loader

ទឹក​លិច​ជាង​ ២​ខែ​ មនុស្ស​ ១២៣​នាក់​ រង​គ្រោះ​ព្រោះ​ពស់​ចឹក​

​ភ្នំពេញ​ ៖​ ជំនន់​ទន្លេមេគង្គ​ និង​ជំនន់​ទឹកភ្លៀង​ បាន​លិចលង់​ខេត្ត​ជាង​ ២០​ ហើយ​មាន​មនុស្ស​ ១២៣​នាក់​រង​គ្រោះ​ព្រោះ​ពស់​ចឹក​ ប៉ុន្ដែ​មិន​មានការ​រង​គ្រោះ​ដល់​អាយុជីវិត​នោះ​ទេ​។​ តែ​យ៉ាងនេះ​ក្ដី​ វេជ្ជបណ្ឌិត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ រូស​រាន់​នាំ​ជន​រង​គ្រោះ​ទៅ​ពេទ្យ​ភ្លាមៗ​ ប្រសិនបើ​ត្រូវ​ពស់​ចឹក​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ភ្លាមៗ​ បង្ក​ជា​ជំនន់​ទន្លេមេគង្គ​ ក្រោយ​ពី​ទំនប់​វា​រី​អគ្គិសនី​ នៃ​គម្រោង​ សេ​ពា​-​សេ​ណាំ​ណ​យ​ នៃ​ប្រទេស​ឡាវ​ បាន​បាក់​ កាលពី​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ។​ គិត​តាំងពី​ពេល​នោះ​ រហូត​ដល់​ចុងខែ​កញ្ញា​ ជំនន់​មាន​រយៈពេល​ជាង​ ២​ខែ​។​ ក្រោយ​ពី​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ ភ្លៀង​ក៏​ចាប់ផ្ដើម​ធ្លាក់​ក្នុង​បរិមាណ​ច្រើន​ផង​ដែរ​។​ អំឡុង​ជាង​ ២​ខែ​ គិត​ទាំង​ជំនន់​ទន្លេមេគង្គ​ និង​ជំនន់​ទឹកភ្លៀង​ មាន​ខេត្ដ​ចំនួន​ ២៣​ បាន​រង​គ្រោះ​ ហើយ​មាន​តែ​ខេត្ដ​២​ប៉ុណ្ណោះ​ដែល​មិន​រង​ផល​ប៉ះពាល់​ នោះ​គឺ​មណ្ឌលគិរី​ និង​ខេត្ដឧត្ដរមានជ័យ​។​

​មន្ដ្រី​នាំពាក្យ​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ លោក​ កែវ​ វី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ជំនន់​នៅ​ឆ្នាំ​២០១៨​នេះ​ គឺ​មាន​ភាព​ខ្លាំងក្លា​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ​ ដោយសារ​តែ​មានការ​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ​។​ លោក​បន្ដ​ថា​ ក្នុង​រយៈពេល​ជាង​ ២​ខែ​មកនេះ​ មាន​មនុស្ស​ ១២៣​នាក់​ បាន​រង​គ្រោះ​ព្រោះ​សត្វ​ពស់​ចឹក​។​ ក៏​ប៉ុន្ដែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ​ ព្រោះ​ពលរដ្ឋ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ទាន់​ពេល​។​ ក្នុង​ចំណោម​អ្នក​ទាំង​ ១២៣​នាក់​នេះ​ មាន​ ១១៥​នាក់​ ស្ថិត​ក្នុង​ខេត្ដកំពង់ចាម​ ៖«​ទាំងអស់​ ១២៣​ ទាំង​គ្រោះថ្នាក់​ផ្សេងៗ​។​ ភាគច្រើន​ពស់​ចឹក​នៅ​ក្នុង​ខេត្ដកំពង់ចាម​១១៥​នាក់​ ហើយ​មិនមែន​តែ​ពស់​ទេ​ មាន​សត្វ​ផ្សេងៗ​ មាន​ដូ​ជា​ក្អែប​ ខ្ទួយ​ អីហ្នឹង​ ពេល​ដែល​ទឹក​ឡើង​ ធម្មតា​វារ​ត់រក​តាម​ផ្ទះ​តាម​អីហ្នឹង​ហើយ​»​។​

​កន្លង​មក​គេ​តែ​សង្កេត​ឃើញ​ពលរដ្ឋ​មួយ​ចំនួន​ នៅ​ពេល​ដែល​ត្រូវ​ពស់​ចឹក​ ពួក​គាត់​តែ​តែង​ទៅ​រក​គ្រូ​បុរាណ​ ដើម្បី​ស្ដោះផ្លុំ​ បន្សាប​ពិសពស់​។​ ចំណុច​នេះ​ សម្រាប់​លោក​ កែវ​ វី​ លោក​មិន​បាន​ហាមឃាត់​ ឬ​បដិសេធ​អ្វី​ទេ​ ព្រោះ​ជា​ជំនឿ​ដូនតា​បន្សល់​ទុក​មក​។​ តែ​យ៉ាងណា​លោក​ សំណូមពរ​ថា​ ក្នុង​ករណី​ដែល​សង្គ្រោះ​បន្ទាន់​ ប្រជាពលរដ្ឋ​គួរ​នាំ​ជន​រង​គ្រោះ​ទៅ​ពេទ្យ​ ៖«​សំខាន់​បំផុត​ ឲ្យ​គាត់​រូស​រាន់​ ទៅ​កាន់​មន្ទីរពេទ្យ​ ឬ​មន្ទីរពេទ្យ​បង្អែក​ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​អ​ញ្ចឹ​ង​។​ ទោះបី​យ៉ាងម៉េច​ពេទ្យ​ហ្នឹង​ គេ​មាន​វិធីសាស្ដ្រ​ទាន់សម័យ​ដើម្បី​ស្រោចស្រង់​អាយុជីវិត​របស់​គាត់​ ហើយ​យើង​ក៏​មិន​ភ្លេច​ដែរ​ ជំនឿ​ផ្សេងៗ​ដែល​ដូនតា​របស់​យើង​គាត់​ធ្លាប់​បន្សល់​ទុក​មក​ ក៏​យើង​មិន​ភ្លេច​ដែរ​។​ ប៉ុន្ដែ​សំខាន់​គឺ​ពេល​ដែល​ត្រូវ​សង្គ្រោះ​បន្ទាន់​ គឺ​ត្រូវ​ទៅ​ពេទ្យ​»​។​

​ទាក់ទិន​ករណី​ពស់​ចឹក​នេះ​ លោក​វេជ្ជបណ្ឌិត​ គឹ​ម​ សួរ​ភិ​រុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដកំពង់ចាម​ មាន​ប្រសាសន៍​ថា​ ពិសពស់​ គឺ​ជ្រាប​បាន​រហ័ស​បំផុត​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​សរសៃឈាម​។​ សត្វ​ពស់​ មាន​ច្រើន​ប្រភេទ​ ពស់​ខ្លះ​មាន​ពិស​ខ្លាំង​ និង​ពស់​ខ្លះ​ទៀត​ មាន​ពិស​ខ្សោយ​ តែ​យ៉ាងណា​គឺជា​ការ​ចាំបាច់​បំផុត​ ដែល​ត្រូវ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​បន្សាប​ពិសពស់​ឲ្យ​ទាន់​ពេលវេលា​។​

​លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ ក្រោយ​ពី​ពស់​ចឹក​ បើ​បណ្ដោយ​ឲ្យ​ជន​រង​គ្រោះ​ នៅ​យូរ​រហូត​ដល់​២៤​ម៉ោង​ ទើប​នាំ​ទៅ​ពេទ្យ​ ជន​រង​គ្រោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ៖«​ចឹក​រួច​ភ្លាម​ហ្នឹង​គឺថា​ បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។​ បើកាលណា​យើង​ទុក​រយៈពេល​កាន់តែ​យូរ​ គឺ​ពិសពស់​ហ្នឹង​វា​ជ្រាប​កាន់តែ​ពេញ​ខ្លួន​ នាំ​ឲ្យ​មានការ​លំបាក​។​ អ​ញ្ចឹ​ង​ក្រោយ​ពី​ពស់​ចឹក​ភ្លាម​ត្រូវ​ប្រញាប់ប្រញាល់​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់​»​។​

​លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ នៅ​ពេល​ពស់​ចឹក​មិន​ត្រូវ​ឲ្យ​អ្នកជំងឺ​ធ្វើ​ចលនា​ច្រើន​នោះ​ទេ​ ព្រោះ​អាច​នាំ​ឲ្យ​ពិសពស់​ឆាប់​ជ្រាប​លឿន​ចូល​ក្នុង​ខ្លួន​។​ នៅ​ពេល​សត្វ​ពស់​ចឹក​ ជន​រង​គ្រោះ​នឹង​មាន​រោគ​សញ្ញា​ ហើម​ ឈឺ​ ស្ពឹក​ ហើយ​មិនតែប៉ុណ្ណោះ​ត្រង់​កន្លែង​ដែល​ពស់​ចឹក​នោះ​ នឹង​ឡើង​ពណ៌​ក្រហម​។​ លោក​បន្ថែម​ទៀត​ថា​ ជា​និច្ចកាល​ប្រជាពលរដ្ឋ​ តែងតែ​យក​ក្រណាត់​ ឬ​ខ្សែ​ ចង​នៅ​កន្លែង​ដែល​ពស់​ចឹក​ ក៏​ប៉ុន្ដែ​ពលរដ្ឋ​ភាគច្រើន​បាន​ធ្វើ​ខុស​បច្ចេកទេស​ ៖«​យើង​ចង​ រុំ​មុខរបួស​ហ្នឹង​ គឺ​យើង​មាន​កម្រិត​ តែ​មិនមែន​យើង​ចង់​ឲ្យ​រឹត​ឲ្យ​តឹង​ហ្មង​ទេ​ គឺ​យើង​ចង​ទប់​កន្លែង​មុខរបួស​ កន្លែង​ឈាម​ហ្នឹង​បន្ដិច​ទៅ​ ហើយ​ប្រញាប់ប្រញាល់​នាំ​ទៅ​ពេទ្យ​ភ្លាម​។​ ចំណែក​អ្នកខ្លះ​ឃើញ​ចង​ កជើង​ ចងក​ដៃ​ កង​ភ្លៅ​ឡើង​រឹត​ ឡើង​ស្លាក់​ឈាម​ ស្លាក់​ខ្យល់​។​ អ​ញ្ចឹ​ង​ការ​ចង​ហ្នឹង​គឺ​ខុស​បច្ចេកទេស​ហើយ​ តាម​ពិត​គេ​អត់​ឲ្យ​ចង​អ​ញ្ចឹ​ង​ទេ​ គឺថា​ គ្រាន់តែ​រុំ​ធម្មតា​អ​ញ្ចឹ​ង​ទៅ​ ហើយ​ប្រញាប់​នាំ​មក​ពេទ្យ​ភ្លាម​»​។​

​លោក​វេជ្ជបណ្ឌិត​ អំពាវនាវ​ថា​ ពលរដ្ឋ​គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្លាំង​បើ​ដឹង​ថា​ កន្លែង​ដែល​ខ្លួន​រស់នៅ​សំបូរ​ពពួក​ពស់​ពិស​។​ ម្យ៉ាងវិញទៀត​ ពលរដ្ឋ​ពុំគួរ​ចេញ​ដើរ​កាត់​វា​ដោយ​ជើង​ទទេ​នោះ​ទេ​ ពិសេស​គឺ​នៅ​រដូវភ្លៀង​ធ្លាក់​ ឬ​ទឹកជំនន់​។​ តែ​យ៉ាងណា​បើ​មាន​កិច្ចការ​ត្រូវ​ចេញ​ដើរ​វាល​ គួរតែ​ពាក់​ស្បែកជើង​ក​វែង​ ដែល​ផលិត​ពី​ជ័រកៅស៊ូ​៕

ព័ត៌មានទាក់ទង

សង្គមស៊ីវិល៖ ស្រ្តីកម្ពុជានៅជនបទមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ហ្វេសប៊ុក(មានសំឡេង)

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលបង្ហាញថា ប្រជាជនកម[...]

សម្ដេច ហ៊ុន សែន អះអាងប្រាប់មេដឹកនាំវៀតណាមថាពុំមានកងទ័ពបរទេស(ចិន)លើទឹកដីកម្ពុជាទេ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែង[...]

មេដឹកនាំកម្ពុជានិងវៀតណាមសន្យាបញ្ចប់ការបោះបង្គោលព្រំដែនអោយឆាប់

ក្នុងសន្និសីទរួមគ្នា នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត