loader

ទំនៀមទំលាប់«​នំ​មិនធំ​ជាង​នាលិ​»

ភ្នំពេញ​៖​ កាលពីដើម​ឡើយ​នៅ​ក្នុង​សង្គម​ខ្មែរ​ការ​ជ្រើសរើស​គូស្រករ​ គឺ​ស្ថិត​នៅ​លើ​ការ​ចាត់ចែង​រៀបចំ​របស់​អ្នក​ម្ដាយ​ឬ​ឪពុក​។អក្សរសិល្ប៍​ខ្មែរ​រឿង​ទុំ​ទាវ​ ក៏​បាន​និយាយ​យ៉ាងច្រើន​អំពី​ជីវិត​និង​ជីវភាព​របស់​មនុស្ស​រស់នៅ​ជំនាន់​​បុរា​ណ​​ ដែល​​គ្រា​នោះ​​កូនស្រី​ត្រូវ​ប្រកាន់ខ្ជាប់​ការ​ចូល​ម្លប់​ ដោយ​មិន​អាច​ដើរ​ចាក​ចេញពីផ្ទះ​បាន​ឡើយ​ ។​ នេះ​ជា​ទំនៀម​ទម្លាប់​​ខ្មែរ​​ពី​​មុន​ ដែល​​កូនក្រមុំ​មិន​អាច​ស្វែងរក​គូស្រករ​ចិត្ត​ឯង​ ស្រប​នឹង​ពាក្យចាស់​លោក​ថា​ពោល​«​នំ​មិនធំ​ជាង​នាលិ​»​ ។​ ដោយឡែក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ខុស​ពី​មុន​ ។​

ម្ដាយ​ឬ​ឪពុក​ច្រើន​តែ​តាម​កូន ​មិន​ថា ​កូនប្រុស ​សូម្បីកូន​ស្រី​ ក៏​ត្រូវ​​តា​ម​​ចិត្ត​​ដែរ​ ។​ នេះ​ហើយ​គេ​ថា​ ទំនៀមទម្លាប់​បុរាណ​បាន​បាត់​បណ្ដើរៗ​ គឺ​ពាក្យចាស់​ថា​ «​នំ​មិនធំ​ជាង​នាលិ​ »​គឺ​កាន់​នៅ​ឆ្ងាយ​ពី​បច្ចុប្បន្ន​ទំនើប ​នេះ​ ។​ ​ចង់​ដឹង​ថា​មាន​មូលហេតុ​អ្វី​បានជា​អ្នក​ម្ដាយ​សម័យ​បច្ចុប្បន្ន​កែប្រែ​ ឈប់​បង្ខំចិត្ត​កូន​រៀប​ការ​? ជា​បន្ដ​សូម​អ​ញ្ជើ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ឡើង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

បើ​គេ​និយាយ​ពី​អនាគត​កូនស្រី​ត្រូវ​មានគូស្រករចាំបាច់​នឹក​ដល់​ពាក្យ​មួយ​ឃ្លា​ដែល​ជា​ពាក្យចាស់​បុរាណ​គឺ​«​នំ​មិនធំ​ជាង​នាលិ​»​ ។​ សុភាសិត​នេះ​ ជា​ការ​ប្រៀនប្រដៅ​កូន​ក​ម្លោះ​ក្រមុំ​ ពេញវ័យ​ឱ្យ​ទទួលយក​ការ​ អប់រំ​បែប​នេះ​ គឺជា​គុណប្រយោជន៍​នៃ​ការ​ដឹកនាំ​គុណ​ឪពុក​ម្ដាយ​ឬ​គ្រួសារ​ដែល​បាន​ចិញ្ចឹម​កូន​តាំងពី​កើតមក​ភ្លាម​ រហូត​ដឹងក្ដី​។​

​គេថា ​ឪពុក​ម្ដាយ​ទុកដាក់​កូនចៅ​គឺ​យោង​លើ​ពាក្យ​ «​នំ​មិនធំ​ជាង​នាលិ​»​នេះ​ដែរ​ ។​ ក្នុង​បុរាណ​មួយ​ដ៏​ពេញ​និ​យ​ម​គឺ​រឿង​ទុំ​ទាវ​ ។​ រឿង​បែប​អក្សរសិល្ប៍​ខ្មែរ​នេះ​ ត្រូវ​បាន​យក​មក​លេង​ជា​ ប្រលោមលោក​ ឬ​ ល្ខោន​ ឬ​ ខ្សែភា​ព​យន្ត​ដែល​ជា​វណ្ណៈ​កម្ម​មួយ​ដ៏​ទំនើប​ក្នុង​សម័យកាល​នេះ​ ។​ ប៉ុន្តែ​រឿង​នេះ​ វា​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ សង្គម​បុព្វ​កា​ល ​​គឺ​កូនក្រមុំ​ត្រូវ​តែ​តាម​ម្ដាយ​ឪពុក​ផ្សំផ្គុំ​ជា​គូស្រករ​ទើប​ត្រឹមត្រូវ​ឬ​គេ​ថា​មាន​សុភមង្គល​ល្អ​ ។​

​តាម​អត្ត​ន័យ​នៃ​បទ​ចម្រៀង​ «​នាង​ទាវ​ចូល​ម្លប់​»​ គឺជា​ការ​អប់រំ​កូនស្រី​ឱ្យធ្វើ​តាម​ម្ដាយ​ក្នុង​ការ​រើស​គូស្រករ​ ដោយ​មិន​ត្រូវ​ រើស​ប្ដី​ចិត្ត​ឯង​ឡើយ​ខណៈ​ទាវ​បាន​ជាប់កិច្ចសន្យា​ស្បថ​ជាមួយ​ទុំ​ជា​អតីត​សង្ឃ​មក​ធ្វើ​ជា​គូ​អនាគត​ ប៉ុន្តែ​ត្រូវ​បាន​ម្ដាយ​ទាវ​បំបែក​ ឱ្យទៅ​រៀប​ការ​ជាមួយ​ម៉ឺន​ ងួ​ន​ កូន​ក​ម្លោះ​របស់​លោក​អក​ ជូន​ ជា​ចៅហ្វាយស្រុក​ត្បូង​ឃុំ​។​ ទីបំផុត​គូ​ស្នេហា​ទាំង​ពីរ​ ទុំ​និង​ទាវ​ បាន​រត់​ជួប​គ្នា​ ។

រឿង​ទុំ​ទាវ​អ្នកនិពន្ធ​បាន​រំលឹក​ឡើង​វិញ​ពី​ប្រវត្តិ​ស្នេហា​មួយ​របស់​យុវជន​ខ្មែរ​ ក្រោម​របប​សក្តិភូមិ​នា​សម័យ​លង្វែក​។​ នេះ​គឺជា​ចំណងស្នេហា​ដ៏​សោកសៅ​របស់​តួអង្គ​ពីរ​រូប​ គឺ​ទុំ​និង​ទាវ​។​ តាម​រយៈ​នេះ ​អ្នកនិពន្ធ​ក៏​បាន​លាតត្រដាង​ឲ្យ​ឃើញ​ពី​របៀប​​គ្រប់​គ្រង​​និង​​ច្បាប់​ទម្លាប់​ដ៏​​តឹង​តែ​ង​​នា​​សម័យ​នោះ​។​​ ដូចនេះ​ហើយ​ទើប​ឃើញ​ថា​ ដំណើររឿង​គឺ​វិល​ជុំវិញ​បញ្ហា​សំខាន់​មួយ​គឺ​«​ ការ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​គូស្រករ​»​។​

​បច្ចុប្បន្ន​នេះ​ ម្ដាយ​ឪពុក​ត្រូវ​ប្រកាន់​ទំនៀមទម្លាប់​នេះ​បាន​កម្រិត​ណា​  ខណៈ​គេ​មើលឃើញ​ថា​ យុវជន​នា​សម័​យ​កាល​នេះ​ មាន​​សន្ទុះ​​ចិត្ត​​និង​​ឥរិយា​បទ​​ខុស​​ពី​មុន​ ហើយ​​សូ​ម្បី​ម្ដាយ​ឪពុក​ ក៏​មិន​ចង់ឱ្យ​អនាគត​កូន​ មាន​បញ្ហា​មិន​ចុះ​​សម្រុង​គ្នា​ ជាមួយ​អាណាព្យាបាល​ដែរ​ ព្រោះ​ អ្វីៗ​ ច្រើន​តែង​កើនឡើង​ដោយ​ការ​ទាក់​ ទាញ​ពី​វ​ត្តុ​បំណង​ទំនើ​ប​ៗ​ ពី​ភាគី​ម្ខាង​​ឬ​​ខាង​​ស្រី​​ឬ​​ខាង​​ប្រុស​ ហើយ​​ម្យ៉ាង​ទៀត​​ជា​​ទំនោ​​រ​ចិត្ត​ កូន​ប្រុស​​ស្រី​ទាំង​​ពីរ​ ដែល​មិន​អាច​ផ្ដាច់​ចំ​ណ​​ង​ស្នេហា​ពួក​គេ​បាន​ឡើយ​។​ ទំនៀមទម្លាប់​ «​នំ​មិនធំ​ជាង​នាលិ​»​នេះ​ពិតជា​កាន់តែ​ឆ្ងាយ​មែន​នា​សម័យកាល​នេះ​ ។​

ដូច​ជា​ស្ដ្រី​ចំណាស់​ម្នាក់​កំពុង​អង្គុយ​លេង​ជាមួយ​និង​ចៅប្រុស​បង្កើត​របស់​គាត់​  នៅ​ក្នុង​ហាង​បាយ​ផ្សារ​ទួល​គោ​ក​​មួយ​កន្លែង​ គឺ​អ្នកស្រី​ បូ​ ពៅ​ ។​ អ្នកស្រី​ បាន​រៀបរាប់​ឱ្យ​ដឹង​ថា​ សព្វថ្ងៃ​គាត់​មានកូន​ធំ​ និង​រៀប​ការ​អស់​ហើយ​។​ គាត់​​ក៏​បាន​ប្រាប់​បន្ដ​ទៀត​ថា​ ការ​សម្រេច​រៀបចំ​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី​របស់​គាត់​ គឺ​បាន​កើតឡើង​ចេញពី​ការ​​ជ្រើសរើស​របស់​កូនៗ​ និង​ការ​ពេញចិត្ត​របស់​គាត់​ផង​ដែរ​។​

​អ្នកស្រី​ បូ​ ពៅ​ ៖​ «​គេ​រើស​ខ្លួន​គេ​ គាត់​សុំ​ម៉េច​ដែរ​បាន​អ៊ំ​យល់ព្រម​ឱ្យ​រៀប​ការ​?​ ត្រូវរ៉ូវ​គ្នា​ទៅ​ ម៉ែ​គេ​ចូល​ស្ដី​ ហើយ​មើ​លទៅ​គេ​ត្រឹមត្រូវ​ដែរ​ អត់​ចេះ​ផឹក​ ស៊ី​ ដើរ​លេង​…»​។​

​ស្ដ្រី​វ័យ​​ចំណាស់​អាយុ​ជាង​ ៧០​ ឆ្នាំ​រូប​នេះ​ បាន​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា​ គាត់​មិន​បង្ខំចិត្ត​កូន​ ដោយសារ​តែ​គាត់​មិន​​​ចង់​ប្រព្រឹត្ត​អំពើ​បាប​។​ 

អ្នកស្រី​ បូ​ ពៅ​ ៖​ «​អត់​​ចង់​ពង្រាត់​គេ​ខ្លាច​វា​បាប​ »​។​

​ជួប​ជាមួយ​និង​អ្នក​ម្ដាយ​មួយ​រូប​ទៀត​៖​ «​អ៊ុំ​កូន​ប៉ុន្មាន​នាក់​?​  អ៊ុំ​កូន​ ០៤​ នាក់​ ស្រី​ ០២​ ប្រុស​ ០២​ …»​។​

នេះ​ជា​សម្ដី​​រៀបរាប់​របស់​ ​អ្នកស្រី​ឡេ​ង​ សុខ​គង់​ រស់នៅទីក្រុងភ្នំពេញ មានមុខរបរ​លក់​ដូរ​នៅ​ពីមុខ​សាកល​វិទ្យា​​ល័យ​​​បៀ​ល​ប្រាយ​។​  អ្នកស្រី​ សុខ​គង់​  ប្រាប់​បន្ដ​ថា​ ក្នុង​ចំណោម​កូនប្រុស​ស្រី​របស់​គាត់​ទាំង​បួន​ គឺ​មានកូន​ស្រី​ម្នាក់​ដែល​ទើបតែនឹង​ភ្ជាប់ពាក្យ​។​ អ្នកស្រី​ថា​ ការ​ភ្ជាប់ពាក្យ​កូនស្រី​គាត់​ គឺ​ធ្វើ​ឡើង​តាម​ការ​ផ្សំផ្គុំ​និង​ចាត់ចែង​ពី​ឱ​ពុក​ម្ដាយ​ទាំង​សងខាង​រួម​និង​ការ​ពេញចិត្ត​របស់​កូនស្រី​គាត់​ដូច​គ្នា​។​

​អ្នកស្រី​ ឡេ​ង​ សុខ​គង់​ ៖​ «ការ​ភ្ជាប់ពាក្យ​ទៅ​បាន​ដោយសារ​តែ​កូន​មិន​ទាន់​មាន​អ្នក​ស្រឡាញ់​…»​។​

​ទោះបីជា​ការ​ភ្ជាប់ពាក្យ​របស់​កូន​អ្នកស្រី​ឡេ​ង​ សុខ​គង់​ កើត​ចេញពី​ការ​ផ្សំផ្គុំ​ពី​ឱ​ពុក​ម្ដាយ​ទាំង​សងខាង​ក៏​ពិត​មែ​ន​ ប៉ុន្ដែ​អ្នកស្រី​ សុខ​គង់​ ក៏​មិន​ចង់​បង្ខំចិត្ត​កូនស្រី​របស់​ខ្លួន​ដែរ​។​ ស្ដ្រី​ ៥៣​ ឆ្នាំ​រូប​នេះ​ និយាយ​ប្រាប់​បន្ដ​ថា​ មូល​ហេ​តុ​​ដែល​មិន​ចង់​បង្ខំ​កូន​ឱ្យ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​គេ​មិន​ស្រឡាញ់​ដោយសារ​តែ​ខា្ល​បាត់បង់​កូន​ ។​

​ឡេ​ង​ សុខ​គង់​ ៖​ «ស្រឡាញ់​គេ​ចូល​សួរ​មក​យើង​អោយទៅ​ !​ យើង​គ្រាន់តែ​សួរ​ចិត្ត​កូន​ថា​ កូន​ស្រឡាញ់​ឬ​អត់​?​ បើ​កូន​ព្រម​ក៏​យើង​ព្រម​ដែរ​។​ និយាយ​ចំ​សម័យ​ឥឡូវ​ក្មេង​តាម​គ្នា​ច្រើន​ណាស់​ វា​អាច​រត់​ចោលផ្ទះ​ក៏​បាន​អាច​ដូច​ថា​ទៅ​ធ្វើ​អី​ម្យ៉ាង​បាត់បង់​ជីវិត​ក៏​មាន​…»​។​

​ ​ជួប​ជាមួយ​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ទៀត​ អង្គុយ​យោលអង្រឹង​ក្រោម​ដើម​រាំងភ្នំ​ នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ​គឺ​ អ្នកស្រី​លឿង​ ស្រួល​ បាន​និយាយ​ថា​ សព្វ​ថ្ងៃនេះ​គាត់​មានកូន​ ០៥​នាក់​ គឺ​ ស្រី​ ០២​ និង​ប្រុស​០៣​នាក់​។​  អ្នក​ម្ដាយ​វ័យ​ ៦៣​ ឆ្នាំ​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ក្នុង​ចំណោម​កូនស្រី​ទាំង​ ០២​ នាក់​របស់​គាត់​ គឺ​មាន​ម្នាក់​មិន​ទាន់​រៀប​ការ​។​

​គាត់​ក៏​បាន​បន្ដ​ប្រាប់​ថា​ បើសិនជា​នៅ​ពេល​ដែល​កូន​គាត់​ ជួប​អ្នក​ដែល​គេ​ស្រឡាញ់​ពេញចិត្ត​ សុំ​ធ្វើ​ជា​គូគ្រង​ នោះ​គាត់​នឹង​យល់ព្រម​ចាត់ចែង​រៀបចំ​តាម​ការ​សម្រេចចិត្ត​របស់​កូនស្រី​ដោយ​មិន​បង្ខំ​ គឺ​ត្រូវធ្វើ​ទៅ​តាម​ចិត្ត​របស់​កូន​។​

​អ្នកស្រី ​លឿង​ ស្រួល​ ៖​ «​ទុកដាក់​លើ​កូន​ បើ​គេ​ស្រឡាញ់​គ្នា​ហើយ​យើង​មិន​ផ្សំផ្គុំ​អោយ​ហ្នឹង​វា​ដូច​ថា​យើង​គ្មាន​មេត្តា​កូន​ ហើយ​វា​ធ្វើ​ឱ្យ​កូន​ហ្នឹង​ ទុក្ខ​ទោម្នេញ​…​ »។​

​ទៅ​ចាប់អារម្មណ៍​និង​អ្នក​ម្ដាយ​ដែល​មានកូន​ប្រុសៗ​វិញ​ម្ដង​ គឺ​អ្នក​ម្ដាយ​ដែល​មានឈ្មោះ​គង់​ ធា​។​ ​អ្នកស្រី​​បាន​​ប្រាប់​ថា​ រឿង​អនាគត​របស់​កូន​ស្រឡាញ់​អ្នក​ណា​ និង​ចង់​រៀប​ការ​ជាមួយ​អ្នក​ណា​ អ្នកស្រី​ក៏​អត់​បង្ខំ​ដែរ​ ។​  អ្នក​ស្រី​​គិត​ថា​ ការ​រើស​គូ​អនាគត​ស្វាមី​ ភរិយា​ គឺជា​រឿងព្រេង​និស្ស័យ​សំណាង​ និង​កម្ម​របស់​មនុស្ស​ម្នាក់ៗ​ ដែល​បាន​ផ្សារ​ភ្ជាប់​គ្នា​មក​ពី​ជាតិ​មុន​ ដែល​មិន​អាច​ទៅ​ហាមឃាត់​ព្រេង​និស្ស័យ​របស់​គេ​បាន​ទេ​។​

​អ្នកស្រី​ គង់​ ធា​ និយាយ​ថា​៖​ «​ផ្លូវ​ព្រះ​ ផ្លូវធម៌​ កម្ម​របស់​វា​ វាសនា​របស់​គ្នា​ធ្វើ​ម៉េច​ យើង​កុំ​បំបែក​គេ​ បើ​គេ​ស្រឡាញ់​តាម​ដំណើរ​របស់​គេ​ទៅ​។​ និយាយ​រួម​ តាម​ធម៌​ព្រះ​ទៅ​ បើ​គូរ​គេ​បាន​គេ​ជួប​ បើ​មែន​គូរ​គេ​ ក៏​គេ​មិន​ចង់​ជួប​គ្នា​ដែរ​ »​។​

​ជុំវិញ​រឿង​នេះ​ដែរ​  លោកស្រី​ ធីតា​ ឃិះ​ នាយិការ​អង្គការ​សីល​កា​ យល់​ឃើញ​ថា​ រឿង​បង្ខំចិត្ត​កូន​រៀប​ការ​ដោយ​មិន​បាន​សួរ​ចិត្ត​កូន​ជា​មុន​នោះ​  មិន​គួរ​កើត​មាន​ទៀត​ នៅ​ពេល​នេះ​ ព្រោះថា​ វា​មិនមែន​ជា​រឿង​ល្អ​ សម្រាប់​ជីវិត​របស់​កូន​ ហើយ​វា​ក៏​ជា​រឿង​មិនល្អ​ដល់​ឪពុក​ម្ដាយ​ខ្លួនឯង​ផង​ដែរ​។​

​លោកស្រី​ធីតា​ ឃិះ​ ៖​ «​ខ្ញុំ​ថា​វា​មិនមែន​ជា​រឿង​មួយ​ល្អ​ទេ​ សម្រាប់​ជីវិត​របស់​កូន​ ជាមួយ​និង​ឪពុក​ម្ដាយ​ ព្រោះ​អ្វី​ដែល​ កើត​មាន​ឡើង​ចំពោះ​កូន​ វា​ត្រូវ​តែ​ប៉ះពាល់​ដល់​ឱ​ពុក​ម្ដាយ​ជា​មិន​ខាន​ ពីព្រោះ​កូន​និង​ឪពុក​ម្ដាយ​សុខទុក្ខ​មានការ​ត​ភ្ជាប់​គ្នា​រហូត»​។​

​ទោះជា​យ៉ាងណា​លោក​ស្រី​ ធីតា​ ឃិះ​ យល់​ឃើញ​ថា​ រឿង​បង្ខំ​កូន​រៀប​ការ​ គឺ​ បាន​ផ្លាស់​ប្ដូរ​ ក្នុង​ចិត្តគំនិត​របស់​លោកឪពុក​ អ្នក​ម្ដាយ​បាន​ច្រើន​នៅ​ពេល​បច្ចុប្បន្ន​ ។​ លោកស្រី​ បន្ដ​ថា​ ការ​ផ្លាស់​ប្ដូរ​នេះ​ អាច​មក​ពី​ ឪពុក​ម្ដាយ​ទាំងនោះ​យល់​ឃើញ​ថា​ កូន​របស់​ខ្លួន​ជា​មនុស្ស​ធំ​ និង​មានចំណេះ​ដឹង​សម​ល្មម​ អាច​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើស​គូជីវិត​។​

​លោកស្រី​ធីតា​ ឃិះ​ ៖ «​ឪពុក​ម្ដាយ​ដែល​បង្ខំ​កូន​ឱ្យ​រៀប​ការ​ដូច​ជា​មាន​កាត់​បន្ថយ​ច្រើន​ បើ​តាម​ខ្ញុំ​លឺ​សូរ​មក​ ដូច​អត់​ឃើញ​មាន​ អ្នក​ណា​ សិក្សា​ស្រាវ ជ្រាវ​រឿង​ហ្នឹង​ទេ​ ប៉ុន្ដែ​គ្រាន់តែ​ក្នុង​ការ​យើង​ជួប​ប្រទះ​សព្វថ្ងៃ​ហ្នឹង​ ឃើញ​ដូច​មាន​តិច​ (​ការ​បង្ខំចិត្ត​កូន​រៀប​ការ​)​។​ ព្រោះ​ម្ដាយ​ភាគច្រើន​ ទោះជា​នៅ​ជនបទ​ក៏​ដោយ​ ពេល​ដែល​សួរ​ទៅ​ច្រើន​តែ​ឆ្លើយ​ថា​មិន​អាច​បង្ខំ​បាន​ដោយសារ​ភាគច្រើន​កូនចៅ​របស់​គាត់​អ្នក​នៅ​ជនបទ​ហ្នឹង​ សុទ្ធតែ​មក​ធ្វើការ​ចេញ​ក្រៅ​ទៅ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ ដូច្នេះ​ទៅ​គាត់​មិន​ហ៊ាន​បង្ខំ​ទេ​»​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ លោកស្រី ​ធីតា​ ឃិះ​ សង្ឃឹមថា​ ឪពុក​ម្ដាយ​ត្រូវ​ស្វែង​យល់​អំពី​វិធីសាស្ត្រ​អប់រំ​កូន​ជំនាន់​ថ្មី ​គឺ​មិន​អភិរក្ស​ពេក​មិន​តឹងតែង​ពេក​មិន​គឺ ​​អាច​ត្រឹមត្រូវ​។​

​លោកស្រី​ ធីតា​ ឃិះ​ ៖​ «​ក៏​ប៉ុន្ដែ​ឪពុក​ម្ដាយ​ខ្មែរ​យើង​ត្រូវការ​រៀនសូត្រ​នូវ​វិធីសាស្ដ្រ​ថ្មី​ ក្នុង​ការ​អប់រំ​កូនចៅ​ពី​ការ​ជ្រើសរើស​គូរ​ស្រករ​ពីព្រោះ​កូន​ក្មេង​យើង​នៅ​ជំនាន់​ក្រោយ​ អត់​បាន​ទទួល​ការ​អប់រំ​ អំពី​ការ​ជ្រើសរើស​មនុស្ស​ប្រុស​ ឬ​ក៏​មនុស្ស​ស្រី​ រក​របៀប​យ៉ាងណាៗ​ យើង​អត់​ដែល​បាន​នាំ​គ្នា​និយាយ​ អត់​បាន​ធ្វើការ​អប់រំ​ ពីព្រោះ​ក្នុង​ទំលាប់​របស់​យើង​ ឱ​ពុក​ម្ដាយ​ជា​អ្នក​ជ្រើសរើស​គូរ​ស្រករ​ឱ្យ​កូន​…»​។​

​យើង​នៅ​បន្ត​លើកយក​រឿង​ទុំ​ទាវ​មក​ឆ្លុះ​ប​ញ្ជាំ​ង​និង​តថភាព​សង្គម​ បច្ចុប្បន្ន​នេះ​ ​គឺ​ស្ថិត​នៅ​លើ​ទំនាក់ទំនង​ដែល​កើតឡើង​ដោយសារ​ការ​ប្រកាន់​យក​នូវ​ទស្សនៈ​ពីរ​ផ្ទុយ​គ្នា​ គឺ​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​គូស្រករ​ ឬ​ស្នេហា​ចិត្ត​និង​ចិត្ត ​និងការប្រណិបត្តិប្រពៃណីបុរាណ។ ការប្រកាន់​ទស្សនៈ ​នីមួយៗនេះ កំពុង​ដណ្តើម​យកឈ្នះ​រៀងៗ​ខ្លួន​នាសម័យទំនើបនេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី ទាវ ឆាត ទទួលបានពានរង្វាន់កសិកគំរូបន្ទាប់ពីរកឃើញជីធ្វើពីទឹកនោមគោ

ជីវៈព័ត៌មាន៖ ស្រ្ដីម្នាក់បានវិវត្តន៍ខ្លួនឯងពី[...]

ស្រ្តីពុំទាន់ទទួលបានភាពស្មើគ្នាក្នុងការជំនុំជម្រះក្តី

ភ្នំពេញ ៖របាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមន[...]

ស្ត្រី​នៅ​តែ​ងាយ​រង​គ្រោះ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ផ្លូវភេទ​

អង្គការ​សង្គម​ស៊ី​វិល​មានការ​ព្រួយបារម្ភ​ថា ​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត