loader

តុលាការកំពូលបន្តសម្រេចឃុំខ្លួនលោក កឹម សុខា ខណៈប្រតិភូសភាអឺរ៉ុបម​កសិក្សាករណីនេះ

ភ្នំពេញ៖ តុលាការកំពូលនៅ​ថ្ងៃទី​៣១​ ខែ​តុលា​នេះ​ បានសម្រេច​តម្កល់​សាលដីកា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​សម្រេចបន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ​តែក្រុមមេធាវីការពារក្តីឱ្យមេបក្សប្រឆាំង ហៅសេចក្តីសម្រេចនេះថា ធ្វើឡើងតាមតែការយល់ឃើញ មិនបង្ហាញផ្លូវច្បាប់បានត្រឹមត្រូវ។

ស្របពេលមានការការបន្តឃុំលោក កឹម សុខា នេះ មន្រ្តីរដ្ឋាភិបាលក៏កំពុងតែព្យាយាមពន្យល់ពីអង្គហេតុនិងអង្គច្បាប់ជាច្រើនដល់គណៈប្រតិភូសភាអឺរ៉ុបដែលមកកម្ពុជាសិក្សាពីករណីចាប់ខ្លួនលោក កឹម សុខា និងសេនារីយោផ្សេងៗឈានទៅរំលាយគណបក្សប្រឆាំង ។

 

                                   អ្នកគាំទ្របក្សប្រឆាំងកំពុងប្រមូលផ្តុំគ្នាតាមដានសវនាការលោក កឹម សុខា។

បន្ទាប់ពីបើកសវនាការចំណាយពេលជិត ៣ ម៉ោង តុលាការកំពូលថ្ងៃនេះបានសម្រេ​ចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ដោយទាត់ចោលបណ្តឹងសាទុក្ខរបស់ក្រុមមេធាវីលោក កឹម សុខា ដែលប្តឹងប្រឆាំងការសម្រេចឃុំខ្លួនលោក កឹម សុខា ធ្វើឡើងដោយសាលាដំបូងក្រុងភ្នំពេញនោះ។

លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីការពារក្តីឱ្យលោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការថា សេចក្តីសម្រេចនេះមិនបានផ្តល់ភាពយុត្តិធម៌ដល់កូនក្តីខ្លួននោះទេ ព្រោះក្រុម​ប្រឹក្សា​ជំនុំជម្រះ​​មិនបានយកចិត្តទុកដាក់និងពិចារណា លើការរកឃើញពីកំហុសនីតិវិធីមួយចំនួនរបស់អាជ្ញាធរ និងសាលាដំបូងជុំវិញការចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា នោះ។

យ៉ាងណាលោក សំ សុគង់ បានហៅការសម្រេចរបស់តុលាការកំពូលនេះថា ធ្វើឡើងតាមតែការយល់ឃើញរបស់ខ្លួន មិនបានផ្អែកតាមទិដ្ឋភាពច្បាប់នោះទេ។ លោក សំ សុគង់៖«តុលាការដ៏ដូចជាអ្នកអនុវត្តច្បាប់ដែលគួរតែមានការបកស្រាយឱ្យបានតឹងរឹង​ កុំឱ្យមានការបកស្រាយបែបលក្ខណចង្អៀត ហើយបកស្រាយទាញទៅតាមអ្វីដែលខ្លួនយល់ឃើញ មិនមែនលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់នោះ»។

ជាការកត់សម្គាល់ ខណៈសវនាការករណីលោកកឹមសុខា កំពុងប្រព្រឹត្តទៅគឺនៅក្រៅបរិវេនតុលាការកំពូលនៅព្រឹកមិញនេះដែរ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រគណបក្សប្រមាណមួយរយនាក់ បានជួបជុំគ្នាដើម្បីតាមដាននឹងឃ្លាំមើលសវនាការនេះ។ ចំណែកកម្លាំងមានសមត្ថកិច្ចជាច្រើនក៏បិទបារ៉ាសហាមមិនឱ្យតំណាងរាស្ត្រនិងអ្នកគាំទ្របានទៅក្បែរតុលាការកំពូលនោះទេ។

      អ្នកគាំទ្របក្សសង្គ្រោះជាតិកំពុងលើកបាដាទាមទារឱ្យដោះលែងលោក កឹម សុខា នៅបរិវេ​នតុលាការកំពូល។រូបភាពដោយ កែវ សុខា/WMC

តាមការឱ្យដឹងពីក្រុមអ្នកគាំទ្រប្រាប់វិទ្យុស្រ្តីថា ពួកគេត្រូវបានសមត្ថកិច្ចហាមមិនឱ្យមានការប្រមូលផ្តុំស្រែកតវ៉ានោះទេ បន្ទាប់ ពីអភិបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការក្តៅបង្រាបលើក្រុមអ្នកតវ៉ា។

ជាការសង្កេតគេឃើញថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមកពិនិត្យសភាពការណ៍ដោយផ្ទាល់ផងដែរ នៅបរិវេនតុលាការកំពូលនោះ។

សវនាការករណីលោក កឹម សុខា ដំណើរការចំពេល គណៈប្រតិភូអឺរ៉ុបមកសួរនាំរឿងនេះ។

លោក Werner Langen ប្រធានគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងរូបិយវត្ថុរបស់សភាអឺរ៉ុបបាន ជួបជាមួយមន្រ្តីជាន់ខ្លួនរដ្ឋាភិបាលមួយចំនួន ដើម្បីសិក្សាស្វែងយល់ពីករណីចាប់ខ្លួនលោក កឹម សុខា និងការវិវត្តន៍នានាចំពោះចំណាត់ការផ្សេងៗ ឈានទៅរំលាយគណបក្សសង្គ្រោះជាតិនោះ។

         គណៈប្រតិភូសភាអឺរ៉ុបបានមកសិក្សាស្វែងយល់ពីករណីចាប់ខ្លួនលោក កឹម សុខា និងបានជួបមន្រ្តីកម្ពុជាជាច្រើនរូប។

ដំណើរស្វែងរកការពិតរបស់សភាអឺរ៉ុបនេះ ក៏ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ច្រើនដងទាមទារឱ្យមានការដោះលែងលោក​ កឹម សុខា និងបញ្ឍប់យន្តការនានាឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។

មន្រ្តីកម្ពុជាមានលោក ប្រាក់ សុខន រដ្ឋមន្រ្តីក្រសួងការបរទេស និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី សុទ្ធតែបានពន្យល់ពីចំណាត់ការរបស់រដ្ឋាភិបាលចំពោះការចាប់ខ្លួនលោក កឹម សុខា ថាការចាប់ខ្លួននេះធ្វើគឺស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ទិដ្ឋភាពច្បាប់ និងច្បាប់ដែលមានជាធរមាននៅកម្ពុជាទាំងអស់។

យ៉ាងណាតំណាងសភាអឺរ៉ុបមិនទាន់ធ្វើការប្រតិកម្មណាមួយនោះទេ ជុំវិញដំណើរស្វែងយល់រយៈពេល២ថ្ងៃនេះ។  តែជាទម្លាប់សភា អឺរ៉ុបនឹងចេញសេចក្តីថ្លែងការណ៍ រាយការណ៍ជុំវិញដំណើរស្វែងយល់នេះ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លោក​ Ted​ Cruz​  ​ បានដាក់ឪសានវាទដោះ​លែង​ប្រធាន​គណបក្សប្រឆាំង​​លោក​ ​កឹ​ម​ សុខា​ ឲ្យ​បាន​​មុនទី​៩​ ខែវិច្ឆិកា​ បើពុំដូចច្នោះទេ សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា​ដទៃ​ទៀត​រួម​ទាំង​រដ្ឋការ​របស់​លោក​ ដូ​ណា​ល់​ ត្រាំ ផង ​​នឹង​មាន​វិធាន​ការណ៍​ជាក់ស្ដែង​លើ​មន្ដ្រី​​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ដោយ​ហាម ឃាតមិន​ឱ្យ​ចូល​ទឹកដីសហរដ្ឋអាមេរិកឡើយ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត