loader

នាយករដ្ឋមន្ត្រីថាទោះគ្រោះថ្នាក់ដល់ខ្លួនក៏អស់ចិត្ត ដើម្បីទៅទទួលមនុស្សក្នុងនាវា Westerdam

ភ្នំពេញ៖ សម្ដេចហ៊ុន សែន ថ្លែងថា បើពេលដែលសម្ដេចទៅទទួលអ្នកនៅក្នុងនាវា Westerdam ហើយគ្រោះថ្នាក់ដោយប្រការណាមួយដល់ខ្លួន សម្ដេចថាសាកសមណាស់សម្រាប់សម្ដេច ចាត់ទុកជាការពលីដើម្បីមនុស្សជាតិ ។ ការអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សមួយនេះចូលកម្ពុជាបន្ទាប់ពីមានការបដិសេធពីប្រទេសនិងកោះចំនួន៥នេះ ដោយសម្ដេចហ៊ុន សែន ធ្វើឱ្យមានការផ្ទុះការរិះគន់ ហើយក៏មានការលើកសរសើ និងថ្លែងអំណរគុណផងដែរ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីក​ម្ពុជាចោទសួរថា ប្រសិនបើមានអ្នកជម្ងឺនៅលើនាវានេះ តើគួរទុកឱ្យអ្នកជម្ងឺទាំងនោះស្លាប់នៅលើនាវា ហើយសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា ។

សម្ដេចថានេះគឺជាបញ្ហា ដែលទាមទារនូវការទទួលខុសត្រូវរបស់ពិភពលោក និងជាពិសេសគឺជាការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមជាប្រទេសដែលជាសមាជិកនៃសហគមន៍អន្តរជាតិ ។

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ខណៈពេលនេះមិនមែនជាពេលដែលបង្ហាញនូវការភ័យខ្លាច ឬរើសអើងនោះទេ តែជាពេលដែលត្រូវរួបរួមគ្នា សាមគ្គីដោះស្រាយបញ្ហាទៅវិញទេ ។

សម្ដេចថ្លែងថា បើពេលដែលសម្ដេចទៅទទួលអ្នកនៅក្នុងនាវា Westerdam នោះ បែជាគ្រោះថ្នាក់ដោយប្រការណាមួយ សម្ដេចថាសាកសមណាស់សម្រាប់សម្ដេច ដែលសម្ដេចថាជាការពលីដើម្បីមនុស្សជាតិ ។

សម្ដេចថា ពលរដ្ឋកម្ពុជាគួរជម្រុញ លើកទឹកចិត្ត និងមានមោទនភាពចំពោះការអនុញ្ញាតឱ្យនាវាមួយនេះចូលចត ។

សម្ដេចថា កម្ពុជានឹងពន្លឿនឱ្យនាវានោះចូលបើដឹងថាមានជម្ងឺ ព្រោះដើម្បីយកអ្នកទាំងនោះព្យាបាលនៅកម្ពុជា ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានបើកឱកាសឱ្យអ្នកដែលនៅលើកាប៉ាល់នោះ អាចធ្វើដំណើរកំសាន្តនៅក្រុងព្រះសីហនុ និងអាចធ្វើដំណើរទៅទស្សនកិច្ចនៅខេត្តសៀមរៀបផងដែរ ។

សូមបញ្ជាក់ថា​ នាវាទេសចរណ៍យក្ស MS Westerdam របស់សហរដ្ឋអាមេរិក ដែលកម្ពុជាបានអនុញ្ញាតឱ្យចូលចតក្នុងក្រុងព្រះសីហនុនេះ ត្រូវបានប្រទេស និងកោះចំនួន៥ធ្វើការបដិសេធមិនឱ្យចុះចត មានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន ដោយមានការភ័យខ្លាចពីវីរុសកូរ៉ូណា ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានកោតសរសើរ និងអរគុណកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវា MS Westerdam របស់ក្រុមហ៊ុន Holland America Line ចូលចត ។

ដោយឡែក អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ​សរសេរលើបណ្ដាញសង្គម Twitter របស់ខ្លួនជាការថ្លែងអំណរគុណអស់ពីចិត្តចំពោះរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការបើកផ្លួវឲ្យនាវា Westerdam ចូលសំចតនៅក្រុងព្រះសីហនុ​ ។​

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​សារ​អរគុណកម្ពុជា​សម្រាប់​អនុញ្ញាត​ឲ្យ​នាវា Westerdam ចុះចត​នៅ​កំពុងផែ​ព្រះសីហនុ មុននឹង​ឈានដល់​ការផ្ទេរ​អ្នកដំណើរ​ចេញពី​នាវា ​។

ស្ថានទូត​បារាំង បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ទាំង​ភាសា​អង់គ្លេស បារាំង និង​ខ្មែរ​ដូចនេះថា «​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញាធរ​កម្ពុជា​ចំពោះ​ជំនួយ​ដ៏​មានតម្លៃ​ក្នុងការ​ផ្ទេរ​អ្នកដំណើរ​ចេញពី​នាវា​នេះ​»​ ។

ដោយឡែក ប្រតិភូសហភាព​អឺរ៉ុបប្រចាំកម្ពុជា ក៏បាន​សរសេរ​សារ​ខ្លី​ដោយ​សម្ដែង​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ព្រមឱ្យ​នាវា​ Westerdam ចូល​ចត​ផងដែរ ។

ចំពោះករណីនេះ ពលរដ្ឋកម្ពុជាមួយចំនួន បានរិះគន់ចំៗ ដូចជាលុយ ឬការអនុគ្រោះពន្ធមិនយកបែជាយកជម្ងឺទៅវិញ ។

លោក សន ដារ៉ា អ្នកវិភាគនៃអតីតគណបក្សសង្គ្រោះជាតិ សរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា រឿងនាវា Westerdam នេះ ៥ យ៉ាង គឺទី១ ជាល្បែងដែលសម្ដេច ហ៊ុន សែន ​សម្តែងផ្សព្វ​ផ្សាយ​ គឺដោយសារចង់ឲ្យ​ខ្ចរខ្ចាយ ដើម្បីកាន់តែចំណេញ ។ ទី ២ លោកថាមនុស្ស​ធម៌​ជារឿងល្អ​ តែនាយករដ្ឋមន្ត្រីកម្ពុជាគ្មានមនុស្សធម៌ទេ គឺធ្វើអ្វីៗដើម្បីមុខមាត់កេងចំណេញនយោបាយអន្តរជាតិកំពុងតែ​ដាំក្បាលចុះតែប៉ុណ្ណោះ ។ ទី៣ លោកសួរថា បើនាយករដ្ឋមន្ត្រីកម្ពុជាមានចិត្តមនុស្សធម៌មែន ហេតុអ្វីមិនជូយនិស្សិតខ្មែរនៅក្រុងមរណៈវូហាន  មិនថែ​EBA ១ពាន់លានអឺរ៉ូ មិនជួយកម្មកររាប់សែននាក់ប្រឈមនឹងការបាត់ការងារដែលនាំឲ្យគ្រួសារខ្មែរជួបវិបត្ត ។

រឿងទី ៤ លោកសន ដារ៉ាថា សម្ដេច ហ៊ុន​ សែន​ ដើម្បីចំណេញហ៊ានលុតជង្គង់ចងខ្សែរស្បែកជើងឲ្យអ្នកជំងឺ តែបើខាតសូម្បីតែជនពិការក៏ចាប់ដាក់គុក ។ ទី ៥ លោកថា សម្ដេច ហ៊ុន   សែន​ខ្លាចតែការបោះឆ្នោតត្រឹមត្រូវជាមួយសង្រ្គោះជាតិ កឹម សុខា​ សម​ រង្ស៉ីដែលនាំឲ្យគាត់បាត់អំណាច ឲ្យតែខ្លួនជៀសបាន អ្វី​ផ្សេង​ទៀតហ៊ានធ្វើទាំងអស់​ ទាំងមនុស្សធម៌និងអមនុស្សធម៌​ ។

គួរ​បញ្ជាក់ថា កម្ពុជា​បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍ Westerdam របស់​សហរដ្ឋអាមេរិក​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ បន្ទាប់ពី​ប្រទេស​និង​កោះ​ចំនួន​៥ បដិសេធ​ដោយ​បារម្ភ​ថា​មាន​អ្នក​ផ្ទុក​ជំងឺ​ប្រភេទ​ថ្មី កូ​រ៉ូ​ណាវី​រុស (COVID-19)​ ។ នាវា​នេះ​ផ្ទុក​អ្នកដំណើរ​២,២៥៧​នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​អឺរ៉ុប ២៦០​នាក់ មកពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២០​ប្រទេស​ ៕     

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោលទស្សនៈថា ព្រះមហាក្សត្រ យាងទៅចិនមិនចង់ឡាយព្រះហស្ថលេខាលើច្បាប់គ្រាមានអាសន្ន

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលទស្សនៈរប[...]

សម្ដេចហ៊ុនសែន៖ឆាប់ៗកម្ពុជានឹងមានច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន

នាយករដ្ឋមន្រ្ដីកម្ពុជាប្រកាសថាកម្ពុជាបានដើរដល[...]

សម្ដេចហ៊ុនសែនបញ្ជាឱ្យបិទកាស៊ីណូតែថាមិនធ្វើតាមការជំរុញរបស់លោកសមរង្ស៊ីទេ

នាយករដ្ឋមន្ត្រីប្រកាសបិទជាបណ្ដោះអាសន្ន នូវកាស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត