loader

នាយករដ្ឋមន្ត្រីថានឹងតាមចាប់អ្នកគាំទ្រមាតុភូមិនិវត្តរបស់លោកសមរង្ស៊ីនៅថៃ តែ​អ្នក​វិភាគ​ថា​ទំនង​មិនអាចទៅរួច


ភ្នំពេញ៖ សម្ដេចហ៊ុន សែន ប្រកាសជំហរថា អាជ្ញាធរនៅតែបន្តចាប់អ្នកដែលបង្ហាញជំហរគាំទ្រក្រុមលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ទាំងអ្នកដែលកំពុងនៅកម្ពុជា ឬនៅថៃ។ សម្ដេចថានេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិ ។
ការបញ្ជាក់បែបនេះ ក្រោយពេលដែលលោក សម រង្ស៊ីបង្ហាញការស្ទង់មតិថា នឹងមានពលរដ្ឋមកទទួលលោក ប្រមាណ ២លាននាក់ ហើយមានពលរដ្ឋប្រកាសគាំទ្រលោកជាច្រើន និងត្រូវបានចាប់និងចោទប្រកាន់ជាបន្តបន្ទាប់ពីអាជ្ញាធរកម្ពុជា ។ អ្នកវិភាគថា ប្រទេសមួយចំនួនអាចនឹងធ្វើព្រងើយចំពោះដីកាកម្ពុជាឱ្យចាប់ក្រុមលោក សម រង្ស៊ី ដើម្បីធានាទំនាក់ទំនងកាទូតជាមួយកម្ពុជានាពេលអនាគត ។
រាយការណ៍ដោយលោក សោម លាភ


នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន មានប្រសាសន៍ថ្លែងបែបនេះ នៅក្នុងកិច្ចជួបសំណេះសំណាលជាមួយសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ​បាក់​ឌុប ដែលទទួលបាននិទ្ទេស A នៅវិមានសន្តិភាព នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩ ។
នាឱកាសនោះផងដែរ សម្ដេច​ ហ៊ុន សែនថា ការកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់ខ្លួន គឺព្រហ្មលិខិតជាអ្នកកំណត់ ហើយសម្ដេចបញ្ជាក់ដោយជាការចំអកឱ្យលោក សម រង្ស៊ីថា មិនវាសនាសម្ដេចនៅថ្ងៃទី ៩ វិច្ឆិកា ត្រូវស្លាប់ឬក៏ត្រូវចាប់ខ្លួនឡើយ ព្រោះសម្ដេចថា លោក សម​រង្ស៊ី មកមានការធ្វើឱ្យកងទ័ពបះបោផងដែរ ដើម្បីឱ្យមានការចាប់សម្ដេចផ្ទាល់ ។
នាយករដ្ឋមន្ត្រីកម្ពុជាថា នៅពេលដែលលោក សម រង្ស៊ីវិលមកកម្ពុជា ដោយមានការធ្វើឱ្យបះបោនៅក្នុងចលនាកងទ័ព នោះអាជ្ញាធរត្រូវតែកម្ចាត់ដោយមិនចាំបាច់បញ្ជា ។
ការបញ្ជាក់បែបនេះក្រោយពេលដែលលោក សម​ រង្ស៊ី បានបង្ហាញការស្ទង់មតិថា ការគាំទ្រលោក សម រង្ស៊ី វិលចូលកម្ពុជារាប់លាននាក់ ។
លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ៥ តុលាថា ការស្ទង់មតិ ជុំវិញមាតុភូមិនិវត្តន៍ របស់ សម រង្ស៊ី ថ្ងៃ ៩ វិច្ឆិកា ២០១៩ មានប្រជាពលរដ្ឋចេញទៅស្វាគមន៍លោកប្រមាណ ២ លាននាក់ ក្នុងនោះមាន ៩៨ ភាគរយ ជឿជាក់ថា នឹងមានការងើបឈរប្រឆាំងរដ្ឋអំណាចសព្វថ្ងៃ និង ៦៥ ភាគរយ នៃកងកម្លាំងប្រដាប់អាវុធ នឹងងើបឈរដែរ ក្នុងការប្រឆាំងរដ្ឋអំណាចសព្វថ្ងៃ ។
នាឱកាសនោះ នាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបាន នូវសុខសន្តិភាពដែលសម្ដេចថារកបានដោយលំបាក ដើម្បីបន្តការរីកចម្រើនតទៅមុខទៀត ព្រោះសម្ដេចថា បើគ្មានសន្តិភាព និងគ្មានការអភិវឌ្ឍឡើយ ។
ពាក់ព័ន្ធនឹងករណីនេះ សម្ដេចថា កម្ពុជាពោពេញទៅដោយសន្តិភាព តែអ្នកវិភាគ និងអ្នកតាមដានមួយចំនួន មិនយល់ស្របបែបនេះឡើយ ដោយថាសម្រាប់ពលរដ្ឋកម្ពុជាមួយចំនួនមានហើយ ខណៈមួយចំនួនទៀតមិនទាន់មានពិសេសគឺមនុស្សរបស់អតីតគណបក្សសង្រ្គោះជាតិ ។
នាយករដ្ឋមន្ត្រីបន្តបញ្ជាក់ម្ដងទៀតថា ថ្ងៃទី​ ៩ វិច្ឆិកា ជាថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ។
សម្ដេចថា ការដែលកំណត់ថ្ងៃនោះ មិនមែនជាការត្រឹមត្រូវនោះទេ ហើយសម្ដេចបញ្ជ្រាបថាគួរតែស្គាល់សម្ដេច និងស្វែងយល់បន្ថែម ព្រោះព្រះមហាក្សត្រ បានផ្ដល់ងារជាសម្ដេចតេជោ មិនមែនជារឿងធម្មតាទេ ។
នាយករដ្ឋមន្ត្រីកម្ពុជានៅតែបង្ហាញចម្ងល់ថា មិនដឹងថា ក្រុមលោក សម រង្ស៊ី និងអ្នកគាំទ្រពីក្រៅប្រទេស ចូលមកកម្ពុជាតាមផ្លូវណានោះទេ ដែលសម្ដេចថា បើមកពីកូរ៉េ លុះត្រាតែមានយន្តហោះដឹក ៥០០ គ្រឿង ទើបបាន ។
សម្ដេចថា កម្មករនៅថៃមិនមែនគាំទ្រក្រុមលោក សម រង្ស៊ី ទាំងអស់នោះទេ ។ ជាងនេះ កងទ័ពទាំងសងខាង ពោលគឺទ័ពថៃ និងទ័ពខ្មែរ គឺសម្ដេចថា មិនអនុញ្ញាតឱ្យលោក សម រង្ស៊ីវិលចូលកម្ពុជាឡើយ ។
កាលពីកន្លងទៅ លោក សម រង្ស៊ី ថាព្រះមហាក្សត្រកម្ពុជាជាស្ដេចលោ្ខន ជាអាយ៉ង និងជាចំណាត់ខ្មាំងនយោបាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងសុំឱ្យព្រះមហាក្សត្រដាក់រាជ្យជាដើម ។
មន្ត្រីរាជរដ្ឋាភិបាលថា ក្រុមលោក សម​ រង្ស៊ី មិនមែនមានបំណងមកផ្ដួលរំលំរាជរដ្ឋាភិបាលតែមួយមុខនោះទេ តែថែមទាំងមកផ្លាស់ប្ដូររបបរាជានិយមផងដែរ ។
សម្ដេចថា លោក សម រង្ស៊ី ប្រហើនខ្លាំងដែលហ៊ានពោលពាក្យបែបនេះដាក់ព្រះមហាក្សត្រ ។
នាយករដ្ឋមន្ត្រីកម្ពុជាក៏បន្តទៀត ដោយថានឹងមិនអាចអនុញ្ញាតឱ្យផែនការរដ្ឋប្រហារសម្រេចទៅបាននោះទេ សម្រាប់អ្នកដែលទៅគាំទ្រ និងបង្ហាញចលនាគាំទ្រលោក សម​ រង្ស៊ី គួរតែបញ្ឈប់ទៅ ដែលសម្ដេចទំនងជាបញ្ជាក់ប្រាប់ទៅអ្នកគាំទ្រលោក សម រង្ស៊ីថា កុំប្រញាប់ទៅងាប់នៅឯណាអី គួរតែធ្វើស្រែ និងធ្វើកិច្ចការរបស់ខ្លួនទៅ ។
ទោះបីជានៅថៃក៏ដោយ ក៏សម្ដេចថា គ្មានសុវត្តិភាពដែរ គឺនឹងចាប់មកកម្ពុជាវិញ ។
ខណៈពេលដែលការកំណត់ពេលវេលារបស់ក្រុមលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាជិតចូលមកដល់ អាជ្ញាធរកម្ពុជាមានការយាមកាមយ៉ាងតឹងតែង ដែលគោលដៅគឺអ្នកគាំទ្រដំណើររបស់លោក សម រង្ស៊ី ដែលការយាមនេះមានទៅនៅរដូវបុណ្យភ្ជំនៅតាមវត្តអារាមមួយចំនួនផង ។
ជាងនេះ ការបន្តចាប់ខ្លួន និងចោទប្រកាន់អ្នកបង្ហាញសារគាំទ្រទៀតសោត ក៏មានកំណើនខ្លាំងដែរ សឹងតែគ្រប់ខេត្តពីបទរួមគំនិតក្បត់ ។
ការចាប់ខ្លួនក្រុមលោក សម រង្ស៊ី មិនមែនគា្រន់តែប្រកាសចាប់នៅកម្ពុជាប៉ុណ្ណោះនោះទេ ថែមទាំងរាជរដ្ឋាភិបាលកម្ពុជាផ្ញើដីកាឱ្យចាប់ខ្លួននៅគ្រប់បណ្ដាប្រទេសជាសមាជិកអាស៊ានថែមទៀតផង ។
យ៉ាងណា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់កន្លងមកថា មិនទាន់ទទួលបានដីការពីកម្ពុជានៅឡើយនោះទេ ខណៈមន្ត្រីកម្ពុជាថាបានបញ្ជូនទៅគ្រប់ប្រទេសហើយ ។
ដោយឡែក លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាកាលថ្មីៗនេះថា អាជ្ញាធរថៃ ទំនងនឹងមិន ចាប់បញ្ជូនពលរដ្ឋកម្ពុជា ដែលអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ ។
លោកថា ដោយសារតែប្រទេសមួយចំនួនគិតអំពីទំនាក់ទំនងកាទូតរវាងកម្ពុជានៅពេលអនាគត ប្រសិនបើមានការផ្លាស់ប្ដូរនៅកម្ពុជា ។
គួររំលឹកថា លោក សម រង្ស៊ី ប្ដេជ្ញាថានឹងវិលចូលកម្ពុជាវិញ ដែលជាប្រទេសកំណើតរបស់ខ្លួននៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលលោកថាការវិលចូលមកនេះ គឺដើម្បីធ្វើឱ្យមានប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ និងជំនួយផ្សេងៗពីបរទេស ។ យ៉ាងណាលោកថា ការនឹងវិលចូលកម្ពុជានោះទៀតសោត មិនមែនជាការធ្វើរដ្ឋប្រហារឡើយ តែជាការប្រើប្រាស់អំណាចពលរដ្ឋដែលស្របច្បាប់ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនក្នុងវគ្គផ្ដាច់ព្រ័ត្រស្ដីពីចំណូលថវិកាជាតិកាន់តែទទទួលបាននូវចំណេះដឹងពីប្រភពនៃចំណូលរបស់ជាតិ

ថ្ងៃទី១៨តុលានេះអង្គការតម្លាភាពកម្ពុជាហៅកាត់ថា[...]

បទសម្ភាស៖ អ្នកវិភាគថា ដំណោះស្រាយនយោបាយនៅកម្ពុជាគឺត្រូវមើលទៅលើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយឯករាជ[...]

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត