en     km
en     km

ទូកង​ឈ្មោះ​«​សុវណ្ណ​មុនី​ជំទាវ​តី​បារមី​ស្រី​ខ្មៅ​»​កំពុង​ខ្វះខាត​ស្បៀងអាហារ​និង​សម្ភារៈ​

Share

ភ្នំពេញ៖ទូកង​«​សុវណ្ណ​មុនី​ ជំទាវ​តី​ បារមី​ស្រី​ខ្មៅ​»​មក​ពី​ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ដែល​ចំណុះ​ទូក​ជាង​៨០​នាក់​អំពាវនាវ​សុំ​ជួយ​ពី​សប្បុរសជន​ឧបត្តម​ស្បៀងអាហារ​ សម្ភារៈ​និង​ថវិការ​។​

​លោក​ ឈួ​ន​ ឈាង​ ប្រធាន​ទូកង​ឈ្មោះ​«​សុវណ្ណ​មុនី​ ជំទាវ​តី​ បារមី​ស្រី​ខ្មៅ​»​នៅ​វត្ត​តា​គាត់​មង្គល​ ស្ថិត​ក្នុង​ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ បាន​ឲ្យ​ដឹង​ថា​ ទូកង​នេះ​មាន​ចំណុះ​ចំនួន​៧៣​នាក់​ និង​កីឡាករ​ត្រៀ​ង​បម្រុង​ចំនួន​១០​នាក់​ កំពុង​ខ្វះខាត​ អាវ​ មួក​ ស្បៀងអាហារ​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​កីឡា​ករ​អុំទូក​។​

​លោក​ ឈួ​ន​ ឈាង​ បញ្ជាក់​ថា​ក្នុង​មួយ​ថ្ងៃ​ក្រុមចំណុះ​ទូក​របស់​លោក​ត្រូវ​ចំណាយ​ប្រាក់​ជា​មធ្យម​មួយ​លាន​រៀល​សម្រាប់​ទិញ​ម្ហូ​ម​អាហារ​ ដើម្បី​ចំអិន​អាហារ​ចំនួន​បួន​ពេល​ក្នុង​មួយ​ថ្ងៃ​។​

«​ប្រកួត​មែន​តែ​ន​ទៅ​មួយ​ថ្ងៃ​សរុប​ទៅ​ចូល​ចង​មួយ​លាន​រៀល​ ព្រោះ​មួយ​ថ្ងៃ​៤​ប្រកួត​។​ព្រឹក​ឡើង​បបរ​ បបរ​ចូល​ពីរ​ខ្ទះត្នោត​ ដល់​ពេល​ឡើង​មក​បាយ​ជាង​មួយ​ខ្ទះត្នោត​និង​សម្លរ​មួយ​ខ្ទះ​ន្លះ​ ព្រោះ​បងប្អូន​សប្បុរសជន​មក​ចូលរួម​ហើយ​ពិសា​របាយ​ជាមួយ​កីឡាករ​។​»

​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​និង​អន្ដរជាតិ​ លោក​ ប៊ូ​ ជុំ​សិរី​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​និង​អន្ដរជាតិ​ពុំ​មាន​គម្រោង​ផ្តល់​ជំនួយ​ផ្នែក​សម្ភារៈ​និង​ស្បៀងអាហារ​ដល់​កីឡាករ​អុំទូក​ទេ​។​ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​មាន​ប្រាក់​រង្វាន់​ដល់​ទូកង​ដែល​ជាប់​លេខ​និង​ប្រាក់​ឧត្តម​កីឡាករ​ម្នាក់​៣​ម៉ឺន​រៀល​ក្នុង​រយៈពេល​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃនេះ​។​

«៤៥​ម៉ឺន​រៀល​ ៤០​ម៉ឺន​រៀល​ ៣៥​ម៉ឺន​រៀល​ ជាប់​លេខ​១​ លេខ​២​ លេខ​៣​ លេខ​៤…​ ហើយ​កីឡាករ​ចូលរួម​ម្នាក់​ឲ្យ​៣​ម៉ឺន​រៀល​ក្នុង​បី​ថ្ងៃ​មាន​ន័យ​ថា​មួយ​ថ្ងៃ​១​ម៉ឺន​រៀលៗ​ ចម្រុះ​ប៉ុន្មាន​គុណ​និង​ប៉ុណ្ណឹង​។​ឯក​ត្តម​រដ្ឋមន្ត្រី​មាន​តែ​ប៉ុណ្ណឹង​ អត់​មាន​អ្វី​ក្រៅពី​ហ្នឹង​នេះ​ សម្រាប់​ជួយ​ខោ​ អាវ​ ប្រាក់​ស្នាក់​នៅ​បន្ថែម​ទេ​ ព្រោះ​ចំណុះ​ជាង​១​ម៉ឺន​នាក់​ ទៅ​មាន​លុយ​មក​ណា​ថែម​។​»

​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​ និង​បណ្តែតប្រទីប​ មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២​ ដល់​ ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៧​នេះ​។​

​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ឆ្នាំ​ ២០១៧​នេះ​ មាន​ទូកង​ចូលរួម​ប្រកួត​យក​ជើងឯក​ចំនួន​២៧០​ទូក​មក​ពី​រាជធានី​និង​ខេត្ត​ចំនួន​១៥​និង​កីឡាករ​ចំនួន​១៧៨២៦​នាក់​។​ ទូកង​ទាំងនោះ​ មាន​ប្រភេទ​ទូក​អុំ​ ចែវ​ និង​ទូក​ខ្នាត​អន្តរជាតិ​។​ កាលពី​ឆ្នាំ​មុន​ទូកង​ចូលរួម​ប្រណាំង​មាន​ចំនួន​២៥៦​ទូក​។​

​នៅ​ក្នុង​ថ្ងៃ​បុណ្យអុំទូក​ថ្ងៃ​ទី​១​ ទូកង​ចំនួន​៧​បាន​លិច​បណ្តាល​មក​ពី​អាកាសធាតុ​ មិន​បណ្តាល​ឲ្យ​កីឡាករ​រង​របួស​និង​មិន​បណ្តាល​ឲ្យ​បាត​បង់ជីវិត​ទេ​។​ កាលពី​ឆ្នាំ​២០១៦​ កីឡាករ​ចំនួន​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ទូក​ទេ​ចរណ៍​មួយ​គ្រឿង​ប៉ះទង្គិច​ជាមួយ​ទូកង​បណ្តាល​ឲ្យ​លិច​៕

Share

Image
Image
Image