loader

ទស្សនៈ៖ជនជាតិចិនប្រឈមនឹងការរើសអើងខ្លាចចម្លងមេរោគកូរូណាទៅជាតិសាសន៍ដទៃ

ចិនមានប្រជាជន១៣៨៦លាននាក់ ចិនជារដ្ឋអធិបតេយ្យមួយក្នុងចំណោមរដ្ ឋអធិបតេយ្យ១៩៣ប្រទេស។ប៉ុន្ដែពេលនេះប្រជាជនចិនជាង២០០នាក់បានបាត់បង់ជីវិត ខណៈជិត១ម៉ឺននាក់ ទៀតស្ថិតក្នុងដំណាក់កាលតាមដានដោយសារតែវីរុសកំណាចកូរូណាមានវិជ្ជមានក្នុងខ្លួនពួកគេ។ព្រោះតែវីរុសឈ្មោះពិរោះតែចិត្តកំណាចនេះហើយទើបបានបង្កឱ្យប្រទេសជាង១ភាគ៦ទូទាំងពិភពលោកធ្វើការយកចិត្តទុកដាក់បែងចែកប្រជាជនចិនអ្នកដំណើរជាពិសេសចិនអ៊ូហានខ្លាចក្រែងចិនចម្លងមេរោគនេះទៅកាន់ជាតិសាសន៍ដទៃ។

កញ្ញា ឆោមពៅនិកា ជូនសេចក្ដីអត្ថាធិប្បាយ៖

តើវីរុសកូរូណាសាហាវយ៉ាងណាទើបគេមិនហ៊ានក្បែរចិន?

មួយប៉ប្រិចភ្នែកពិភពលោកចាប់ផ្ដើមមានទុក្ខព្រួយជាខ្លាំងព្រោះស្ថានភាពកើតមាននៅចិននិងសាយភាយមកកាន់ប្រទេសនានាក្នុងនិងក្រៅតំបន់អាស៊ី។មជ្ឈដ្ឋានខ្លះយល់ឃើញថាដូចជាយឺតពេលច្រើនក្រាលណាស់ដែលចិនទើបធ្វើការបិទទីក្រុង បិទជើងហោះហើរពលរដ្ឋខ្លួនទៅបរទេស ក្រោយពីមេរោគកូរ៉ូណាបានវាយលុកចេញពីប្រភពក្រុងអ៊ូហានដែលធ្វើឱ្យក្រុងនេះបច្ចុប្បន្នស្ងាត់ជ្រងំគ្មានចរាចរណ៍ បិទចង្អៀតទីផ្សារគឺប្រៀបបានជាទីក្រុងដែលគេទុកចោល។

អ៊ូហានជាទីក្រុងដែលស្ថិតនៅភាគ​កណ្តាល​ប្រទេសចិន។ទីក្រុងនេះត្រូវបានគេសង្ស័យថាវាយលុកដោយមេរោគម្យ៉ាងដែលជាពពួកមេរោគផ្ដាសាយធំមានឈ្មោះថាវីរុសកូរ៉ូណាប្រភេទថ្មីហើយវាបានបង្កឱ្យមនុស្សក្នុងក្រុងរាប់សិបនាក់ធ្លាក់ខ្លួនឈឺផ្ទួន ​នៅ​ចន្លោះ​ពី​ថ្ងៃទី​១២ ដល់ថ្ងៃ​ទី​២៩ធ្នូ ​ឆ្នាំ​២០១៩​ មក។ អ្នកជំងឺទាំងនោះត្រូវបានគេរកឃើញថាជាអ្នករស់នៅតំបន់ផ្សារសមុទ្រហ៊ូណានហើយជាអាជីវករសាច់ត្រីនិងគ្រឿងសមុទ្រទៀតផង។តែទើបមកដល់សប្ដាហ៍ទី២នៃខែមករា​ វីរុសនេះបានអង្រួនពិភពលោកព្រោះក្រោយពីធ្លាក់ខ្លួនឈឺអ្នកជំងឺទាំងនោះបានស្លាប់បន្ដបន្ទាប់ដែលពីមួយថ្ងៃទៅមួយថ្ងៃអ្នកស្លាប់គឺចន្លោះពី១៥ទៅ៤០នាក់រហូតដល់ពេលនេះវាកើនឡើងដល់ទៅជាង២០០នាក់ស្លាប់ទៅហើយហើយពួកគេទាំងនោះសុទ្ធតែជាជនជាតិចិន។វីរុសដែលសាហាវធ្វើឱ្យគេខ្លាចរអានេះព្រោះជិត១ខែមកហើយ មិនទាន់មានអ្នកវិទ្យាសាស្រ្ដជំនាញសុខាភិបាលណារកឃើញថាវាមានប្រភពមកពីអ្វីនោះទេ ហើយវាឆ្លងពិតប្រាកដដោយរបៀបណាដែលប្រៀបបានជាវីរុសយ៉ាងអាថ៍កំបាំងថ្មី។មនុស្សណាដែលមានប្រព័ន្ធស៊ាំខ្សោយត្រូវបានគេចាត់ទុកថាជាជនងាយរងគ្រោះបំផុតព្រោះសន្ដានមេរោគផ្ដាសាយនឹងឆ្លងតាមផ្លូវដង្ហើមនិងម៉ូលេគុលទឹកមាត់ដែលបញ្ចេញដោយការក្អកនិងកណ្ដាស់ហើយតែពីពីរទៅបីថ្ងៃទេអ្នកជិតខាងបន្ដបន្ទាប់នឹងអាចឆ្លងបាន។WHOមុននឹងប្រកាសអាសន្នក៏បានប្រកាសពីវិធីការពារខ្លួនជាបន្ដបន្ទាប់ពីជំងឺនេះដោយមិនឱ្យភ្លេចទេក្នុងការ

  • លាងដៃជាមួយ​សាប៊ូ និងទឹកស្អាត​ ឬទឹកលាងដៃ​ដែល​មាន​អាល់កុលហ្សែល
  • ខ្ទប់មាត់ និង​ច្រមុះ នៅ​ពេល​ក្អក និងកណ្ដាស់ ដោយ​កន្សែង ក្រម៉ា ក្រដាស ឬដោយ​កែងដៃ
  • ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុនក្ដៅ និងក្អក ឬផ្ដាសាយ  
  • ចម្អិន​សាច់ និងស៊ុត​ឲ្យបានឆ្អិនល្អ 
  • ជៀសវាង​ប៉ះពាល់​ជាមួយសត្វព្រៃ​រស់ ឬកន្លែង​ចិញ្ចឹមសត្វ​ដោយ​គ្មាន​ពាក់​សម្ភារៈ​ការពារ​ខ្លួន

អ្វីដែលជាបម្រាមទាំងអស់នេះត្រូវបានចេញចចាមអារ៉ាមថាចិនជាជាតិសាសន៍ដែលចូលចិត្តទទួលទានសាច់សត្វឆៅ ឬ សត្វព្រៃ ដូចជាកណ្ដុរ ប្រជៀវ ពស់ជាដើម ម្យ៉ាងចំពេលដែលគេមិនអាចច្បាស់ពីប្រភពតែយល់ពីសភាពនៃថេរវេលានិងល្បឿននៃការឆ្លងនៃសន្ដានជំងឺផ្ដាសាយបានបណ្ដាលឱ្យគេយល់ឃើញថាជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរូណានេះអាចចូលមកពិឃាតជីវិតមនុស្សយ៉ាងសម្ងាត់និងលឿនបំផុតដែលធ្វើឱ្យមានការគេមិនហ៊ាននៅក្បែរអ្នកជំងឺហើយជាពិសេសអ្នកជំងឺមានប្រភពមកពីចិនអ៊ូហានឬជនជាតិចិន។

សហគមន៍អន្ដរជាតិចាប់ផ្ដើមចាត់វិធានការដើម្បីប្រយោជន៍ខ្លួន

វិធានការចំនួន៤ដែលពេលនេះសហគមន៍អន្ដរជាតិកំពុងធ្វើមកលើចិន គឺធ្វើទៅលើប្រជាជនខ្លួនឯងនៅចិន និង ចិននៅប្រទេសរបស់ពួកគេ។វិធានការចំនួនបួននោះរួមមាន ការជម្លៀសពលរដ្ឋរបស់ប្រទេសពួកគេចេញពីចិន ខេត្តហឺប៉ី និងខេត្តនានា បិទជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ធំៗ បិទទិដ្ឋាការសម្រាប់ជនជាតិចិន និងប្រទេសជុំវិញចិនក៏ចាប់ផ្ដើមបិទព្រំដែន។

បើតាមគេហទំព័រសារព័ត៌មានNewsweek ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលមានព្រំដែននឹងចិនបាន សម្រេចចិត្តបិទព្រំដែនតាមកិច្ចព្រមព្រៀងតាមរយៈចម្ងាយជាបន្ដបន្ទាប់ ក្នុងនោះរួមមាន អាហ្កានីស្ថាន ប៊ូតាន ឥណ្ឌា កាសាស្តាន គីហ្គីស្តាន ឡាវ ម៉ុងហ្កោលី មីយ៉ាន់ម៉ា ណេប៉ាល់ កូរ៉េខាងជើង ប៉ាគីស្ថាន តាជីគីស្ថាន វៀតណាមនិងមហាមិត្តចិន រុស្ស៊ីចុងក្រោយគេ។

នៅយប់ថ្ងៃទី២៩យន្ដហោះអាមេរិកនិងជប៉ុនបានចូលទឹកដឹកពលរដ្ឋសរុបគឺជិត៥០០នាក់របស់ខ្លួនពីទីក្រុងអ៊ូហានព្រមទាំងព្រមានពលរដ្ឋខ្លួនបើមិនមានការចាំបាច់មិនត្រូវទៅចិននោះទេ ។ចំពោះអង់គ្លេសវិញតាំងពីយប់ថ្ងៃទី៣០មករាគឺបានស្នើចិនអនុញ្ញាតឱ្យបើកក្រុងបន្ដិចដើម្បីជម្លៀសពលរដ្ឋខ្លួនមកកាន់មាតុភូមិវិញផងដែរដោយអង់គ្លេសបានយកយោធាទៅសង្គ្រោះទៀតផង។សារព័ត៌មានញ៉ូវយ៉កថាមស៍ បានរាយការណ៍ថា ក្នុងនោះប្រទេសបារាំង កូរ៉េខាងត្បូង ម៉ារ៉ុក អាល្លឺម៉ង់ កាហ្សាក់ស្ថាន អង់គ្លេស កាណាដា រុស្សុី ហូល្លង់ ភូមា និងអូស្ត្រាលី គ្រោងនឹងជម្លៀសពលរដ្ឋខ្លួនពីអ៊ូហាន។

ក្នុងចំណោមប្រទេសដែលបិទព្រំដែននោះក៏មានប្រទេសបិទទិដ្ឋាការផងដែរ តែជម្រើសមួយនេះត្រូវបានគេមើលឃើញជាពិសេសគឺនៅតំបន់អាស៊ីអាគ្នេយ៍ដែលដំបូងគេគឺហ្វីលីពីន មេដឹកនាំកំពូលឌូទ័រតេប្រកាសស្ទើរជារឿងរាល់ថ្ងៃពីវិធានការ ទប់ស្កាត់ការបិទទិដ្ឋាការអ្នកដំណើរចិនតែទីបំផុតប្រទេសនេះឆ្លងមួយករណី បន្ទាប់មកវិធានការដដែលនេះបាននាំឱ្យម៉ាឡេស៊ី វៀតណាមធ្វើតាម ហើយសិង្ហបុរី និងថៃកំពុងស្ថិតក្នុងការពិចារណា។

ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ធំៗ ក៏បានផ្អាកនិងកាត់បន្ថយសេវាកម្មដល់ប្រទេសចិនរួមមានក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសអ៊ែរវ៉េ, EU Airline, ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa, ក្រុមហ៊ុនអាកាសចរណ៍អាមេរិក, KLM និង United ។ចំណែកក្រុមហ៊ុន Toyota, volkswagen, IKEA, Starbucks, Tesla, ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn បានបិទហាងជាបណ្ដោះអាសន្ននៅចិនព្រមទាំងព្រមានដើរចេញពីប្រទេសចិន។

នីតិបុគ្គល ក្រុមហ៊ុន និង រដ្ឋទាំងអស់ខាងលើឃើញថាធ្វើនេះដើម្បីបង្ការហានិភ័យអាយុជីវិតពលរដ្ឋសញ្ជាតិពួកគេដែលត្រូវបានចាត់ទុកថាជាការធ្វើឡើងដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេមានជាមួយចិនខណៈចិនកំពុងមានបញ្ហា។

ពិភពលោកបដិសេធមិនទុកចិនឱ្យនៅឯកោទេ

បើតាមការចុះផ្សាយរបស់CNAនៅថ្ងៃសុក្រទី៣១មករានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេចថា នឹងបញ្ជូនយន្តហោះទៅដឹកប្រជាជន ដែលមានស្រុកនៅកំណើតនៅខេត្តហ៊ូប៉ី (Hubei) ពីបណ្តាប្រទេសនានា ត្រឡប់មកវិញឲ្យបានលឿនបំផុតតាមដែលអាចទៅរួច ព្រោះប្រទេសមួយចំនួន បានសម្រេចផ្អាកជើងហោះហើរជាមួយចិន ដែលជាហេតុធ្វើឲ្យប្រជាជនចិនទាំងនោះ មិនអាចត្រឡប់មកប្រទេសកំណើតវិញបាន។

អាកាសចរណ៍ស៊ីវិលចិនបានរាយការណ៍ឱ្យដឹងថាមុនបិទទីក្រុងប្រជាជនក្រុងអ៊ូហានបានហោះហើរទៅកាន់គោលដៅជាច្រើនគឺស្ទើរតែកន្លះលាននាក់ក្នុងចំណោមប្រជាជនអ៊ូហានសរុប១១លាននាក់។ក្នុងនោះគឺមានទៅសិង្ហបុរីជិតនិងថៃជិត១ម៉ឺននាក់ច្រើនជាងប្រទេសណាទាំងអស់។នៅថ្ងៃទី៣១មករានេះ ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Xiamen នឹង​ទៅ​ដឹក​ជនជាតិ​ចិន​ពី​ទីក្រុង Kota Kinabalu ក្នុងប្រទេស​ម៉ាឡេស៊ី និង​ទីក្រុង បាងកក របស់​ប្រទេស​ថៃ ។ នៅក្នុង​ទីក្រុង បាងកក គឺមាន​ជនជាតិ​ចិន​មកពី​ខេត្ត ហូ​បៃ​ចំនួន ១១៧​នាក់ កំពុង​ជាប់គាំង​នៅ​ទីនោះ ហើយ​១០០​នាក់​ទៀត​ក្នុង​ទីក្រុង Kota Kinabalu ដែល​បង្ហាញ​ឆន្ទៈ​ជិះ​យន្តហោះ​នេះ​ត្រលប់មក​ក្រុង​វូ​ហាន វិញ ឆាប់ៗ​តាម​អាច​ធ្វើបាន​។

ម៉ោងព្រឹកនៅបណ្ដាប្រទេសអាស៊ី អង្គការសុខភាពពិភពលោកបានយកថ្ងៃចុងខែមករា នេះប្រកាសអាសន្នកម្រិតពិភពលោកព្រោះតួលេខអ្នកស្លាប់ដោយជំងឺវីរុសកូរូណាបានកើនឡើងជាង២០០នាក់ តែព្យាបាលជាបាន១៨៧នាក់ក្នុងចំណោមអ្នកមាន ផ្ទុកមេរោគជិត១ម៉ឺននាក់។ អង្គការសុខភាពពិភពលោកអំពាវនាវឱ្យប្រទេសទាំងអស់គ្នាការពារខ្លួនតែមិនត្រូវចោលការសហប្រតិបត្តិការជាអន្ដរជាតិរួមគ្នាវាយបង្រ្កាបវីរុសកំណាចនេះជាមួយចិននោះទេ។ យ៉ាងណាចិនខ្លួនឯងបានប្ដេជ្ញាថានឹងបង្ក្រាបជំងឺកំណាចដែលឆក់យកជីវិតពលរដ្ឋរបស់គេជាបន្ដបន្ទាប់ តែក៏មិនចោលការស្វាគមន៍កិច្ចសហប្រតិបត្តិការផងដែរ។ការសហប្រតិបត្តិការនេះចិនបានស្វាគមន៍ជាពិសេសនឹងអង្គការសុខភាពពិភពលោកនិងបណ្ដាអង្គការអន្ដរជាតិដទៃខណៈអាមេរិកព្យាយាមទៅត្រួតពិនិត្យស្ថានការណ៍ជំងឺនៅអ៊ូហាន ចំណែកអូស្រ្ដាលី ជប៉ុន ហុងកុង កំពុងស្វែងរកវ៉ាក់សាំងការពារដែល ត្រូវបានវាយតម្លៃថានឹងចំណាយពេលដល់ទៅមួយត្រីមាស។ប៉ុន្មានថ្ងៃមុននេះ អតីតអ្នកចារកម្មអ៊ីស្រាអែលម្នាក់បានវាស់វែងថាមេរោគនេះធ្លាយពីវិទ្យាស្ថានជីវសាស្រ្ដដែលស្ថិតចំងាយពីតំបន់ផ្ទុះមេរោគតែ៣០គីឡូម៉ែត្រគឺលោកសង្ស័យថាមេរោគនេះចិននឹងយកទៅបង្កដើម្បីសង្គ្រាមជីវសាស្រ្ដក៏ថាបានតែយ៉ាងណាចិនបានច្រានចោលព័ត៌មានដែលចុះផ្សាយដោយសារព៧ត៌មានអន្ដរជាតិមួយចំនួនពីរឿងរ៉ាវនេះ។មិនត្រឹមតែអង្គការសុខភាពពិភពលោកមិនទុកឱ្យចិនឯកោដូចជារើសអើងនោះទេ ក្នុងនោះក៏មានមេដឹកនាំបណ្ដាប្រទេសមួយចំនួនបង្ហាញពីសាមគ្គីភាពនឹងចិនក្នុងការឈរតទល់នឹងជំងឺមេរោគកូរូណានេះដែរ។ លោកមូនចេអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងសង្កត់ន៧យធ្ងន់ៗក្នុងសន្និសីទចំពោះមុខទូរទស្សន៍ប្រព័ន្ធឃោសនានានាថា អាវុធដើម្បីការពារខ្លួនយើងពីកូវ៉ូណាវីរុសប្រភេទថ្មីនេះ ពុំមែនជាភាពភ័យខ្លាច និងការស្អប់ខ្ពើមទេ ក៏ប៉ុន្តែគឺកិច្ចសហប្រតិបត្តិ និងជំនឿចិត្ត។លោកចេញមុខមកធ្វើសន្និសីទសារព័ត៌មាននេះគឺដើម្បីបង្ហាញពី​ចំណាត់ការ​ក្តៅ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ (Fake News) ពាក់ព័ន្ធ​រឿង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ភាព​ភិតភ័យ​ដល់​ពលរដ្ឋ​។មេដឹកនាំថៃលោកប្រាយុទ្ធចាន់អ៊ូចា បានកោតសរសើរដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួនដែលបានព្យាបាលជនជាតិចិន៥នាក់ជាសះស្បើយពីជំងឺនេះ។រដ្ឋាភិបាលថៃថាមិនត្រឹមតែត្រួតពិនិត្យមើលអ្នកដំណើរមកពីអ៊ូហានទេ ប៉ុន្តែការចាក់ផ្សាយរាល់បណ្តាញមកពីគ្រប់ប្រទេសដែលមានហានិភ័យដោយមាន៣ ជំហានដែលយើងត្រូវធ្វើ កាលពីមុនមានតែជំហានមួយទេគឺវាស់កំដៅ វាស់សីតុណ្ហភាពដើរតាមរយៈកាមេរ៉ា។ប្រសិនបើជនសង្ស័យត្រូវបានគេរកឃើញថាមានផ្ទុកមេរោគនោះគេនឹងត្រូវបញ្ជូនទៅសង្កេតមើលរោគសញ្ញា និងព្យាបាលដោយមិនគិតពីអ្នកដែលមកប្រទេសណាក៏ដោយ គឺត្រូវតែទទួលបានការស្វាគមន៍ពីព្រោះពួកគេត្រូវបានចាត់ទុកថាជាភ្ញៀវរបស់ប្រទេស។លោកប្រាយុទ្ធថាគ្មានសុខទុក្ខអ្វីសំខាន់ជាងសុខទុក្ខរាស្រ្ដនោះទេ។ ចំពោះមេដឹកនាំប្រទេសជិតខាងថៃផងដែរ គឺកម្ពុជាដែលរកឃើញមានវីរុសកូរូណាមួយករណី លោកនាយករដ្ឋមន្រ្ដីហ៊ុនសែន សម្រេចមិនជម្លៀសប្រជាជនខ្លួនពីអ៊ូហាននិងចិននោះទេគឺធ្វើតាមបទពិសោធន៍ និងបង្ហាញពីសាមគ្គីភាពនឹងចិនដែលនេះជាការអាចជួយទៅបានរបស់កម្ពុជា។លោកនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់សុភាសិតប្រចាំប្រទេសមួយជូនសាធារណជនជុំវិញករណីវីរុសកូរូណាវាយលុកសុខភាពសាធារណៈពិភពលោកថា ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អពេលជួបទុក្ខលំបាក។

ក្នុងពេលនេះ ប្រទេសចិនកំពុងជួបទុក្ខលំបាកជាខ្លាំងលើផ្នែកសុខភាព ហើយក៏មានការព្រមានដើរចេញពីការវិនិយោគពីបណ្ដាក្រុមហ៊ុនធំៗ ខណៈចិនកំពុងមានសង្គ្រាមពាណិជ្ជកម្មនឹងអាមេរិកទៀត ដែលធ្វើឱ្យគេបារម្ភថាចិនអាចនឹងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចហើយវានឹងជាចរន្ដផលប៉ះពាល់មកកាន់ពិភពលោកមិនខាន។ស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យព្រួយបារម្ភនេះមេដឹកនាំជាច្រើនក្នុងពិភពលោកបានចេញមកអូសទាញស្មារតីមហាប្រជាជាតិពួកគេកុំឱ្យមានចរិតរើសអើងចិនដោយសារជំងឺវីរុសកូរូណាថ្មីនេះ ពួកគេថាជំងឺវីរុសកូរូណាមិនកំណាចដល់ជំងឺភ័យខ្លាចជ្រុល និងបុរេស្អប់ខ្ពើមដែលមានក្នុងខ្លួនមនុស្សជាតិនោះទេ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖តើអាមេរិកនឹងចាប់ខ្លួនជនផ្ដាច់ការម៉ាឌូរ៉ូដូចប្រធានាធិបតីប៉ាណាម៉ានៅឆ្នាំ១៩៨៩ ឬទេ?

កាលពីថ្ងៃចន្ទទី២៨មីនា ក្រសួងយុត្តិធម៌សហរដ្ឋអា[...]

តើផ្ដាសាយធំអេស្ប៉ាញ១៩១៨ខុសនឹងការផ្ទុះមេរោគកូរ៉ូណាឆ្នាំ២០២០ដូចម្ដេច?

ដោយចាប់ផ្ដើមធ្វើកំណត់ត្រាប្រវត្តិសាស្រ្ដលើកដំ[...]

វិភាគ៖អាមេរិកទំនងឆក់ធ្វើសង្គ្រាមមួយឈុតចំពេលអ៊ីរ៉ង់គ្រោះថ្នាក់ជំងឺផ្លូវដង្ហើម

ខណៈនេះពិភពលោកកំពុងស្លន់ស្លោនឹងការឆ្លងមេរោគកូរ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត