loader

នាយិកា​អង្គការ​ តំលៃ​ស្ដ្រី​ ៖​ ទោះ​ស្ដ្រី​ធ្វើការ​ពេល​យប់​ ពួក​គេ​ក៏​នៅ​តែ​មាន​សិទ្ធិ​ការពារ​ដោយ​ច្បាប់​

​ភ្នំពេញ​ ៖​ នាយ​កា​អង្គការ​តំលៃ​ស្ដ្រី​ បាន​អំពាវនាវ​ដល់​ក្រុម​បុរស​ ដែល​តែងតែ​បៀតបៀន​លើ​ស្ដ្រី​ បម្រើ​ក្នុង​វិស័យ​សេវា​កម្សាន្ដ​នា​ពេល​យប់​ ឲ្យ​បញ្ឈប់​សកម្មភាព​បែប​នេះ​ ព្រោះថា​ ការ​បៀតបៀន​គឺជា​ការ​បន្ថោក​ដល់​ស្ត្រី​។​ ជាមួយ​គ្នា​នេះ​ នាយិកា​អង្គការ​ស្ដ្រី​ ផ្សេងៗ​ទៀត​ ក៏​សំណូមពរ​ឲ្យ​ស្ដ្រី​ ដែល​បម្រើ​ក្នុង​សេវា​កម្សាន្ដ​នា​ពេល​យប់​ទាំងអស់​ ស្វែង​យល់​អំពី​ច្បាប់​ដើម្បី​ការពារ​ខ្លួន​ពី​ការ​បៀតបៀន​ផ្សេងៗ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

 

​បើ​ទោះជា​បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ខិតខំ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ ដើម្បី​បើកឱកាស​ និង​ផ្ដល់​ការ​យកចិត្ដទុកដាក់​ដល់​ស្ដ្រី​ បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេងៗ​ក្ដី​ ក៏​ប៉ុ​សកម្មភាព​ទាំង​អស់នោះ​ ហាក់​នៅ​តិច​នៅឡើយ​ បើ​ប្រៀបធៀប​នឹង​ចំនួន​ស្ដ្រី​ ដែល​មាន​រហូត​ដល់​ ៥២​ភាគរយ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ ១៦​លាន​នាក់​។​

​ស្ដ្រី​បាន​ចេញ​ធ្វើ​ការងារ​ ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ មាន​ទាំង​ការងារ​នៅ​ក្នុង​ផ្សារ​ ការងារ​ក្នុង​រោងចក្រ​ ការ​ប្រកប​របរ​កសិកម្ម​ និង​ការងារ​បម្រើ​ក្នុង​សេវា​កម្សាន្ដ​នា​ពេល​រាត្រី​។​ ក្នុង​ចំណោម​ការងារ​ទាំង​ប៉ុន្មាន​នេះ​ គេ​សង្កេត​ឃើញ​ស្ដ្រី​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ដ​នា​ពេល​រាត្រី​ តែងតែ​រង​ការ​បៀតបៀន​ខ្លាំង​ជាងគេ​ ទាំង​ការ​កេងប្រវ័ញ្ច​ផ្នែក​សេដ្ឋកិច្ច​ និង​ការ​បំពាន​កេរ្ដិ៍​ភេទ​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិស្ស​ “​សំអាងការ​និង​កែ​សម្ផស្ស​”​ ជំនាន់​ទី​ ០៥​ ចំនួន​ ០៦​រូប​ ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ លោកស្រី​ សេង​ សុ​លី​ដា​ នាយិកា​អង្គការ​តំលៃ​ស្ដ្រី​ មាន​ប្រសាសន៍​ថា​ ឆ្លងកាត់​តាម​រយៈ​ការ​ជួប​ដោយ​ផ្ទាល់​ជាមួយ​ស្ដ្រី​ ធ្វើ​ការងារ​នា​ពេល​យប់​ នៅ​កន្លែង​ផ្សេងៗ​ ស្ដ្រី​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ បុរស​ មួយ​ចំនួន​ធំ​ បៀតបៀន​លើ​ពួក​គេ​ ។​ ក្រៅពី​ការ​បៀត​ក្រុម​បុរស​មួយ​ចំនួន​ បាន​ល្បួង​ស្ដ្រី​ដោយ​ផ្ដល់​ជា​ប្រាក់​កាក់​ដើម្បី​នាំ​ទៅ​ក្រៅ​។​ សម្រាប់​លោកស្រី​ សេង​ សុ​លី​ដា​ គឺ​មាន​អា​រ្ម​ណ៍​ខ្លោចចិត្ដ​ ចំពោះ​ទ​ង្វើ​ដែល​ខ្វះ​សីលធម៌​ទាំង​អស់នេះ​ ត្រូវ​បុរស​ប្រព្រឹត្ដ​លើ​ស្ដ្រី​ ៖«​ស្ដ្រី​គាត់​បាន​ប្រាប់​មក​យើង​ថា​ ធ្លាប់​មាន​ករណី​ខ្លះ​គាត់​ចរចា​ ឧទាហរណ៍​ថា​ យល់ព្រម​នឹង​គ្នា​ទៅ​តម្លៃ​ប៉ុន្មាន​អី​អ​ញ្ចឹ​ង​ទៅ​ តែ​ទៅ​ដល់​គាត់​មិន​បាន​តម្លៃ​ហ្នឹង​ទេ​ ឬ​ក៏​មានការ​រំលោភ​បូក​អី​ផ្សេងៗ​អ​ញ្ចឹ​ង​»​។​

​សង្គម​មិន​បាន​ឲ្យ​តំលៃ​លើ​ស្ដ្រី​ដែល​ធ្វើ​ការងារ​នា​ពេល​យប់​នោះ​ទេ​ ពិសេស​គឺ​ធ្វើការ​នៅ​កន្លែង​កម្សាន្ដ​សប្បាយ​នានា​។​ ការ​បេះបោច​លើ​ស្ដ្រី​ ត្រូវ​បាន​គេ​និយាយ​ ពិសេស​បុរស​ ដែល​តែងតែ​និយាយ​ថា​“​បើ​ស្ដ្រី​ល្អ​ ស្ដ្រី​ត្រឹមត្រូវ​ពួក​គេ​ នឹង​មិន​ទៅ​ធ្វើ​ការងារ​ពេល​យប់​ នៅ​កន្លែង​មិនល្អ​អ​ញ្ចឹ​ង​នោះ​ទេ​”​។​ ចំពោះ​ពាក្យ​ទិតៀន​ដែល​តែងតែ​ឮ​មកនេះ​ សម្រាប់​លោកស្រី​ សេង​ សុ​លី​ដា​ មិន​ពេញចិត្ដ​ឡើយ​ ដោយ​លោកស្រី​សង្កត់ធ្ងន់​ថា​ មិន​ថា​ស្ដ្រី​កើត​ក្នុង​ត្រកូល​ណា​ទេ​ ប្រសិនបើ​គាត់​មាន​ជម្រើស​ការងារ​ ដែល​ល្អ​ជាង​ការងារ​ពេល​យប់​ ពួក​គាត់​នឹង​មិន​ទៅ​ធ្វើ​ការងារ​បែប​នេះ​ឡើយ​។​

​នាយិកា​អង្គការ​តំលៃ​ស្ដ្រី​បន្ដ​ទៀត​ថា​ បើ​ទោះជា​ពួក​គាត់​ចង់​ធ្វើការ​នៅ​កន្លែង​បែប​នោះ​ក៏​ដោយ​ ក៏​ពួក​គាត់​នៅ​តែ​ជា​ពលរដ្ឋ​ ដែល​មាន​សិទ្ធិ​ ហើយនឹង​ត្រូវ​បានការ​ពារ​យ៉ាង​ពេញលេញ​ដោយ​ច្បាប់​ ។​ លោកស្រី​ សេង​ សុ​លី​ដា​ ស្នើ​ឲ្យ​បុរស​ទាំងអស់​បញ្ឈប់​ការ​គិត​អាក្រក់​ទៅ​លើ​ស្ដ្រី​ បម្រើ​ក្នុង​សេវា​កម្សាន្ដ​នា​ពេល​យប់​បន្ដ​ទៀត​ ហើយ​គួរតែ​ចូលរួម​ក្នុង​ការ​ផ្ដល់​ឱកាស​ការងារ​ដល់​ស្ដ្រី​ ឲ្យ​កាន់តែ​ទូលាយ​ ៖«​នាង​ខ្ញុំ​សុំ​ឲ្យ​គាត់​បាន​ផ្លាស់​ប្ដូរ​ ផ្នត់គំនិត​ និង​ការ​គិត​របស់​គាត់​ថា​ មិនមែន​ពាក្យ​ថា​ល្អ​ ឬ​មិនល្អ​បាន​គាត់​មក​ធ្វើការ​កន្លែង​ហ្នឹង​ទេ​ ប៉ុន្ដែ​យើង​ត្រូវ​ដឹង​អំពី​ឫសគល់​នៃ​បញ្ហា​ដែល​នាំ​ឲ្យ​គាត់​មក​ធ្វើការ​កន្លែង​។​ អ​ញ្ចឹ​ង​ហើយ​សុំ​កុំ​ឲ្យ​បងប្អូន​បុរស​ ចេះ​តែ​មើលងាយ​ ក៏​ដ៏​ច​ជា​ជាន់ឈ្លី​ទៅ​លើ​សិទ្ធិ​សេរីភាព​របស់​ស្ដ្រី​ ហើយ​ចាប់ផ្ដើម​ចេះ​ឲ្យ​តំលៃ​លើ​ស្ដ្រី​»​។​

​តែ​យ៉ាងណា​នាយិកា​អង្គការ​តំលៃ​ស្ដ្រី​រូប​នេះ​ ក៏​សំណូមពរ​ដល់​ស្ដ្រី​ទាំងអស់​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​កម្សាន្ដ​នានា​ នា​ពេល​យប់​ ធ្វើ​យ៉ាងណា​រក្សា​គុណ​តម្លៃ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ និង​ត្រូវ​ដឹង​ពី​របៀប​ការពារ​ខ្លួន​ពី​ការ​បៀតបៀន​ផ្សេងៗ​ពី​ក្រុម​បុរស​។​ ជាង​នេះ​លោកស្រី​ សេង​ សុ​លី​ដា​ ចង់​ឲ្យ​ស្ដ្រី​គ្រប់​រូប​ ស្វែងរក​រៀនចំណេះ​ជំនាញ​ផ្សេងៗ​ជា​ជាង​ការ​ចូល​បម្រើ​ការងារ​ តាម​វិស័យ​កម្សាន្ដ​នា​ពេល​យប់​។​

​ស្ដ្រី​ លើសលប់​ដែល​សម្រេចចិត្ដ​ទៅ​បម្រើ​ក្នុង​វិស័យ​កម្សាន្ដ​ ធ្វើ​ការងារ​ពេល​យប់​នេះ​ ពួក​គាត់​មិនសូវ​បានដឹង​ពី​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​នោះ​ទេ​។​

​ជុំវិញ​រឿង​នេះ​ អ្នកស្រី​ កន​ ចិន្ដា​ គណៈកម្មការ​ បណ្ដាញ​ការងារ​ស្ដ្រី​រួបរួម​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​ដែល​ធ្វើ​ការងារ​កន្លែង​ផ្ដល់​សេវា​កម្សាន្ដ​នា​ពេល​យប់​ តែងតែ​ត្រូវ​បាន​បុរស​វាយតម្លៃ​ថា​ ជា​ស្ដ្រី​មិនល្អ​ ដែល​មិន​គួរ​ឲ្យ​សេពគប់​ និង​រាប់រក​។​ ព្រោះ​ការ​មិន​ឲ្យ​តំលៃ​លើ​ស្ដ្រី​បែប​នេះ​ ទើប​ក្រុម​បុរស​ជា​និច្ចកាល​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គាត់​ ពេល​ណា​ដែល​ស្ដ្រី​មិន​ព្រម​តាម​ការ​ចង់បាន​របស់​ពួក​គេ​ ៖«​ស្ដ្រី​ប្រឈម​ពី​អំពើ​ហិង្សា​ របស់​បុរស​ច្រើន​អំពើ​ហិង្សា​លើ​រូបរាង​កាយ​ អំពើ​ហិង្សា​ផ្លូវភេទ​ អំពើ​ហិង្សា​មួយទៀត​ គឺ​ការ​ប្រមាថ​ »​។​

​អ្នកស្រី​ ចិន្ដា​ ស្នើ​ឲ្យ​មនុស្ស​គ្រប់​រូប​ ពិសេស​បុរស​ គួរតែ​ផ្លាស់​ប្ដូរ​គំនិត​នេះ​ ហើយ​ត្រូវ​គិត​ថា​ បើ​ទោះជា​ពួក​គាត់​ធ្វើ​ការងារ​បែប​នោះ​មែន​ក៏​ពិតមែន​ ក៏​ពួក​គាត់​មាន​សិទ្ធិ​ និង​មាន​សេចក្ដី​ថ្លៃថ្នូរ​ ដូច​មនុស្ស​ទូទៅ​ដែរ​។​

​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​ សីល​ការ​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ដ​ នានា​ ពិសេស​នៅ​ពេល​យប់​ ត្រូវ​តែ​ដឹង​អំពី​ច្បាប់​ ដែល​ចែង​អំពី​ការ​ការពារ​ពួក​គាត់​ ដែល​កំពុងធ្វើការ​ងារ​ក្រៅ​ប្រព័ន្ធ​។​ លោកស្រី​ ធីតា​ បន្ដ​ថា​ ការ​ដឹង​បាន​ច្បាស់លាស់​អំពី​សិទ្ធិ​របស់​ខ្លួន​ នឹង​ធ្វើ​ឲ្យ​ស្ដ្រី​គេច​ផុត​ពី​ការ​រំលោភ​បំពាន​ និង​ការ​បៀតបៀន​ផ្សេងៗ​ ៖«​ស្ដ្រី​ដែល​ធ្វើការ​នៅ​កន្លែង​មណ្ឌល​កម្សាន្ដ​ហ្នឹង​គួរតែ​ ស្វែង​យល់​ថា​ យើង​ជា​អ្នក​ដែល​ធ្វើការ​ក្រៅ​ប្រព័ន្ធ​ហ្នឹង​យើង​ មានច្បាប់​អី​ខ្លះ​ដើម្បី​ការពារ​ខ្លួន​យើង​។​ អ​ញ្ចឹ​ង​ទៅ​យើង​ត្រូវ​ស្វែង​យល់​ពី​រឿង​ហ្នឹង​ ហើយ​រៀន​តស៊ូ​មតិ​ ដើម្បី​យើង​អាច​ការពារ​ខ្លួន​យើង​បាន​ នៅ​ក្នុង​ពេល​ដែល​គេ​មានការ​រំលោភ​អី​ផ្សេងៗ​មក​លើ​សិទ្ធិ​របស់​យើង​»​។​

​យោង​តាម​អនុ​ញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​ នៃ​ការ​រើសអើង​ប្រឆាំង​ នឹង​នារី​ភេទ​ ត្រង់​មាន​ត្រា​ ១១​ បាន​ចែង​ថា​ រដ្ឋ​ភាគី​ ត្រូវ​ចាត់វិធានការ​ សម​ស្រប​ទាំងអស់​ ដើម្បី​លុប​បំបាត់​រាល់​ការ​រើសអើង​ប្រឆាំង​ នឹង​នារី​ភេទ​ នៅ​ក្នុង​វិស័យ​ការងារ​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សមភាព​រវាង​បុរស​ និង​ស្ដ្រី​ ដើម្បី​ធានា​នូវ​សិទ្ធិ​ដូច​គ្នា​។​ មាត្រា​ដដែល​នេះ​ បាន​ចែង​ទៀត​ថា​ ស្ដ្រី​ និង​បុរស​ មាន​សិទ្ធិ​ មានឱកាស​ធ្វើ​ការងារ​ដូច​គ្នា​ ក៏​ដូច​ជា​សិទ្ធិ​ជ្រើសរើស​ដោយ​សេរី​នូវ​ វិជ្ជាជីវៈ​ និង​ការងារ​៕​

ព័ត៌មានទាក់ទង

GMAC​ សហជីព​ បារម្ភ​ថា​ កម្មករ​ កម្មការិនី​ នឹង​ចំណាកស្រុក​ បើ​ EU​ បិទ​ការ​អនុគ្រោះ​ពន្ធ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ សហជីព​តំណាង[...]

សង្គមស៊ីវិល និងសហជីព៖ បើEUបិទពន្ធអនុគ្រោះគឺកម្មការិនីច្រើនលើសលុបនឹងរងផលប៉ះពាល់

ភ្នំពេញ៖ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្ដីថ្លែង[...]

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​២៩​លាន​ដុល្លារ​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​

សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ២៩​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត