loader

ទស្សនៈ៖ សង្គ្រោះជាតិទំនងអាចរស់ឡើងវិញតែក្រុមប្រឹក្សាឃុំមិនអាចទេ តើមូលហេតុអ្វីខ្លះ?

ស្ថានការណ៍នយោបាយចុងក្រោយនៅកម្ពុជាវិវត្តន៍យ៉ាងលឿនបំផុត ការវិវត្តនេះទំនងទៅរកចំណុចវិជ្ជមានហើយជាការបំបែកភាពទាល់ច្រកនយោបាយទៀតផង។ប៉ុន្ដែការប្រែប្រួលនេះមានកត្តាច្រើនយ៉ាងរាប់ទាំងកត្តាផ្ទៃក្នុងខ្លួនឯង និង គំនាបសហគមន៍អន្ដរជាតិ។ប៉ុន្ដែសំណួរថាតើគណបក្សសង្គ្រោះជាតិអាចត្រូវបានអនុញ្ញាតឱ្យរស់ឡើងវិញដោយវិធីណា ខណៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនេះដែលជាអំណាចដ៏រឹងមាំនៃបក្សកាន់អំណាចទំនងនឹងពិបាករស់ឡើងវិញ។នេះបើយោងតាមការវិភាគនៃប្រសាសន៍របស់នាយករដ្ឋមន្រ្ដី។

លោកនួនបូរិនជូនអត្ថាធិប្បាយនយោបាយ៖

គ្មានអ្វីទៀងទាត់ទេនៅលើលោកនេះគឺមានតែពេលវេលាប៉ុណ្ណោះដែលទៀងទាត់ បើពេលវេលាមកដល់អ្វីៗក៏នឹងកើតមានដែរ។កាលពីថ្ងៃទី១០វិច្ឆិកាតុលាការបានបន្ធូរបន្ថយទោសដល់លោកកឹមសុខាប្រធាននៃអតីតគណបក្សសង្គ្រោះជាតិមួយកម្រិតពីការឃុំខ្លួនក្នុងផ្ទះដោយផ្ដល់ឱ្យលោកធ្វើដំណើរបានក្នុងប្រទេសដោយហាមឃាត់ការថ្លែងសុន្ទរកថាពីនយោបាយ។តែរឿងនេះមជ្ឈដ្ឋានភាគច្រើនហាក់ដូចជាគិតត្រូវថាច្រកគឺដើររបៀបនេះគឺក្នុងការដកថយមួយជំហានដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយខណៈដែលការបរិច្ឆេទកម្រិតដាក់ទណ្ឌកម្មផ្ដាច់ប្រព័ន្ធEBAដោយសហភាពអឺរ៉ុបបានធ្លាក់មកដល់ហើយចំពេលដែលបទអន្ដរាគមន៍របស់សហគមន៍អន្ដរជាតិជាច្រើនជម្រុញឱ្យមានការចរចាផ្នែកនយោបាយបានកើតឡើងចំពេលដែលលោកសមរង្ស៊ីប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិធ្វើចលនានយោបាយយ៉ាងខ្លាំងចូលតំបន់អាស៊ីអាគ្នេយ៍។ប៉ុន្ដែសម្រាប់សម្ដេចនាយករដ្ឋមន្រ្ដីមិនទទួលយកដាច់ខាតការដែលថាលោករងសម្ពាធពីសំណាក់សហគមន៍អន្ដរជាតិ។ តែសម្ដេចក៏មិនបានបញ្ជាក់ថានេះជាដំណោះស្រាយផ្ទៃក្នុងរបស់កម្ពុជានោះទេ គឺដែរគ្រាន់តែចាត់ទុកថាជារឿងរបស់តុលាការតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយគឺទីបំផុតសញ្ញានៃការចរចាអាចនឹងចាប់ផ្ដើមនៅពេលខាងមុខនេះនៅពេលដែលលោកកឹមសុខាអាចនឹងទទួលបានការបន្ធូរបន្ថយទោស ឬក៏លើកលែងទោសទាំងស្រុងដោយព្រះមហាក្សត្រក្នុងកម្រិតណាមួយដែលលោកអាចមានទោសករណីដែលត្រូវបានចោទពីបទសន្ទិដ្ឋិភាពនឹងបរទេសផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

តែរឿងនេះក៏គេមិនអាចវាយតម្លៃបានមុនពីឆន្ទានុសិទ្ធិរបស់ចៅក្រមតុលាការដែរព្រោះជាការសម្រេចសេចក្ដីឯករាជ្យរបស់ចៅក្រមដោយឈរលើភស្ដុតាងនិងអង្គហេតុដែលតុលាការរកឃើញកន្លងមកករណីលោកកឹមសុខា។

ឥឡូវនេះមជ្ឈដ្ឋានជាច្រើនបានផ្ដើមធ្វើការវិភាគពីជោគវាសនាលោកកឹមសុខានិងគណបក្សសង្គ្រោះជាតិរួមទាំងសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់គណបក្សនេះដែលត្រូវបានរឹបអូសដោយអំណាចសាលក្រមនៃតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧។

មជ្ឈដ្ឋានជាច្រើនកំពុងតែគិតថា តើសង្គ្រោះជាតិរស់ឡើងវិញដោយវិធីណា ហើយសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំងដ៏ធំនេះអាចរស់ឡើងវិញដែរឬទេ។ទំនងពិបាកព្យាករណ៍ទុកណាស់សម្រាប់សមាសភាពក្រុមប្រឹក្សាឃុំរបស់បក្សនេះប៉ុន្ដែពាក្យថាសង្គ្រោះជាតិហាក់ដូចជាមិនពិបាកប៉ុន្មានទេពីព្រោះគេអាចលើកឱ្យរស់ឡើងវិញប៉ុន្ដែមិនអាចបោះឆ្នោតមុនអាណត្តិបានឡើយ។ទាំងនេះក៏សមនឹងប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្ដីដែលបានពន្យល់នៅក្នុងវេទិកាមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៨វិច្ឆិកា។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថាក្រុមប្រឹក្សាឃុំនៃគណបក្សសង្គ្រោះជាតិគ្មានរស់ឡើងវិញទេនៅពេលនេះ។ប៉ុន្ដែសម្ដេចមិនបាននិយាយថាបក្សសង្គ្រោះជាតិនៅតែបន្ដស្លាប់នោះដែរ។ក្នុងវេទិកានោះសម្ដេចនាយករដ្ឋមន្រ្ដីបានពន្យល់ដូចន័យដើមថា៖តួនាទីរបស់សមាជិកឃុំសង្កាត់នៃអតីតគណបក្សសង្គ្រោះជាតិគ្មានថ្ងៃទទួលបានវិញឡើយក្រោយបក្សរបស់ពួកគេត្រូវបានរំលាយកាលពីឆ្នាំ២០១៧។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនឹងធ្វើឡើងនៅថ្ងៃខែឧសភាឆ្នាំ២០២២ហើយការបោះឆ្នោតតំណាងរាស្ត្រនឹងធ្វើឡើងនៅខែកក្កដាឆ្នាំ២០២៣។

តាមប្រសាសន៍របស់នាយករដ្ឋមន្រ្ដីទំនងបក្សសង្គ្រោះជាតិអាចនឹងរស់ឡើងវិញគឺនៅពេលឆាប់ៗនេះ។

ការរស់ឡើងវិញរបស់អតីតគណបក្សប្រឆាំងដ៏ធំនេះទំនងក៏អាចកើតចេញពីការសន្ទនានយោ​បាយឡើងវិញរវាង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលមកពីក្រុមលោកកឹមសុខាជា​មួយនឹងថ្នាក់ដឹកនាំបក្សកាន់អំណាចរបស់នាយករដ្ឋមន្រ្ដី។សង្គ្រោះជាតិរស់ឡើងវិញប៉ុន្ដែសង្គ្រោះជាតិមិនអាចជម្រុញឱ្យមានាករបោះឆ្នោតមុនអាណត្តិនោះឡើយ។នេះបើផ្អែកតាមការបញ្ជាក់ន័យរបស់សម្ដេចនាយករដ្ឋមន្រ្ដី។សម្ដេចហ៊ុនសែនបានពន្យល់ថាការបោះឆ្នោតប្រព្រឹត្តទៅប្រាំឆ្នាំម្ដងគឺមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដគឺគ្មានការរំលោភបំពានបានឡើយ។

តើកត្តាអ្វីខ្លះដែលទំនងមិនអាចស្ដារនីតិសម្បទាឡើងវិញក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ?

ក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សសង្គ្រោះជាតិបានជាប់ឆ្នោតដោយដណ្ដើមបានអាសនៈពីក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សកាន់អំណាចគឺបានរហូតដល់ទៅ៥០០៧នាក់ដែលចំនួននេះគឺច្រើនសម្បើមណាស់ព្រោះជាការដណ្ដើមអំណាចថ្នាក់មូលដ្ឋានធ្វើឡើងក្រោមការបោះឆ្នោតដែលអ្នកសង្កេតការណ៍ជាតិនិងអន្ដរជាតិមើលឃើញថាការរៀបចំបោះឆ្នោតពេលនោះដោយផ្អែកលើប្រព័ន្ធសុចរិតទៀងត្រង់ក្នុងសមាសភាពនៃស្ថាប័នជាតិរៀបចំការបោះឆ្នោតមានពីរគណបក្សនិងបូកជាមួយជំនួយបច្ចេកទេសនិងអ្នកជំនាញពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះគឺកើតឡើងពីទឹកចិត្តរបស់អ្នកបោះឆ្នោតមើលទៅ ពុះកញ្ជ្រោលខ្លាំងណាស់យកសន្លឹកឆ្នោតទំលាក់ក្នុងហិបឆ្នោតដើម្បីកំណត់តួនាទីអំណាចពលរដ្ឋនៅមូលដ្ឋានដែលគេថាជាអំណាចផ្ទាល់របស់ម្ចាស់ឆ្នោតហើយក៏ជាមូលដ្ឋានរឹសកែវនៃអំណាចរបស់រដ្ឋាភិបាលផងដែរ។សេវាសាធារណៈក្ដីសន្ដិសុខក្នុងសហគមន៍ក្នុងភូមិក្ដីនិងជំនឿពលរដ្ឋផ្ទាល់ថ្នាក់មូលដ្ឋាននេះប្រៀបបាននឹងកម្លាំងខែត្រៀមទីមួយរបស់គណបក្សកាន់អំណាចហើយបើរបេះបាត់ទៅគឺពិបាកខ្លាំងណាស់ដើម្បីកសាងអំណាចថ្នាក់មូលដ្ឋានឡើងវិញ។

អំណាចថ្នាក់មូលដ្ឋាននេះបើនិយាយពីការដឹកនាំក្រោមរបបសង្គមនិយមវិញគឺត្រូវការជាចាំបាច់មិនអាចខ្វះបានឡើយព្រោះគេថាថ្នាក់មូលដ្ឋានគឺជាអ្នកក្រាលអំណាចពង្រឹងអំណាចសម្រាប់ថ្នាក់លើបើអំណាចមូលដ្ឋានរបូតឬក៏ឃ្លីងឃ្លោង បើបាត់បង់ទាំងស្រុងទៀតផងនោះគឺពិបាកស្ដារអំណាចខ្លួនឯងឡើងវិញណាស់។

គេនៅចាំបានថានៅពេលដែលបក្សកាន់អំណាចរបូតឃុំដ៏ច្រើនធ្លាក់ទៅគណបក្សប្រឆាំងគឺជាការផ្ដើមឱ្យមានហានិភ័យនៃការបោះឆ្នោតសម្រាប់ថ្នាក់ជាតិព្រោះលទ្ធផលនៃការបោះឆ្នោតថ្នាក់មូលដ្ឋាននេះគឺជាការវាស់ស្ទង់ប្រជាប្រិយភាព និងគោលនយោបាយដឹកនាំរបស់បក្សកាន់អំណាច។

ក្នុងន័យនេះបើដំណើរការចរចាប្រព្រឹត្តទៅគឺសេណារីយ៉ូបែបនេះអាចនឹងដាក់ចុះប៉ុន្ដែត្រង់ថាតើឈានដល់កិច្ចព្រមព្រៀងទូលំទូលាយប្រហែលជាលំបាកនឹងកើតមាន។មជ្ឈដ្ឋានខ្លះថាបើចង់បានដំណោះស្រាយគឺត្រូវដកភាពតានតឹងមួយជំហានម្នាក់នោះគឺអាចទៅរួច។បើដូចនេះគេអាចដឹងក្រោយពីលោកកឹមសុខាទទួលសាលក្រមជាស្ថាពរពីតុលាការ។ តែយ៉ាងណា គេមិនអាច គិតស្មានថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ទទួលបានកម្រិតណាឬទេ ព្រោះ សហភាពអឺរ៉ុបដែលកំពុងរុញពេលវេលា ឈានដល់ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាធ្លាប់បានដាក់លក្ខខណ្ឌអោយកម្ពុជា ស្ដារប្រជាធិបតេយ្យឡើងវិញ ដោយធ្វើ​បក្ស​សង្រ្គោះជាតិ ក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សនេះ រស់ឡើងវិញ ជាមួយនឹងការវិលមកវិញរបស់ របស់ អ្នកនយោបាយនិរទេសខ្លួន ក្នុងមានទាំងលោកសមរង្ស៊ីផងដែរ ដែលអ្នកសង្កេតការណ៏​ថាលោកកំពុង​មាន​ការ​គាំទ្រច្រើន ពីសហគមន៍អន្តរជាតិ។ ប៉ុន្តែសម្រាប់សម្ដេចហ៊ុនសែន បាន​អះអាងថា លោកចង់ចរចាជាមួយដៃគូសន្ទនាណាដែលមានចរឹតខុសពីលោកសមរង្ស៊ី ។ សម្ដេចបន្តថា​នឹងមិន​ថ្វាយលិខិតរបស់នាយករដ្ឋមន្ត្រីថ្វាយ​ព្រះមហាក្សត្រដើម្បីលើក​លែង​ទោសលោកសមរង្ស៊ីដាច់ខាត។ ក្នុងន័យនេះនាំអោយមានមជ្ឈដ្ឋានខ្លះគិតថា ការចរចានឹង​កើត​មានតែ រវាងក្រុមលោកកឹមសុខា និងគណបក្សកាន់អំណាចតែប៉ុណ្ណោះ ហើយលោកក្រុម​លោក​សមរង្ស៊ីអាចនឹងផាត់ចោល ជាពិសេសគឺលោកសមរង្ស៊ីតែម្ដង។ តែបែបនេះក្ដី លោក​សមរង្ស៊ី​នៅតែសច្ចាថានឹងវិលកម្ពុជាវិញអោយខាតតែបាន​ក្រោមអន្តរាគមន៍​ពី​សហគម​ន៍​អន្តរជាតិ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិ[...]

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត