loader

 នួន ជានិង ខៀវ សំផន ត្រូវបានកាត់ទោសអស់មួយជីវិតក្នុងសំណុំរឿងមួយទៀត (០០២/០២)​

អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)ឬសាលាក្ដីខ្មែរក្រហម នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រកាសសាលក្រមសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន មេដឹកនាំខ្មែរក្រហមដោយផ្ដន្ទាទោស ពួកគាត់ម្នាក់ៗមានទោស អស់មួយជីវិត។  

 

                                           ​លោក នួន ជា អនុលេខាបក្សកុម្មុយនីស្តកម្ពុជា

 

លោក និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានចំណាយពេល ២ ម៉ោងអានខ្លឹមសារសាលក្រមនេះ។ តែបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាក្ដីខ្មែរក្រហម បទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានប្រព្រឹត្តនៅតាមទីកន្លែងនានានៅទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងរបបកម្ពុជា ប្រជាធិបតេយ្យ ដោយរាប់ពីថ្ងៃទី១៧មេសា ១៩៧៥​ដល់៦មករា ១៩៧៩។ 

សេចក្តីជូនព័ត៌មានរបស់សាលាក្តីខ្មែរក្រហម បានឲ្យដឹងទៀតថា សវនាការដេញដោលពិនិត្យភស្តុតាងសំណុំរឿង ០០២/០២ បានចាប់ផ្តើមដោយការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់លើមេដឹកនាំទាំងពីរនេះ បានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

សំណុំរឿង០០២វគ្គ២នេះ បានធ្វើការការជំនុំជម្រះដោយប្រើពេល  ២៨៣ថ្ងៃ។

តាមសេចក្ដីជូនដំណឹងនេះគឺជនជាប់ចោទដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង ០០២/០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។

                                    ​លោក ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ

 

បទចោទនៅក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនិងមេដឹកនាំខ្មែរក្រហមទាំងពីរូបនេះគឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិង អំពើប្រល័យពូជសាសន៍ហើយទីតាំងបង្កើតបទល្មើសនេះ គឺការដ្ឋានការងារ និងសហករណ៍ ដូចជាសហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១ មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស នៅមន្ទីរសន្តិសុខ ស-២១នៅ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល។ បទឧក្រិដ្ឋនៃ អំពើប្រល័យពូជសាសន៍ទៅលើជនជាតិចាម និងវៀតណាម និងអតីតមន្រ្តីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ។សាលក្រមនេះក៏បានលើកឡើងពីការឃុំឃាំង ការធ្វើទារុណកម្ម ការសម្លាប់ ការបង្ខំឲ្យរៀបការ បង្ខំឲ្យរួមភេទ និងការបំពានលើអ្នកកាន់សាសនាព្រះពុទ្ធ និង សាសនាឥស្លាម។​

សូមជម្រាប់ថា ការផ្ដន្ទាទោស លើកទី២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម ទាំងពីរដែលនៅរស់មានជីវីត គឺបន្ទាប់សាលាដំបូងបានប្រកាសផ្តន្ទាទោសកាលពីឆ្នាំ២០១៤ និងតុលាការកំពូលនៃសាលាក្ដីពិសេសនេះបានសម្រេចដំកល់ទុក សាលក្រមនេះជាបានការកាលពីឆ្នាំ២០១៦ដោយ ឲ្យអ្នកទាំងពីរជាប់ពន្ធនាគារមួយជីវិត។

សំណុំរឿង០០២វគ្គ១ គឺករណីការជន្លៀសនិង ការផ្លាស់ទីលំនៅប្រជាជន ដោយបង្ខំ៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គ្រូបង្រៀន ២រូបជំទាស់នឹងការសម្រេចរបស់មន្ទីរអប់រំខេត្តកំពង់ធំប្តូរការងារពួកគាត់ថាជារឿងនយោបាយ

ភ្នំពេញ៖ គ្រូបង្រៀនពីរនាក់នៅខេត្តកំពង់ធំ ដែលជ[...]

លោកGeorge Edgar ៖ អឺរ៉ុបត្រៀមផ្ដល់ជំនួយជាង១១៥លានអឺរ៉ូមកកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបកំពុងត្រៀមផ្តល់ជំនួយមកដល់[...]

មន្រ្តីបរិស្ថាន៖ មានវត្តមានសត្វខ្លាឃ្មុំនៅតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត