en     km
en     km

តើប្រធានាធិបតីយូហ្គោស្លាវី Slobodan Milosevic ធ្លាក់ពីអំណាចដោយសាររឿងអ្វី?

Share

លោក Slobodan Milosevic គឺជាប្រធានាធិបតី ស៊ែប៊ី និង យូហ្គោស្លាវី។ លោកត្រូវបានគេហៅថា ជាមេដឹកនាំផ្ដាច់ការមួយរូប តែលោកបានស្លាប់ក្នុងឆ្នាំ ២០០៦ ដោយសារជំងឺគាំងបេះដូង មុនពេលដែលសាលក្រមកាត់ក្ដីលោកពីបទឧក្រិដ្ឋកម្មមនុស្សជាតិ ត្រូវបានប្រកាសប្រឆាំងរូបលោក។

ហេតុអ្វីបានជា លោក Milosevic ត្រូវបានទម្លាក់ពីតំណែង?

 

លោក Milosevic មុនក្លាយជាមេដឹកនាំផ្ដាច់ការ

                                                                លោកMilosevic ក្នុងពេលថ្លែងនៅទីសាធារណ។

លោក Slobodan Milosevic កើតក្នុងប្រទេស Yugoslavia ក្នុងឆ្នាំ ១៩៤១។ លោកត្រូវបានម្ដាយបំបែកចេញពីឪពុកដែលមានជម្ងឺផ្លូវចិត្ត។ ឪពុករបស់លោក Milosevic បានធ្វើអត្តឃាតក្នុងឆ្នាំ ១៩៦២ ហើយមិនយូរប៉ុន្មាន ម្ដាយរបស់លោកក៏បានធ្វើអត្តឃាតដូចគ្នា។

ទោះជារស់នៅក្នុងស្ថានភាពក្មេងកំពា្រក៏ដោយ សម្រាប់យុវជន Slobodan Milosevic បានសម្រេចបន្តមុខជំនាញផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Belgrade ដែលក្រោយមកលោកបានជួបជនបដិវត្ត Ivan Stambolic។

ក្នុងឆ្នាំ ១៩៨៧ លោកបានចូលជាសមាជិកក្នុងគណបក្សកុំម្មុយនីស Serbia ដែលមានលោក Ivan Stambolic ជាមេដឹកនាំ ហើយក្រោយមក លោកត្រូវបានបញ្ជូនឲ្យទៅតំណាងឲ្យជនជាតិស៊ែប៊ី នៅខេត្ត Kosovo ដែលជនជាតិមួយនេះ តែងតែរងការជិះជាន់ពីសំណាក់ប្រជាជនម៉ូស្លីម Albania។

លោក Milosevic បានបង្ហាញពីគោលនយោបាយជាតិនិយមរបស់លោក ដែលទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីប្រជាជនស៊ែប៊ី។ នៅពេលខ្លួនទទួលបានការគាំទ្រកាន់តែច្រើន បុរសនេះក៏បានប្រើប្រាស់ការគាំទ្ររបស់លោកដើម្បីទម្លាក់ប្រធានគណបក្សកុំម្មុយនីស ស៊ែប៊ី លោក Ivan Stambolic ដែលណែនាំលោកMilosevicជាកម្មាភិបាលបក្សចេញពីតំណែងក្នុងឆ្នាំ ១៩៨៧។

បន្ទាប់ពីលោកបានក្លាយជាប្រធានគណបក្សកុំម្មុយនីសស៊ែប៊ីមក លោក Milosevic បានទាមទារឲ្យរដ្ឋាភិបាលផ្ដល់អំណាចគ្រប់គ្រងដល់ ស៊ែប៊ី លើការគ្រប់គ្រងខេត្ត Voivodina និង Kosovo។ ក្នុងគ្រានោះហើយ ដែលលោកបានរារាំងមិនឲ្យរដ្ឋាភិបាលយូហ្គោស្លាវី ស្ដារសេដ្ឋកិច្ចឡើងវិញ តាមរយៈទីផ្សារសេរី ដោយលោកទាមទារឱ្យរក្សារបបសង្គមនិយមរបស់រដ្ឋមិនឲ្យមានការផ្លាស់ប្ដូរអ្វីឡើយ។ 

ក្នុងឆ្នាំ ១៩៩១ គឺពេលដែលប្រទេស ស្លូវេនី និងក្រូអាត ព្យាយាមបំបែកខ្លួនចេញពីប្រទេស យូហ្គោស្លាវី គឺសង្រ្គាមជាមួយប្រទេស សឺប៊ី ក៏បានផ្ទុះឡើងដោយបង្ខំឲ្យប្រទេសទាំងពីរនេះ បំបែកខ្លួនហើយក្រោយមកប្រទេស បូស្នៀ មួយទៀតក៏បានផ្ដាច់ខ្លួនដែរ។

ក្នុងកំឡុងសង្រ្គាមនោះ ជនជាតិភាគតិចជាច្រើនពាន់អ្នកត្រូវបានសម្លាប់រង្គាល និងខ្លះទៀតត្រូវបានបង្ខំឲ្យចាកចេញពីទីលំនៅដ្ឋាន។ ចំណែកក្នុងតំបន់ Kosovo វិញ ប្រជាជន Albania បានស្លាប់ជាច្រើនរយនាក់។ 

លោក Milosevic បានធ្លាក់ពីតំណែងក្នុងឆ្នាំ ២០០០ ដែលក្រោយមករដ្ឋាភិបាល ស៊ែប៊ី ថ្មីក៏បានបញ្ជូនខ្លួនលោកទៅកាន់តុលាការឧក្រិដ្ឋកម្មសង្រ្គាមនៅទីក្រុង ឡាអេ។

ក្នុងឆ្នាំ ២០០១ លោកក៏ត្រូវបានចោទប្រកាន់បន្ថែមទាក់ទិនទៅនឹងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។

មូលហេតុនាំឱ្យលោក Milosevic ចាកចេញពីតំណែងប្រទេសស៊ែប៊ី

                                                                          ប្រជាជនស៊ែប៊ីចេញបាតុកម្ម

សម្ពាធនយោបាយក្នុងប្រទេសនាំឱ្យមានការផ្ទុះឡើងបាតុកម្មមហាជន និងការប្រឆាំងការដឹកនាំលោក Milosevic ជាកត្តាមួយនាំឲ្យលោក មិនអាចនៅរក្សាតំណែងលោកបាន។

ក្នុងថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ១៩៩៦ បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក Milosevic ដែលដឹកនាំ ដោយលោក Vuk Draskovic រយៈពេល ១៩ ថ្ងៃជាប់ៗគ្នាដោយទាមទារឲ្យលោក Milosevic ទទួលស្គាល់ការចាញ់ឆ្នោតរបស់លោកនៅ Belgrade និងទីក្រុងមួយចំនួនទៀត។

បាតុករទាមទារឱ្យទម្លាក់លោក Milosevic ចេញពីតំណែងនេះ បានកើនអ្នកគាំទ្ររហូតទៅដល់១០ម៉ឺននាក់។ ការងើបឡើងប្រឆាំងនេះ បាននាំឲ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះ ប្រមាណជាង ១០ភាគរយ ក្នុងអំឡុង ៣សប្តាហ៍។ នេះបើយោងតាមសារពត៌មាន CNN ចុះផ្សាយឆ្នាំ១៩៩៦។

ក្នុងឆ្នាំ ១៩៩៨ យុវជននិងនិស្សិតជាច្រើនរូបបានរួបរួមគ្នាបង្កើតក្រុមមួយ ដែលមានឈ្មោះថា Otpor ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលផ្ដាច់ការ លោក Milosevic ដោយសារមានការគាបសង្កត់ ទៅលើការហាមឃាត់សិទ្ធិនយោបាយនៅតាមសាកលវិទ្យាល័យនានា និង ការរឹតត្បឹតសេរីភាពសារព័ត៌មាន។

ក្រុមនិស្សិត Otpor នោះក៏ត្រូវគេឲ្យដឹងថា បានទទួលជំនួយគាំទ្រយ៉ាងសន្ធឹកសន្ធាប់ ពីសហរដ្ឋអាមេរិក និងមានការិយាល័យនៅប្រទេស Hungary។

ជាការកត់សម្គាល់ គឺក្នុងអំឡុងការបោះឆ្នោតឆ្នាំ ២០០០នោះ លោក Ivan Stambolic ដែលជាដៃគូប្រជែងសំខាន់ របស់លោក Milosevic នោះត្រូវបានចាប់ខ្លួន និងសម្លាប់ ដែលសង្ស័យថាលោក Melosevic ជាអ្នកបញ្ជាពីក្រោយសម្លាប់អតីតមេដឹកនាំរបស់ខ្លួន។

ហេតុការណ៍ទាំងអស់នេះ បាននាំឱ្យសាធារណជនផ្ទុះកំហឹងជាខ្លាំង និងឈានទៅដល់ការធ្វើបាតុកម្មទ្រង់ទ្រាយធំ។ បាតុកម្មកាន់តែរីករាលដាលគឺដោយសារលោក Melosevic មិនព្រមចុះចេញពីតំណែងក្រោយ លទ្ធផលឆ្នោតឆ្នាំ ២០០០ បង្ហាញថាលោកចាញ់ឆ្នោតគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយ លោក Vojislav Koštunica។

ការលូកដៃពីសំណាក់ប្រទេសលោកខាងលិច និងអាមេរិក

ប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក ក៏ជាអ្នកជួយដ៏សំខាន់នៅពីក្រោយការបណ្ដេញលោក Milosevic ពីតំណែងនេះដែរ។

ដោយសារតែរងសម្ពាធពីសហគមន៍អន្តរជាតិ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីបណ្ដាប្រទេសលោកខាងលិចនេះ បានធ្វើឲ្យលោក Milosevic សម្រេចចិត្តចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព Dayton ក្នុងឆ្នាំ១៩៩៥ និងសម្រេចលះបង់ការឈ្លានពាន និងនាំឲ្យមានការបោះឆ្នោតក្នុងប្រទេសមួយនេះប្រកបដោយភាពសេរីនិងត្រឹមត្រូវ។

ចលនាប្រឆាំងMilosevic ឋានៈជាប្រធានាធិបតីសហព័ន្ធយូហ្គោស្លាវី

                                                                   ប្រជាជនស៊ែប៊ីចេញបាតុកម្ម

ក្រៅពីការដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចជាច្រើនលើប្រទេស យូហ្គោស្លាវី ប្រឆាំងទង្វើព្រៃផ្សៃ និងរបបផ្ដាច់ការរបស់លោក Milosevic ប្រទេសទាំងនេះក៏បានជួយគាំទ្រក្រុមសេរីប្រជាធិបតេយ្យ ដើម្បីផ្ដួលរំលំលោក Milosevic ផងដែរ។

ក្នុងខែវិច្ឆិកា ១៩៩៨ ប្រធានាធិបតីអាមេរិក លោក Clinton បានរៀបចំផែនការមួយដើម្បីទម្លាក់រដ្ឋាភិបាល Yugoslavia ដែលលោក Milosevic ជាប្រធានាធិបតី ។ ក្នុងគម្រោងការណ៍នោះ អាមេរិកបានគាំទ្រកម្លាំងទ័ព ប្រឆាំងនៅរដ្ឋ Montenegro និងអ្នកប្រជាធិបតេយ្យនៅស៊ែប៊ី។ នេះបើយោងតាមអត្តបទស្រាវជ្រាវ របស់លោក Gregory Elich ប្រធានស្ថាប័នស្រាវជ្រាវ Jasenovac ប្រទេស យូហ្គោស្លាវី។

លោក Clinton បានចុះហត្ថលេខា លើឯកសារសម្ងាត់មួយដែលបញ្ជាឲ្យភ្នាក់ងារសម្ងាត់ CIA ទម្លាក់លោក Milosevic ដែលនាំឲ្យមានការផ្ដល់ជំនួយជាច្រើនដល់ក្រុមប្រឆាំងក្នុងប្រទេស។ ការឧបត្ថម្ភថវិកានោះ ក៏នាំឲ្យចំនួនប៉ូលីស និងទាហានគាំទ្របក្សប្រឆាំងកើនឡើងផងដែរ។ 

ជាមួយគ្នានោះដែរ ក្នុងឆ្នាំ១៩៩២ គម្រោងរបស់ប្រទេសលោកខាងលិចក្នុងការធ្វើឃាតលោក Milosevic ត្រូវបានលេចចេញជារូបរាង។ គម្រោងសម្ងាត់នេះមានចំណងជើងថា “ភាពចាំបាច់ក្នុងការធ្វើឃាតប្រធានាធិបតី Milosevic នៃប្រទេសស៊ែប៊ី” ។

អំឡុងសង្គ្រាមរវាងក្រុម NATO ដឹកនាំដោយអាមេរិក និង យូហ្គោស្លាវី ក៏មានការទម្លាក់គ្រាប់បែកទៅលើផ្ទះរបស់លោក Milosevic គឺនៅម៉ោង៣ទាបភ្លឺ ក្នុងខែមេសា ឆ្នាំ១៩៩៩។

អាមេរិកនិងប្រទេសនៅតំបន់អឺរ៉ុបជាច្រើន ក៏បានផ្ដល់ថវិកាឧបត្ថម្ភ និងជំនួយជាច្រើន ដល់ក្រុមបាតុករ និងសិស្សនិស្សិតដែលក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Milosevic។

ក្នុងឆ្នាំ២០០០ លោក Milosevic បានចាញ់សម្លេងឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី។

គណបក្សសង្គមនិយមស៊ែប៊ីរបស់លោក Milosevic ទទួលបានសម្លេង ៣៧ភាគរយ ខណៈគណបក្សប្រជាធិបតេយ្យ ទទួលបានសម្លេង ៥០ ភាគរយ។

Milosevic បាត់តំណែងនាំឱ្យមានបទចោទប្រឆាំងរូបករណីឧក្រិដ្ឋកម្មមនុស្សជាតិ

រដ្ឋាភិបាលស៊ែប៊ីថ្មីក៏បញ្ជូនលោក ទៅកាន់តុលាការឧក្រិដ្ឋកម្មសង្រ្គាមនៅទីក្រុងឡាអេ។ នៅឆ្នាំ២០០១ លោកត្រូវបានចោទប្រកាន់បន្ថែមទៀតទាក់ទិនទៅនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ក្នុងការចោទចុងក្រោយរបស់លោក លោក Milosevic បានបដិសេធមិនទទួលខុសត្រូវ រាល់ការសម្លាប់រង្គាល និងភាពវឹកវរជាច្រើន ក្នុងអំឡុងពេលដែលលោកកាន់អំណាចនៅស៊ែប៊ីនោះទេ។ លោកបានអះអាងថា ការចោទប្រកាន់ប្រឆាំងរូបលោកដោយតុលាការឧក្រិដ្ឋកម្មសង្រ្គាមនៅទីក្រុងឡាអេ គឺជាការរួមដៃគ្នារវាងសត្រូវបរទេសដែលសហការជាមួយគូប្រជែងនយោបាយនិងអតីតសមាជិកបក្សរបស់លោកនៅយូហ្គោស្លាវី។

ក្រោយជាប់ពន្ធនាគារបានបួនឆ្នាំ គឺក្នុងឆ្នាំ២០០៦ លោក Milosevic បានស្លាប់ដោយសារ ជំងឺគាំងបេះដូងនៅអាយុ ៦៣ឆ្នាំគឺស្លាប់នៅ ក្នុងពន្ធនាគារនៅទីក្រុងឡាអេ។

ជារួមទៅលោក Milosevic បានធ្វើជាប្រធានាធិបតីចំនួន ២ ដងក្នុងមួយជីវិតរបស់លោក ហើយជាមេដឹកនាំ ២ ប្រទេសទៀតផងគឺនៅប្រទេស ស៊ែប៊ី គឺចាប់ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៧ និងជាប្រធានាធិបតីនៅសហព័ន្ធយូហហ្គូស្លាវី ១៩៩៧ ដល់ឆ្នាំ ២០០០។

បើតាមឯកសារស្រាវជ្រាវ លោក Milosevic មានរឿងអាស្រូវ ជាប់ខ្លួនយ៉ាងច្រើនដូចជា ករណីឧក្រិដ្ឋកម្មសង្គ្រាមទៅលើជាតិសាសន៍អំបូរ អាបានី និង កូសាវូ។

តែអ្វីដែលនាំឲ្យលោកត្រូវបានទម្លាក់ពីអំណាចនៅ យូហ្គោស្លាវី គឺដោយសារតែលោកប្រើប្រាស់អំណាច ហួសព្រំដែនក្នុងការបំបិទសិទ្ធិសេរីភាពពលរដ្ឋ បង្គ្រាបអ្នកនយោបាយក្រុមប្រឆាំងនិងមានជម្លោះជាមួយលោកខាងលិច។

ទោះជារបាយការណ៍របស់វេជ្ជបណ្ឌិតអះអាងថា ស្លាប់ដោយសារជំងឺគាំងបេះដូងក្តី តែប្រភពខ្លះថាលោកធ្វើអត្តឃាត និង ខ្លះទៀតថាលោកត្រូវគេបំពុលនៅពេលលោកទទួលទានបាយ៕

អត្ថបទដោយ ឈុំ ចន្ទរចនា និងកែសម្រួលដោយ នួន បូរិន

 

 

Share

Image
Image
Image