loader

បទយកការណ៍៖ស្ត្រី​ក្រុងភ្នំពេញ​សាទរ​គម្រោងការ​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​

ភ្នំពេញ៖ នៅក្នុងពិធីប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ – ២០២៥ នៅវិមានសន្ដិភាពនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា បញ្ហាស្ដ្រីមានផ្ទៃពោះ សុខភាពស្ដ្រី កុមារ និងទារក គួរតែត្រូវបានយកចិត្តទុកដាក់ និងគាំពារដោយឥតគិតថ្លៃ។

នៅតាមដងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ស្ដ្រីម្នាក់កំពុងឈរលក់ម្ជូរដែលជាចំណីកំដមាត់សម្រាប់មនុស្សមួយចំនួន ពិសេសសម្រាប់ស្ត្រីដែលចាញ់កូនក្នុងពេលមានគភ៌។

ជាម្តាយនៃកូនចំនួនប្រាំនាក់ អ្នកស្រី លីន មិនធ្លាប់ឆ្លងកាត់ការសម្រាលកូននៅមន្ទីរពេទ្យសាធារណនោះទេដោយសារអ្នកស្រីមិនមានថវិកាគ្រប់គ្រាន់សម្រាប់សម្រាលទារកនៅមណ្ឌលសុខភាព។ ប៉ុន្តែក្រោយពេលដែលទទួលដំណឹងថា រដ្ឋាភិបាលដាក់គោលនយោបាយសម្រាប់គាំពារស្ត្រីដែលមានផ្ទៃពោះ អ្នកស្រីលីន ដែលមានដើមកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល យល់ថាវាជាការប្រសើរសម្រាប់ជួយលើកស្ទួយដល់បញ្ហាដែលស្ត្រីភាគច្រើនកំពុងជួបប្រទះ។

អ្នកស្រី លីន៖ «ជាគោលនយោបាយមួយល្អហើយ បើសិនរដ្ឋាភិបាលជួយប្រជាពលរដ្ឋយើង ព្រោះខ្លះអត់មានលុយ ចឹងជួយសម្រាលទុក្ខ។ហើយរដ្ឋាភិបាជួយគាំពារមាតាឱ្យបានឆាប់ៗហ្នឹងទៅ »។

កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៧ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងនៅក្នុងពិធីប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌគោលនយោ បាយជាតិគាំពារសង្គម ឆ្នាំ២០១៦ -២០២៥ ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវ​គោល​នយោ​​បាយជួយដល់ស្ដ្រីមានផ្ទៃពោះ ទារក និងកុមារនៅក្នុងឆ្នាំ២០១៨ ខាងមុខ។ហើយក្រសួងកិច្ចការនារី និងក្រសួងសុខា​ភិបា​ល​ទទួលបន្ទុកក្នុងកិច្ចការនេះ។

យោងតាមសម្តេច ហ៊ុន សែន ការគាំពារលើស្ត្រីនឹងចាប់ផ្តើមពីដំណាក់កាលមានផ្ទៃពោះ ការសម្រាលទារកនិងក្រោយពេលសម្រា​ល​ទារក។តែទោះជាយ៉ាងណារហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថាតើរាជរដ្ឋាភិបាលកម្ពុជាមានគម្រោងចំណាយបែបណាសម្រាប់គាំទ្រដល់គម្រោងនេះទេ។

អង្គុយនៅក្នុងតូបកាត់ខោអាវមួយកន្លែងនៅផ្សារ ៧មករា ខណ្ឌ័ទួលគោក អ្នកស្រី លីនណា នាងមានស្រុកកំណើតនៅខេត្តស្វា​យ​រៀង ។ស្ដ្រីដែលមានរាងស្តើងរូបនេះ បានប្រាប់ឱ្យដឹងថា នាងសាទរចំពោះការជួយរបស់រាជរដ្ឋាភិបាលចំពោះស្ដ្រីដែលមានផ្ទៃ​ពោះ។ អ្នកស្រី លីនណា៖ «រដ្ឋាភិបាលធ្វើចឹងវាល្អ សម្រាប់ប្រជាជនយើង »។

អ្នកស្រី លីនណា មានកូនប្រុស ចំនួន ២នាក់ ។ កូននិមួយៗរបស់អ្នកស្រីគឺសុទ្ធបានសម្រាលកូន​នៅ​មន្ទីរពេទ្យ​រដ្ឋទាំង​អស់។ អ្នកស្រី លីនណា ៖ «​កន្លង​មក​ (ខ្ញុំ)សម្រាលកូននៅមន្ទីរពេទ្យរដ្ឋ ហើយការសម្រាលកូនមួយ គឺអស់លុយ»។ បើទោះជាអ្នកស្រី លីន ណា មិនចង់បានកូនមួយបន្ថែមទៀតនោះទេ ប៉ុន្តែអ្នកស្រីចង់ឃើញគោលនយោបាយរបស់រដ្ឋាភិបាលនេះត្រូវបានអនុវត្តន៍ឆាប់បំផុត។

អ្នកស្រី លីនណា ៖ « ឥលូវសំណូមពរឱ្យគាត់(រដ្ឋាភិបាល) ជួយឆាប់ៗមក កុំយូរពេក ប្រជាជនត្រូវការ »។

នៅមិនឆ្ងាយប៉ុន្មានពីទីនេះដែរ អ្នកស្រី សៀ លីន កំពុងឈរអាំងសាច់គោ។ បើទោះជា អ្នកស្រី សៀ លីន កន្លងមកមិនធ្លាប់ទទួលបានការព្យាបាលពីមន្ទីររដ្ឋ ប៉ុន្ដែអ្នកស្រីក៏សាទរ ចំពោះគោលនយោបាយដែលរបស់រដ្ឋាភិបាលផងដែរ។ អ្នកស្រី សៀ លីន ៖​ «គិតថាវាល្អសម្រាប់ទាំងអស់គ្នាដែរខ្វះខាតលុយកាក់ ហើយដល់ពេលជួយចឹងគ្នាធូរស្រាល និងជួយរំលែកគ្នាមួយដែរ »។

លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បាន ឱ្យដឹងថា ក្រសួង នឹងរៀងចំប្រជុំការងារបច្ចេកទេសសម្រាប់ចាប់ផ្តើមអនុវត្តន៍គម្រោងការនេះ។ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ៖ «មានការផ្ដល់ឆន្ទះពីរាជរដ្ឋាភិបាល យើងនឹងពង្រឹងការងារដែលាមានជាប្រចាំឱ្យកាន់តែល្អប្រសើរ មានទាំងការថែទាំសុខភាព ក្នុងពេលគាត់មានផ្ទៃពោះ រហូតដល់គាត់សម្រាល ដើម្បីកុំអោយប៉ះពាល់ដល់ជីវិតពួកគាត់ »។

វិទ្យុស្ដ្រីបានព្យាយាមទាក់ទងទៅមន្ត្រីទទួលខុសត្រូវនៃក្រសួងកិច្ចការនារី ជាច្រើននៅថ្ងៃអង្គារនេះ។ ប៉ុន្តែក្រុមមន្ត្រីទាំងនោះបានបដិសេធធ្វើសេចក្តីអត្ថាធិប្បាយលើគោលនយោបាយគាំពារស្ត្រីមានផ្ទៃពោះរបស់រដ្ឋាភិបាលនេះ៕

រូបភាព៖ UNICEF Cambodia

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អង្គការ​សម្ព័ន្ធ​ចាប់ដៃ​ ៖​ មក​ដល់​ឆ្នាំ​២០១៧​ ករណី​ជួញដូរ​ស្ដ្រី​ខ្មែរ​ ទៅ​ក្រៅប្រទេស​ នៅ​តែ​កើត​មាន​

អង្គការ​ សម្ព័ន្ធ​ចាប់ដៃ​ ដែល​ធ្វើការ​ងារ​លើ​[...]

អតីតពលករចំណាកស្រុកអ្នកស្រី ឆាត់ ស បង្ហាញបទពិសោធន៍ធ្វើការងារតាមផ្ទះនៅ​​ម៉ាឡេស៊ី

ជីវះព័ត៌មាន៖ អតីតពលករចំណាកស្រុក អ្នកស្រី ឆាត់[...]

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុល​ការ​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ម៉ា​ឡេ​ស៊ី​

​ភ្នំពេញ​៖​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត