loader

ជំនួបលើកដំបូងសម្ដេចហ៊ុនសែននិងលោកកឹមសុខានៅពិធីបុណ្យសពម្ដាយក្មេកសម្ដេចទទួលបានការរំពឹងថានយោបាយកម្ពុជានឹងមានការវិវត្ត

នៅថ្ងៃទី០៥ខែឧសភា២០២០លោកកឹមសុខាបានធ្វើដំណើរពីគេហដ្ឋានរបស់លោកចូលទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន។នេះជាជំនួបលើកដំបូងហើយបន្ទាប់ពីរយៈពេល០៤ឆ្នាំដែលលោកកឹមសុខាមិនដែលបានជួបផ្ទាល់នឹងលោកហ៊ុនសែនក្រោយពីលោកនៅស្និទ្ធជិតលោកសមរង្ស៊ីនិងបន្ទាប់មកក្លាយជាចុងចោទក្នុងសំណុំរឿងប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាលដែលមានលោកហ៊ុនសែនជាដើមបណ្ដឹងរដ្ឋប្បវេណីតំណាងរដ្ឋាភិបាល។ក៏ប៉ុន្ដែជំនួបលើកដំបូងរបស់លោកកឹមសុខាអស់រយៈពេលលោករស់នៅក្នុងស្ថានភាពជូរចត់នៃព្យុះជីវិតនយោបាយនេះអាចកើតឡើងបានក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្ដីកំពុងតែកើតទុក្ខក្រៀមក្រំព្រោះម្ដាយក្មេករបស់លោកបានទទួលមរណភាព។ យ៉ាងណាទិដ្ឋភាពនៃការជួបគ្នារវាងអ្នកនយោបាយទាំងពីរក្នុងកាលៈទេសៈដ៏សោកសៅនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងណាស់ពីសាធារណជនដោយពួកគេភាគច្រើនបានសម្ដែងមតិផ្សាភ្ជាប់និងក្ដីសង្ឃឹមនិងក្ដីរំពឹងពីភាពអាចប្រែប្រួលនៃវប្បធម៌នយោបាយនៅកម្ពុជា។តែជាដំបូងយើងសូមពិពណ៌នាអំពីរូបភាពនៃដំណើរលោកកឹមសុខានិងប្រតិភូរបស់លោកទៅកាន់គេហដ្ឋានលោកនាយករដ្ឋមន្រ្ដីដើម្បីចូលរួមពិធីបុណ្យសពម្ដាយបង្កើតភរិយាលោកនាយករដ្ឋមន្រ្ដី។

លោកកឹមសុខាបានដឹកនាំប្រតិភូចំនួន៥រូបដែលក្នុងនោះមានលោកញ៉ែមបុញ្ញរិទ្ធដែលជាអ្នកនយោបាយរត់ភៀសខ្លួនទើបត្រឡប់មកពីប្រទេស​​បារាំងនិងក្រុមមេធាវីរបស់លោក។ក្នុងសម្លៀកបំពាក់សខ្មៅកាន់ទុក្ខទឹកមុខមាំទាំតែក្រៀមក្រំបិទបាំងដោយម៉ាសមុនចូលជួបសាច់ញាតិសពអមជាមួយកម្រងផ្កាជូនគ្រួសារសព លោកកឹមសុខានិងប្រតិភូបានទទួលរាក់ទាក់ជាខ្លាំងតាំងពីនៅខាងក្រៅបរិវេណផ្ទះរហូតដល់ខាងក្នុង។លោកកឹមសុខាបានលុតជង្គង់លើកដៃដប់គោរពនិងបួងសួងដល់វិញ្ញាណក្ខណ្ធរបស់ម្ដាយក្មេកលោកហ៊ុនសែនដែលទទួលអនិច្ចកម្មទៅកាលពីយប់ថ្ងៃទី០៣ចូលថ្ងៃទី០៤មេសា។បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធរួចនៅឯស្ដាំដៃរបស់លោកដែលមានលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន មានភរិយាលោកនាយករដ្ឋមន្រ្ដីនិង បងប្អូនម្ចាស់ដើមបុណ្យនេះនៅទទួលរាក់ទាក់ស្វាគមន៍ភ្ញៀវពិសេសត្បិតថាលោកកឹមសុខានៅតែមានឈ្មោះថាជាចុងចោទនៅក្រៅឃុំហើយកំពុងមានវត្តមានចំពោះមុខដើមចោទ។ក្រោយពីបានណែនាំពី គ្រួសារលោកនាយករដ្ឋមន្រ្ដីនិងចូលថវិកានៃពិធីបុណ្យសពនេះលោកកឹមសុខា ត្រូវបានអញ្ជើញឱ្យនៅសំណេះសំណាលបន្ដជាមួយលោកនាយករដ្ឋមន្រ្ដីពីរនាក់ខណៈដែលប្រតិភូរបស់លោកកឹមសុខាអង្គុយនៅឆ្ងាយបន្ដិចពីរូបលោក។អ្នកនយោបាយទាំងពីរត្រូវបានភ្នែកកាមេរាប្រមាញ់ចាប់ហើយថតបានរាល់កាយវិការជិតស្និទ្ធអង្គុយកៀកកិតនឹងគ្នា តែមុនដំបូងលោកកឹមសុខាមិនទាន់បានដោះម៉ាសមុខនៅឡើយទេនោះជារូបភាពដែលហាក់ដូចជាលោកបន្ទន់ខ្នងនិងមុខលើកម្រាមដៃបម្រុងផ្គំគោរពនិងស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្ដី។ មួយស្របក់តូចលោកកឹមសុខាក៏បានដោះម៉ាសកាន់ជាប់នឹងដៃហើយនិយាយតទល់មុខមាត់នឹងលោកហ៊ុនសែន។គ្រប់រូបភាពហាក់បង្ហាញថាលោកកឹមសុខាកំពុងរៀបរាប់អ្វីមួយហើយលោកនាយករដ្ឋមន្រ្ដីបានយកចិត្តទុកដាក់ស្ដាប់ជាខ្លាំង រូបភាពនោះលោកកឹមសុខាបង្ហាញទឹកមុខដែលប្រកបដោយទុក្ខព្រួយ។យូរៗបន្ដិចលោកកឹមសុខាបានងើបមុខឡើងសន្ទនាស្មើមុខនឹងលោកនាយករដ្ឋមន្រ្ដីហើយទុក្ខព្រួយមួយចំនួនក៏បានរសាត់ទៅវិញស្ដែងឡើងតាមទឹកមុខ។ក៏មានរូបថតមួយសន្លឹកដែលផ្ដិតបានពេលលោកកឹមសុខាកំពុងកាន់ប៊ិចកត់ត្រាភ្នែករំពៃមើលទូរស័ព្ទដៃដែលលោកនាយករដ្ឋមន្រ្ដីកំពុងកាន់ប៉ះនិងដូចជាមានវាចា។លុះយូរបន្ដិចព្រះអាទិត្យក៏ចាប់ផ្ដើមរលត់ទៅផែនដីចាប់ផ្ដើមងងឹត លោកនាយករដ្ឋមន្រ្ដីក៏បានជូនដំណើរលោកកឹមសុខាមកដល់ខាងមុខទ្វារគេហដ្ឋាន អ្នកទាំអពីរបានទម្លាក់ដៃនិងចាប់ដៃនោះនិយាយលាគ្នាក្នុងរូបភាពចែករំលែកភាពកក់ក្ដៅ។

បើតាមបណ្ដាញផ្សាយព័ត៌មានFreshnewsដែលបានផ្ដិតយករូបភាពទាំងអស់បានឱ្យដឹងថា ជំនួបពិសេសរវាងអ្នកនយោបាយទាំងពីរទោះក្នុងទិដ្ឋភាពជីវភាពក្រៅឆាកនយោបាយ គឺមានរយៈពេលជិត៥០នាទី។

មុននឹងលោកកឹមសុខាដើរមកដល់ចំណុចថតបាននៃជំនួបក្នុងគេហដ្ឋានលោកនាយករដ្ឋមន្រ្ដី លោកកឹមសុខាធ្លាប់បានបង្ហាញកាយវិការមនុស្សធម៌ជាច្រើននឹងរដ្ឋាភិបាលដូចជាចូលរួមថវិកា២០០០ដុល្លារជួយគ្រួសារជនរងគ្រោះដែលដួលរលំអាគារនៅខេត្តកែប ជួយវិភាគទានប្រយុទ្ធនឹងកូវីដ១៩ ចំនួន៥០០០ដុល្លារក៏ដូចជានៅព្រឹកថ្ងៃទី០៥ឧសភាមុនលោកមកចូលរួមពិធីបុណ្យសពផ្ទាល់គឺលោកបានផ្ញើសាររំលែកទុក្ខលោកនាយករដ្ឋមន្រ្ដីនិងក្រុមគ្រួសារលើបណ្ដាញសង្គមហ្វេសប៊ុក។

ទិដ្ឋភាពនោះត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថាលោកកឹមសុខាកំពុងបង្ហាញសមានចិត្តដ៏ជ្រាលជ្រៅនៃកាលៈទេសៈលំបាកសោកសៅក៏ដូចជាក្នុងការគោរពដល់វិញ្ញាណក្ខន្ធម្តាយក្មេកជាទីគោរព ស្រឡាញ់របស់លោកនាយករដ្ឋមន្រ្ដីដែលបានធ្វើឱ្យសម្តេចតេជោទទួលស្វាគមន៍ ដោយការគោរពគ្នាទៅវិញក្នុងនាមជាឥស្សរជននយោបាយប្រកបដោយគុណធម៌នៅកម្ពុជា។កាយវិការអ្នក នយោបាយទាំងពីររូបនេះប្រកបដោយការគោរពនិងជិតស្និទ្ធហើយ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅស្រុកដែលមាននិងគ្មាននិន្នាការនយោបាយ បញ្ចេញទស្សនៈយោបល់ចម្រុះ និងជាពិសេសនោះគឺថាតើជំនួបដ៏ចម្លែកនេះអាចពន្លត់ហិង្សា អតីតកាលទាំងបុគ្គលនិងនយោបាយរបស់ពួកគេបានដែរឬទេ?

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាគមចំនួន ៣ របស់ក្រុមថៅកែ រោងចក្រសុំអោយសហភាពអឺរ៉ុប កុំដកប្រព័ន្ធអនុគ្រោះពន្ធEBA

សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រនៅកម្ពុជា ស្[...]

កម្ពុជា បន្តចេញលិខិតលើកទី២ តវ៉ារឿងវៀតណាមបោះតង់លើតំបន់ព្រំដែនកម្ពុជា

 ក្រសួងការបរទេស កម្ពុជា បានសម្រេចកោះហៅលោ[...]

សម្ដេចហ៊ុនសែនប្រាប់លោកBrad Adamsឱ្យចេញសេចក្ដីថ្លែង ការណ៍អំពីស្ថានភាពកុបកម្មនៅអាមេរិក

សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនបានថ្លែងដោយចំអកចំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត