loader

នាទីប្រវត្តិសាស្រ្ត៖ អ្នកតាឃ្លាំងមឿងបូជាជីវិតកេណ្ឌទ័ពខ្មោចបង្រ្កាបសត្រូវ

អត្ថបទដោយ៖ អ៊ុំ ច័ន្ទលក្ខិណា

ចៅពញាសួគ៌ាលោកពេជ្រ ឬលោកតាមឿង គឺជាស្ដេចត្រាញ់ និងជាចៅហ្វាយស្រុកខែត្រពោធិ៍សាត់។ ដំបូងលោកគឺជាមេស្មឹងនៅភ្នំក្រវាញ ហើយលោកបានជួយយកអាសាព្រះបាទចន្ទរាជាពេលទ្រង់និរទេសទៅប្រទេសសៀម និងពេលត្រឡប់មកវិញបានទៅប្រហារសំលាប់ចៅពញាសួគ៌ាលោកខាងព្រះស្ដេចកនចោល។ ក្រោយពីនោះមកចៅហ្វាកៅ និង ចៅពញាចក្រីកែវបានឡោមព័ទ្ធបន្ទាយមានជ័យនៅឯខែត្រពោធិ៍សាត់ លោកតាមឿងបានពលីជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោច ក្នុងព្រឹត្តិការណ៍នេះកូនប្រុសទាំងពីររបស់លោកបានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចជាមួយលោកដែរ ដើម្បីរំដោះព្រះអង្គចន្ទចេញពីគ្រោះថ្នាក់ ក្នុងគ.ស ១៥៤៩។ ក្រោយពីលោកអនិច្ចកម្មទៅ មានមេស្មឹងម្នាក់ស្នងរូបលោកទាក់ទងជាមួយព្រះបាទចន្ទរាជា មេស្មឹងនោះមានឈ្មោះថា ពញាចន្ទ ហើយក៏ត្រូវជាមិត្ររបស់លោកតាមឿងដែរ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីប្រែសម្រួល៖

កាលដែល​ស្ដេច​កន​ធ្វើ​គុត​ព្រះបាទ​ស្រី​សុគន្ធ​បទ ហើយ​ឡើង​សោយរាជ្យ​នោះ រាជវង្សានុវង្ស​ត្រូវបាន​បែកបាក់។ ក្នុង​នោះ​ស្ដេច​ពញា​ច័ន្ទ​រាជា បុត្រ​ព្រះ​ធម្ម​រាជា​ក៏​បាន​ភៀស​ព្រះ​កាយ​ទៅ​សុំ​ជ្រកកោន​នឹង​ស្ដេច​សៀម។ ដោយ​ក្ដៅក្រហាយ​នឹង​ស្ដេច​កន​ពេក ៧​ឆ្នាំ​ក្រោយមក ព្រះ​បាទចន្ទ​រាជាក៏បានប្រើ​ឧបាយកល​បោក​ស្ដេច​សៀមយក​បាន​កងទ័ព​សៀមចំនួន​៥.០០០​នាក់ និង​ស្បៀង​គ្រប់គ្រាន់​នាំ​ចូល​មក​ស្រុក​ខ្មែរ​វិញ។ លឺដំណឹងដូច្នេះ នៅពេលដែលព្រះបាទច័ន្ទរាជាទ្រង់យោងមកដល់ខេត្តបាត់ដំបង ចៅហ្វាយខេត្តបាត់ដំបងបាន​ថ្វាយ​ទាហាន និង​ការ​គាំទ្រ​ទាំងស្រុងនៅ​ទូ​ទាំង​ខេត្ត។ ពេលព្រះអង្គចន្ទរាជាមក​ដល់ខេត្ត​ពោធិ៍សាត់ ចៅហ្វាយខេត្តពោធិ៍សាត់ហាក់បីដូចជាមិនគាំទ្រ ​រឹងទទឹង​នឹងអង្គចន្ទរាជាជាខ្លាំង ខណៈនោះចៅហ្វាយខេត្តរូបនេះក៏បានរាយការណ៍​សុំ​ជំនួយ​ពី​ស្ដេច​កនប្រឆាំងនឹងព្រះចន្ទរាជា ​ទើបជាហេតុនាំឲ្យ​ពញា​មឿង ដែល​ជា​មេ​ស្មឹង​មានចិត្ត​ស្មោះស្ម័គ្រ​នឹង​​អង្គ​ច័ន្ទ​រាជា​បានរៀប​គម្រោង​វាយឆ្មក់ និង​សម្លាប់​ចៅហ្វាយខេត្តពោធិសាត់ រួច​បញ្ចុះបញ្ចូលឲ្យ​ប្រជារាស្ត្រ​ក្នុង​ខេត្តពោធិ៍សាត់ចុះចូលនឹងព្រះអង្គចន្ទរាជា ក្រៅពីនោះលោកពញ្ញាមឿងក៏បាន​ថ្វាយ​សេះ ដំរី​ជា​ច្រើន​ដល់​ព្រះ​អង្គចន្ទរាជា​សម្រាប់​ធ្វើសឹកសង្រ្គាមថែមទៀត​ផង។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​ចន្ទរាជា​តែងតាំងពញ្ញាមឿងជា «ចៅពញា​សួគ៌ា​លោកតាមឿង​» ឲ្យធ្វើជា​ចៅហ្វាយខេត្ត​ពោធិ៍សាត់​និង​ជា​មេទ័ពសម្រេច​កិច្ចការរបស់ព្រះ​រាជា​គ្រប់​ប្រការ​។ រីឯ​កូនៗ​របស់​តា​មឿង​៤​នាក់​ទៀត​ក៏​សុទ្ធតែ​ទទួល​ឋានន្តរ​ស័​ក្កិ​ខ្ពង់ខ្ពស់​ជា​ចៅពញាមាន​មុខ​នាទីផ្សេង​ៗ​គ្នា។

កាលបើលឺដំណឹងដូច្នេះ ស្ដេច​កន​ដែលជាស្តេចជ្រែករាជ្យបាន​ចាត់តាំង​ឲ្យ​លើកទ័ព​ប្រមាណ​ជាង​១២​ម៉ឺន​នាក់​ដើម្បី​វាយ​កម្ទេច​ទ័ព​របស់​ព្រះ​អង្គ​ចន្ទ​រាជា​ដែល​ទើបនឹង​កេណ្ឌបានថ្មី​ៗ។ ទ័ព​ស្ដេច​កន​លើក​ទៅ​ដល់​ខេត្ត​ក្រគរ ស្រុក​ក្រគរ ក៏​ប្រយុទ្ធ​គ្នា​ជាមួយ​ទ័ព​ព្រះ​អង្គ​ច័ន្ទ​រាជា ដែល​មាន​តា​មឿងជាអ្នក​ដឹកនាំ។ ឃើញ​ស្ដេច​កន​លើកទ័ព​ទៅ​ច្រើន​ដូច្នេះ លោកតា​មឿ​ងក៏​បាន​បញ្ជា​ទ័ព​ដកថយ​ចូល​បន្ទាយ​វិញ​ទាំងអស់​ដើម្បី​ទប់ទល់។ ភ្លាមនោះ​ស្ដេច​កន​បានបញ្ជាឲ្យ ចៅហ្វាកៅ និង ចៅពញាចក្រីកែវលើកទ័ពប្រមាណ១០​ម៉ឺន​នាក់បញ្ចូន​ទៅឲ្យរុំ​ព័ទ្ធ​បន្ទាយ​របស់​ព្រះ​អង្គ​ចន្ទ​រាជា​នៅ​ឃុំ​បាក់​នឹម (បន្ទាយ​ជ័យ) ដែលនៅក្នុងបន្ទាយនោះមានកងទ័ព​តែ​២​ម៉ឺន​នាក់ប៉ុណ្ណោះ។ ស្តេចកនបានព័ទ្ធបន្ទាយនេះអស់​រយៈពេល​១២​ខែ បាន​ធ្វើ​ឲ្យ​ហោច​ស្បៀងនៅក្នុងបន្ទាយព្រះអង្គចន្ទរាជាជាខ្លាំង ព្រោះ​ពុំ​អាច​ចេញ​ទៅ​រក​ស្បៀង​ និង​ពុំ​អាច​វាយ​ទំលាយ​របាំង​ហ៊ុម​ព័ទ្ធរបស់ស្តេចកន​បាន។ ភ្លាមនោះ​ពញា​សួគ៌ាលោកតា​មឿងបាន​ផុសគំនិត​សុំ​ព្រះ​អង្គ​ចន្ទ​ធ្វើ​ពិធី​ពលី​ជីវិត​ទៅ​កេណ្ឌ​ពល​ទ័ព​ខ្មោច​ឱ្យ​ជួយ។ ជ្រាបដូច្នេះព្រះអង្គចន្ទមានការសោកស្តាយជាខ្លាំង ដោយមានការៀរ៉េគំនិតមិនព្រមទទួលយកយោបល់របស់តាមឿងឡើយ តែដោយសារតែតាមឿងបម្រុងនឹងអារ កសម្លាប់ខ្លួននៅមុខព្រះភ័ក្ក្រព្រះអង្គចន្ទរាជា ទើបទ្រង់សម្រេចចិត្តគោរពតាមសំនូមពរពញាសួគ៌ាលោកតាមឿងទៅ។ នៅពេលនោះលោកតា​មឿង​មានចិត្តត្រេកអរជាខ្លាំង ​ក៏បានបញ្ជា​ឲ្យ​ទាហាន​ជីករណ្ដៅ​ទំហំ​៨​ហត្ថ​បួន​ជ្រុង ហើយ​ក្នុង​រណ្ដៅ​ដាំ​សុទ្ធតែ​លំពែង រួច​ធ្វើ​ពិធីបួងសួង​យ៉ាង​ម៉ត់ចត់ និង​ផ្ដាំ​ថា «បើ​យប់​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ​ស្អែក​នេះ​មាន​ឮ​សន្ធឹក​ខ្ទរខ្ទារ​មេឃ និង​ដី​ឲ្យ​លើកទ័ព​ទៅ​វាយ​សត្រូវ​ភ្លាម»។ និយាយយពីអ្នក​ម្នាង​ខៀវវិញ ដោយ​មានចិត្តឈឺឆ្អាល​នឹងប្រទេសជាតិក៏​ថ្វាយបង្គំ​លា​ព្រះ​អង្គ​ចន្ទ​រាជា​លោត​សម្លាប់​ខ្លួនទៅ​ជាមួយ​លោកតា​មឿង​ដែរ។ រីឯ​កូន​តា​មឿង​ទាំង​៤​នាក់ ឃើញ​ឪពុក​ស្លាប់ដូច្នេះ​ក៏បាននាំគ្នា​ស្ទុះ​ទៅ​លោត​សម្លាប់​ខ្លួន​តាមឳពុកដែរ ​តែ២នាក់ទៀតត្រូវបានគេចាប់ទាន់ នោះគឺ ​ចៅពញា​វិបុល​រាជ​ទេព និង​ចៅពញា​តេជៈសុខ។ ចំណែក​ចៅពញា​វង្សាអគ្គរាជ​កែវ និង​ពញា​បរទេស​រាជ ដែល​ជា​កូន​ទី​១ និង​កូន​ទី​២ សេនាទាហានចាប់មិន​​ទាន់ ក៏ត្រូវស្លាប់តាមឳពុក និងអ្នកម្ខាងដែរទៅ។

នៅយប់ពេញបូណ៌មីមានអព្ហូតហេតុដ៏អស្ចាត្យមួយបានកើតឡើង ដែលនេះមិនខុសពីអ្វីដែលលោកតាមឿងបានផ្តែផ្តាំនោះទេ គឺមានអព្ហូតហេតុលឺសំលេងខ្ទរខ្ទារពេញអាកាស និងលើដី ដោយមិនភ្លេចបណ្តាំលោកតាឃ្លាំងមឿង ព្រះអង្គចន្ទរាជាបានបញ្ជាឲ្យលើកទ័ពទៅចោមរោមសត្រូវធ្វើឲ្យពួកសត្រូវមានការភិតភ័យជាខ្លាំង ក៏បាននាំគ្នារត់ខ្ចាត់ខ្ចាយអស់ទៅ ខ្លះត្រូវបានសម្លាប់។ ក្រោមចប់សង្រ្គោមកងទ័ពព្រះអង្គចន្ទរាជាបាន​រឹបអូស​បាន​ស្បៀងអាហារ និង​អាវុធយុទ្ធភណ្ឌ​ជា​ច្រើនយកទៅទៅកាន់បន្ទាយខ្លួន។

ជាដំណាលតក្រោយ​ៗ​មក​ទៀត​ដោយ​មាន​ទ័ព​ខ្មោចរបស់លោក​តា​មឿង​តាម​ជួយ​ព្រះអង្គចន្ទនោះ បានធ្វើ​ឲ្យ​ព្រះអង្គចន្ទអាចទទួលបានជ័យជម្នះជាបន្តបន្ទាប់រហូតអាចសម្លាប់ស្តេចកនបាន។

ក្រោយ​ពី​សម្លាប់​ស្ដេច​កន​រួច ព្រះអង្គចន្ទបានរៀបចំប្រទេសជាតិឲ្យមានរបៀបរៀបរយឡើងវិញ។ ខណៈនោះស្ដេច​សៀមបាន​ផ្ញើ​សារ​ឲ្យ​ព្រះ​អង្គ​ច័ន្ទ​រាជា​នាំ​យក​សួយសារអាករ​មាន​ទាំង​ដំរី​ស​ទៅ​ថ្វាយស្តេចសៀម ក៏ប៉ុន្តែ​ដោយ​ព្រះ​អង្គ​ចន្ទ​ធ្វើ​មិនដឹងមិនឮ ស្ដេច​សៀមមានចិត្តខឹងសម្បារជាខ្លាំង ក៏បាន​បញ្ជា​ឲ្យ​លើកទ័ព​មក​វាយ​ជា​ច្រើន​លើកកម្ពុជាជាច្រើនលើកជាច្រើនសារ។ មានមួយ​លើក​នោះ​ទ័ព​សៀម​បាន​មក​ដល់​ស្វាយដូនកែវ​បោះជំរំ​នៅ​តាម​បណ្ដោយ​ស្ទឹង​ស្វាយដូនកែវ ពេលដែលព្រះ​ច័ន្ទ​រាជាបានជ្រាបដឹងដូចនេះ ទ្រង់ក៏​បាន​ធ្វើ​ពិធី​សុំ​ជំនួយ​ពីលោក​តាឃ្លាំង​មឿង រួចហើយទើបព្រះអង្គចន្ទលើកទ័ពទៅបង្រ្កាបសត្រូវ។ ពេល​ទៅ​ដល់ជំរុំទ័ពសៀម​ស្រាប់តែ​មានឮ​សន្ធឹក​លាន់​លើ​មេឃ​កក្រើកអស់​ដី​ដោយសារ​តែគេយល់ថាបរមីលោកតាឃ្លាំង​មឿងបាន​នាំ​ទ័ព​ខ្មោច​មក​ជួយ ហើយ​ធ្វើ​ឲ្យ​ទ័ព​សៀម​ភិតភ័យ រាក​ក្អួត​ដេក​ដួល​មិន​អាច​តដៃ​បាន ទើប​ទ័ព​ព្រះ​អង្គ​ចន្ទ​រាជា​ចូល​ទៅសម្លាប់​ពួក​សៀម​ទាំងនោះបានយ៉ាងងាយ រីឯទ័ពសត្រូវដែលនៅសេស​សល់​ប៉ុន្មានផ្សេងទៀត​ បាននាំគ្នា​រត់​ខា្ច​ត់​ខ្ចាយ​ទៅ​ស្រុក​វាវិញ​អស់ ។

ដោយសារតែលោកតាមឿងគឺជាវីរៈបុរសដ៏អស្ចារ្យហ៊ានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចមកបង្រ្កាបសត្រូវយ៉ាងដូចនេះ ទៀបបានជារហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតែងតែចងចាំគុណលោកតាមឿងមិនភ្លេច ព្រមទាំងយល់ថា​វិញ្ញាណក្ខន្ធលោក​តា​មឿង​តែងតែ​ជួយ​ទឹកដី​ពេល​មាន​អាសន្ន​ជា​បន្តបន្ទាប់ ទើប​ប្រជារាស្ត្រ​ខេត្តពោធិ៍សាត់មួយចំនួន​តែងតែនាំគ្នា​ប្រារ​ព្វ​ពិធី​រំលឹក​​គុណ​តា​មឿងជា​រៀង​រាល់​​ឆ្នាំ​​នៅ​ខែ​ពិសាខ គឺជា​ខែ​ដែល​តា​មឿងបាន​បូជាជីវិត​ទៅ​កេណ្ឌ​ទ័ព​ខ្មោចដើម្បីបង្រ្កាបសត្រូវ។ ក្រោយមក​ពិធីបុណ្យ​នេះ​បាន​ក្លាយជា​បុណ្យ​ឡើងរោង​អ្នកតា​ឃ្លាំងមឿង​រហូត​មកដល់សព្វថ្ងៃ ព្រោះ​ព្រលឹង​តា​មឿង​បាន​ក្លាយជា​អ្នកតា​ដ៏​មាន​រឹទ្ធិ​តេជៈ​ខ្លាំងពូកែ​អាច​ជួយ​ប្រជារាស្ត្រ​ឲ្យ​រួចពីទុក្ខ​ភ័យ ផ្សេង​ៗ​តាម​ការ​បន់ស្រន់ និង​តាម​ជំនឿ រៀង​ៗ​ខ្លួន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

ទី​ផ្នូរ​លោក​ឧកញ៉ា​ឃ្លាំងមឿង និង​ជំទាវ​ខាន់​ខៀវ សព្វថ្ងៃ​ស្ថិត​នៅ​ក្នុងភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ចម្ងាយ​ប្រមាណ​៦​គីឡូ​ម៉ែ​ត្រ​ពី​ទីរួមខេត្ត​ពោធិ៍សាត់ ។ រណ្ដៅ​ដែល​លោក​ឧកញ៉ា​មឿង​បាន​លោត​នោះ​គេ​បាន​រក្សា​ការពារ​ទុក​មក​ដល់​សព្វថ្ងៃ​ដោយ​ធ្វើ​ជា​អគារ​មួយ​មាន​ក្បាច់រចនា​ស្រស់​ស្អាត​គ្រប​ពីលើ ហើយ​នៅ​កៀនជញ្ជាំង​ពីក្រោយ​រណ្ដៅ ឬ​ផ្នូរ​នេះ គេ​បាន​សាង​រូបសំណាក​លោក​ឧកញ៉ា និង​អ្នក​ជំទាវ​តម្កល់​ឲ្យ​ឈរ​ចង្អុល​បែរមុខ​ទៅ​រក​កន្លែង​ដែល​គាត់​បាន​លោត​នោះ ។ បច្ចុប្បន្ន​ទីនោះ​បាន​ក្លាយជា​រមណីយដ្ឋាន​ដែល​មាន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ជារៀងរាល់ថ្ងៃ ថែម​ទាំង​អាចប្រមូល​បាន​ថវិកា​កសាង​សមិទ្ធផល​ជា​បន្តបន្ទាប់ថែម​ទៀត​ផង។

រមីយដ្ឋានលោកឧកញ៉ាឃ្លាំងមឿង គឺជារមីយដ្ឋានមួយ ដែលមានភាពទាក់ទាញជាខ្លាំង។ ជាកន្លែងដែលមានការគោរពបូជាយ៉ាងសក្ខ័សិទ្ធ ចំលែកឯប្រជាជននៅខេត្តពោធិ៍សាត់តែងមានជំនឿទៅលើលោតាមឿង និងតែងយកជំនួនទៅដាក់ថ្វាយសុំសេចក្តីសុខពីលោកតាមឿង៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ព្រះជីវប្រវត្តិ៖ ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម[...]

នាទីប្រវត្តិសាស្រ្ត៖ ប្រវត្តិនៃព្រះរាជពីធីច្រត់ព្រះនង្គ័ល

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺ​ជាពិធី​បុណ[...]

តើពិធីបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណា?

តើពិធីបុណ្យពិសាខបូជាមានអត្ថន័យយ៉ាងណា?

ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០

(ភ្នំពេញ)៖ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត