loader

និស្សិត​ស្ដ្រី​ បាន​ចងក្រង​គ្នា​បង្កើត​ផ្សារ​សហគមន៍​ខ្មែរ​ ផ្ដល់​ទីផ្សារ​សម្រាប់​កសិផល​ធម្មជាតិ​

ភ្នំពេញ​ ៖​ និស្សិត​ស្ដ្រី​ ដែល​មក​បន្ដ​ការ​សិក្សា​នៅ​ភ្នំពេញ​ បាន​ចងក្រង​គ្នា​បង្កើត​ជា​ផ្សារ​សហគមន៍​ខ្មែរ​ ដើម្បី​ផ្ដល់​ទីផ្សារ​សម្រាប់​កសិក​ផល​ធម្មជាតិ​ របស់​កសិករ​ខ្មែរ​ ដែល​មិន​ប្រើប្រាស់​ជីគីមី​ និង​ផ្ដល់​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ក្រុម​និស្សិត​ជា​ស្ដ្រី​ ដែល​មាន​ជីវភាព​ក្រីក្រ​មក​ពី​ខេត្ដ​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

បន្លែធម្មជាតិ ដែលមានលក់នៅ ផ្សារសហគមន៍ខ្មែរ

 

ផ្សារ​សហគមន៍​ខ្មែរ​ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដែល​មាន​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ ជា​អ្នក​ផ្ដួចផ្ដើម​ និង​ មានការ​ចូលរួម​ពី​ក្រុម​និស្សិត​ក្នុង​នោះ​ជាង​ ៩០​ភាគរយ​ជា​ស្ដ្រី​។​ ការ​បង្កើត​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ មាន​ទិស​ដៅ​ជួយ​រក​ទីផ្សារ​សម្រាប់​កសិផល​ របស់​កសិករ​ខ្មែរ​ ដែល​មិន​ប្រើប្រាស់​ជីគីមី​ និង​ ផ្ដល់​ជាទី​ជម្រក​សម្រាប់​និស្សិត​ស្ដ្រី​ក្រីក្រ​ ដែល​មក​បន្ដ​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​។​

​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ ស្ថាបនិក​របស់​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ កញ្ញា​បាន​ធ្វើ​ការងារ​សង្គម​ដោយ​ ស្ម័​ក្រ​ចិត្ដ​ តាម​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​ជា​ច្រើន​ អស់​រយៈពេល​ជិ​ង​ ២០​ឆ្នាំ​។​ កញ្ញា​បានឃើញ​ការ​លំបាក​របស់​ស្ដ្រី​ខ្មែរ​ ដែល​ចាក​ចេញពី​ស្រុក​កំណើត​មក​បន្ដ​ការ​សិក្សា​នៅ​ភ្នំពេញ​ ដែល​ពួក​គេ​ងាយ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ពី​ជនខិលខូច​មួយ​ចំនួន​ និង​មួយវិញទៀត​ គឺ​កញ្ញា​បាន​មើលឃើញ​ ពី​កត្ដា​ហានិភ័យ​ពី​ការ​ប្រើប្រាស់​ជីគីមី​ទៅ​លើ​ដំណាំ​ និង​ ផល​លំបាក​របស់​កសិករ​ខ្មែរ​ ដែល​ដាំ​ដំណាំ​ដោយ​មិន​ប្រើ​ជីគីមី​ លំបាក​រក​ទីផ្សារ​។​ ក្រោម​ហេតុផល​ទាំង​អស់នេះ​ ហើយ​ដែល​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ បាន​ស្វែងរក​និស្សិត​ស្ដ្រី​ ដែល​ក្រីក្រ​ មក​សិក្សា​នៅ​ភ្នំពេញ​ ដើម្បី​ចងក្រង​គ្នា​បង្កើត​ជា​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ឡើង​។​

​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ ៖«​យើង​បង្កើត​ជា​ហាង​តូច​មួយ​ផ្សារ​សហគមន៍​នោះ​ តែ​យើង​មាន​បន្ទប់​ច្រើន​ដែល​យើង​បាន​ជួល​ផ្ទះ​មួយ​ល្វែង​សម្រាប់​លក់​ ក៏​ប៉ុន្ដែ​នៅ​ខាងលើៗ​គឺ​មាន​កន្លែង​ស្នាក់​នៅ​សម្រាប់​និស្សិត​ដែល​គាត់​មក​ពី​បណ្ដា​ខេត្ដ​ ហើយ​និស្សិត​ទាំង​អស់នោះ​ជា​និស្សិត​ស្ដ្រី​។​ ព្រោះ​យើង​យល់​ឃើញ​ថា​ ស្ដ្រី​គាត់​ប្រឈម​នឹង​បញ្ហា​ច្រើន​ពេល​ដែល​គាត់​មក​រៀន​នៅ​ភ្នំពេញ​ ទី​១​ គាត់​ក្រីក្រ​គាត់​មិន​មាន​លទ្ធភាព​ជួល​បន្ទប់​សម្រាប់​ស្នាក់​នៅ​ ទី​២​ គាត់​មក​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ឪពុក​ម្ដាយ​មាន​សេចក្ដី​ព្រួយបារម្ភ​ ដូច្នេះ​អ្នក​ដែល​មក​សិក្សា​នៅ​ភ្នំពេញ​អ្នក​ដែល​គាត់​ចូលរួម​ជាមួយ​ក្រុម​ចងក្រង​សហគមន៍​នោះ​គាត់​ អាច​មក​រស់នៅ​ក្នុង​ហាង​ផ្សារ​សហគមន៍​ ហើយ​គាត់​ផ្លាស់​ប្ដូរ​គ្នា​ក្នុង​ការ​សិក្សា​»​។​

សាច់សត្វធម្មជាតិដែលចិញ្ចឹមដោយកសិករ មានលក់នៅផ្សារសហគមន៍ខ្មែរ


ផ្សារ​សហគមន៍​ខ្មែរ​ មុន​ពេល​ទទួលយក​បន្លែង​ ផ្លែ​ឈើ​ ត្រី​ សាច់​ ពី​កសិករ​ គឺ​ត្រូវ​ចុះ​ទៅ​ដោយ​ផ្ទាល់​ដើម្បី​សិក្សា​ពី​បច្ចេកទេស​ដាំ​ដុះ​ និង​ធ្វើ​កំណត់សម្គាល់​ឲ្យ​ច្បាស់​ថា​តើ​ កសិករ​ ពិតជា​មិន​បាន​ប្រើប្រាស់​ជីគីមី​ពិតប្រាកដ​មែន​ ឬ​យ៉ាងណា​ ទើប​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ ផ្ដល់​ទីផ្សារ​សម្រាប់​លក់​ជួន​កសិករ​។​ បន្លែ​ ត្រី​ សាច់​ ធម្មជាតិ​របស់​កសិករ​ខ្មែរ​ ភាគច្រើន​នាំ​យក​ពី​ខេត្ដ​ជាង​ ១០​ មាននៅ​ ខេត្ដ​ តាកែវ​ កំពង់ស្ពឺ​ សៀម​រាម​ បាត់ដំបង​ ប៉ៃលិន​ កោះកុង​ កំពត​ បន្ទាយ​មាន​ជ័យ​ ឧត្ដរមានជ័យ​ រតនគិរី​ និង​ខេត្ដ​ផ្សេងៗ​មួយ​ចំនួន​ទៀត​។​

​កញ្ញា​ ឃិ​ន​ ធា​រី​ ជា​និស្សិត​កំពុង​បន្ដ​ការ​សិក្សា​ និង​ជា​សមាជិក​ម្នាក់​របស់​ផ្សារ​សគម​ន៍​ខ្មែរ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កញ្ញា​សប្បាយចិត្ដ​ដែល​បាន​ចូលរួម​ចងក្រង​ជា​ផ្សារ​សហគមន៍​នេះ​ឡើង​។​ កញ្ញា​បន្ដ​ថា​ ផ្សារ​សហគមន៍​នេះ​កើតឡើង​ពី​ទឹកចិត្ដ​និស្សិត​ស្ដ្រី​ ដែល​ចង់​ជួយ​ស្ដ្រី​ ឲ្យ​បាន​បន្ដ​ការ​សិក្សា​ខ្ពស់​ដូច​កូនប្រុស​ និង​ជា​ពិសេស​ជួយ​ប្រជា​កសិករ​ខ្មែរ​ឲ្យ​មាន​ទីផ្សារ​លក់​កសិផល​ធម្មជាតិ​ ដោយ​មិន​ចំ​បាច់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​។​

ក្រូចធម្មជាតិនៅផ្សារសហគមន៍ខ្មែរ

 

​កញ្ញា​ ឃិ​ន​ ធា​រី​៖«​ពួក​យើង​សុទ្ធតែ​អ្នក​នៅ​ខេត្ដ​ផ្សេងៗ​គ្នា​ ហើយ​អត់​ដែល​ស្គាល់គ្នា​ទៀត​ចិត្ដគំនិត​ខុស​ទាំងអស់​ ប៉ុន្ដែ​ពួក​យើង​អាច​បាន​ស្គាល់គ្នា​រស់នៅ​ក្នុង​ផ្សារ​ហ្នឹង​ ហើយ​យើង​បាន​ជួយ​ដល់​សហគមន៍​ ហើយ​ជួយ​ដល់​ខ្លួន​យើង​ ហើយ​ជួយ​ដល់​ក្រុម​និស្សិត​ដែល​ក្រីក្រ​ ដូច​ជា​ពួក​គាត់​យើង​អាច​ឲ្យ​គាត់​បាន​ស្នាក់​នៅ​យើង​អាច​ឲ្យ​គាត់​បាន​រៀន​ បើសិនជា​ពួក​គាត់​ជួយ​ការងារ​យើង​ច្រើន​ យើង​មាន​ប្រាក់​ឧ​ប​ត្ថ​ម​ឲ្យ​គាត់​តិច​តូច​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​លទ្ធភាព​ទៅ​រៀន​ទៀត​ ព្រោះ​ធម្មតា​ពួក​គាត់​ដែល​មក​រៀន​នេះ​ គឺ​ក្រីក្រ​គាត់​អត់​មាន​លទ្ធភាព​ទេ​»​។​

​ចំណែក​កញ្ញា​ ហឿ​ក​ សុ​ខួ​ន​ សមាជិក​របស់​ផ្សារ​សហគមន៍​ខ្មែរ​មួយ​រូប​ទៀត​ បាន​ឲ្យ​ដឹង​ថា​ កញ្ញា​មានស្រុក​កំណើត​នៅ​ខេត្ដឧត្ដរមានជ័យ​ បាន​មក​បន្ដ​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ និង​ បាន​ចូលរួម​ក្នុង​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ បាន​រយៈ​មួយ​ឆ្នាំ​ហើយ​។​ កញ្ញា​ប្រាប់​ថា​ ជីវភាព​គ្រួសារ​កញ្ញា​ក្រីក្រ​ ដែល​មាន​បងប្អូន​ចំនួន​ ៧​នាក់​ ហើយ​បាន​ចូល​រៀន​ត្រឹមតែ​ពីរ​នាក់​ប៉ុណ្ណោះ​ គឺ​រូប​កញ្ញា​ និង​ ប្អូនប្រុស​របស់​កញ្ញា​ម្នាក់​។​ នាង​បន្ដ​ថា​ ការ​ចូលរួម​ក្នុង​ផ្សារ​សហគមន៍​នេះ​ បាន​ជួយ​ដល់​នាង​ឲ្យ​ទទួល​បាន​កន្លែង​ស្នាក់​នៅ​ នឹង​ អាច​បន្ដ​ការ​សិក្សា​បាន​ដោយ​មិន​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​។​

​កញ្ញា​ ហឿ​ក​ សុ​ខួ​ន​ ៖«​ការ​ស្នាក់​នៅ​គឺ​ពិបាក​ ហើយ​យើង​គឺ​ត្រូវ​ចំណាយ​លើ​ទឹក​ភ្លើង​ ផ្ទះ​ គ្រប់យ៉ាង​ អាហារ​ហូប​ចុក​ តែបើ​នៅ​ទី​ហ្នឹង​ និយាយ​រួម​ទៅ​គឺ​ផ្សារ​សហគមន៍​ជួយ​ខ្ញុំ​បាន​ច្រើន​ និយាយ​ទៅ​ផ្ទះ​ក៏​មិន​ពិបាក​អស់​ ថ្លៃ​ចាយវាយ​ម្ហូបអាហារ​ ក៏​មិន​ពិបាក​អស់​ ព្រោះ​អី​នៅ​ហ្នឹង​គាត់​ជួយ​ខ្ញុំ​គ្រប់យ៉ាង​ និយាយ​រួម​ទៅ​ នៅ​ផ្សារ​សហគមន៍​គាត់​ជួយ​និស្សិត​ស្ដ្រី​ក្រីក្រ​អ​ញ្ចឹ​ង​»​។​

បន្លែធម្មជាតិ ដែលមានលក់នៅផ្សារសហគមន៍ខ្មែរ


ផ្សារ​សហគមន៍​ខ្មែរ​នេះ​ ត្រូវ​បាន​ព្រាង​គម្រោង​ឡើង​កាលពី​ចុងឆ្នាំ​២០១០​ តែ​ទើប​បង្កើត​ឡើង​ នៅ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​ មក​ដល់​ឆ្នាំ​២០១៧​នេះ​ ផ្សារ​សហគមន៍​ខ្មែរ​ ដែល​មាន​លក់​ ត្រី​ សាច់​ និង​ បន្លែ​ធម្មជាតិ​របស់​ប្រជា​កសិករ​ខ្មែរ​ដោយ​មិន​ប្រើប្រាស់​ជីគីមី​ បាន​ចុះ​ដល់​សហគមន៍​ជា​ច្រើន​តាម​ខេត្ដ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ផ្ដល់​ជា​ចំណេះដឹង​ពី​ការ​ដាំ​ដុះ​បន្លែ​ ការ​ចិញ្ចឹមសត្វ​ តាម​លក្ខណៈ​បច្ចេកទេស​ធម្មជាតិ​ ដោយ​មិន​ប្រើ​ជី​ និង​ សារធាតុ​គីមី​ ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​។​

​សុវត្ថិភាព​ចំណី​គឺ​រឿង​ចម្បង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ត្រូវ​គិត​ ព្រោះ​ប្រសិនបើ​អាហារ​រូប​ត្ថ​ម​ប្រចាំ​ថ្ងៃ​សម្បូរ​ទៅ​ដោយសារ​ធាតុគីមី​ គឺ​ងាយ​បំផុត​ដែល​នឹង​នាំ​ឲ្យ​មនុស្ស​កើត​ជំងឺ​ដែល​ពិបាក​ព្យាបាល​ជា​ច្រើន​ ដែល​មាន​ដូច​ជា​ ជំងឺមហារីក​ជាដើម​។​

​អតិថិជន​ម្នាក់​របស់​ផ្សារ​សហគមន៍​ខ្មែរ​ លោក​ អ៊ិ​ន​ ដា​រា​វុ​ទ​ ដែល​សព្វ​ថ្ងៃជា​គ្រូបង្រៀន​មួយ​រូប​មាន​ប្រសាសន៍​ថា​ លោក​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិភាព​ចំណីអាហារ​ សម្រាប់​ខ្លួន​លោក​ផ្ទាល់​ ក៏​ដូច​ជា​កូនៗ​របស់​លោក​ ដោយសារ​តែ​លោក​មើលឃើញ​ថា​ នៅ​លើ​ទីផ្សារ​មាន​បន្លែ​ ត្រី​ សាច់​ ជា​ច្រើន​ដែល​នាំ​ចូល​ពី​បរទេស​។​ លោក​ បន្ដ​ថា​ ការ​បរិភោគ​បន្លែ​ធម្មជាតិ​គឺ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​សុខភាព​ ព្រោះ​បន្លែ​ធម្មជាតិ​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ ក៏​ប៉ុន្ដែ​បើ​បន្លែ​នោះ​មាន​សារធាតុ​គីមី​ វា​នឹង​ធ្វើ​មនុស្ស​ម្នាក់​ងាយ​នឹង​កើត​ជំងឺ​ដែល​ពិបាក​ព្យាបាល​ ហើយ​ក៏​អាច​កើត​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន​ផង​ដែរ​។​

បន្លែធម្មជាតិ ដែលមានលក់នៅផ្សារសហគមន៍ខ្មែរ

 

​លោក​ អ៊ិ​ន​ ដា​រា​វុ​ធ​ ៖«​ធម្មតា​បន្លែង​គឺ​អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ទៀត​បាន​ បើសិន​យើង​បរិភោគ​បន្លែង​ត្រូវ​ តែបើ​យើង​ហូប​បន្លែ​ខុស​វិញ​គឺ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ជំងឺមហារីក​ មាន​មេរោគ​អី​ រោគ​អី​ផ្សេងៗ​ ធ្វើ​ឲ្យ​សុខភាព​យើង​កាន់តែ​ទន់ខ្សោយ​ទៅៗ​ បាទ​ការ​ហូប​បន្លែ​ត្រឹមត្រូវ​ បន្លែ​ធម្មជាតិ​នេះ​ វា​ល្អ​ណាស់​សម្រាប់​សុខភាព​យើង​ អ​ញ្ចឹ​ង​សុំ​ឲ្យ​បងប្អូន​ទាំងអស់​ជួយ​គាំទ្រ​បន្លែ​ធម្មជាតិ​យើង​»​។​

​ដូច​គ្នា​ដែរ​អ្នកស្រី​ ស្រី​ល​ក្ខ័​ណ​ ជា​ស្ដ្រី​មេផ្ទះ​មួយ​រូប​រស់នៅ​រាជធានី​ភ្នំពេញ​ ម្ដុំ​បុរី​ប៉េង​ហួត​ ដែល​បាន​មក​ដល់​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ បាន​លើក​ឡើង​ថា​ អ្នកស្រី​គាំទ្រ​បន្លែង​ធម្មជាតិ​ ដាំ​ដុះ​ដោយ​មិន​ប្រើប្រាស់​ជីគីមី​ បើ​ទោះបីជា​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​ខាងក្រៅ​បន្ដិច​ក្ដី​ តែ​អ្នកស្រី​គិត​ថា​ លុយ​មិន​សំខាន់​ដល់​សុខភាព​អ្នកស្រី​ សុខភាព​ស្វាមី​ និង​កូនៗ​របស់​អ្នកស្រី​ឡើយ​។​

​ចំណែក​លោក​ ចេ​ង​ មេ​ង​ មាន​អាយុ​ជាង​ ៥០​ឆ្នាំ​ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ លោក​បាន​សម្រេច​ ចិត្ដ​ងាក​មក​ទិញ​ទំនិញ​នៅ​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ បន្ទាប់​ពី​លោក​បាន​ពិសោធន៍​ទៅ​លើ​បន្លែ​មួយ​ចំនួន​ពី​គុណភាព​ ដែល​ទិញ​ពី​ក្នុង​ផ្សារ​សហគមន៍​ខ្មែរ​ និង​បន្លែ​ដែល​ទិញ​ពី​ផ្សារ​ខាងក្រៅ​។​

​លោក​ ចេ​ង​ មេ​ង​ ៖«​បាទ​វា​ខុស​គ្នា​ខ្លះ​ដែរ​ ឧទាហរណ៍​ថា​ សណ្ដែកបណ្ដុះ​អ​ញ្ចឹ​ង​វា​នៅ​ផ្សារ​វា​ថ្លោស​ដូច​គ្នា​ តែ​យើង​ទុក​អត់​បាន​យូ​ តែ​នៅ​ទី​នេះ​យើង​ទុក​វា​បាន​យូ​ ហើយ​ពេល​ឆា​ទៅ​វា​មាន​ក្លិន​ខុស​គ្នា​អ​ញ្ចឹ​ង​ដែរ​»​។​

ក្រូចពោធិ៍សាត់គ្មានជាតិគីមីដែលមានលក់ផ្សារសហគមន៍ខ្មែរ

 

​កញ្ញា​ ស៊ា​យ​ សុ​ម៉ា​លី​ ស្ថាបនិក​ផ្សារ​សហគមន៍​ខ្មែរ​ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ងាក​មក​ចូលរួម​ទាំងអស់​គ្នា​ គាំទ្រ​ផលិតផល​ខ្មែរ​ គ្មាន​សារធាតុ​ជីគីមី​ ដែល​មាន​អត្ថប្រយោជន៍​ជួយ​ដល់​សុខភាព​មនុស្ស​យ៉ាង​ល្អ​ប្រសើរ​ ហើយ​ការ​ចូលរួម​គាំទ្រ​បន្លែ​ធម្មជាតិ​ ពី​ពលរដ្ឋ​គ្រប់​រូប​ ក៏​ជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ មានមុខ​របរ​ប្រចាំ​ថ្ងៃ​ ហើយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​។​

​ផ្សារ​សហគមន៍​ខ្មែរ​ ដែល​ត្រូវ​បាន​ចងក្រង​បង្កើត​ឡើង​ដោយ​ក្រុម​ និស្សិត​ស្ដ្រី​ នេះ​ មា​នទី​តាំងនៅ​រាជធានី​ភ្នំពេញ​ ទល់មុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ ក្បែរ​ធនាគារ​ អេ​ស៊ី​លី​ដា​។​ ចំពោះ​ប្រជា​កសិករ​ដែល​ចង់​ផ្ដល់​បន្លែ​ ផ្លែ​ឈើ​របស់​ខ្លួន​មក​កាន់​ផ្សារ​សហគមន៍​ខ្មែរ​នេះ​ អាច​ទាក់ទង​តាម​រយៈ​ប្រធាន​សហគមន៍​កសិករ​របស់​ខ្លួន​ ដើម្បី​ឲ្យ​អ្នកជំនាញ​ខាង​ផ្សារ​សហគមន៍​ខ្មែរ​ចុះ​ទៅ​ពិនិត្យ​ ពី​ការ​ដាំ​ដុះ​ជាក់ស្ដែង​៕

ព័ត៌មានទាក់ទង

អ្នកស្រី សៀង សុខច័ន្ទ៖ពិការភាពមិនមែនជាឧបសគ្គនៃការងារដើម្បីជីវិតនោះទេ

ជីវៈព័ត៌មាន៖ មនុស្សជោគជ័យដោយសារការព្យាយាម ។ ស[...]

ACTបញ្ជ្រាបការបញ្ឈប់អំពើហិង្សាលើស្រ្ដីនិងកុមារតាមរយៈបណ្ដាញសន្ដិភាព

ខេត្តកោះកុង៖ ក្រុមការងារដើម្បីដោះស្រាយទំនាស់ [...]

រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​៖​ហិង្សា​លើ​កុមារ​មាន​អត្រា​ខ្ពស់​

រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​បាន​ថ្លែង​ថា​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត