀតសំដែងការសោកស្តាយដែលត្រូវចាកចេញពីទីនេះ។

«បើរដ្ឋាភិបាលគេដាក់គម្រោងទៅឱ្យក្រុមហ៊ុនអាចយកម៉ូតឡើងវិញ បើអាចធ្វើបានវាត្រេកអរដែរ ព្រោះក្បាច់រចនាហ្នឹង វាជាអនុវស្សាវរីយ៍សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់រស់នៅតាំងពីយូរយាមកហើយ បើជិះមកឃើញម៉ូតអីនៅដដែរ វាឃើញ ទៅវានឹកឃើញកន្លែងធ្លាប់រស់នៅ បើសិនជាម៉ូតក្បាច់ថ្មីវាបាត់សញ្ញា ណវាគ្រាន់តែនៅតែទីតាំង។ ហើយអាគារនេះក៏ជា ស្នាដៃរបស់សម្តេចតាយើងដែលខំកសាងពីមុនមកមានទំនាក់ទំនងជាមួយបារាំងគេមកឱ្យធ្វើអីអញ្ចឹងណា!»។

ដោយដក់ជាប់នូវអនុស្សាវរីយ៍ក្នុងការរស់នៅទីនេះ ពលរដ្ឋមួយចំនួនរំពឹងថា ក្រុមហ៊ុន«អារ៉ាកាវ៉ា»របស់ជប៉ុននឹងយក ឈ្មោះចាស់គឺ អាគារប៊ូឌីញ«ស»ទៅប្រសិទ្ធិនាមលើអាគារថ្មីរបស់ខ្លួន។

«ចង់ឱ្យគេទុកឈ្មោះចាសហ្នឹងវិញដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងក្មេងតូចៗធ្លាប់រស់នៅទីនេះឱ្យបានដឹងថា ខ្លួនមានកំណើតកើកជានៅហ្នឹង!» ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ប្រវតិ្តសាស្ត្រ៖មហាក្សត្រីអង្គម៉ីជាស្ដេចខ្មែរក្រោមឥទិ្ធពលរបស់ស្ដេចយួនច្រើនជាងស្ដេច  ផ្សេងៗទៀត

នៅឆ្នាំបន្ទាប់ពេលដែលព្រះរាជាអង្គច័ន្ទសុគតទៅប្[...]

រំលឹកបណ្ដាំព្រះករុណាព្រះបាទនរោត្តម សីហនុឱ្យអ្នកនយោបាយចេះសាមគី្គគ្នា

នៅថ្ងៃ១៥ តុលា ឆ្នាំ ២០១៧នេះ ជា ខួប៥ឆ្នាំ នៃកា[...]

ព្រះបាទនរោត្តមសីហនុ ជាមហាក្សត្រសេ្នហាសិល្បៈតន្ត្រី

ព្រះបាទនរោត្តមសីហនុ គឺជាមហាក្សត្រមួយអង្គ នៅអា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត