loader

នាយក​វិទ្យាល័យ​ ៖​ សិស្ស​ស្រី​ខិតខំ​សិក្សា​ជាង​សិស្ស​ប្រុស​ទើប​សាលា​របស់​លោក​និទ្ទេស​ “A”​ សិស្ស​ស្រី​ជាប់​ច្រើន​ជាង​ប្រុស​

​ភ្នំពេញ​៖​ នាយក​វិទ្យាល័យ​ចំនួន​ ៣​ បង្ហាញ​ការ​យល់​ឃើញ​ដូច​គ្នាៗ​ថា​ សិស្ស​ស្រី​មានការ​ខិតខំ​ប្រឹងប្រែង​សិក្សា​ខ្ពស់​ជាង​សិស្ស​ប្រុស​ ទើប​វិទ្យាល័យ​របស់​លោក​មាន​ចំនួន​សិស្ស​ជាប់​និទ្ទេស​ “A”​ ជា​សិស្ស​ស្រី​ច្រើន​ជាង​សិស្ស​ប្រុស​។​ យុវតី​ម្នាក់​ប្រឡង​ជាប់​និទ្ទេស​ “A”​ យល់​ស្រប​ ដោយ​បញ្ជាក់​ថា​ ក្នុង​ថ្នាក់​របស់​នាង​សិស្ស​ស្រី​ថ្វីបើ​មាន​សិស្ស​ស្រី​តិច​ក៏​ប៉ុន្ដែ​គឺ​មានការ​ខិត​ខ្លាំង​ជាង​សិស្ស​ប្រុស​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖


​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ហៅ​ថា​ ប្រឡង​បាក់​ឌុ​ប​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​១០-១១​ ខែកញ្ញា​។​ តាម​លទ្ធផល​ សិស្ស​ប្រឡង​ជាប់​ជា​ទូទៅ​មាន​ជាង​ ៦​ម៉ឺន​នាក់​។​ ចំណែក​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​ “A”​ មាន​ចំនួន​ ៤២៤​នាក់​នៅ​ទូ​ទាំង​ប្រទេស​។​ រាជធានី​ភ្នំពេញ​នាំមុខ​គេ​ ១៩៤​នាក់​ តាម​ពីក្រោយ​ដោយ​ខេត្ដសៀមរាប​ ៤៧​នាក់​។​
​តាម​ការ​ឲ្យ​ដឹង​ពី​នាយក​វិទ្យាល័យ​ចំនួន​៣​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ដកំពង់ធំ​ សិស្ស​ស្រី​នៅ​សាលា​របស់​ពួ​គាត់​ គឺ​ ជាប់​និទ្ទេស​ “A”​ ច្រើន​ជាង​សិស្ស​ប្រុស​ ព្រោះតែ​ការ​ខិតខំ​ប្រែង​ដោយ​យកចិត្ដទុកដាក់​មិន​ងាយ​ធ្វេស​ប្រ​ហេ​ស​។​

​លោក​ កុយ​ សិលា​ នាយក​វិទ្យាល័យ​ទួល​ទំពូង​បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ថា​ សាលា​របស់​លោក​ឆ្នាំ​នេះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ មាន​ចំនួន​ ០៨​នាក់​ ក្នុង​នោះ​មាន​ស្ដ្រី​ចំនួន​ ០៥​នាក់​។​ វិទ្យាល័យ​ទួល​ទំពូង​នេះ​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ ចំនួន​ បី​ឆ្នាំ​ជាប់​គ្នា​គិត​មក​ដល់​ឆ្នាំ​២០១៧​នេះ​ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​សិស្ស​ស្រី​។​ តាម​ទស្សន​របស់​លោក​ នាយក​រូប​នេះ​ រាល់ពេល​ដែល​លោកគ្រូ​ អ្នកគ្រូ​បង្រៀន​សិស្ស​ស្រី​តែងតែ​ផ្ដោតអារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ពន្យល់​ និង​ស្ដាប់​ដំបូន្មាន​របស់​គ្រូ​ ជា​និច្ច​។​ លោក​ កុយ​ សិលា​ ៖«​ចំណុច​សំខាន់​គឺ​ក្មួយៗ​ហ្នឹង​គឺ​គាត់​យកចិត្ដទុកដាក់​ ក្នុង​ការ​រៀនសូត្រ​ ហើយ​ពិសេស​គឺ​កូនស្រី​ហ្នឹង​ ការ​រៀនសូត្រ​របស់​គាត់​ហ្នឹង​គឺ​មានការ​ខិតខំ​ជាង​កូនប្រុស​»​។​

​រីឯ​ការ​សិក្សា​របស់​សិស្ស​ប្រុស​ដែល​ហាក់​នៅ​មាន​កម្រិត​ប្រឹងប្រែង​ ទាប​ជាង​សិស្ស​ស្រី​ លោកនាយក​វិទ្យាល័យ​ទួល​ទំពូង​មើលឃើញ​ថា​ អាច​ទំនង​មក​ពី​ក្មេង​ប្រុស​មួយ​ចំនួន​ធំ​ ចំណាយពេល​ច្រើន​លេង​បច្ចេកវិទ្យា​ទំនើប​ ដែល​ក្លាយជា​ការ​រំខាន​ដល់​ការ​សិក្សា​របស់​ពួក​គេ​។​

​ចំណែក​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​ ១០០​ខ្នង​ ដែល​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ ចំនួន​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ មក​ហើយ​នោះ​ គឺ​នៅ​ឆ្នាំ​នេះ​ក៏​មាន​សិស្ស​ស្រី​ចំនួន​ពីរ​នាក់​បាន​ប្រឡង​ជាប់​និទ្ទេស​ “A”​ ផង​ដែរ​។​

​លោក​ ម៉ី​ សុ​មុនី​ នាយករង​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​១០០​ខ្នង​មាន​ប្រសាសន៍​ថា​ កាលពី​ ពីរ​ ឆ្នាំ​មុន​គឺ​ សិស្ស​ប្រុស​ ០២​រូប​ប្រឡង​បា​និទ្ទេស​ “A”​ ក៏​ប៉ុន្ដែ​ឆ្នាំ​២០១៧​នេះ​ គឺ​សិស្ស​ស្រី​នាំ​មុខតែ​ម្ដង​។​ តាម​ការ​សង្កេត​មើល​របស់​លោក​ សុ​មុនី​ ឃើញ​ថា​ សិស្ស​ស្រី​គឺ​មានការ​ខិតខំ​ខ្ពស់​ជាង​សិស្ស​ប្រុស​ ទាំង​ការ​ប្រឡង​ប្រចាំខែ​ និង​ប្រ​ឆាំ​ឆមាស​នីមួយៗ​។​ ​លោក​ ម៉ី​ សុ​មុនី​ ៖«​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា​ សន្ទុះ​នៃ​ការ​សិក្សា​របស់​សិស្ស​ស្រី​មានការ​កើនឡើង​ជាង​បុរស​បើ​តាម​ការ​សង្កេត​មើល​ បើ​មើលទៅ​ល​ពិន្ទុ​ប្រចាំខែ​នីមួយៗ​ចន្លោះ​ពី​លេខ​ ១​ទៅ​ដល់​លេខ​ ៥​ គឺ​ភាគច្រើន​ជានា​រី​»​។​

​សិស្ស​ដែល​សិក្សា​នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​ ១០០​ខ្នង​នេះ​គឺ​ភាគ​ច្រើ​បំផុត​ជា​បុរស​ ក៏​ប៉ុន្ដែ​ព្រោះតែ​ការ​ខិតខំ​ប្រឹងប្រែង​ខុស​គ្នា​ទើប​ធ្វើ​ឲ្យ​លទ្ធផល​សិស្ស​ស្រី​មាន​ភាព​លេចធ្លោ​ខ្លាំង​ជាង​សិស្ស​ប្រុស​។​

​ចំណែក​វិទ្យាល័យ​កំពង់ធំ​ឯណោះ​វិញ​ដែល​មាន​សិស្ស​សិក្សា​ជាង​ ៣៤០០​នាក់​ ហើយ​ជាង​២០០០​នាក់​ជា​ស្ដ្រី​នៅ​ឆ្នាំ​២០១៧​នេះ​ គឺ​មាន​ចំនួន​ ៣​នាក់​បាន​ប្រឡង​ជាប់​និទ្ទេស​ “A”​ និង​សិស្ស​ប្រុស​ម្នាក់​។​ ខណៈ​កាលពី​ឆ្នាំ​មុន​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​ “A”​ មាន​ចំនួន​ត្រឹមតែ​ពីរ​នាក់​ប៉ុណ្ណោះ​។​

​លោក​ ឡាយ​ ទិ​ត្យ​ នាយក​វិទ្យាល័យ​កំពង់ធំ​មាន​ប្រសាសន៍​ថា​ ជា​ទូទៅ​នៅ​វិទ្យាល័យ​របស់​លោក​សិស្ស​ស្រី​មានការ​ខិតខំ​ប្រឹងប្រែង​សិក្សា​ខ្លាំង​ជាង​សិស្ស​ប្រុស​។​ តែ​លោក​ក៏​ទទួលស្គាល់​ដែរ​ថា​ សិស្ស​ប្រុស​ខ្លះ​ក៏​ខិតខំ​ណាស់​ដែរ​ គ្រាន់តែ​អាច​បណ្ដាល​មក​ពី​ភាព​វៃឆ្លាត​របស់​ពួក​គេ​នៅ​មាន​កម្រិត​ទាប​ជាង​សិស្ស​ស្រី​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​បាន​ត្រឹម​និទ្ទេស​ “E”​ មិន​បាន​ឈាន​ដល់​និទ្ទេស​ “A”​ ។​ លោក​ ឡាយ​ ទិ​ត្យ​៖«​អ្នកខ្លះ​ក៏​ខំប្រឹង​ដែរ​ តែ​ខួរក្បាល​គ្នា​វា​មិនល្អ​ក៏​ពិបាក​ដែរ​ គឺ​បាន​ត្រឹម​មួយ​ជាប់​ ដូច​ឃើញ​ថា​អ្នកខ្លះ​ខំប្រឹង​ណាស់​តែ​ទម្រាំ​ជាប់​គ្នា​សឹង​ថា​ពិបាក​ណាស់​»​។​

កញ្ញា រិន ឆោមពៅនីកា សិស្សវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង និទ្ទេស “A”

​ទាក់ទិន​រឿង​នេះ​យុវតី​ រិ​ន​ ឆោម​ពៅ​នី​កា​ ជា​សិស្ស​និទ្ទេស​ “A”​ នៅ​វិទ្យាល័យ​ ហ៊ុន​ សែន​ បុរី​ ១០០​ខ្នង​បាន​និយាយ​ថា​ និទ្ទេស​នេះ​គឺជា​ក្ដី​រំពឹង​របស់​នាង​តាំង​ចាប់ផ្ដើម​សិក្សា​មក​ម្លេះ​ ដោយ​នាង​តាំងចិត្ដ​ថា​ នឹង​ប្រឡង​យក​និទ្ទេស​ “A”​ ឲ្យ​បាន​ដើម្បី​ជា​ការ​លើកទឹកចិត្ដ​ លើក​កិត្ដិយស​ក្រុម​គ្រួសារ​ និង​សាលារៀន​របស់​នាង​។​ យុវតី​ នី​កា​ ចង់​ឲ្យ​សិស្ស​ដែល​កំពុង​សិក្សា​ត្រៀមប្រឡង​នៅ​ឆ្នាំ​ក្រោយ​ ត្រូវ​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់​ និង​តាំងចិត្ដ​ឲ្យ​បាន​រឹង​មាំ​ឆ្ពោះទៅ​រក​គោលដៅ​។​ កញ្ញា​ រិ​ន​ ឆោម​ពៅ​នី​កា​ ៖«​រាល់​ភាព​ជោគជ័យ​ទាំងអស់​គឺ​កើតឡើង​ដោយសារ​តែ​ការ​ខំប្រឹង​ អ​ញ្ចឹ​ង​យើង​ត្រូវ​ខំប្រឹង​ទាំងអស់​គ្នា​ ដោយ​កុំ​យក​លេស​ថា​ យក​ត្រឹម​មួយ​ចប់​ គឺ​យើង​ត្រូវ​តែ​ដៅ​យក​និទ្ទេស​ “​A​”​ បើ​មិន​អ​ញ្ចឹ​ង​ក៏​ “B”​ ដែរ​ អ​ញ្ចឹ​ង​យើង​ខំ​គឺ​ដើម្បី​ខ្លួន​យើង​ ដើម្បី​ក្រុម​គ្រួសារ​ បងប្អូន​យើង​ និង​ទី​៣​ គឺ​ដើម្បី​សងគុណ​ទៅ​កាន់​លោកគ្រូ​ អ្នកគ្រូ​ និង​សាលារៀន​ដែល​បណ្ដុះបណ្ដាល​យើង​»​។​

​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៧​នេះ​បង្ហាញ​ថា​ សិស្ស​ ៦​ម៉ឺន​ ៣​ពាន់​ ៦៦៨​នាក់​“​ប្រឡង​ជាប់​”​ ក្នុង​ចំណោម​សិស្ស​ប្រឡង​សរុប​ជាង​ ១​សែន​ ១​ពាន់​ ៤១៣​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ស្ថានភាពជម្ងឺកញ្ញាពេជ្រចរណៃកាន់តែធ្ងន់ធ្ងរ ខណៈរង់ចាំការសង្រ្គោះ

ភ្នំពេញ៖ កញ្ញា ពេជ្រ ចរណៃ តារាភាពយន្ដស្រីក្នុ[...]

កញ្ញា ទូច សុជាតិតា ផ្តើមការងារបុគ្គលិកអង្គការក្លាយជាសហគ្រិនគ្រប់គ្រងក្រុមហ៊ុនចំនួនបី

ភ្នំពេញ៖ ផ្តើមការងារពីបុគ្គលិកអង្គការ កញ្ញា ទ[...]

ឡាយ⁣ ឌីនណា “ខ្ញុំចាប់ផ្តើមការងារដំបូងពីសកម្មភាពស្ម័គ្រចិត្តជួយសង្គម⁣”

កញ្ញា ឡាយ ឌីនណា ជាយុវតីម្នាក់ក្នុងចំណោមយុវជនច[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត