loader

នាយកដ្ឋាន​ជីវៈចម្រុះ​ បំភ្លឺ​ករណី​ថា​មាន​ដង្កូវ​ គី​នី​ រាតត្បាត​

​ភ្នំពេញ​ ៖​ ក្រសួងបរិស្ថាន​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ក្រសួង​ថា​ មានការ​ចែកចាយ​ខ្សែអាត់​វី​ដេ​អូ​ រយៈពេល​ ៣​នាទី​ និង​ ៤៧​វិនាទី​ នៅ​ក្នុង​បណ្ដាញ​សង្គម​ ហើយ​អះអាង​ថា​ ជា​ដង្កូវ​គី​នី​។​ ក្នុង​សំ​ណេ​រ​នេះ​ ក្រសួងបរិស្ថាន​ បញ្ជាក់​ថា​ នាយកដ្ឋាន​ជីវៈចម្រុះ​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ អះអាង​ថា​ យោង​តាម​ពិនិត្យ​ឃើញ​ថា​ ដង្កូវ​នោះ​ មិនមែន​ជា​ដង្កូវ​គី​នី​នោះ​ទេ​។​ នៅ​ពេល​នេះ​ នាយកដ្ឋាន​ជីវៈចម្រុះ​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​ដើម្បី​បញ្ជាក់​អត្ដសញ្ញាណ​ដង្កូវ​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​។​

​វី​ដេ​អូ​ដែល​បាន​ចែកចាយ​នោះ​ មិន​បាន​បញ្ជាក់​ពី​ទីតាំង​ កាលបរិច្ឆេទ​ និង​អ្នក​ផលិត​ឲ្យ​បាន​ជាក់លាក់​នោះ​ទេ​។ ​តែ​ក្រោយ​បាន​ទទួល​ដំណឹង​ថា​ ដង្កូវ​គី​នី​ រាតត្បាត​ គឺ​នាយកដ្ឋាន​ជីវៈចម្រុះ​ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​ តាមដាន​ សិក្សា​ និង​ សាកសួរ​ព័ត៌មាន​បឋម​ ពី​អ្នកនេសាទ​នៅ​ខេត្តកោះកុង​ និង​ខេត្តកំពត​ បាន​ឲ្យ​ដឹង​ថា​ សត្វ​ដែល​មាន​ភិនភាគ​ដូច​ក្នុង​វី​ដេ​អូ​នោះ​ គឺ​មាន​វត្ត​មាននៅ​ក្នុង​ទឹក​ភ្លាវ​ ក្នុង​តំបន់​ពាម​សមុទ្រ​ ម្តុំ​កោះ​កាពិ​ កោះ​ម៉​ន​ កោះ​កុ​ត​ ពាម​ក្រសោប​ក្នុង​ខេត្តកោះកុង​ និង​មាត់សមុទ្រ​ដែល​មាន​ដុះ​ព្រៃកោងកាង​ ចំងាយ​ ២០​គីឡូម៉ែត្រ​ ពី​ទីរួមខេត្ត​កំពត​។​ វត្តមាន​របស់​វា​ គឺ​សម្បូរ​នៅ​ពេល​ទឹកនាច​ (​ទឹក​ស្រក​)​ មុន​បុណ្យ​ភ្ជុំបិណ្ឌ​ ក្នុង​ខែកញ្ញា​ និង​តុលា​។​

​អ្នកនេសាទ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ សត្វ​នោះ​មាន​រូបរាង​ដូច​សត្វ​ឈ្លើង​ ហើយ​មាន​ ប្រវែង​រហូត​ដល់​ទៅ​ ៣​តឹក​ (៣០​សង់ទីម៉ែត្រ​)​ គឺ​ត្រូវ​គ្នា​នឹង​រូប​ក្នុង​វី​ដេ​អូ​ (​នាទី​ទី​ ១.០៣)​ និង​រស់នៅ​ក្នុង​ព្រៃកោងកាង​ ជា​ពិសេស​នៅ​លើ​ដើមឈើ​ងាប់​។​ ចំណែក​ឈ្មោះ​ដង្កូវ​គី​នី​ដែល​បាន​ហៅ​ក្នុង​វី​ដេ​អូ​នោះ​ មានឈ្មោះ​វិទ្យាសាស្ត្រ​ថា​ Platydemus​ manokwari​ និង​មាន​ប្រភព​ដើម​នៅ​ប្រទេស​ប៉ា​ពូ​នូ​វែ​ល​ហ្គី​ណេ​ (New​ Guinea)​ ហើយ​កំពុង​តែ​ក្លាយជា​ប្រភេទ​សត្វ​រាតត្បាត​នៅ​លើ​ពិភពលោក​ និង​នៅ​ប្រទេស​កម្ពុជា​យើង​ដែរ​ ហើយ​ដែល​ខ្មែរ​យើង​ហៅ​ដង្កូវ​គី​នី​ នេះ​ថា​ជា​ខ្យង​ឥត​សំបក​។​ យោង​តាម​លក្ខណៈ​ជីវសាស្ត្រ​ និង​អេកូឡូស៊ី​របស់​ ដង្កូវ​គី​នី​ ឬ​ ខ្យង​ឥត​សំបក​ គឺ​វា​រស់នៅ​លើគោក​ និង​មាន​ប្រវែង​ខ្លួន​ពី​ ៤​សម​ ទៅ​ ៦,៥​សម​ (​ប្រវែង​ប្រមាណ​១​ចង្អុលដៃ​)​ គឺ​វា​ខុស​ពី​សត្វ​ដែល​បាន​បង្កា​ញ​ក្នុង​វី​ដេ​អូ​ ដែល​មាន​ប្រវែង​ខ្លួន​វែង​ជាង​ដង្កូវ​គី​នី ​រហូត​ដល់​ទៅ​ ៥​ដង​ គឺ​ដូច​គ្នា​ទៅ​នឹង​ព័ត៌​មាន​របស់​អ្នកនេសាទ​ដែល​បាន​បញ្ជាក់​ថា​សត្វ​នោះ​មាន​ប្រវែង​រហូត​ដល់​ទៅ​ ៣០​សម​។​

​ដូច្នេះ​យើង​អាច​ធ្វើការ​សន្និដ្ឋាន​បឋម​ថា​ សត្វ​ដែល​មាន​ភិនភាគ​ដូច​ក្នុង​វី​ដេ​អូ​នោះ​ មិនមែន​ជា​ ដង្កូវ​គី​នី​ ឬ​ ខ្យង​ឥត​សំបក​ ឡើយ​។​ បច្ចុប្បន្ន​ នាយកដ្ឋាន​ជីវៈចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ន៏​ដោយ​ចីរភាព​ កំពុង​សិក្សា​ស្រាវជ្រាវ​រក​ព័​ត៌​មាន​បន្ថែម​ និង​ប្រមូល​សំណាក​សត្វ​នេះ​ ដើម្បី​កំណត់​អត្តសញ្ញាណ​ឲ្យបាន​ត្រឹមត្រូវ​។​ នាយកដ្ឋាន​ជីវៈចម្រុះ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌​មាន​លម្អិត​អំពី​ប្រភេទ​នេះ​បន្ថែម​ទៀត​នៅ​ពេល​ដែល​ក្រុម​អ្នកជំនាញ​ទទួល​បាន​ព័​ត៌​មាន​ ឬ​ បាន​សិក្សា​ពី​លក្ខណៈ​វិទ្យាសាស្ត្រ​ច្បាស់លាស់​របស់​ប្រភេទ​នេះ​៕

ព័ត៌មានទាក់ទង

ប្រតិភូសភាបារាំងមកទស្សនៈកិច្ចកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងស្ថាប័ននីតិប្បញ្ញតិប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋ[...]

សម្ដេច ស ខេង ចង់ឃើញកម្ពុជា និងវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនជាមួយគា្ន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត